ឌី ណៃស៊ីម រំឭកពីការចងចាំនៅក្នុងរបបខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ឌី ណៃស៊ីម[1] ហៅយាយដិប មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងរស់នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ ខឹម ព្រំ រៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៦៧។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានកើតមានឡើង ប្រជាជនជាច្រើនបាននាំចេញទៅធ្វើបាតុកម្មនៅតាមទីរួមខេត្តនានា ដើម្បីទាមទារយកអំណាចមកថ្វាយព្រះអង្គវិញ។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៧០នោះ ខ្ញុំក៏បានឃើញប្រជាជនពីភូមិរបស់ខ្ញុំ បានចេញទៅធ្វើបាតុកម្មនៅខាងមុខសាលាខេត្តកំពង់ចាម​។ នៅឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយចំនួនរួមមក[2]​ ពេលនោះ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ទាហាន លន់ នល់ បានបើកការបាញ់ប្លោងគ្រាប់រ៉ូកែតពីយន្ដហោះ អាស្លាបកាត និងអាទ្រុងជ្រូក មកលើកងកម្លាំងរំដោះខ្មែរក្រហម។

នៅក្នុងអំឡុងឆ្នាំ១៩៧២​ ប្តីរបស់ខ្ញុំ បានចូលធ្វើជាកងទ័ពនៅអូរក្រវ៉ាន់ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែកខ្ញុំ វិញនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានខ្មែរក្រហមដែលបានចូលកាន់នៅក្នុងតំបន់ដែលខ្ញុំ​រស់នៅនោះ បានឱ្យចូលធ្វើការនៅកងកាត់ដេរសម្លៀកបំពាក់ឱ្យកងទ័ព។ ប្រធានកងនៅមន្ទីរដែលខ្ញុំ បានកាត់ដេរមានឈ្មោះ ក្រាញ។ ខ្ញុំនៅធ្វើការទីនេះរហូតដល់ពេលដែលខ្មែរក្រហមបានទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ស្រី្តដែលជាប្រពន្ធរបស់កងទ័ពខ្មែរក្រហមទាំងអស់ ត្រូវបានខ្មែរក្រហមបញ្ជូលទៅតាមសហការណ៍មួយផ្សេងទៀត នៅតាមភូមិ។ នៅពេលប្តីរបស់ខ្ញុំ ទៅប្រយុទ្ធដើម្បីចូលកាន់កាប់ទីក្រុងភ្នំពេញ រហូតដល់ចុងឆ្នាំ ១៩៧៥ ទើបបានឃើញប្តីខ្ញុំត្រឡប់មកផ្ទះវិញ។ ប្តីរបស់​ខ្ញុំ មិនសូវបានមកលេងផ្ទះទេ នៅពេលដែលបានមកផ្ទះម្តងៗ មិនសូវបាននិយាយស្ដីអ្វីច្រើនជាមួយខ្ញុំទេ ទោះបីជាខ្ញុំប្រាប់គាត់ ខ្ញុំចង់់ផ្ញើសំបុត្រទៅសួរសុខទុក្ខគាត់ ក៏ប្ដីខ្ញុំប្រាប់ថាមិនចាំបាច់ដែរ។ តាំងពីពេលដែលប្តីរបស់ខ្ញុំចូលធ្វើជាកងទ័ពមក ប្តីរបស់ខ្ញុំ បានត្រឡប់មកផ្ទះបានតែ ២ដង នោះទេ ម្តងនៅក្នុងឆ្នាំ១៩៧៥​ និងម្ដងទៀត នៅក្នុងអំឡុងឆ្នាំ ១៩៧៧ រួចមិនដែលបានឃើញត្រឡប់មកផ្ទះវិញរហូត។

នៅក្នុងអំឡុងរបបខ្មែរក្រហម ខ្ញុំត្រូវបានអង្គការឱ្យចូលក្នុងសហករណ៍ជាមួយប្រជាជនផ្សេងទៀត នៅក្នុងភូមិ។ នៅក្នុងមួយថ្ងៃ ខ្មែរក្រហមបានកំណត់ឱ្យប្រជាជនដកស្ទូង ២ផ្លូនកណ្ដាប់ ស្រូវ ដោយពេលព្រឹកត្រូវធ្វើការចាប់ពីម៉ោង ៧ ដល់ ម៉ោង១១ រួចក៏សម្រកហូបបបរ ដល់ម៉ោង ១រសៀល ទើបចូលធ្វើការរហូតដល់ម៉ោង ៥ល្ងាច។

នៅអំឡុងឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំពពោះកូនរបស់ខ្ញុំ ខ្មែរក្រហមនៅតែប្រើខ្ញុំ ឱ្យទៅដកស្ទូង នៅជិតៗភូមិ ក្រោយពេលខ្ញុំសម្រាលកូនរួច ខ្មែរក្រហមដាក់ឱ្យធ្វើការនៅកងកាត់ដេរ។ ក្រោយមក ខ្ញុំធ្វើការនៅខាងត្បាញក្រមា ខ្មែរក្រហម មិនបានកំណត់ចំនួនក្រមា ឱ្យយើងត្បាញដូចកាលពីនៅធ្វើស្រែនោះទេ ហើយនៅក្នុងពេលដែលខ្ញុំត្បាញក្រមានោះ ខ្ញុំអាចត្បាញបានក្នុងមួយថ្ងៃបាន ២ ទៅ ៣ក្រមា។ នៅក្នុងដំណាក់កាលដំបូងការហូបចុក មិនសូវមានការលំបាកខ្លាំងប៉ុន្មានទេ រហូតដល់ឆ្នាំ ១៩៧៧ ក្រោយពេលកងទ័ពខ្មែរក្រហមភូមិភាគនិរតីចូលមកកាន់កាប់ និងមានការផ្លាស់ប្តូរមេដឹកនាំ និងមេកងមួយចំនួន រួមទាំងប្រធានកងរបស់ខ្ញុំដែល ទើបការហូបចុកកាន់តែលំបាក ហើយក្នុងពេលនោះដែលប្រជាជនមូលដ្ឋានជាច្រើនត្រូវបានខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់យកទៅសម្លាប់មិនដាច់ ហើយការហូបចុក បានត្រឹមហូបបបររាវ ម្នាក់មួយមួយវែក ទៅពីរវែកក្នុងមួយពេល៕

ដោយ លី​ ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម


[1] ឯកសារ KCI0018 បទសម្ភាសន៍ ឌី ណៃស៊ីម សម្ភាសន៍ដោយ ជួង សុភារិទ្ធិ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០០២,​ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin