សោម យ៉េន ៖ គ្រប់គ្រងការដ្ធានធ្វើស្រែនៅតំបន់២៥

សោម យ៉េន (២០១០)

នៅក្នុងឆ្នាំ១៩៧៥ យ៉េន ត្រូវបាន ហួត សេ​ ដែលជាគណៈតំបន់២៥ ចាត់តាំងឲ្យមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែនៅការដ្ឋានមួយកន្លែងដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉េន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

សោម យ៉េន[1] ភេទប្រុស អាយុ៨៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានស្រុកកំណើតនៅភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យ៉េន មានប្រពន្ធឈ្មោះ យ៉េប​ ម៉េង អាយុ៨៣ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានកូនចំនួន១០នាក់​ (ប្រុស៣នាក់ ស្រី៧នាក់)។​ កូនរបស់ យ៉េន​ បានទទួលមរណភាព៧នាក់ ដោយសារជំងឺ។ យ៉េន មានបងប្អូនចំនួន៥នាក់(ប្រុស៣នាក់ ស្រី២នាក់)។ យ៉េន ជាកូនទី៤ នៅក្នុងគ្រួសារ។ យ៉េន មានឪពុកឈ្មោះ សោម ទឹម (ស្លាប់ឆ្នាំ១៩៨៦ ដោយសារជំងឺ)និងម្ដាយឈ្មោះ ពេជ្រ ការ (ស្លាប់) ។

កាលពីក្មេង​យ៉េន បានរៀនត្រឹមអក្ខរកម្ម ចេះអាន និងចេះសរសេរបានបន្តិចបន្តួច។ ទំនេរពីការរៀនសូត្រ យ៉េន​ តែងតែមកជួយការងារឪពុកម្ដាយធ្វើស្រែ ដាំពោត និងដាំសណ្ដែក។ នៅក្នុងឆ្នាំ១៩៦៤ យ៉េន ត្រូវបានឪពុករៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបការបានរយៈពេលមួយឆ្នាំ យ៉េន ត្រូវបានបងប្អូនហៅឲ្យទៅរស់នៅ ស្រុកពាមជ័រ ខេត្តព្រៃវែង ហើយបានចែកដីមួយចំនួនសម្រាប់ឲ្យធ្វើស្រែចម្ការ និងដាំថ្នាំសម្រាប់លក់ផ្គត់ផ្គង់ជីវភាព។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច​ នរោត្តម សីហនុ​។ នៅក្នុងអំឡុងពេលនោះ យ៉េន និងប្រពន្ធ បានសម្រេចចិត្តចាកចេញពីខេត្តព្រៃវែងត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក សម្ដេចព្រះ នរោត្ដម សីហនុ បានអំពាវនាវពីទីក្រុងប៉េកាំងថា « បើកូនចៅស្រឡាញ់ សម្ដេចឪ និងចង់ឲ្យសម្ដេចឪចូលប្រទេសវិញ សូមនាំចូលព្រៃម៉ាគីទាំងអស់គ្នា»។ បន្ទាប់ពីសម្ដេចឪអំពាវមិនបានប៉ុន្មានថ្ងៃផង ចាប់ផ្ដើមមានចលនាតស៊ូខ្មែរក្រហមចូលមកឃោសនាក្នុងភូមិថា លន់ នល់​ ក្បត់ជាតិបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ​ បើប្រជាជនស្រឡាញ់ សម្ដេចព្រះ នរោត្ដម សីហនុ សូមចូលរួមជាមួយកងទ័ពរំដោះទាំងអស់គ្នា។​ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ យ៉េន ត្រូវបានបងថ្លៃហៅចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម​ និងកងទ័ពវៀតកុង នៅមន្ទីរតំបន់២៥ ដែលគ្រប់គ្រងដោយឈ្មោះ ប៉ាវ​ (គណៈតំបន់២៥) ដែលមានទីតាំងនៅសាលាស្រុកកោះធំ។

នៅក្នុងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតកុងចាប់ផ្ដើមមានជម្លោះជាមួយគ្នា។ ពេលនោះ យ៉េន និងកងទ័ពវៀតកុងដែលនៅក្រោមការគ្រប់គ្រងរបស់ ប៉ាវ ត្រូវបានផ្លាស់ចេញពីមន្ទីរតំបន់២៥ ឲ្យទៅរស់នៅខេត្តតាកែវ​​។ លុះធ្វើដំណើរមកដល់ខេត្តតាកែវ កងទ័ពវៀតកុងបានធ្វើនយោបាយបោកប្រាស់ដោយឲ្យកងទ័ពខ្មែរក្រហមទាំងអស់ដាក់អាវុធទុក ​ហើយកងទ័ពវៀតកុងប្រហែល៤ទៅ៥នាក់ បានដើរប្រមូលអាវុធទាំងអស់ទុក។ បន្ទាប់ពីប្រមូលអាវុធទុកអស់ កងទ័ពវៀតកុងបានប្រាប់ឲ្យ យ៉េន និងកងទ័ពខ្មែរក្រហមទាំងអស់ធ្វើដំណើរត្រឡប់មកមន្ទីរតំបន់២៥វិញ ដោយមិនឲ្យមានអាវុធយកទៅតាមខ្លួន។  ពេលត្រឡប់មកដល់មន្ទីរតំបន់វិញ យ៉េន​ និងកងទ័ពខ្មែរក្រហមទាំងអស់បានចូលមករស់នៅជាមួយ នង សួន ដែលជាគណៈតំបន់២៥ថ្មី ជំនួសប៉ាវ។ បន្ទាប់ពីស្នាក់នៅមន្ទីរតំបន់២៥ បានប្រហែលកន្លះខែ យ៉េន ត្រូវបាន នង សួន ជ្រើសរើសឲ្យចូលធ្វើនីរសារ​នៅមន្ទីរតំបន់២៥។ បន្ទាប់ពីធ្វើនីរសារបានប្រហែលមួយឆ្នាំ​ យ៉េន ត្រូវបាន នង សួន ដកចេញពីនីរសារដោយឃើញថាអាយុច្រើនជាងគេ ហើយត្រូវបានដកបញ្ជូនឲ្យមកកាន់កាប់កម្លាំងកងនារីនៅការដ្ឋានធ្វើស្រែនៅតំបន់២៥។ ពេលដែលទំនេរពីការងារច្រូតកាត់ យ៉េន​ តែងតែមកជួសជុលទូកដែលចាស់ៗទុកប្រើប្រាស់នៅរដូវវស្សា។

នៅឆ្នាំ១៩៧៥ នង​ សួន បានឡើងតួនាទីទៅជាមន្រ្តីក្រសួងកសិកម្ម ហើយត្រូវបានបញ្ជូនទៅទីក្រុងភ្នំពេញ។ ចំណែកគណៈតំបន់២៥ នង សួន បានដំឡើងឲ្យ ហួត សេ មកគ្រប់គ្រងជំនួស។ បន្ទាប់ពីឡើងតួនាទីជាគណៈតំបន់​២៥ ហួត សេ បានឡើងមកធ្វើស្រែមួយកន្លែងទៀត ដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ បន្ទាប់ពីរៀបចំធ្វើការដ្ឋានធ្វើស្រែរួចរាល់ ហួត សេ បានចាត់តាំងឲ្យ យ៉េន មកមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែទីនោះ។ យ៉េន បាននិយាយបន្តថា សម្រាប់ការងារនៅស្រុកអង្គរជ័យគឺ ធ្វើការងារដោយឯករាជ្យត្រង់ថា ត្រូវធ្វើនង្គ័លធ្វើនង្គ័ល ត្រូវធ្វើរនាសធ្វើរនាស ត្រូវធ្វើគប់ធ្វើគប់ និងដើរមើលថានង្គ័លភ្ជួរស្រួលមិនស្រួល។ បន្ទាប់ពីរៀបចំនៅកន្លែងការដ្ឋានបានស្រួលបួល យ៉េន បានសម្រេចចិត្តបញ្ជូនកូនចៅឲ្យទៅយកប្រពន្ធកូនឲ្យមករស់នៅជាមួយប៉ុន្តែប្រពន្ធយ៉េន មិនហ៊ានទៅព្រោះខ្លាចថា ប្ដីដែលហៅយកទៅភាគច្រើនតែងតែបាត់ខ្លួនមិនត្រឡប់មកវិញ។ បន្ទាប់ពីដឹងថាប្រពន្ធមិនហ៊ានមក យ៉េន បានសម្រេចចិត្តចុះទៅយកដោយខ្លួនឯងផ្ទាល់។

នៅឆ្នាំ១៩៧៦ យ៉េង ត្រូវបាន ហួត សេ ដកចេញពីការដ្ឋានធ្វើស្រែបញ្ជូនឲ្យឡើងទៅទីក្រុងភ្នំពេញ ដើម្បីឲ្យទៅជួសជុលផ្ទះនៅបឹងបាយ៉ាប ទុកសម្រាប់ឲ្យកងទ័ពស្នាក់នៅ​ ដែលគ្រប់គ្រងដោយឈ្មោះ វ៉ាត់។ យ៉េន ជួសជុលផ្ទះនៅបឹងបាយ៉ាបបានរយៈពេលមួយសប្ដាហ៍ កម្លាំងដែលធ្វើស្រែនៅក្នុងការដ្ឋានអង្គរជ័យដែលធ្លាប់គ្រប់គ្រងពីមុនត្រូវបាន ហួត សេ បញ្ជូនឲ្យឡើងមកភ្នំពេញជាបន្តបន្ទាប់។ កម្លាំងដែលបញ្ជូនមកពីការដ្ឋានអង្គរជ័យត្រូវបានបែងចែកឲ្យទៅធ្វើការងារនៅរោងបឹងបាយ៉ាប និងរោងចក្រនៅខាងព្រែកព្នៅ។ បន្ទាប់ពីជួសជុលផ្ទះនៅបឹងបាយ៉ាបរួចរាល់ យ៉េន​ ត្រូវបាន វ៉ាត ​ដកបញ្ជូនឲ្យមកក្រសួងជើងទឹក ដើម្បីឲ្យមកជួយដំឡើងរោងសម្រាប់ដាក់កាណូតដែលមានចំណុះ៧តោន នៅព្រែកព្នៅ។ យ៉េនរស់នៅព្រែកព្នៅបានចំនួន៥យប់ ត្រូវបាន ​វ៉ាត ប្រមូលកម្មករនៅខាងក្រសួងជើងទឹកទាំងអស់សរុបប្រហែល២០០០នាក់ បញ្ជូនឲ្យទៅកាប់ឈើនៅខេត្តក្រចេះ ដើម្បីតំឡើងកាណូត និងតំឡើងកប៉ាល់នៅទីនោះ ដែលគ្រប់គ្រងដោយឈ្មោះ ម៉ន។ បន្ទាប់ពីកាប់ឈើនៅក្រចេះបានប្រហែល២៥០០កំណាត់ ក៏ចាប់ផ្ដើមកើតមានជម្លោះរវាង ប៉ុល​ ពត ជាមួយ កុយ ធួន។ នៅពេលនោះ យ៉េន និងក្រុមកម្មករនៅខាងក្រសួងជើងទឹកទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមបណ្ដេញចេញពីព្រៃទាំងយប់។ លុះស្អែកឡើង យ៉េន​ និងក្រុមកម្មករទាំងអស់ត្រូវបានដឹកបញ្ជូនតាមឡានឲ្យទៅរស់នៅថ្មគ្រែ ដែលមានទីតាំងនៅលើខេត្តក្រចេះ។ យ៉េន បាននិយាយបន្តថា បន្ទាប់ពីស្នាក់នៅថ្មគ្រែបានប្រហែលកន្លះខែ កម្មភិបាលនៅក្រុងភ្នំពេញបានដឹកអង្ករចំនួន៥០បាវ និងផ្គត់ផ្គង់ម្ហូបអាហារមួយចំនួនសម្រាប់ឲ្យកម្មករហូបចុក។ បន្ទាប់ពីផ្ដល់ម្ហូបអាហារបានរយៈពេល៣ថ្ងៃ កម្មាភិបាលបានបញ្ជូនកាណូតចំនួន២គ្រឿងមកដឹកអង្ករ និងម្ហូបអាហារត្រឡប់ទៅវិញ ព្រោះកម្លាំងដែលរស់នៅថ្មគ្រែទាំងអស់ត្រូវបានបញ្ជាឲ្យធ្វើដំណើរត្រឡប់ទៅក្រុងភ្នំពេញវិញ។​ ​ពេលមកដល់ក្រុងភ្នំពេញ យ៉េន និងកម្មករទាំងអស់ត្រូវបាន ម៉ន បញ្ជូនឲ្យមករស់នៅកន្លែងចាស់វិញ។ បន្ទាប់ពីស្នាក់ និងដំឡើងកាណូត កប៉ាល់បានកន្លះខែ ម៉ន បានរៀបចំកម្លាំងឲ្យ យ៉េន ​ដឹកនាំកម្មករមួយក្រុមដើម្បីទៅដឹកជញ្ជូនឈើ យកមកដំឡើងកប៉ាល់នៅព្រែកព្នៅ។ យ៉េន ធ្វើការងារនៅកន្លែងដំឡើងកប៉ាល់បានរយៈពេលមួយខែ  ត្រូវបាន ម៉ន ដកឲ្យទៅជួសជុលនៅកន្លែងត្បាញវិញ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា​​បានសហការណ៍ជាមួយកងទ័ពវៀតណាមបានវាយចូលមករំដោះទីក្រុងភ្នំពេញ។ ពេលនោះ យ៉េន និងកម្មករដែលធ្វើការងារនៅកន្លែងតម្បាញមានការតក់ស្លុតនិងជ្រួលច្របល់ជាខ្លាំង ដោយឃើញយន្តហោះចំនួន២គ្រឿង បានហោះមកទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅព្រែកព្នៅ និងព្រែកក្ដាម។ បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់​ យ៉េន និងកម្មករដែលធ្វើការងារនៅកន្លែងតម្បាញបានប្រជែងគ្នាឡើងលើកាណូត ដើម្បីធ្វើដំណើរមកកាន់ខេត្តកំពង់ឆ្នាំង។ ចំណែកប្រពន្ធនិងកូនរបស់ យ៉េន បានធ្វើដំណើរមកតាមក្រោយ ហើយបានមកជួបគ្នានៅកំពង់ឆ្នាំង។ បន្ទាប់ពីជួបគ្នាជាមួយប្រពន្ធ យ៉េន និងប្រពន្ធបាននាំគ្នាបន្តដំណើរដោយឆ្លងកាត់ប៉ៃលិន ចេញពីប៉ៃលិនមកបន្ទាយសំឡូត ហើយបានឈប់សម្រាកនៅបន្ទាយសំឡូតប្រហែល៣ទៅ៤យប់ ទើបបន្តដំណើរទៅមុខទៀត។ លុះស្អែកឡើង យ៉េន និងប្រជាជនជាច្រើនបានបន្តដំណើរឡើងភ្នំ(ភ្លេចឈ្មោះ) ហើយបានជួបតាម៉ុកនៅទីនោះ។ បន្ទាប់មក តា​​ម៉ុក បានបញ្ជាឲ្យកងទ័ពដឹក យ៉េន និងប្រជាជនទាំងអស់មកទម្លាក់នៅបរវល ហើយបានដឹកបន្តពីបរវលយកមកទម្លាក់នៅទំនប់ដាច់ម៉ក់ហើន ហើយកងទ័ពរបស់តាម៉ុកនៅទីនោះ បានកៀរប្រជាជនបន្តឲ្យចូលមករស់នៅក្នុងដីថៃ ដែលមានទីតាំងនៅត្រាំង ហើយសម្រាកនៅបានប្រហែលមួយខែ កងទ័ពវៀតណាមបានវាយចូលមកដល់។ ពេលនោះ យ៉េន និងប្រពន្ធបានរត់ចេញពីត្រាំងមករស់នៅជំរំតាង៉ុកបានរយៈពេល៨ខែ បានផ្លាស់មករស់នៅភូមិទួលធ្នូ ស្រុកម៉ាឡៃវិញ។ ពេលចូលមករស់នៅភូមិទួលធ្នូដំបូង យ៉េន និងប្រពន្ធមានការលំបាកជាខ្លាំង ព្រោះដីដែលមកនៅសំបូរទៅដោយព្រៃ និងដើមឈើធំៗដូចជា ដើមស្រឡៅ ដើមឈើទាល និងដើមឈើធំផ្សេងៗទៀតជាច្រើន។ សម្រាប់អាហារហូបរបស់ យ៉េន និងគ្រួសារមិនសូវពិបាកប៉ុន្មានទេ ព្រោះមានអង្គការជាអ្នកចាំជួយផ្គត់ផ្គង់។ បន្ទាប់មកពីរៀបចំភូមិបានស្រួលបួល យ៉េន ត្រូវបាន សុខ ភាព ជ្រើសរើសឲ្យធ្វើជាអ្នកគ្រប់គ្រងនៅក្នុងភូមិ និងមើលពីការខ្វះខាតរបស់ប្រជាជន ដើម្បីរាយការណ៍ទៅឲ្យ សុខ ភាព ដើម្បីលើកប្រជុំដោះស្រាយពីបញ្ហាខ្វះខាតទាំងអស់នេះ។ បន្ទាប់ពីធ្វើជាអ្នកគ្រប់គ្រងភូមិបានកន្លះឆ្នាំ​ យ៉េន​ បានចាប់ផ្ដើមមានបញ្ហានៅកន្លែងការងារ ព្រោះនៅកន្លែងធ្វើការមានអ្នកច្រណែននិន្ទាដោយចោទប្រកាន់ យ៉េន ថាគិតតែខំប្រឹងរកស៊ីផ្ទាល់ខ្លួន អត់គិតការងារជួយដឹកនាំប្រជាជន។ បន្ទាប់ពីឮបែបនេះ យ៉េន បានសម្រេចចិត្តសុំ សុខ ភាពលាឈប់ពីអ្នកគ្រប់គ្រងភូមិ។

នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចូលមកវាយនៅម៉ាឡៃ។ ពេលនោះប្រជាជនដែលរស់នៅម៉ាឡៃត្រូវបានជម្លៀសតាមរថយន្តឲ្យទៅរស់នៅភ្នំតាង៉ោល បណ្ដោះអាសន្ន។ បន្ទាប់ពីស្នាក់នៅភ្នំតាង៉ោលបាន៣ទៅ៤យប់ យ៉េន និងប្រជាជនទាំងអស់ត្រូវបានកងទ័ពដឹកបន្តឲ្យមករស់នៅជំរំតាង៉ុក​ ហើយបានធ្វើខ្ទមស្នាក់នៅទីនោះបានរយៈពេល៨ខែ ទើបប្រធានជំរំតាង៉ុក ដកឲ្យមកជំរំ៨៥វិញ។

នៅឆ្នាំ១៩៩០ យ៉េន និងប្រពន្ធបានចុះពីជំរំ៨៥មករស់នៅភូមិទួលធ្នូវិញ។ ពេលធ្វើដំណើរត្រឡប់ចូលមកក្នុងភូមិវិញ យ៉េន​ និងប្រពន្ធមានការលំបាកជាខ្លាំង ព្រោះផ្លូវធ្វើដំណើរចូលមកក្នុងភូមិសំបូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះដែលបង្កប់ដោយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា។ ពេលធ្វើដំណើរចូលមកដល់មុខផ្ទះ យ៉េន និងប្រពន្ធបានឃើញផ្ទះធ្លាប់រស់នៅទៅដោយព្រៃក្រាស់ៗ។ បន្ទាប់មក​ យ៉េន និងប្រពន្ធបាននាំគ្នាកាប់ឆ្ការព្រៃ និងជួសជុលផ្ទះសារឡើងវិញ។ នៅឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋាភិបាលបានចាប់ដៃគ្នាធ្វើសមាហរណកម្ម។ ពេលនោះនៅក្នុងភូមិទួលធ្នូមានការផ្លាស់ប្ដូរជាច្រើន ប្រជាជនអាចប្រកបរបរចិញ្ចឹមជីវិតបានធម្មតា​ និងផលដំណាំដែលប្រជាជនធ្វើបានមានឈ្មួញចូលទិញ។ យ៉េន និងគ្រួសារ បាន​បន្តរស់នៅស្រុកម៉ាឡៃដោយប្រកបរបរធ្វើស្រែចម្ការ រហូតមកដល់សព្វថ្ងៃ៕

ដោយ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ សោម យ៉េន ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ (BMI0067)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin