សោម ចាន់៖ ពិការជើងដោយសារជាន់មីនស្គរ

សោម ចាន់[1] អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ូង ឃុំព្រៃផ្គាំ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ បច្ចុប្បន្ន ចាន់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សោម ចាន់ បាននិយាយថា៖ «នៅអាយុ១៧ឆ្នាំ ខ្ញុំបានឈប់រៀនដោយសារស្ថានភាពគ្រួសារមានការលំបាកពេកផង ហើយមានព្រឹត្ដិការណ៍រដ្ឋប្រហាររបស់ លន់ នល់ ប្រឆាំងនឹងសម្ដេចព្រះនរោត្ដម សីហនុ ផង។ ខ្ញុំក៏បានចូលរួមក្នុងចលនាខ្មែរក្រហមដោយសារតែស្មារតីជាតិនិយម ដែលឆ្លើយតបតាមការប្រកាសឲ្យកូនចៅចូលតស៊ូក្នុងព្រៃម៉ាគី ពីសំណាក់សម្ដេចព្រះនរោត្ដម សីហនុ។ ស្មារតីជាតិនិយមនេះបានគួបផ្សំនឹងស្ថានភាពនៃការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ លើភូមិឃុំរបស់ខ្ញុំ។ ការទម្លាក់គ្រាប់បែកនេះបានបណ្ដាលឲ្យខូចខាតអគារសំខាន់ៗដូចជា ទីចាត់ការឃុំ ផងនោះ។ ខ្ញុំ និងប្រជាជនដទៃទៀតត្រូវបានជំរុញទឹកចិត្តឲ្យចូលរួមយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងចលនានេះដែរ។ ខ្ញុំបានឃើញសាកសពជាច្រើន ដែលត្រូវបានកងទ័ពប្រមូលទៅដាក់រួមគ្នាបន្ទាប់ពីមានការផ្ទុះអាវុធ។ ខ្ញុំមិនមានភាពភ័យខ្លាចទេនៅពេលនោះ ដោយសារខ្ញុំនៅក្មេង។ ខ្ញុំមិនធ្លាប់ជួបសង្គ្រាមបែបនេះទេ។ ចាស់ៗក្នុងភូមិឆ្ងល់ថា ហេតុអ្វីខ្ញុំហ៊ានទៅមើលសាកសពទាំងនោះ។ ចម្លើយនោះ គឺថាខ្ញុំមិនមានការភ័យខ្លាច និងបានចូលទៅមើលសាកសពអ្នកដែលរងគ្រោះពីការវាយប្រហារ នៅពេលស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញ។
ខណៈពេលដែលសភាពការណ៍តស៊ូមានការតានតឹងបន្ដិចម្ដងៗ ខ្មែរក្រហមបានឃោសនាឲ្យប្រជាជននៅក្នុងភូមិចូលរួមក្នុងចលនារបស់ខ្លួននៅក្នុងគោលដៅទាមទារអំណាចឲ្យសម្ដេចព្រះនរោត្ដម សីហនុមកដឹកនាំប្រទេសវិញ។ ខ្ញុំមិននឹកស្មានថា ការតស៊ូរបស់យើងនឹងបន្ដរហូតដល់ឆ្នាំ១៩៧៥ ពោលគឺធ្លាក់ចូលដល់របបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ដែរ។ លុះនៅពេលសម្ដេច ព្រះនរោត្ដម សីហនុ យាងចូលមកក្នុងប្រទេសកម្ពុជា យើងក៏ទទួលបានដំណឹងថា ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅហើយ។ នៅពេលទទួលបានជ័យជម្នះ ខ្មែរក្រហមក៏មិនទាន់បានធ្វើឲ្យកម្ពុជាមានឯករាជ្យពេញលេញដែរ។ ខ្មែរក្រហមបានគ្រប់គ្រង និងជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ បងប្អូនរបស់ខ្ញុំត្រូវបានស្លាប់នៅក្នុងពេលជម្លៀសនៅឆ្នាំ១៩៧៥ដែរ។ ខ្ញុំបានឃើញសកម្មភាពនៃការជម្លៀសប្រជាជនចេញពីទីក្រុង ដោយភាគច្រើនឆ្ពោះទៅខាងលិចកំពង់ឆ្នាំង និងទៅកាន់ខេត្ដបាត់ដំបង។ ខ្មែរក្រហមបានឲ្យខ្ញុំឈរជើងនៅម្ដុំពោធិ៍ចិនតុង, សំយ៉ាប់ខ្មាញ់, តាំងក្រសាំង, អន្លង់ក្ងាន និងភាគខាងលិចទីក្រុងភ្នំពេញ។
រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកាន់ខេត្ដរតនគិរី បន្ទាប់ពីទីក្រុងភ្នំពេញមានភាពនឹងនរ។ យើងបានធ្វើដំណើរចាក់តាមទន្លេមេគង្គឆ្ពោះទៅទិសខាងលិច។ យើងបានពិនិត្យមើលស្ថានការណ៍នៅក្នុងខេត្ដរតនគិរីមានភាពស្ងប់ស្ងាត់ល្អ និងមិនមានជម្លោះនៅឡើយទេ។
លុះដល់ឆ្នាំ១៩៧៦ សភាពការណ៍នៅតាមព្រំដែនខេត្ដរតនគិរីមានការប្រទាញប្រទង់គ្នា។ រហូតដល់ឆ្នាំ១៩៧៧ សភាពការណ៍រឹតតែបន្ដតានតឹង ហើយការប៉ះទង្គិចគ្នាបានបង្កឲ្យកងកម្លាំងទាំងសងខាងស្លាប់ជារឿយៗ ជាពិសេសដោយសារការកន្ដ្រាក់គ្រាប់មីនប្រឆាំងនឹងមនុស្ស។ កងកម្លាំងរបស់យើងធ្លាប់វាយកងកម្លាំងវៀតណាមធ្លាក់ដល់ក្រុងនគរ ប៉ុន្ដែរយៈពេលខ្លីក្រោយមក កងទ័ពវៀតណាមបានវាយយើងក្នុងទ្រង់ទ្រាយធំវិញរហូតរុញច្រានយើងធ្លាក់ដល់ទន្លេមេគង្គឆ្ពោះទៅកាន់ភូមិភាគបូព៌ា។
លុះដល់កងទ័ពវៀតណាមវាយរំដោះបានទីក្រុងភ្នំពេញក្នុងខែមករា ឆ្នាំ១៩៧៩ កងកម្លាំងរបស់យើងបានបន្ដដំណើរឆ្ពោះមកកាន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជា។ នៅក្នុងព្រៃ យើងបានជួបប្រទះការខ្វះខាតអាហារយ៉ាងខ្លាំង។ កងកម្លាំងរបស់យើងបានពឹងផ្អែកទៅលើការហូបមើមក្ដួច ដំឡូងព្រៃ និងសុំអង្ករពីអ្នកស្រុកប៉ុណ្ណោះ។ អំឡុងពេលនោះ ខ្ញុំកាន់តួនាទីជាអនុសេនាតូចក្នុងកងពល៨០១ ដែលមានកម្លាំងក្នុងដៃប្រមាណ៣០នាក់។ យើងនៅតែប្រឈមមុខជាមួយនឹងកងទ័ពវៀតណាមនៅតាមផ្លូវ។ យើងបានដើរថ្មើរជើង ជាមួយនឹងអង្ករក្រវ៉ាត់នឹងតីម្នាក់មួយតីប៉ុណ្ណោះ។ នៅពេលឈប់សម្រាកកន្លែងណា យើងបានដាំបាយហូបនៅទីកន្លែងនោះ។
នៅពេលខ្ញុំមកដល់ភ្នំដងរែក ខ្ញុំវិលត្រឡប់ធ្វើជាប្រជាជនធម្មតា។ ខ្ញុំនៅតែមានការឈឺឆ្អាលចំពោះព្រឹត្ដិការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារខ្ញុំបានទទួលព័ត៌មានជាហូរហែរ។ ទាក់ទងនឹងការតស៊ូតាមព្រំដែន តាម៉ុក បានឈរជើងនៅលើខ្នងភ្នំដងរែក ហើយមិនមានអ្នកណាឈ្លានពានទឹកដីនោះទេ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៣ ខ្ញុំបានដើរជាន់មីនស្គរបណ្ដាលឲ្យផ្ទុះពិការជើងម្ខាង។ មីននោះ គឺបានដាក់ចម្រុះគ្នារវាងកងទ័ពរាជរដ្ឋាភិបាល និងខ្មែរក្រហម។ ខ្ញុំបានគ្រោះអំឡុងដើរការពារព្រំដែននៅខេត្ដព្រះវិហារ។ ខ្ញុំយល់ថាទោះបីសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ ក៏សង្គមទាំងមូលមិនទាន់ទទួលបានសុខសន្ដិភាពពេញលេញដែរ។
ទស្សនរបស់ប្រជាជនក្នុងមជ្ឈដ្ឋានជុំវិញអន្លង់វែងយល់ឃើញថា ប្រជាជនរស់នៅក្នុងតំបន់អន្លង់វែង គឺជាអ្នកព្រៃ និងអ្នកនៅក្រៅច្បាប់។ ការបង្កើតប្រព័ន្ធស្វែងរកយុត្ដិធម៌ ដោយកាត់ទោសទៅលើមេដឹកនាំខ្មែរក្រហមក៏ជាផ្នែកមួយដែលធ្វើឲ្យអតីតកងទ័ពខ្មែរក្រហមមានការភ័យខ្លាចដោយសារតែតួនាទីរបស់ខ្លួននាទីជំនាន់នោះ។ ខ្ញុំយល់ថា ដើម្បីដំណើរការសន្ដិភាពរយៈពេលវែង យើងគួរតែទម្លាក់ចោលនូវរឿងរ៉ាវច្របូកច្របល់នៃប្រវត្ដិសាស្រ្ដហើយធ្វើដំណើរទៅមុខដោយបំភ្លេចចោលអតីតកាល ដោយសារខ្ញុំនៅតែជឿថា ខ្មែរក្រហមមិនអាចសម្លាប់ខ្មែរគ្នាឯងនោះទេ ប្រសិនបើមិនមានបរទេសលូកដៃ។ ខ្ញុំគិតថា វាជាមាគ៌ាបំភ្លើសរបស់កងទ័ពវៀតណាមក្នុងខណៈដែលខ្មែរក្រហម ឬ ប៉ុល ពត មានការទទួលខុសត្រូវក្នុងការដឹកនាំប្រទេសកម្ពុជាទាំងមូល។ ចំពោះទស្សនៈរបស់ខ្ញុំទៅលើប្រជាជននៅក្នុងស្រុកអន្លង់វែង គឺថា បើទោះបីជាម្នាក់ៗមានភាពពិការខ្វិនខ្វង់យ៉ាងណាក៏ដោយ ក៏អ្នកទាំងនោះមិនដើរសុំទានគេដើម្បីចិញ្ចឹមជីវិតដែរ។ នេះក៏ដោយសារតែមាគ៌ាបដិវត្ដន៍ខ្មែរក្រហមបានជម្រុញឲ្យអ្នកទាំងនោះមានភាពម្ចាស់ការលើខ្លួនឯង។ តាម៉ុកធ្លាប់បានផ្ដាំថា នៅពេលយើងចុះចូលសមាហរណកម្មទៅ យើងត្រូវត្រៀមចិត្ដឲ្យហើយថា យើងបានធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចទីផ្សារងងឹត។ គាត់បានផ្ដាំយើងថានៅពេលទៅទីណាក៏ដោយត្រូវមានទឹកមានដី។ សេដ្ឋកិច្ចមានឫស មានគល់។ នៅពេលយើងធ្វើសមាហរណកម្មហើយភ្លាម ជីវិតរបស់យើងស្ថិតក្នុងភាពក្រខ្សត់នៅឡើយ ទម្រាំទទួលបានប្រាក់បៀរវត្សរ៍សម្រាប់អតីតយុទ្ធជនកាត់រំសាយ និងការចាប់ផ្ដើមសេដ្ឋកិច្ចជាមួយខ្លួនទីពឹងខ្លួន»៕
ដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ សោម ចាន់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។