អ្នកជំនាញការចិនចុះមកពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្ដុកទឹកក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌឿន គឹមសាន អាយុ៦៣ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងបច្ចុប្បន្នជាប្រធានភូមិទី៨។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ពៅ និងមានកូនសរុបចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អៀ សុខាន់ និងម្ដាយឈ្មោះ អែម គឹមអុល។ ខ្ញុំគឺជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។

នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ហើយចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើង ហើយក្បួនបាតុករបានដង្ហែរចូលមកដល់ទីរួមខេត្ត។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀនទៅហើយ ពីព្រោះនៅពេលនោះ ការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះតែកាន់តែខ្លាំងឡើងៗ។  កងទ័ពរំដោះខ្មែរក្រហម បានបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តបន្តិចម្ដងៗ។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានបើកការប្រយុទ្ធជាទ្រង់ទ្រាយធំ និងបានរំដោះតំបន់ក្បែរទីរួមខេត្តកំពង់ចាម(ជាកន្លែងដែលខ្ញុំធ្លាប់ស្នាក់នៅជាមួយបងស្រី)។ ខ្ញុំ និងបងស្រីត្រូវបានជម្លៀសទៅភូមិរកាគយក្នុងស្រុកកងមាស។ នៅឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹកប៉ុណ្ណោះដែលជាផ្លូវអាចចូលក្នុងទីរួមខេត្ត។ ទាហានម៉ារ៉ីន លន់ នល់ តែងតែបើកនាវាសឹក និងនាវាដឹកស្បៀងនិងសម្ភារសឹកផ្សេងៗពីទីក្រុងភ្នំពេញទៅទីរួមខេត្ត និងជាញឹកញាប់ទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងៗនៃទន្លេមេគង្គ។ រហូតពាក់កណ្ដាលឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះបានពាក់កណ្ដាលនៃទីរួមខេត្តកំពង់ចាម និងនៅបន្តប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលនៅសេសសល់ម្ដុំសាលាខេត្ត។

នៅឆ្នាំ១៩៧៤ ខ្ញុំរត់មករស់នៅភូមិកំណើតជាមួយឪពុកម្ដាយវិញ។ ចន្លោះពីឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ខ្ញុំបានចូលធ្វើការក្នុងកងប្រវាស់ដៃដោយត្រូវច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗចែកគ្នាហូប។ ឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍ និងកងចល័តនៅតាមការដ្ឋាន។។ ខ្ញុំត្រូវបានចាត់ចូលក្នុងកងរយដែលមានទិសដៅទៅធ្វើស្រែនិងលើកទំនប់នៅការដ្ឋានឆ្ន័ត្រ។ ខ្ញុំត្រូវងើបពីម៉ោង៤ និងចូលប្រជុំជួររយៈពេលមួយម៉ោង។ ខ្ញុំចាប់ផ្ដើមធ្វើការពីម៉ោង៦ដល់ម៉ោង១១ព្រឹក។ បន្ទាប់ពីហូបបបរនៅរោងបាយរួមរួច ខ្ញុំត្រូវបន្តធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥រសៀល។ ម៉ោង៦ដល់ម៉ោង៧ល្ងាចគឺជាម៉ោងធ្វើការងារសង្គមនិយម។ ខ្ញុំនិងសមមិត្តផ្សេងទៀតត្រូវ កាប់ទន្ទ្រានខែត្រ និងកំប្លោកដើម្បីយកមកធ្វើជាជី។ ខ្ញុំមិនបានដឹងថាម៉ោងសង្គមនិយមនេះមានន័យយ៉ាងដូចម្ដេចទេ គឺគ្រាន់តែធ្វើការតាមបទបញ្ជារបស់ប្រធានកងក្ដាប់រួមប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានចាត់តាំងជាប្រធានកង «ក»។ កងចល័តរយបុរសត្រូវបានបែងចែកជា៣៖ ទី១ គឺកង «ក» មានចំនួន១០កង និងក្នុងមួយកងមានសមមិត្តចំនួន១០នាក់។ ខ្ញុំគឺជាប្រធានកង «ក» ម្នាក់ក្នុងចំណោមប្រធានកង «ក» សរុបចំនួន១០នាក់។ ទី២គឺកង «ខ» មានចំនួន៣កង និងក្នុងមួយកងមានសមមិត្តចំនួន៣០នាក់។ កង «ខ» គឺគ្រប់គ្រងលើកង «ក» ។ ទី៣គឺកង «គ» ដែលក្ដាប់រួមកង «ខ» និងមានប្រធានឈ្មោះមិត្ត ឆាត និងអនុប្រធានឈ្មោះមិត្ត ប៊ីន។ នៅក្នុងការដ្ឋានឆ្ន័ត្រ ខ្ញុំនៅចងចាំបានអំពីព្រឹត្តិការណ៍សំខាន់ចំនួន៣មុនការមកដល់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ដែលធ្វើឲ្យមានការចាប់ខ្លួននិងសម្លាប់កម្មាភិបាលមូលដ្ឋាន៖

– ព្រឹត្តិការណ៍ទី១ គឺការទៅទទួលប្រធានតំបន់២២ឈ្មោះមិត្ត ស៊ឹម នៅឆ្នាំ១៩៧៦។ បន្ទាប់ពីទទួលប្រធានតំបន់២២រួចរាល់ ខ្ញុំត្រូវទៅធ្វើការវិញ។

– ព្រឹត្តិការណ៍ទី២ គឺការទៅកាប់ដូងឲ្យជំនាញការចិននៅរោងចក្រចម្ការកៅស៊ូពាមជាំង។ នៅព្រឹកមួយក្នុងឆ្នាំ១៩៧៦ កង «ក» របស់ខ្ញុំត្រូវបានបញ្ជាឲ្យបេះផ្លែដូងជាច្រើន និងដឹកតាមឡានធំមួយចេញពីការដ្ឋានទៅរោងចក្រចម្ការកៅស៊ូពាមជាំង។ នៅពេលទៅដល់រោងចក្រ ខ្ញុំបានដឹកនាំសមមិត្តឲ្យកាប់ដូងដើម្បីយកឲ្យជំនាញការចិនដែលកំពុងធ្វើការនៅរោងចក្រចម្ការកៅស៊ូ។ នៅពេលខ្ញុំឃើញមានជំនាញការចិនប្រុសស្រីចំនួនប្រមាណ២០ទៅ៣០នាក់ក្នុងសម្លៀកបំពាក់ខោខ្មៅអាវខ្មៅដើរមកយកដូងផឹក។ ខ្ញុំក៏បានហុចដូងឲ្យជំនាញការចិនម្នាក់ផងដែរ។ ចំនាញ់ការចិននោះបានងក់ក្បាលដើម្បីបង្ហាញការអរគុណ។ ខ្ញុំឮជំនាញការចិននិយាយគ្នា ជាមួយអ្នកបកប្រែភាសាម្នាក់នៅទីនោះផងដែរ។ ខ្ញុំឮអ្នកបកប្រែភាសាចិននិយាយថាជំនាញការចិនទាំងអស់នេះពិតជាចូលចិត្តផឹកទឹកដូងណាស់។ បន្ទាប់ពីជំនាញការចិនផឹកទឹកដូងរួចរាល់អស់ហើយ ខ្ញុំនិងកង «ក» បានដឹកជំនាញ់ការទាំងនោះត្រឡប់មកការដ្ឋានវិញ។

– ព្រឹត្តិការណ៍ទី៣ គឺការទៅលើកដីនៅស្ថានីយ៍ស្ដុកទឹកទួលទំលាប់ស្ថិតនៅស្រុកអូររាំងឪ។ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅការដ្ឋានទួលទំលាប់ដើម្បីជីក និងលើកដីធ្វើស្រះទឹកប្រវែង១០០ម៉ែត្រ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានឃើញអ្នកជំនាញការចិនមួយក្រុមទៀតដែលស្លៀកពាក់ធម្មតា ភាគច្រើនស្លៀកខោខ្លី និងពាក់ស្បែកជើងឃ្លុប។ អ្នកជំនាញការចិនទាំងនេះចូលពិនិត្យដំណើរការម៉ាស៊ីនបូមទឹកធំៗនៅក្នុងរោងដែលត្រូវបានសាងសង់សម្រាប់រក្សាម៉ាស៊ីនទាំងនេះ។ អ្នកជំនាញការចិនទាំងនេះក៏បានចុះមកមើលកន្លែងដែលខ្ញុំកំពុងជីកដី។ នៅពេលរសៀលបន្តិច អ្នកជំនាញការចិនទាំងនេះត្រូវបានដឹកទៅវិញ ពីព្រោះមិនមានកន្លែងស្នាក់ឡើយ គឺមានតែកងធារាសាស្រ្តស្នាក់នៅដើម្បីយាមទីតាំង។ អ្នកជំនាញការចិនទាំងនេះមកពិនិត្យការដ្ឋាននេះបានតែ២-៣ថ្ងៃតែប៉ុណ្ណោះ។ ការដ្ឋានស្ថានីយ៍ស្ដុកទឹកនេះបានបញ្ចប់ក្នុងរយៈពេល៣ខែ។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនមកធ្វើការនៅការដ្ឋានឆ្ន័ត្រវិញ។

ខ្ញុំបានបន្តធ្វើការនៅការដ្ឋាននេះរហូតដល់ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមកដល់រំដោះប្រជាជនចេញពីខ្មែរក្រហម។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។

ដោយ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

កំណែអក្ខរាវិរុទ្ធដោយ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin