ខ្ញុំអន់ចិត្តចំពោះការចាត់តាំង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាព លេខ D០២៦៨៤ សរសេរដោយដៃ ចំនួន៣៩ទំព័រ របស់ឈ្មោះ ម៉ើ ម៉ាត់ ហៅ ម៉ើ រ៉េត។ ចម្លើយសារភាពរបស់ ម៉ើ ម៉ាត់ បាននិយាយអំពីបំណងចង់រត់ទៅប្រទេសវៀតណាម តាមការអូសទាញរបស់ សាវី (ធ្វើការនៅក្នុងអង្គភាព កងវរសេនាធំលេខ១៦០) នៅក្រោមមូលហេតុ ការអន់ចិត្តចំពោះអង្គការ ដែលមិនដំឡើងមុខមាត់តួនាទី ឋានន្តរសក្តិឲ្យខ្លួន។ ប៉ុន្តែមិនទាន់បានរត់ចេញទេ ក៏ត្រូវបានអង្គការចាប់ខ្លួនបាននៅខែមករា ឆ្នាំ១៩៧៧។

ខាងក្រោមជាចម្លើយសារភាពរបស់ ម៉ើ មាត់ ហោ ម៉ើ រ៉េត

ខ្ញុំឈ្មោះ ម៉ើ ម៉ាត់ ឈ្មោះប្រែ ម៉ើ រ៉េត[1] ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ តំបន់២១។ ខ្ញុំបានចូលធ្វើបដិវត្តន៍នៅអង្គភាព ស្រុកតំបែរ ខេត្តកំពង់ចាម តំបន់២១ នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៤ ខ្ញុំមានទំនាស់អំពីការចាត់តាំងមុខមាត់របស់អង្គការ។ មុនពេលមានទំនាស់ ឈ្មោះ សាវី នៅក្នុងអង្គភាពកងវរសេនាធំលេខ១៦០ បានចូលមកទាក់ទងខ្ញុំចំនួន២ដង ដើម្បីមករកស្វាយ និងអំពៅយកទៅហូប។ ពេលនោះខ្ញុំ និង សាវី គ្រាន់តែស្គាល់គ្នាធម្មតា មិនទាន់ទាក់ទងអ្វីទេ។ នៅខែមេសា ឆ្នាំ១៩៧៤ បន្ទាប់ពីខ្ញុំមានទំនាស់ជាមួយអង្គការ សាវី បានមកជួបខ្ញុំលើកទី៣។ ខ្ញុំបាននិយាយរឿងនេះប្រាប់សាវីថា៖ ខ្ញុំអន់ចិត្ត ចំពោះការចាត់តាំង ទៅតាមរបៀបបក្ខពួកនិយម របស់អង្គការ។ ខ្ញុំធ្វើការនៅក្នុងកងអនុសេនាតូចយូរមកហើយ ប៉ុន្តែអ្នកដឹកនាំមិនតែងតាំងខ្ញុំឲ្យឡើងបុណ្យសក្តិសោះ។ ពេលនោះ ខ្ញុំបាន ជក់កញ្ឆា ផឹកស្រា និងផឹកទឹកត្នោតជូរ ដែលជាមូលហេតុធ្វើឲ្យអង្គការ (សាខាអនុសេនាធំលេខ៣) បានប្រកាសដកហូតសិទ្ធិបក្សរដ្ឋបាលទាំងអស់ពីខ្ញុំ។ ពេលនោះ ខ្ញុំខ្លាចអង្គការចាប់ យកទៅដាក់នៅមន្ទីរសន្តិសុខណាស់។ សាវី បានឲ្យយោបល់ខ្ញុំថា៖

“បើសិនជា ខ្ញុំ ចង់រួចផុតពីសន្តិសុខ ហើយចង់មានសេរីភាព ខ្ញុំត្រូវត្រៀមខ្លួនរត់ទៅជាមួយ យួន វៀតកុង ដើម្បីបង្កបង្កើតកងទ័ព ប្រឆាំងនឹងបដិវត្តន៍ និងដើរប្រមូលប្រជាជនណា ដែលបានធ្វើខុសសីលធម៌ឲ្យចូលរួមធ្វើបដិវត្តន៍ជាមួយ ដោយធ្វើយ៉ាងណា ប្រមូលមនុស្សឲ្យបាន មួយកងវរសេនាធំដើម្បីវាយនៅតាមព្រំដែន។ ប៉ុន្តែបើសិនជាមិនទាន់បានទេ គឺត្រូវផ្អាកសិន និងត្រូវរង់ចាំដល់ឆ្នាំ១៩៧៦ ទើបចាប់ផ្តើមវាយចូលតាមខេត្តព្រៃវែង ស្វាយរៀង និង អ្នកលឿងវិញ។ បើវាយមិនឈ្នះ ត្រូវថយទៅសម្រាកនៅជាមួយវៀតណាមវិញ ហើយវាយឆ្មក់តាមខ្សែព្រំដែនដដែល”។

អំឡុងពេលប្រយុទ្ធនៅតាមព្រំដែន ខ្ញុំបានត្រូវរបួស ហើយខ្ញុំបានមកសម្រាកព្យាបាលនៅមន្ទីរអង្គភាពពិការ កងអនុសេនាធំលេខ ៧៤ «ព១០៤» ភូមិភាគបូព៌ា។ សាវី បានមកមើលខ្ញុំ និងបាននិយាយថា អង្គការនឹងមិនទុកឲ្យខ្ញុំមានជីវិតនោះទេ ព្រោះកន្លងមក ខ្ញុំមានគុណវិបត្តិទៅហើយ ទោះបីជាខ្ញុំខំប្រឹងធ្វើការយ៉ាងណាក៏ដោយ ក៏មិនអាចលុបនូវកំហុសពីមុនរបស់ខ្ញុំបានដែរ។ តែមិនស្រួល ខ្ញុំអាចនឹងត្រូវចូលសន្តិសុខទៀត។ សាវី បានសួរខ្ញុំថា បើសិនជាខ្ញុំចង់ទៅវៀតណាមកុំនៅស្ទាក់ស្ទើរ។ សាអ៊ឹម ព្រមទៅវៀតណាមជាមួយយើងដែរ រ៉េត ឯង ទៅឬមិនទៅ? ខ្ញុំក៏ឆ្លើយថា បើ សាអ៊ឹម គេព្រមទៅហើយ ខ្ញុំក៏សុខចិត្តទៅតាម សាវី ឯងដែរ។ សាវី បានឲ្យខ្ញុំរក្សាការសម្ងាត់ និងរង់ចាំជួបគ្នានៅពេលក្រោយទៀត។

នៅខែ សីហា ឆ្នាំ១៩៧៥ ក្រោយពីខ្ញុំបានដាច់ខ្សែរយៈជាមួយ សាវី មក ខ្ញុំបានជួបជាមួយ ឱ ស៊ីឋាន ជាប្រធាននយោបាយ កងអនុសេនាធំលេខ៧៤។ ស៊ីឋាន បានណែនាំខ្ញុំ បើសិនជាខ្ញុំធ្វើតាមគាត់ ទៅថ្ងៃខាងមុខ ខ្ញុំនឹងទទួលបានតំណែងជាកងអនុសេនាធំ ។ ជាចុងក្រោយ គាត់បានឲ្យខ្ញុំត្រៀមខ្លួន រត់ទៅវៀតណាម វៀតកុង ប៉ុន្តែត្រូវរង់ចាំរកមនុស្សនៅក្នុងជួរបដិវត្តន៍មួយចំនួនទៀតសិន។ កន្លងប៉ុន្មានថ្ងៃផុតទៅ ឱ ស៊ីឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅការពារនៅព្រំដែនខ្មែរ និងវៀតណាមខាងត្បូង។ បន្ទាប់ពីនោះមក ខ្ញុំបានជួប ឱ ស៊ីឋាន តែម្តងប៉ុណ្ណោះ គឺនៅថ្ងៃបុណ្យជ័យជម្នះ ១៧ មេសា ដែលត្រូវបានប្រារព្ធឡើង នៅផ្លូវគោកគង់ ឃុំគោកគង់ ស្រុកកញ្ជ្រៀច តំបន់២០។ បន្ទាប់មក បាត់ដំណឹងពីគាត់ រហូតមកដល់សព្វថ្ងៃ។ ចំណែកខ្ញុំត្រូវអង្គការចាត់តាំងឲ្យមកនៅរោងចក្រកៅស៊ូកង់(ក៦)។ ខ្ញុំមានតួនាទីជាប្រធានផ្នែកនៅទីនោះ។ នៅខែធ្នូ ឆ្នាំ១៩៧៥ សាវី ត្រូវបានអង្គការចាត់តាំងឲ្យមកនៅរោងចក្រ កៅស៊ូកង់ ក៦ ជាមួយខ្ញុំដែរ។ សាវី បានណែនាំ និងទាក់ទងខ្ញុំ អំពីផែនការរបស់គាត់កាលពីឆ្នាំ១៩៧៤(គម្រោងទៅប្រទេសវៀតណាម)។ សាវី​ បានសួរខ្ញុំពីដំណឹងរបស់ សាអ៊ឹម ថាតើ សាអ៊ីម នៅអង្គភាពណា។ ខ្ញុំបានឆ្លើយថា ខ្ញុំបានចេញពីមន្ទីរពិការយូរមកហើយ ដូច្នេះខ្ញុំពុំបានដឹងពីដំណឹងរបស់គាត់ទេ សូម្បីតែ សាវី ឯង ក៏ខ្ញុំមិនដឹងនៅឯណាដែរ។ ទើបតែពេលនេះ យើងបានមកជួបគ្នានៅរោងចក្រកៅស៊ូកង់នេះ។

នៅខែតុលា ឆ្នាំ១៩៧៦ អង្គការបានដកភារកិច្ចរដ្ឋបាល ខ្ញុំ និង សាវី មិនឲ្យទទួលខុសត្រូវនៅក្នុងរោងចក្រស្បែកជើង និងកៅស៊ូកង់តទៅទៀតដែរ។ អង្គការបានចាត់តាំងខ្ញុំមកដាំបន្លែ ចំណែកឯ សាវី  អង្គការបានចាត់តាំង ទៅខាងនេសាទត្រី នៅឯដៃទន្លេសាប។ នៅពេលមិនទាន់បែកគ្នា សាវី បានដាក់ផែនការឲ្យខ្ញុំត្រៀមខ្លួនរត់ទៅវៀតណាម ជាមួយគាត់។ សាវី បាននិយាយប្រាប់ខ្ញុំអំពីគោលបំណងរបស់គាត់ ដែលចង់ទាក់ទងជាមួយឈ្មោះ បង សុផន អតីតប្រធានកងវរសេនាធំលេខ១៩២ កងពល២៩០ (គាត់នៅអ្នកលឿង) ដើម្បីទទួលផែនការពីគាត់ និងឲ្យគាត់ជួយបង្ហាញផ្លូវរត់ទៅខាងវៀតណាម ព្រោះមានតែគាត់ប៉ុណ្ណោះ ដែលស្គាល់ផ្លូវរត់ទៅខាងវៀតណាម។ ខ្ញុំ និង សាវី ជួបគ្នា ត្រឹមនេះ ហើយយើងបានបែកគ្នា រហូតខ្ញុំត្រូវបានអង្គការចាប់ខ្លួននៅខែមករា ឆ្នាំ១៩៧៧៕

អត្ថបទដោយ ថុន ស្រីពេជ្រ, មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

[1] ឯកសារចម្លើយសារភាពលេខ D02684 តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin