ថាំ សែម៖ ជនមានពិការភាព

រូបថតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩) (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ថាំ សែម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

សែម បាននិយាយថា៖ «ខ្ញុំ​បាន​រស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ខ្ញុំគឺ​ជា​ជនជាតិ​ចារាយ។ នៅជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ឪពុករបស់ខ្ញុំ​បាន​បម្រើការ​ក្នុង​រាជ​ការ។ គាត់គឺជា​ជំទប់​ទីពីររបស់​ឃុំ ចំណែកឯម្ដាយខ្ញុំគឺជា​ស្រ្តី​មេ​ផ្ទះ​។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់។ បច្ចុប្បន្ននេះ​ បងប្អូន​បង្កើតរបស់ខ្ញុំ​នៅសល់តែ២នាក់​ប៉ុណ្ណោះ​។

នៅអំឡុងឆ្នាំ១៩៦៣ ជំងឺគ្រុនចាញ់​បាន​ធ្វើឲ្យ​ប្រជាជននៅក្នុងភូមិជាច្រើន​ស្លាប់​ ដោយសារ​តែ​​មិន​មាន​មន្ទីរពេទ្យសម្រាប់ព្យាបាលនោះទេ។ ប្រជាជនភាគច្រើនត្រូវដេករង​ចាំថ្ងៃណា​ដែលខ្លួន​អាច​ជាពីជំងឺដោយ​ខ្លួន​ឯង។​ អ្នកខ្លះទៀតរត់ទៅរកគ្រូខ្មែរស្ដោះ​ផ្លុំ ចំណែកឯអ្នកដទៃទៀត ស្វែងរក​សម្បកឈើ ដើម្បីដាំទឹក​ថ្នាំផឹក។ បងប្អូនជនជាតិភាគតិច​​មានការជឿ​លើគ្រូមន្ត​អាគមន៍​ ឬអ្នកតាម្ចាស់ទឹកម្ចាស់ដីជា​ដើម​។ ​នៅពេលដែល​សាច់ញាតិ កូន ឬប្រពន្ធ មាន​ជំងឺ​ផ្សេងៗ សមាជិកនៅក្នុងគ្រួសារតែងតែធ្វើពិធីបណ្ដេញខ្មោចអាបឲ្យចេញពីខ្លួនអ្នកដែលកំពុងឈឺ ឬ​បន់ស្រន់អ្នកតាសុំឲ្យប្រពន្ធ កូន ឆាប់ជាពីជំងឺ។ ប៉ុន្តែ វិធីសាស្រ្តព្យាបាលទាំងអស់នេះគ្មានប្រសិទ្ធិភាពឡើយ នៅពេលនោះ។

នៅចន្លោះឆ្នាំ១៩៦៨ និង​ឆ្នាំ១៩៦៩ ប្រទេសជាតិចាប់ផ្ដើមធ្លាក់​ក្នុង​​ភ្លើងសង្គ្រាម។ កងទ័ព រួមទាំងក្រុមគ្រូពេទ្យរបស់វៀតណាម ក៏បានចូលមកដល់ទឹកដីខេត្ត​រតនគិរី និងបានបោះទីតាំងនៅក្បែរស្រុកភូមិរបស់ខ្ញុំ។ ប្រជាជន​នៅក្នុងភូមិ ក៏បាន​ទទួល​ឱកាស​ព្យាបាលជំងឺជា​មួយ​​គ្រូ​​ពេទ្យ​វៀត​ណាមដែរ​។ ចាប់​តាំង​ពី​មាន​ក្រុម​គ្រូ​ពេទ្យ​វៀត​ណាមចូល​មក​​នៅ​ក្នុង​ស្រុក​អណ្ដូង​មាស​ ​​ប្រជាជនជាច្រើន​​បាន​​ទទួល​​​ការ​ព្យាបាលជំងឺ​។ អ្នក​​ជំងឺ​​​ទទួល​បាន​​ការ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ល្អ​ពី​គ្រូ​ពេទ្យ​វៀត​ណាម​​។

​នៅ​ក្នុងឆ្នាំដដែល ខ្មែរក្រហមបានប្រមែ​ប្រមូលប្រជាជនឲ្យចូលក្នុងចលនាតស៊ូ កាន់កាំភ្លើងគ្រប់ដៃប្រឆាំងជាមួយ លន់ នល់។ នៅ​​ពេល​នោះ​ ខ្មែរក្រហម​មិនទាន់មាន​ការ​ផុសផុលច្រើនទេ រហូតដល់មានការអំពាវនាវពី សម្ដេចព្រះ​ នរោត្តម សីហនុ ដែល​បាន​ប្រកាស​ឲ្យបងប្អូនខ្មែរចូលព្រៃម៉ាគីតស៊ូ ដើម្បី​រួបរួម​សាមគ្គីជា​កម្លាំង​ប្រឆាំងនឹង​​កងទ័ព លន់ នល់។

ខ្មែរក្រហមចាប់ផ្ដើមកេណ្ឌ​ប្រជាជននៅតាមស្រុកភូមិបានកាន់​ច្រើនឡើង។ ខ្ញុំក៏​សម្រេច​ចិត្ត​ចូលបម្រើ​ក្នុង​ជួរ​កងទ័ពជា​មួយយុវជន​នៅ​ក្នុង​ភូមិ​ជា​ច្រើន​នាក់​ទៀត​។ កងទ័ពទាំងអស់ មិនទទួលបាន​ការហ្វឹកហាត់​វិធីសាស្រ្តធ្វើសង្គ្រាមគ្រប់គ្រាន់ឡើយ។ នៅ​ជំនាន់សង្គ្រាម​ កងទ័ពតម្រូវ​ឲ្យ​ចេះកាន់កាំ​ភ្លើង​ និងកេះកៃកាំភ្លើង ដែល​អាចត្រូវ​បាន​ចាត់ថាគ្រប់គ្រាន់​ដើម្បី​បញ្ជូនបន្ត​​ទៅកាន់​សមរភូមិ។ ក្នុង​អំឡុងពេល​​ដែលខ្ញុំបម្រើ​​ជាកងទ័ព ខ្ញុំបានជួបការលំបាកច្រើនណាស់ដូចជា​ ដើរកាត់​ព្រៃក្រាស់ ដំណេកមិនគ្រប់គ្រាន់ និងគ្មានពេលសម្រាកដើម្បីជួបជុំគ្រួសារបងប្អូនសាច់ញាតិ។ ជាពិសេស​ កងទ័ពទាំងអស់មិនបាន​ទទួល​អាហារ​គ្រប់គ្រាន់ នៅពេលមានជំងឺ។ ពេលខ្លះ កងទ័ព​ដែល​ត្រូវរបួស មិន​បានទទួលការ​ព្យាបាល​ទេ។ កងទ័ពខ្លះត្រូវដេកស្លាប់នៅនឹងកន្លែង។ កងទ័ព​​តែង​តែ​​ជួយ​សែងអ្នករបួសស្រាលៗ ដើម្បី​​មើលថែដោយកងទ័ពគ្នាឯង។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​ទ័ព​ខ្មែរ​ក្រហម​បានវាយរំដោះខេត្តចំនួន៥មកវិញ រួម​មាន៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ គោលដៅបន្ត គឺត្រូវ​វាយចូល​ខេត្ត​កំពង់ចាម កំពង់ធំ រួមទាំងបន្តវាយព័ទ្ធចូលទីក្រុងភ្នំពេញ​។

លុះដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម​បាន​​ទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្ញុំ​ក៏​បាន​បម្រើ​ការ​​ជា​នីរសាររបស់ «យ៉ា» ដែលជា​គណៈ​ភូមិភាគឦសាន។ តាយ៉ា គឺ​​​ជា​មេ​ដ៏​​គួរ​ឲ្យ​គោរព​ស្រឡាញ់​ម្នាក់​ ដោយ​សារ​តែ​ចរិក​លក្ខណៈរបស់​​គាត់​ចេះ​​​ស្រឡាញ់​កូន​ចៅ​នៅ​ក្រោម​ឱវាទ។​ គាត់​មិន​​​វាយ​ធ្វើ​បាប ​ឬ​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យ ​មក​លើ​កង​ទ័ព​របស់​ខ្លួន​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តាយ៉ា​ មាន​ចំណេះ​ដឹងខ្ពង់​ខ្ពស់​​ផ្នែក​ភាសា​ចំនួន​ប្រាំ មានដូចជា​៖ ភាសាអង់​គ្លេស ថៃ ឡាវ​ ចិន និង​បារាំង​​។

នៅ​ពេល​មាន​កិច្ចប្រជុំ​​ម្ដងៗ​ជា​មួយ​មេ​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហមដូច​ជា​ ប៉ុល ពត, ​ខៀវ សំផន, អៀង សារី និង​ សុន សេន ​ខ្ញុំ​តែង​តែ​ធ្វើ​​ដំណើរ​ទៅ​ជាមួយ ​​តាយ៉ា​។ ខ្ញុំ​មិន​ដែល​​ខក​ខាន​ម្ដង​ណា​ឡើយ​។ ​​ទោះ​បី​យ៉ាង​ណា​ក៏ដោយ ខ្ញុំគឺជា​នីរសារ​របស់​តាយ៉ា​ពិត​មែន ​ប៉ុន្តែ​រាល់​ឯក​សារ​សំខាន់ៗរបស់​​គាត់​មិន​ដែល​បង្ហាញ ​ឬ​ប្រាប់​ឲ្យ​ខ្ញុំដឹង​​ទេ។ នៅ​ក្នុង​ឆ្នាំ​ដដែល ​ខ្ញុំ​​បាន​ទទួល​ដំណឹងអកុសលមួយ​គឺ​​ ​ម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧៤​។ ​​ខ្ញុំ​ពិត​ជា​មាន​​អារម្មណ៍​សោក​សង្រេង និង​​នឹកស្រណោះ​​ដល់​ម្ដាយ​ជា​ខ្លាំង។​ ​​ខ្ញុំ​​គិត​ថា ​​​ការ​តស៊ូ​របស់​ខ្ញុំ​ជា​មួយកង​​ទ័ព​ខ្មែរ​ក្រហម​កន្លង​មក ហាក់​​​ដូច​ជា​គ្មាន​ន័យអ្វី​សោះ​ឡើយ​ ដោយសារ​​ខ្ញុំ​ត្រូវ​បាត់​បង់​ម្ដាយ និង​​ឃ្លាត​ឆ្ងាយ​ពី​ឪពុក ​​បង​ប្អូន​។

រហូត​ដល់ចុង​​ឆ្នាំ​១៩៧៦ យ៉ា​ ក៏​ត្រូវ​បាន​​​ចោទ​ថា​ជា​ជន​ក្បត់។ គាត់​​ និង​​គ្រួសាររបស់គាត់​ ក៏​ត្រូវ​ចាប់ខ្លួន​​​ និង​​​សម្លាប់​ចោល​។​ ចំណែក​ឯ​ ខ្ញុំ រួម​ទាំង​​កង​ទ័ព ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​គាត់​ ក៏​ត្រូវ​បាន​ចាត់​​ទុក​​ថា​​​ជាប់​និន្នា​ការ​ក្បត់​ ហើយ​ត្រូវ​​បញ្ជូន​ឲ្យ​ទៅ​ធ្វើពល​កម្មជួស​ជុល​ផ្លូវ​ ផ្ទះ​ និងអគារផ្សេងៗ។ យើង​ក៏​ត្រូវ​​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​​។

​បន្ទាប់​ពី យ៉ា​ បាន​ស្លាប់ផុត​ទៅ។ ​ថ្នាក់​លើ​ក៏​បាន​បញ្ជូន​​កងកម្លាំង​ភូមិភាគ​​និរតី ដើម្បី​ចូល​មក​​គ្រប់​គ្រង​​នៅ​ភូមិ​ភាគ​ឦសានជំនួស​វិញ​។ ចាប់​តាំង​ពី​ ​កងកម្លាំង​នៃ​ភូមិភាគ​និរតី​​បាន​ចូល​មក​ ខ្ញុំ​ត្រូវ​បាន​​ប្រើ​ឲ្យ​ធ្វើ​ការងារ​​ធ្ងន់ធ្ងរ​​ ដោយគ្មាន​ពេលឈប់​​សម្រាក និងគ្មានអាហារ​ហូប​ចុកគ្រប់គ្រាន់​។ ខ្ញុំនៅ​បន្ត​​​ជួស​ជុល​ផ្លូវ​រហូត​ដល់​ឆ្នាំ​១៩៧៩ កង​ទ័ព​វៀត​ណាម​ក៏​បាន​វាយ​ចូល​មក​ដល់​ភូមិ​ភាគ​ឦសាន​។ ខ្ញុំ​ រួម​ទាំង​កង​ទ័ពដែល​​​ជាប់​និន្នាការ​ក្បត់​ជា​ច្រើន​នាក់​ទៀត ​បាន​រត់​ចូល​ព្រៃ​ដោយ​មាន​ រ៉ែន ដែលជា​មេ​គ្រប់​គ្រង​ក្ដាប់​កម្លាំង​ក្នុង​កងពល​​៨០១។ បន្ទាប់​មក​ រ៉ែន ក៏​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​មន្ទីរ​គ្រប់​គ្រង​ឃ្លាំង​សម្ភារ​សម្រាប់​ចែក​ចាយ​ឲ្យ​ទៅ​កង​ទ័ព​​ក្រោយ​។

នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​ត្រូវ​បាន​កង​ទ័ព​វៀត​ណាម​បាញ់​​របួស​ដៃ​ ខណៈ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ទទួល​កង​កម្លាំង​នៅ​ខេត្ត​រតនគិរី​។ ភ្លាមៗ​នោះ​ នី​រសារ​របស់​ខ្ញុំ​ឈ្មោះ​ នី ​ក៏​ត្រូវ​របួស​ដែរ​។ បន្ទាប់​មក​ ញ៉ែម ដែល​ជា​នី​រសារ​ខ្ញុំ​ម្នាក់​ទៀត​ បាន​យក​ខ្ញុំមក​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ​។ នៅ​ពេល​ដែល​ខ្ញុំ​ជា​សះ​ស្បើយ​ហើយ​ខ្ញុំ​នៅ​តែ​បន្ត​គ្រប់​គ្រងឃ្លាំង​សម្ភារ​នៅ​តំបន់​១០០១​រហូត​ដល់​ឆ្នាំ​១៩៨៨។ នៅ​ក្នុង​ឆ្នាំ​ដដែល​ ខ្ញុំ​ក៏​បាន​ធ្វើ​​ដំណើរ​មក​ដល់​​ទឹក​ដី​​ភូមិ​ថ្នល់​កែង​ នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រា​សាទ​ ហើយ​ក៏​​បាន​សម្រេច​ចិត្ត​ធ្វើ​ផ្ទះ​សម្បែង​​រស់​នៅទី​នេះ​រហូត​ដល់​បច្ចុប្បន្ន​​»៕

ដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ ថាំ សែម នៅភូមិថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin