រឿងរ៉ាវពីអតីតកាល

តាមពិតខ្ញុំមានដើមកំណើតជាជនជាតិថៃដែលបានមករស់នៅក្នុងទឹកដីប្រទេសកម្ពុជាជាប់ព្រំដែនខ្មែរថៃតាំងពីជំនាន់ដូនតាកន្លងមកជាយូរយារណាស់មកហើយ។ ខ្ញុំមានឈ្មោះ លឹម គឹមហ៊ាង មានអាយុ៦៩ឆ្នាំ និងប្តីឈ្មោះ លី អែម មានកូនចំនួនបីនាក់។ ឪពុកខ្ញុមឈ្មោះ លឹម ហេង ហើយម្តាយឈ្មោះ នួង (ជាជនជាតិថៃ)។ ម្តាយខ្ញុំស្លាប់ជំនាន់ខ្មែរក្រហម ហើយឪពុកស្លាប់ឆ្នាំ១៩៨០។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤ ប្រុស៣) មានស្រុកកំណើតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សព្វថ្ងៃខ្ញុំរស់រនៅភូមិដូង ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
កាលពីកុមារភាព ខ្ញុំបានរស់នៅជាមួយឪពុកម្តាយប្រកបមុខរបរធ្វើស្រែចម្ការតាមរបៀបអ្នកស្រុករស់នៅតំបន់ព្រៃភ្នំដាច់ស្រយាល។ ខ្ញុំមិនដែលបានស្គាល់ផ្សារ ឬទីប្រជុំជន ហើយមិនមានផ្លូវល្អធ្វើដំណើរ គឺមានតែផ្លូវលំផ្លូវរទេះគោក្របីកាត់តាមព្រៃភ្នំ។ ខ្ញុំកម្របានឃើញមន្រ្តីរាជការជំនាន់សង្គមរាស្រ្តនិយមចូលទៅដល់។ ខ្ញុំមានអាយុ៧ឆ្នាំ មិនបានចូលសាលារៀន។ ខ្ញុំនៅផ្ទះជួយមើលប្អូនៗ ពីព្រោះឪពុកម្តាយចេញប្រកបរបររកស៊ី។ នៅអាយុ១៤ឆ្នាំ ខ្ញុំបានដឹងរឿងរ៉ាវជាច្រើននៅក្នុងស្រុកភូមិរបស់ខ្ញុំ តាមរយៈឪពុកខ្ញុំ និងឈ្វេងយល់ដោយខ្លួនឯងផ្ទាល់។ កាលសម័យសង្គមរាស្រ្តនិយម មានជនជាតិបារាំងមកដាក់អាណានិគមនៅប្រទេសយើង ធ្វើការគាបសង្កត់ប្រជាជនខ្មែរ ទារពន្ធដារជាដើម ដែលនាំឲ្យកើតមានចលនាខ្មែរឥស្សរៈនៅក្នុងព្រៃដើម្បីតស៊ូទាមទារសិទ្ធសេរីភាពមកវិញ រហូតដល់ប្រទេសជាតិទទួលបានឯករាជ្យមកវិញនៅឆ្នាំ១៩៥៣។
នៅអំឡុងឆ្នាំ១៩៦៨ មានក្រុមចលនាស្នេហាជាតិមួយក្រុមនាំគ្នាចូលព្រៃតស៊ូដើម្បីជាតិ រួមមានលោកតាប្រាសិទិ្ធ, លោកសាយ បូថង, លោករ៉ុងផ្លានកេសន លោកតាឆែម និងអ្នកស្នេហាជាតិជាច្រើនទៀតក្នុងនោះមានលោក ទៀ បាញ់ដែរ។ សព្វថ្ងៃគាត់មានងារជាសម្តេចពិជ័យសេនា ទៀ បាញ់។
នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេច សីហនុ បានកើតឡើង។ ពេលនោះសង្រ្គាមស៊ីវិលចាប់ផ្ទុះឡើង។ ប្រជាជនខ្មែរមួយចំនួនធំបានស័្មគ្រចូលព្រៃម៉ាគីដើម្បីតស៊ូរំដោះជាតិពីរបបសាធារណរដ្ឋ។ នៅពេលកម្លាំងខ្មែរក្រហមចាប់ផ្តើមកើតឡើងនៅខេត្តកោះកុងត្រូវបានតាម៉ុក បានដាក់ខេត្តមួយចំនួនឲ្យស្ថិតនៅក្នុងភូមិភាគនិរតីរួមមាន ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ នៅក្នុងភូមិភាគនិរតីទាំងមូលថ្នាក់ដឹកនាំធំៗ រួមមានឈ្មោះ តាម៉ុក តាម៉ាម៉ង (ឪពុកស៊ូ ម៉េត) តាជូ ជេត, តាប្រាសិទិ្ធ, តាឆែម (ត្រូវជាឪពុកក្មេកសម្តេចពិជ័យសេនា ទៀ បាញ់) កាន់កាប់តំបន់១១ នៅខេត្តកោះកុង។
នៅអំឡុងឆ្នំា១៩៧៣‑៧៤ តាមការអះអាងពីឈ្មោះ ជាម គីង សព្វថ្ងៃអាយុ៧៤ឆ្នាំ មានដើមកំណើតជាជនជាតិថៃដែរ បានប្រាប់ថា កម្លាំងចលនាខ្មែរក្រហមនៅក្នុងព្រៃតស៊ូដើម្បីជាតិជាមួយគ្នា រស់នៅបាយទឹកជាមួយគ្នា ក៏មានទំនាស់ផ្ទៃក្នុងរវាងក្រុមបក្ខពួកតាម៉ុកនិងក្រុមតាប្រាសិទ្ធិខាងតំបន់កោះកុង។ នៅឆ្នាំ១៩៧៤ តាម៉ុក បានហៅក្រុមកម្មាភិបាលខ្មែរក្រហមនៅតំបន់កោះកុងរួមមាន តាប្រាសិទ្ធិ, តាឆែម រួមជាមួយកងការពារមួយចំនួនមកតាមការណាត់ជួបរបស់ តាម៉ុក ក្នុងខេត្តកំពង់ស្ពឺ។ ពេលនោះ តាប្រាសិទ្ធិ ហាក់បីជាបានដឹងរឿងខ្លះៗមុន បានជាមិនឲ្យកងការពារជំនិតរបស់គាត់ឈ្មោះ តាជាម គីង មកជាមួយទុកឲ្យនៅចាំការពារប្រពន្ធកូនរបស់គាត់។ កាលនោះក្រុម តាប្រាសិទ្ធិ និងកងការពារមួយចំនួនតូចដែលបានទៅតាមការណាត់របស់ តាម៉ុក រួចក៏បាត់ខ្លួនទាំងអស់គ្នាតាំងពីពេលនោះមក។ ទោះបីយ៉ាងនេះក្តីក្រុមចលនាខ្មែរក្រហមនៅតែមានកម្លាំងប្រយុទ្ធប្រឆាំងជាមួយទាហានលន់ នល់ នៅគ្រប់កន្លែងដដែល ដូចជាៈ នៅតំបន់កោះកុង នៅម្តុំកោះចាក នៅទួលគគីរនិងកន្លែងជាច្រើនទៀតរហូតកម្លាំងខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច កម្មាភិបាលខ្មែរក្រហមតំបន់កោះកុងនៅតែមិនទុក្ខចិត្តក្រុម តាម៉ុក មកពីខាងភូមិភាគនិរតីដដែល។ កាលនោះក៏មានលោកទៀ បាញ់, លោកតាសាយ បូថង លោកតារុងផ្លាកេសន លោកឡុង ម៉ុន និងលោកឡុង ឈើន បានដឹកនាំប្រជាជនមួយចំនួនធំ រួមមានប្រជាជនរស់នៅភូមិតាតៃ ភូមិដូង ភូមិត្រពាំងរូង ភូមិតាចាត ទួលគគីរនិងភូមិកោះអណ្តែត ដើម្បីភៀសខ្លួនទៅរស់នៅក្នុងទឹកដីនៃប្រទេសថៃជាប់ព្រំដែនខ្មែរនៅម្តុំគិរីវង់។ ពេលនោះមានប្រជាជនទាំងចាស់ទាំងក្មេងប្រហែលជា៦១៣នាក់ដែលបានធ្វើដំណើរទៅរស់នៅទីនោះ។ លោកទៀ បាញ់ បាននាំប្រជាជនដើរកាត់ព្រៃកាត់ភ្នំដោយចំណាយពេលប្រហែល៩ថ្ងៃ ទើបទៅដល់ទឹកដីថៃ។ ក្រោយមកទៀត ខ្ញុំលែងបានដឹងថា លោកទៀ បាញ់, តាសាយ បូថង និងក្រុមស្នេហាជាតិមួយចំនួនទៀតទៅណាទេ។ មុនដំបូងប្រជាជនដែលភៀសខ្លួនទៅស្នាក់នៅគិរីវង់ ប៉ុន្តែនៅពេលយោធាខ្មែរក្រហមដេញទៀតទើបរត់ចូលទឹកដីថៃ ដោយរស់នៅភូមិខ្លងយ៉ៃ។ យើងទាំងអស់គ្នាបានប្រកបមុខរបរធ្វើស្រែចម្ការរៀងៗខ្លួនដើម្បីរស់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីទទួលដំណឹងថា ប្រទេសកម្ពុជាត្រូវបានរំដោះរំដោះចេញផុតពីរបបខ្មែរក្រហម ខ្ញុំនិងក្រុមគ្រួសាររួមទាំងមនុស្សមួយចំនួនផ្សេងទៀតបានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ។ប៉ុន្តែប្រជាជនមួយចំនួនមិនបានត្រឡប់មកវិញ ដោយសុខចិត្តរស់នៅប្រទេសថៃដល់សព្វថ្ងៃ។ ដំបូងក្រុមគ្រួសារខ្ញុំស្នាក់នៅពាមក្រសោប។ កាលនោះចៅហ្វាយខេត្តកោះកុងដំបូងគេលោគឺកតាប៊ុន លិ។ បើទោះបីជាខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែខ្ញុំនៅមានការព្រួយបារម្មណ៍អំពីសង្រ្គាមជារៀងរាល់ថ្ងៃ ពីព្រោះកម្លាំងកម្មាភិបាលខ្មែរក្រហមដែលនៅរស់តាមជាយដែន រួមមានលោកប៉ុល ពត, លោកនួន ជា, លោកខៀវ សំផន, លោកអៀង សារី, លោកសុន សេន និង តាម៉ុក រួមទាំងកម្លាំងកម្មាភិបាលមួយចំនួនទៀតប្រមូលផ្តុំគ្នាធ្វើសកម្មភាពជាបន្តទៀតនៅតាមព្រំដែនខ្មែរថៃជាមួយកម្លាំងកងទ័ពវៀតណាមនិងកម្លាំងកងទ័ពរដ្ឋាភិបាលទីក្រុងភ្នំពេញ បានរំខានដល់ការរស់របស់ប្រជាជនជារៀងរាល់ថ្ងៃ។
នៅឆ្នាំ១៩៩១ ទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣តុលា ក៏ដោយតែក្រុមខ្មែរក្រហមមិនបានគោរពនិងធ្វើតាមអង្គការសហប្រជាជាតិដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំ១៩៩៣ទេ។ ហេតុការណ៍នេះបណ្ដាលឲ្យសង្រ្គាមនៅតែបន្តកើតមានរវាងខ្មែរនិងខ្មែរ។
នៅឆ្នាំ១៩៩៩ រដ្ឋាភិបាលកម្ពុជាឆ្លាតវៃបានបង្កើតគោលនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំដោយសម្តេចអគ្គមហាធិបតីតេជោ ហ៊ុន សែន (សព្វថ្ងៃសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជាតិ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ។ ដូចនេះប្រទេសជាតិក៏ចាប់មានសុខសន្តិភាពរហូតតាំងពីពេលនោះមកដល់សព្វថ្ងៃ។
អត្ថបទដោយ៖ សុខ វណ្ណៈ
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា