យោគ ឆាយ រំឭកអំពីបទពិសោធន៍ជានីរសារខ្មែរក្រហម (តំបន់៣១)

Khmer Rouge Collection/ Documentation Center of Cambodia Archives
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ យោគ ឆាយ[1] អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) រស់នៅភូមិបឹងប្រសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ ខ្ញុំនៅក្មេងខ្ចីណាស់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែសង្រ្គាមដែលមិនអាចឲ្យយើងរស់នៅបានក្នុងស្រុក។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនដោយសុវត្តិភាព ទៅរស់នៅភូមិល្ពាក ដែលជាទីកន្លែងមានសាច់ញាតិរស់នៅ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១២ (សង្គមចាស់)។ បន្ទាប់មក សមាជិកគ្រួសាររបស់ខ្ញុំ ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយក៏ផ្លាស់មករស់នៅភូមិក្រូចគរ ឃុំថ្មពូន ស្រុកព្រៃឈរ, ខេត្តកំពង់ចាមវិញ។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់តាមតំបន់រំដោះហើយ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់ដល់អ្នកភូមិអំពីចលនាបដិវត្តន៍របស់ខ្លួន។ អ្នកភូមិភាគច្រើន ចូលរួមជាមួយបដិវត្តន៍។ នៅពេលនោះ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែបរបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានប្រធានកងពលឈ្មោះ ស្រ៊ុន ហៅមិត្ត សី យកទៅរស់នៅជាមួយនៅស្រុកស្ទឹងត្រង់។ នៅពេលនោះ មិត្ត សី បានស្នើសុំ និងទទួលបានការអនុញ្ញាតពីម្ដាយរបស់ខ្ញុំ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។[2] បន្ទាប់មក ខ្ញុំត្រូវបានផ្លាស់ទៅធ្វើជានិរសាររបស់ពេទ្យ សាន នៅខេត្តកំពង់ធំវិញម្ដង។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារដូចជា មើលថែរក្សាកូនរបស់ពេទ្យ សាន និងការងារផ្ទះ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់មកធ្វើការងារឲ្យប្រធានកងពល ដែលមានឈ្មោះមិត្ត ស្រ៊ុន សៃ នៅខេត្តកំពង់ចាម។ ការងាររបស់ខ្ញុំ មានដូចជា ការចិញ្ចឹមមាន់ចំនួន៣០០ក្បាល សម្រាប់ផ្គត់ផ្គង់ជាស្បៀងអាហារទៅកាន់កងទ័ពខ្មែរក្រហមនៅក្នុងកងពលរបស់គាត់។ ប្រសិនបើបាត់មាន់មួយក្បាល, ខ្ញុំនឹងត្រូវទទួលទោស ឬអាចត្រូវបានសម្លាប់ចោល។ នៅពេលខ្លះ ខ្ញុំក៏រត់យកសំបុត្រពីប្រធានកងពល ទៅបន្ទាយទាហាន ឬប្រធានកងពលផ្សេងទៀត ដូចជា មិត្ត ហាប់​ ប្រធានវរសេនាធំ និងមិត្ត វង់ ក៏នៅវរសេនាធំដូចគ្នា ដែលស្ថិតនៅម្ដុំវាលវង់។ ក្រោយមកទៀត គឺប្រហែលជាក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅរែកដី និងលើកទំនប់៥កុម្ភៈ ស្ថិតនៅស្រុកចំការលើ រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[3] ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ៕[4]

ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម


[1] ឯកសារលេខKCI0120, បទសម្ភាសន៍ជាមួយ យោគ ឆាយ នៅខេត្តកំពង់ចាម នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម» (បោះពុម្ពនៅកម្ពុជា ឆ្នាំ២០១៤), ទំព័រ៩-១០

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

[4] ឯកសារលេខKCI0120, បទសម្ភាសន៍ជាមួយ យោគ ឆាយ នៅខេត្តកំពង់ចាម នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin