ឯម ណាត ប្រធានសុខាភិបាលយោធាភូមិភាគ២០៣

ប្រវត្តិរូបសរសេរលើក្រដាសពណ៌សចំនួន១០ទំព័រ របស់ ឯម ណាត

តាមប្រវត្តិរូបសរសេរលើក្រដាសពណ៌សចំនួន១០ទំព័រ បានបញ្ជាក់ថា ឯម ណាត[1] ភេទប្រុស កើតនៅឆ្នាំ១៩៣៤ មានឪពុកឈ្មោះឯម ឆេន ម្តាយឈ្មោះកែវ នៅ និងមានបងប្អូនបង្កើតចំនួន៦នាក់(ស្រី២ប្រុស៤) មានស្រុកកំណើតនៅភូមិពោធ៍អារក្ស ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង តំបន់២៤។

ឯម សំអុល[2] ត្រូវជាប្អូនប្រុសបង្កើតរបស់ម្ចាស់ប្រវត្តិរូបឈ្មោះឯម ណាត បានរៀបរាប់ថា នៅក្នុងចំណោមបងប្អូន៦នាក់ មានតែ បងណាត ម្នាក់គត់ដែលបានសិក្សារៀនសូត្រក្លាយជាសិស្សពូកែ រហូតបានបន្តការសិក្សារៀនសូត្រនៅទីក្រុងភ្នំពេញ និងបញ្ចប់ត្រឹមថ្នាក់ទី៣ ទំនើប។ នៅពេលបងណាត ពេញ

វ័យកំលោះអាយុ២៤ឆ្នាំ ឪពុកម្តាយបានរៀបចំឲ្យមានគូស្រករ ជាមួយកូនស្រីមន្ត្រីអ្នកមានទ្រព្យសម្បត្តិម្នាក់ នៅទីក្រុងភ្នំពេញ ឈ្មោះពិន ថៃ ជាសិស្សរៀនត្រឹមថ្នាក់ទី៤(ចាស់) ដូចនេះអាពាហ៍ពិអាពាហ៍ក៏កើតមានឡើងក្នុងកម្មវិធីជួបជុំសាច់ញាតិយ៉ាងសប្បាយ និងមានមន្រ្តីរាជការជំនាន់សង្គមរាស្រ្តនិយមមួយចំនួនបានមកចូលរួម។ បន្ទាប់មកទៀត បងណាត មានកូនដំបូងឈ្មោះឌីណា និងកូនទីពីរឈ្មោះដានី បន្ទាប់មកទៀតមានកូនចំនួនបីនាក់ថែមទៀត។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ លន់ នល់ និងសហការីរបស់ខ្លួនដែលនិយមអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយជោគជ័យ[3]។ នៅអំឡុងពេលនោះ បងណាត និងក្រុមនិសិ្សតជាច្រើនបាននាំគ្នាចូលរួមធ្វើមហាបាតុកម្ម ដើម្បីចង់បានសម្តេចព្រះ នរោត្តម សីហនុ ត្រឡប់មកវិញ តែជាលទ្ធផលត្រូវបានទាហានឧត្តមសេនីយ លន់ នល់ បាញ់បង្ក្រាបទាំងអស់។ បន្ទាប់មកទៀត បងណាត បានស្តាប់ឮការប្រកាសរបស់សម្តេចព្រះ នរោត្ត សីហនុ ផ្សព្វផ្សាយតាមវិទ្យុពីទីក្រុងប៉េកាំងមកថា ឲ្យកូនចៅចូលព្រៃម៉ាគី ដើម្បីរំដោះប្រទេសជាតិ។ បងណាត បានស្ម័គ្រចិត្តចូលបប្រើចលនារំដោះជាតិ ចោលប្រពន្ធ និងកូនចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅម្តុំព្រៃបិទមាស ស្រុករមាសហែក ខេត្តស្វាយរៀង អ្នកនាំចូលឈ្មោះកុក,ចាន់ សុវណ្ណ និងណាំ សាន។ បន្ទាប់មកទៀត បានចូលបក្សនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៧១ នៅសាលាបក្ស(ស២០៣) អ្នកឧទេសនាមឈ្មោះ សុត, សឿង, ចៅ ប្រសិទ្ធ និងបានស្គាល់កម្មាភិបាលមួយចំនួនថែមទៀតដូចជា៖ ហ៊ូ យន់, ហ៊ូ នឹម (អ៊ុក ប៊ុនឈឿន និងកែវ មាស ត្រូវជាសាច់ញាតិជាមួយបងណាត)។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម បានឡើងកាន់អំណាច នៅទូទាំងប្រទេស បងណាត ត្រូវបានអង្គការចាត់តាំងឲ្យមកគ្រប់គ្រងការងារខាងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរយៈពេលប្រហែលជា៧ខែ ផ្លាស់មកតំបន់២១ ស្រុកមេមត់ ខេត្តកំពង់ចាមវិញ(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បងណាត បានជួបជុំប្រពន្ធកូនឡើងវិញ បន្ទាប់ពីចេញតស៊ូអស់រយៈពេល៥ឆ្នាំ នៃសង្រ្គាមស៊ីវិល។ នៅពេលនោះ បងណាត មានតួនាទីជាប្រធានសេនាធិការយោធា និងជាប្រធានសុខាភិបាលយោធាភូមិភាគ២០៣ ស្របពេលនោះ ប្រពន្ធឈ្មោះ ពិន ថៃ ក៏បានមកធ្វើការងារជានារីពេទ្យយោធាខ្មែរក្រហមជាមួយប្តីដែរ។

នៅឆ្នាំ១៩៧៦ បងណាត អង្គការបានផ្លាស់ឲ្យទៅធ្វើការងារនៅស្រុកមេសរព្រះច័ន្ទ ខេត្តព្រៃវែង មានតួនាទីជាប្រធានសុខាភិបាលយោធាភូមិភាគដដែល។ សំអុល ជាប្អូនប្រុសបង្កើតបានរួមការងាជាពេទ្យយោធាខ្មែរក្រហម ជាមួយបងណាត ដែរ។ លុះដល់ឆ្នាំ១៩៧៨ មានព្រឹត្តិការណ៍មួយកើត(ហៅថា ព្រឹត្តិការណ៍០៥,០៦)យោធាខ្មែរក្រហម មកពីភូមិភាគនិរតី ដឹកនាំដោយតាម៉ុក(ហៅតា១៥) ធ្វើការបោសសម្អាតយោធាខ្មែរក្រហម ខាងភូមិភាគបូព៌ា ដឹកនាំដោយសោ ភឹម និងបានចោទប្រកាន់ថា ក្បត់បក្សបដិវត្តន៍ចូលដៃជាមួយយួន(វៀតណាម)ក្បាលយួនខ្លួនខ្មែរ។ នៅពេលនោះ សង្រ្គាមកើតមានឡើងក្នុងរយៈពេលបួនយប់បួនថ្ងៃ រវាងកម្លាំងយោធាខ្មែរក្រហម ភូមិភាគនិរតី និងកម្លាំងយោធាខ្មែរក្រហម​ ភូមិភាគបូព៌ា នៅទីបញ្ចប់យោធាខ្មែរក្រហម ភូមិភាគបូព៌ាចាញ់ រត់ចោលសមរភូមិប្រយុទ្ធ ត្រូវបានយោធាភូមិភាគនិរតីតាមចាប់ខ្លួនយកទៅសម្លាប់ចោល អ្នកខ្លះបន្លំខ្លួនធ្វើជាប្រជាជន ខ្លះក៏បានរត់ភៀសខ្លួនទៅប្រទេសវៀតណាម។ ចាប់ពេលនោះមក សំអុល ឈប់ធ្វើជាយោធាខ្មែរក្រហម បន្តទៀត បន្លំខ្លួនធ្វើជាប្រជាជនបានចូលធ្វើការងារតាមកងចល័តវិញ និងលែងបានដឹងថា បងណាត ត្រូវបានអង្គការចាប់ខ្លួនយកទៅទីណាទេ សំអុល បានដឹងថា កូនប្រុសពីរនាក់ ដែលធ្វើការងារជាមួយឪពុក ត្រូវយោធាខ្មែរក្រហម ហៅឡើងលើរថយន្ត។ ចំណែកប្រពន្ធឈ្មោះពិន ថៃ និងកូនៗផ្សេងទៀតបានវិលត្រឡប់មកផ្ទះវិញ បន្លំខ្លួនរស់នៅក្នុងភូមិជាមួយប្រជាជនមូលដ្ឋាន រួចចុះធ្វើការតាមកងចល័តដូចជា៖ ដកស្ទូង លើកទំនប់ ជីកប្រឡាយ និងគ្មានអាហារហូបគ្រប់គ្រាន់(ស្របពេលមានសង្រ្គាមកាន់តែខ្លាំងជាមួយប្រទេសវៀតណាម)

កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ[4]។ សំអុល និងប្រពន្ធកូន(របស់បងណាត) បានរស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃសំអុល មានប្រពន្ធឈ្មោះយ៉ាត និងមានកូនចំនួន៨នាក់ (ស្រី៥ប្រុស៣) ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកំណើត រីឯបងថ្លៃឈ្មោះពិន ថៃ និងក្មួយៗបានទៅរស់នៅទីក្រុងភ្នំពេញ បន្ទាប់ពីរបបខ្មែរក្រហម បានដួលរលំ៕

អត្ថបទដោយ សុខ វណ្ណៈ


[1] ឯកសារប្រវត្តិរូបឈ្មោះ ឯម ណាត (លេខឯកសារ I01195) តាមប្រវត្តិរូប ណាត មានតួនាទីជាប្រធានសេនាធិការយោធាភូមិភាគបូព៌ា និងមានតួនាទីជាប្រធានសុខាភិបាលយោធាភូមិភាគ២០៣។

[2] បទសម្ភាសន៌ដោយបុគ្គលិកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (លេខ PVI0043) ឡុង ដានី សម្ភាសន៍ ជាមួយឈ្មោះ ឯម សំអុល អាយុ៥១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ម្ចាស់ប្រវត្តិរូបឈ្មោះឯម ណាត រស់នៅភូមិអង្រ្គង ឃុំបឹងព្រុះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៥។

[3] ផេង ពង្សរ៉ាស៊ី,ដេវីត ឆេនដល័រ,គ្រីស្តូហ្វ័រ ឌៀរីង និងសុភ័ក្រ្ត ភាណា (សៀវភៅប្រវត្តសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ឆ្នាំ២០២០), ជំពូកទី ទំព័រទី១១។

[4] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា, បោះពុម្ព ឆ្នាំ២០២៥, ទំព័រ៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin