ខ្ញុំធ្លាប់ឆ្លងកាត់ប្រាំសម័យកាលមកហើយ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

គ្រួសារខ្ញុំស្នាក់នៅក្នុងខ្ទមស្លឹកនាជាយក្រុងភ្នំពេញ ក្នុងអំឡុងពេលដែលកម្លាំងខ្មែរក្រហមទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីនោះភ្លាមៗ ខ្ញុំបានឃើញប្រជាជនទូលបង្វេចដើរតាមថ្នល់មុខផ្ទះខ្ញុំ ដែលស្ថិតនៅម្ដុំស្ទឹងមានជ័យ។ ដោយសារការងឿងឆ្ងល់ ខ្ញុំក៏ដើរចេញទៅសាកសួរ ចម្លើយតបមកវិញគឺ «កងទ័ពរំដោះបានដេញប្រជាជនដែលកំពុងរស់នៅម្ដុំផ្សារថ្មីចេញ ឱ្យផុតរយៈពេលបីថ្ងៃសិន ដើម្បីបោសសម្អាតទីក្រុងភ្នំពេញ»។ ចម្លើយដែលខ្ញុំបានឮ ធ្វើឱ្យចិត្តខ្ញុំមិនទាន់អស់ចម្ងល់ ក៏ចាំស្ទាក់សួរកងទ័ពពាក់អាវខ្មៅ ស្ពាយកាំភ្លើង និងមានវ័យប្រហែលជា១៣ឆ្នាំថា «សមមិត្ត គេនាំគ្នាចេញ     លន់ៗហ្នឹងគេទៅណាវិញ?»  កងទ័ពខ្មែរក្រហមបានតបខ្ញុំថា «មិត្តបង មិនបាច់ចេញទៅណាទេ ព្រោះមិត្តបងស្ថិតក្នុងវណ្ណៈអធន»[1] ការឆ្លើយតបរបស់កងកម្លាំងខ្មែរក្រហមស្របទៅនឹងខ្សែភ្នែកកំពុងសម្លឹងផ្ទះរបស់ខ្ញុំ ដែលមានសមាជិកស្នាក់នៅរហូតទៅដល់១៣នាក់។ ពាក្យអធន វាថ្មីសម្រាប់ខ្ញុំ ប៉ុន្ដែកាលដែលខ្ញុំចេះប្រើពាក្យថា សមមិត្ត ព្រោះខ្ញុំបានដឹងស្រាប់ទៅហើយថា ជាកងទ័ពរំដោះខ្មែរក្រហម ជាអ្នកគ្រប់គ្រងតំបន់មូលដ្ឋានតាំងពីឆ្នាំ១៩៧០ នៅឯស្រុកកំណើតរបស់ខ្ញុំ។  ទោះបីជាកងទ័ពខ្មែរក្រហម មិនឱ្យខ្ញុំចេញពីទីក្រុង តែខ្ញុំដឹងខ្លួនថាខ្ញុំជាគ្រូបង្រៀន ប្ដីខ្ញុំជាគ្រូបង្រៀន គឺសុទ្ធតែមុខសញ្ញារបស់កងទ័ពអាវខ្មៅ។

ខ្ញុំឈ្មោះ សុខ គឹមស្រឿង[2] អាយុ៧១ឆ្នាំ(២០២០) កើតនៅភូមិខ្យង ឃុំពពឹស ស្រុកព្រៃវែង (បច្ចុប្បន្នស្រុកស្វាយអន្ទរ) ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិទី៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ សុខ ស៊ាម និង ម្តាយឈ្មោះ ភូច ស្រឺប។ ឪពុករបស់ខ្ញុំគាត់ចេះជំនាញខាងគ្រឿងម៉ាស៊ីននឹងចូលចិត្តបើករថយន្តឈ្នួលចុះឡើងពីភូមិកំណើតទៅកាន់ទីរួចខេត្តព្រៃវែង ហើយគាត់មិនសូវចូលចិត្តនៅស្រុកស្រែទេ។ ចំណែកម្តាយខ្ញុំគាត់ជាកសិករធ្វើស្រែចម្ការ និងចិញ្ចឹមមើលថែកូនស្រីៗ  នៅស្រុកកំណើត។ ខ្ញុំមានប្ដីឈ្មោះ កែវ សាឡាត (ស្លាប់ក្នុងខែកុម្ភៈ ឆ្នាំ២០២០) កើតនៅខេត្តស្វាយរៀង។ ប្ដីរបស់ខ្ញុំមានតួនាទីជាគ្រូបង្រៀនតាំងពីជំនាន់សង្គមរាស្រ្តនិយម។ ខ្ញុំមានកូនចំនួន៤នាក់ ក្នុងនោះមានកូន

ស្រី២នាក់។ កូនៗរបស់ខ្ញុំបានការងារធ្វើ និងរៀបការមានគូស្រករអស់ហើយ។ បច្ចុប្បន្នខ្ញុំរស់នៅជាមួយកូនស្រីពៅ ដែលជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅក្នុងខេត្តព្រៃវែង។

រំឭកកាលពីកុមារភាព គឺខ្ញុំកើតក្នុងឆ្នាំ១៩៤៩ មុនប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង[3]រយៈពេល៥ឆ្នាំ។ ក្នុងអាយុ៥ឆ្នាំ គឺខ្ញុំធំដឹងក្ដី ចេះនិយាយ ចេះស្ដាប់សំដីចាស់ៗ ហេតុនេះ ម្តាយខ្ញុំបានរៀបចំពិធីកោរជុកឱ្យ។  បន្ទាប់ពីនោះខ្ញុំបានឃើញ និងចងចាំថាយុវនារីក្នុងភូមិជាច្រើន បាននាំគ្នាទៅហ្វឹកហាត់ក្បួនយុទ្ធនា(សង្រ្គាម)ក្នុងវត្តភ្នៀត ដើម្បីឈានចូលទៅក្នុងក្រុមជីវពលនារីក្លាហាន[4]4ទាម ទារឯករាជ្យជាតិមកវិញ។ យុវនារីទាំងអស់ក្នុងដៃមានកាន់កាំភ្លើងដែលធ្វើពីស្រទាប់ចេក ព្រមទាំងហាត់វាយម្ដងឆ្វេងម្ដងស្ដាំ។ ខ្ញុំ និងមិត្តភក្តិឯទៀតក៏មានកាន់ធាងចេកម្នាក់មួយៗ សម្រាប់លេងវាយគ្នាទៅវិញទៅមក។  ក្រៅពីនោះខ្ញុំត្រូវទៅសិក្សារៀនសូត្រជាធម្មតានៅសាលាបឋមសិក្សាក្នុងភូមិ។

នៅឆ្នាំ១៩៦៣ ខ្ញុំមានអាយុ១៤ឆ្នាំ ក៏ប្រឡងជាប់ថ្នាក់សិក្សាបឋមភូមិ។ ដោយហេតុខ្ញុំរៀនពូកែ និងមានការជំរុញពីគ្រូបង្រៀននៅក្នុងភូមិផង ឪពុកម្តាយខ្ញុំក៏បញ្ជូនឱ្យមករៀនបន្តនៅសាលាអង្គឌួង ដែលមានទាំងអនុវិទ្យាល័យ និងវិទ្យាល័យ ស្ថិតនៅទីតាំងតែមួយក្នុងក្រុងព្រៃវែង។ នាយកសាលាកាលនោះឈ្មោះ កែ សុខន ជាសាស្រ្តាចារ្យមកពីបារាំងនឹងអ្នកគ្រប់គ្រងវិន័យសាលាយ៉ាងតឹងរឹង ប៉ុន្ដែខ្ញុំចូលចិត្ត ការគ្រប់គ្រងរបស់គាត់។ វិទ្យាល័យអង្គឌួង មិនត្រឹមតែបង្រៀនអក្សរ តួលេខនោះទេ គឺថែមទាំងបង្រៀនខ្ញុំឱ្យចេះពីវិធីលក់ដូរ តួយ៉ាងដូចការដាំដំណាំក្នុងបរិវេណសាលា រួចយកទៅជួញដូរ និងការងារហត្ថកម្មផ្នែកមេផ្ទះទៀតផង។

ប្រហែលជាឆ្នាំ១៩៦៥ លោក ទីវ អុល បានផ្លាល់មកគ្រប់គ្រងវិទ្យាល័យអង្គឌួង ចាប់ពីពេលនោះមកសិស្សានុសិស្សរួមទាំងខ្ញុំចាប់ផ្ដើមមិនពេញចិត្តចំពោះកំណែទម្រង់ការអប់រំ និងគ្រប់គ្រងរបស់គាត់។ ជាបន្តបន្ទាប់សិស្សានុសិស្សចេះតែបាត់ចេញពីសាលានឹងឈប់រៀនដោយគ្មានមូលហេតុ ក្រោយពីបានទៅហាត់រៀនសិល្បៈនៅផ្ទះគាត់។

នៅចុងឆ្នាំ១៩៦៦ របបដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ បានចូលមកចាប់ខ្លួនគ្រូបង្រៀនផ្នែកភាសាខ្មែរម្នាក់នៅវិទ្យាល័យអង្គឌួង ដោយជាប់ចោទថាជាចលនាខ្មែរក្រហម។ ខ្ញុំមិនបានដឹងរឿងចាប់ខ្លួនគ្រូនេះឡើយ។ ឪពុកខ្ញុំគាត់ឃើញភាពមិនប្រក្រតីនៅក្នុងក្រុងព្រៃវែង ក៏សុំផ្លាស់ប្ដូរខ្ញុំឱ្យទៅរៀននៅខេត្តស្វាយរៀងវិញ។ នៅទីរួមខេត្តស្វាយរៀងខ្ញុំត្រូវមកស្នាក់នៅជាមួយឪពុកមារបស់ខ្ញុំ និងមួយទៀតងាយស្រួលឱ្យខ្ញុំជួយមើលប្អូនៗជីដូនមួយដែលនៅតូចៗ។

នៅឆ្នាំ១៩៦៩ ខ្ញុំប្រឡងជាប់ច្បាប់គ្រូ ហេតុនេះត្រូវឡើងមករៀននៅក្រុងភ្នំពេញ។ នៅខែវិច្ឆិកា ឆ្នាំដដែល ឪពុកមារបស់ខ្ញុំបានលើកខ្ញុំឱ្យរៀបការជាប្ដីឈ្មោះ កែវ សាឡាត ដែលជាគ្រូបង្រៀននៅពាមរក៍។ ក្រោយពីរៀបការហើយ ប្ដីខ្ញុំត្រូវទៅបង្រៀនវិញ ចំណែកខ្ញុំក៏ឡើងមកភ្នំពេញរៀនច្បាប់គ្រូបន្ត។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំធ្វើដំណើរដោយថ្មើរជើងពីម្ដុំផ្សារដេប៉ូទៅរៀននៅសាលាជាតិអប់រំក្បែរវិមានឯករាជ្យដូចសព្វមួយដង ប៉ុន្ដែមិនបានដឹងថាមានការធ្វើរដ្ឋប្រហារអ្វីឡើយ។ ដល់ពេលខ្ញុំ   ត្រឡប់មកដល់ផ្ទះវិញ បើកវិទ្យុស្ដាប់ក៏ស្រាប់តែដឹងដំណឹងថា លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីដំណែង។ បន្ទាប់មកប្រទេសក៏ត្រូវផ្លាស់ប្ដូររបបថ្មី ទៅជារបបសាធារណរដ្ឋខ្មែរ។  នៅខែមេសា ឆ្នាំ១៩៧០ សាលាវ៉ាកងតូច ខ្ញុំក៏ត្រូវទៅលេងឪពុកម្តាយខ្ញុំ និងប្ដីខ្ញុំនៅស្រុកកំណើត។ ខ្ញុំមកដល់ស្រុក ទើបដឹងថាមានកងទ័ពរំដោះចូលមកគ្រប់គ្រងតាមស្រុកភូមិមួយ        ចំនួន។ ផ្ទះរបស់ខ្ញុំក៏ត្រូវកងទ័ពរំដោះសុំស្នាក់នៅផ្នែកខាងក្រោម។ កងទ័ពរំដោះ ម្នាក់ៗមានអាកប្បកិរិយាសមរម្យ និងមិនប៉ះពាល់សម្ភារផ្ទះខ្ញុំសូម្បីតែម្ទេសមួយគ្រាប់។ មួយខែក្រោយមកទៀតក៏ឃើញមានទាហានវៀតណាម ចូលមកស្នាក់នៅក្នុងភូមិម្ដង ខណៈកងទ័ពខ្មែររំដោះចេញផុតទៅហើយ។ កងទ័ពវៀតណាមទាំងនោះ មានអាកប្បកិរិយាមិនសមរម្យ ថែមទាំងបំពារបំពានលើកូនក្រមុំអ្នកភូមិជាច្រើន។

ចាប់ពីខែមិថុនា ឆ្នាំ១៩៧០ គឺចាប់ផ្ដើមឃើញមានការចាប់ខ្លួនគ្រូបង្រៀន និងអ្នកមានចំណេះដឹងដឹកតាមម៉ូតូយកទៅមួយៗ និងមិនឃើញត្រឡប់មកវិញ។ នៅពេលនោះ អ្នកភូមិមានភាពស្រពេចស្រពិល និងមិនអាចជឿជាក់លើគ្នាទៀតបានឡើយ។ ប្ដីប្រពន្ធរបស់ខ្ញុំត្រូវមេភូមិចោទថាបក្ខពួកទាហាន លន់ នល់ និងត្រូវបានឆែកឆេរផ្ទះ និងសម្ភារជាច្រើនសារ។ ហេតុនេះខ្ញុំនឹងប្ដីត្រូវរកវិធីសាស្រ្តចាកចេញពីភូមិជាប្រញាប់ ទោះបីរបបសាធារណរដ្ឋបិទច្រកចេញចូលក៏ដោយ។  ខែសីហា ឆ្នាំ១៩៧០ ទើបប្ដីប្រពន្ធខ្ញុំអាចលួចចេញពីភូមិឆ្ពោះទៅកាន់ទីក្រុងភ្នំពេញបានដោយជោគជ័យ។

នៅចន្លោះពីឆ្នាំ១៩៧១ ដល់១៩៧៣ ខ្ញុំចេញទៅបង្រៀននៅវិទ្យាល័យកំពង់ត្របែក និងវិទ្យាល័យពាមរក៍ ចំណែកប្ដីរបស់ខ្ញុំត្រូវចូលធ្វើជាកម្ម៉ុងដូរប្រចាំខេត្តព្រៃវែង។ កម្ម៉ុងដូរនៅសម័យនោះ គឺត្រូវចែកវេនគ្នាយាមសាលារៀន ព្រោះស្ថានភាពស្រុកទេសគ្មានសុវត្ថិភាព ដោយសារការវាយប្រយុទ្ធគ្នាចុះឡើងនិង ការទម្លាក់គ្រាប់បែក។ នៅពេលនោះគ្រាប់បែកបានធ្លាក់ចំផ្សារកំពង់ត្របែក ដែលបណ្ដាលឱ្យប្រជាជនស្លាប់នឹងរងរបួសជាច្រើន។ ទីតាំងកំពង់ត្របែកក្លាយជាទីលានប្រយុទ្ធស្លាប់រស់រវាងកងទ័ពរំដោះ និងទាហាន លន់ នល់។  ខ្ញុំក៏ផ្លាស់មកបង្រៀននៅវិទ្យាល័យពាមរក៍វិញ។ ក្នុងឆ្នាំ១៩៧៣ គ្រាប់បែកបានធ្លាក់ចំការិយាល័យវិទ្យាល័យពាមរក៍ ហេតុនេះប្ដីប្រពន្ធរបស់ខ្ញុំក៏សម្រេចចិត្តរត់មកទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៤ នៅទីក្រុងភ្នំពេញ ក្រសួងចាត់តាំងឱ្យខ្ញុំទៅបង្រៀននៅសាលាជាស៊ីម សាមគ្គី។ ខ្ញុំត្រូវបង្រៀនតែមួយវេនប៉ុណ្ណោះ ព្រោះខ្វះបន្ទប់បង្រៀន ហេតុនេះខ្ញុំឆ្លៀតទៅលក់ដូរបន្លែបន្ថែម ព្រោះត្រូវការប្រាក់ចំណូល សម្រាប់ទ្រទ្រង់គ្រួសារដែលមានសមាជិកច្រើន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់។ ខ្ញុំគិតថាសង្រ្គាមបានបញ្ចប់ហើយ គ្រួសាររបស់ខ្ញុំអាចរស់នៅជុំគ្នាដោយមានសេចក្ដីសុខ។ ប៉ុន្ដែមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានប្រជាជនជាច្រើនដើរកាត់មុខខ្ទមរបស់ខ្ញុំ នៅម្ដុំស្ទឹងមានជ័យ ដើម្បីធ្វើការចាកចេញពីទីក្រុងភ្នំពេញ តាមបញ្ជារបស់កងទ័ពខ្មែររំដោះ។ ការចាកចេញនេះ គឺជាគោលការណ៍របស់កម្លាំងខ្មែរក្រហម     ដោយប្រើពាក្យកុហកថា បោសសំអាតទីក្រុង។ គ្រួសាររបស់ខ្ញុំ អង្គការមិនតម្រូវឱ្យចាកចេញពីក្រុងនោះទេ ដោយអង្គការគិតថាគ្រួសារខ្ញុំស្ថិតក្នុងវណ្ណៈអធន។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនិងបងប្អូនសាច់ញាតិខាងប្តីចំនួន១៣នាក់ សម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញ ព្រោះដឹងថា គ្រូបង្រៀន និងអ្នកមានចំណេះដឹងសុទ្ធតែជាមុខសញ្ញាដែលអង្គការស្វែងរក។ ក្រុមគ្រួសារខ្ញុំត្រូវធ្វើដំណើរ ចេញតាមផ្លូវជាតិលេខ២ ព្រោះអង្គការមិនអនុញ្ញាតឱ្យដើរបញ្ច្រាសទិសដៅរបស់អង្គការ។ ខ្ញុំមិន​ដឹងពីគោលការណ៍ជម្លៀសនេះពិតប្រាកដទេ ប៉ុន្ដែពេលខ្ញុំទៅចុះឈ្មោះឃើញក្នុងបញ្ជីរបស់កងទ័ព សរសេរថាត្រូវបញ្ជូនទៅតំបន់រំដោះ។ ចុះឈ្មោះរួច ខ្ញុំត្រឡប់មកយកសម្ភារ និងបង្គាប់ឱ្យប្ដី និង បងប្អូនខ្ញុំកុំឱ្យប្រាប់ថាខ្លួនជាគ្រូបង្រៀន ដោយជំនួសមកវិញជាកម្មករ និងជាអ្នកធាក់ស៊ីក្លូ។ ជាសំណាងល្អ ដែលកូនៗរបស់ខ្ញុំ ចេះហៅថាម៉ែពុក។ តាមផ្លូវធ្វើដំណើរគឺកងទ័ពសុំឆែកឆេរអ៊ីវ៉ាន់ ដើម្បីស្វែងរករបស់មានតម្លៃ និងប្រកាស ស្វែងរកអ្នកដែលធ្លាប់ធ្វើការជាមន្រ្តីរដ្ឋកាល អ្នកមានចំណេះដឹង ឱ្យចូលទៅតម្រង់ជួរផ្សេងទៀត។

គ្រួសាររបស់ខ្ញុំជម្លៀសមកដល់ស្រុកត្រាំខ្នារ  ម្ដាយក្មេករបស់ខ្ញុំគាត់មានជំងឺពោះវៀនប្រចាំកាយ ចាប់ផ្ដើមឈឺខ្លាំង ដោយសារថ្នាំលេបប្រចាំថ្ងៃរបស់គាត់អស់។ ខ្ញុំគិតថា បើសិនជាត្រូវធ្វើដំណើរទៅមុខទៀត គ្រួសារខ្ញុំអាចនឹងស្លាប់ទាំងអស់គ្នា។ ខ្ញុំបានទៅស្នើកងទ័ពរំដោះ ដើម្បីធ្វើដំណើរត្រឡប់មករកផ្លូវជាតិលេខ១ ឆ្ពោះមកកាន់ខេត្តព្រៃវែង និង ស្វាយរៀងវិញ។ ជាសំណាងល្អ អង្គការបានអនុញ្ញាតទើបគ្រួសារខ្ញុំដើរកាត់មកតាមស្រុកព្រៃកប្បាស ឆ្លងមកស្រុកកោះធំ  រួចបន្តមករកផ្លូវជាតិលេខ១ ត្រង់ចំណុចប្រសព្វតំបន់ដីឥដ្ឋ។ ម្ដាយក្មេករបស់ខ្ញុំគាត់ទប់ទល់លែងរួច ហើយក៏បានបាត់បង់ជីវិតនៅស្រុកកៀនស្វាយ។ ក្រោយពីបញ្ចុះសពម្តាយរួច គ្រួសារខ្ញុំបានបន្តដំណើរមកអ្នកលឿង។ មកដល់អ្នកលឿង ខ្ញុំនិងប្ដី សម្រេចចិត្តថាមករស់នៅខាងម្ដាយខ្ញុំស្ថិតនៅភូមិខ្យង ឃុំពពឹស ស្រុកព្រៃវែង ខេត្តព្រៃវែង ចំណែកគ្រួសារ បងថ្លៃខ្ញុំទាំងពីរក៏សម្រេចចេញទៅខាងខេត្តស្វាយរៀង ដោយភាពស្ងប់ស្ងាត់ ដូចបានដឹងជាមុនថាយើងមិនអាចជួបគ្នារហូតមកដល់បច្ចុប្បន្ន។ ខ្ញុំចំណាយពេលធ្វើដំណើររយៈពេលពីរខែ ទម្រាំមកដល់ស្រុកកំណើត។

ពេលមកដល់ភូមិភ្លាម កម្មាភិបាលភូមិ ចាប់ផ្ដើមមកចុះឈ្មោះ និងស្វែងរករបស់របរ ដែលជាប់និងខ្លួនយើង រួចប្រមូលយកទៅដាក់ជារបស់រួម។ បន្ទាប់មក អង្គការចាត់តាំងខ្ញុំឱ្យធ្វើការងារក្នុងសហករណ៍ ចំណែកប្ដីខ្ញុំត្រូវទៅធ្វើការងារជីកទំនប់ប្រឡាយ និងដឹកស្បៀងទៅដាក់តាមព្រំដែនវៀតណាម។ ​ ខ្ញុំ និងប្ដីជាមុខសញ្ញាដែលអង្គការតាមដាន។ ជារៀងរាល់យប់ ឈ្លបតែងតែមកលួចស្ដាប់ប្ដីប្រពន្ធខ្ញុំនិយាយគ្នា រួចលើកករណីរបស់ខ្ញុំទៅរាយការណ៍រាល់ពេលមានអង្គប្រជុំ។

ប្រហែលជាពាក់កណ្ដាលឆ្នាំ១៩៧៨ ក្រោយពីមានព្រឹត្តិការណ៍កងទ័ពលោក សោ ភឹម ក្បត់អង្គការបក្សមជ្ឈិម ការរស់នៅក្នុងភូមិចាប់ផ្ដើមប្រែប្រួល។ ថ្នាក់ដឹកនាំក្នុងភូមិត្រូវដកចេញ ដោយជំនួសមកវិញនៅកងទព័ភូមិភាគនិរតីចូលមកគ្រប់គ្រង។ បន្ទាប់មកប្រធានភូមិ អនុភូមិ កម្មាភិបាលចាស់ៗក្នុងភូមិ  ត្រូវកងទ័ពភូមិភាគនិរតីដឹកតាមរថយន្តថា «យកទៅរៀនសូត្រ»។ មិនយូរប៉ុន្មាន គ្រួសារខ្ញុំត្រូវអង្គការចាត់តាំង ​ឱ្យជម្លៀសទៅខាងតំបន់ដីខ្លាញ់ គឺខេត្តបាត់ដំបង តាមរយៈរថភ្លើង។

ស្ថិតនៅក្នុងតំបន់ថ្មី គឺជារឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបានពីបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ន។ អង្គការបានប្រើប្រាស់កម្លាំងយុវជនដើម្បីប្រមូលផលជូនអង្គការ។ ពេលប្រមូលផលរួចអង្គការចាប់អ្នកកម្លាំងយុវជនពីភូមិភាគបូព៌ាយកទៅសម្លាប់ចោល។ ព្រៃជុំវិញសហករណ៍ គឺមានសុទ្ធតែឈាមច្រាលពេញ។ ការរស់នៅរបស់ខ្ញុំ កាន់តែមានអារម្មណ៍ភ័យខ្លាច ព្រោះក្នុងសហករណ៍ស្ងាត់ទៅៗ។ ខ្ញុំភ័យខ្លាច មិនដឹងថ្ងៃណាដល់វេនក្រុមគ្រួសារខ្ញុំ។

នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។[5] ប៉ុន្ដែការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និង កងទ័ពវៀតណាម ធ្វើឱ្យខ្ញុំគ្មានអារម្មណ៍ភ័យខ្លាចទៀតហើយ។ ទំព័រជីវិតចុងក្រោយរបស់ខ្ញុំ ដែលធ្លាប់បានឆ្លងកាត់ការស្លាប់នេះកន្លងមក គឺមានតែការប្រតិបត្តិសាសនា និងការធ្វើទានបង្រៀនដល់លោកនេននៅវត្តបុញ្ញខេត្ដារាម (ហៅវត្តថ្មី)៕

អត្ថបទ៖ មីន សាណាស់


[1] វណ្ណៈអធន គឺពាក្យដែលអង្គការខ្មែរក្រហមសំដៅទៅលើកសិករ និងកម្មករ។ កសិករ និងកម្មករ គឺជាប្រភេទវណ្ណៈដែលត្រូវបានជិះជាន់ដោយវណ្ណៈផ្សេងៗ ជាហេតុនាំឱ្យខ្មែរក្រហមបញ្ឆេះកំហឹង និងប្រមូលម្ដុំបង្កើតជាចលនាបដិវត្តន៍។

[2] បទសម្ភាសន៍របស់ សុខ គឹមស្រឿង ជាមួយ មីន សាណាស់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិទី៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

[3] នៅឆ្នាំ១៨៦៣ ក្រោមរដ្ឋកាលរបស់សម្ដេចព្រះនរោត្តម ប្រទេសកម្ពុជាត្រូវធ្លាក់ក្រោមអាណាព្យាបាលបារាំង រហូតដល់ឆ្នាំ១៩៥៣ ទើបប្រទេសកម្ពុជាទទួលបានឯករាជ្យ។

[4] គឺសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បង្កើតក្រុមជីវពលនារីក្លាហាន ក្នុងបុព្វហេតុទាមទារឯករាជ្យភាពពីអាណានិគមបារាំង។

[5] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀតប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin