បណ្ដាំចុងក្រោយរបស់បងប្រុស

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ដំណើរគ្មានថ្ងៃត្រលប់ ដោយទឹកមុខស្រពោន និងបន្សល់តែបណ្តាំមុនពេលចាកចេញ នេះជារឿងរ៉ាវរបស់អ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១។  តាមរយៈប្រវត្តិរូបអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយប្អូនស្រីរបស់អ្នកជាប់ឃុំឃាំង ដើម្បីដឹងពីរឿងរ៉ាវដែលកើតមានឡើងពីអតីតកាល និងមូលហេតុនៃការចាប់ខ្លួនរបស់ឈ្មោះ ឡាច កប[1] ក្នុងសម័យខ្មែរក្រហម។ ប្អូនស្រីម្នាក់នោះ ឈ្មោះ ឡាត់ សុខ[2] មានអាយុ ៦១ឆ្នាំ ក្នុងឆ្នាំ២០០៦ មានស្រុកកំណើតនៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កប មានឪពុកឈ្មោះ ឡាច ឡាត់ និងម្ដាយឈ្មោះ ស៊ឺ កាយ។ កប មានបងប្អូនចំនួន ៧នាក់ (ស្រី២នាក់ និងប្រុស៥នាក់)។ បងប្រុសទី១ ឈ្មោះ ឡាត់ គឹម, បងស្រីទី២ ឈ្មោះ ឡាត់ គូម, ទី៣ ឈ្មោះ ឡាត់ កប (ឡាច កប), ប្អូនស្រីទី៤ ឡាត់ សុខ, ប្អូនប្រុសទី៥ ឈ្មោះ ឡាត់ កើត, ប្អូនប្រុសទី៦ ឈ្មោះ ឡាត់ ធឿន និងប្អូនប្រុសពៅ ឈ្មោះ ឡាត់ ធី។ ឡាច កប ត្រូវបានយោធាភូមិភាគនិរតីចាប់ខ្លួន និងឈ្មោះ ឡាត់ ធឿន បានស្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានដំណឹង។

តាមរយៈកិច្ចសម្ភាសជាមួយ សុខ នៅមុនឆ្នាំ១៩៧០ កប បានរៀននៅសាលាបឋមសិក្សាតាលាស់ និងបន្តរៀនឌីប្លូមនៅសាលាសោហ៊ើរត្រឹមថ្នាក់ទី៥ នៅក្រុងបាត់ដំបង។ ក្រោយមក កប បានឈប់រៀន និងត្រលប់មកភូមិជួយការងារស្រែចម្ការឪពុកម្ដាយ។

នៅឆ្នាំ១៩៧៤ ទាហាន លន់ នល់ បានកែនប្រជាជនក្នុងភូមិរួមទាំង កប ឲ្យចូលធ្វើទាហាន លន់ នល់ ក្នុងបន្ទាយភូមិតាលាស់។ កប បានធ្វើទាហានអស់រយៈពេល ១ឆ្នាំ រហូតដល់របប លន់ នល់ ដួលរលំ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅទូទាំងប្រទេស។ កប និងគ្រួសារត្រូវបានបញ្ជូនឲ្យទៅរស់នៅភូមិសាគរ អស់រយៈពេលជាងមួយខែ។ ក្រោយមក កប ទៅរស់នៅភូមិទួលស្ដៅ ដើម្បីធ្វើស្រែ និងនេសាទត្រី។ នៅភូមិទួលស្ដៅ គឺមានការហូបចុកគ្រប់គ្រាន់ ដោយខ្មែរក្រហមចែករបបអង្ករឲ្យហូបតាមផ្ទះ ក្នុងមួយថ្ងៃម្នាក់បានមួយកំប៉ុង។ កប និង សុខ ត្រូវងើបពីព្រលឹមទៅភ្ជួរស្រែ ដកស្ទូង និងកាប់ព្រៃ អស់រយៈពេលមួយឆ្នាំ។

នៅឆ្នាំ១៩៧៦ ម្ដាយរបស់ កប បានស្លាប់ដោយសារជំងឺរាក ព្រោះគ្មានថ្នាំព្យាបាល។ ចំណែកឪពុកបានស្លាប់តាំងពីមុនរបបខ្មែរក្រហម។ នៅចុងឆ្នាំដដែល បរិមាណអង្ករសម្រាប់ហូបចុក មានការខ្វះខាត់។ ប្រជាជនហូបចុកមិនគ្រប់គ្រាន់ បណ្ដាលឲ្យស្លាប់ដោយសារអត់ឃ្លាន និងជំងឺផ្សេងៗរួមទាំងម្ដាយរបស់អ្នកទាំងពីរ។

បន្ទាប់មក កប និងគ្រួសារត្រូវបានចាត់តំាងឲ្យទៅរស់នៅភូមិត្រស់ ដែលមានឈ្មោះ រី (ប្រុស) ជាប្រធានសហរណ៍នៅទីនោះ។ រី គឺជាអ្នកភូមិដែលស្គាល់ កប តាំងពីកុមារភាព។ នៅភូមិត្រស់ តំបន់៤ ភូមិភាគពាយ័ព្យ គឺជាសហករណ៍សម្រាប់ប្រជាជនថ្មី ដែលខ្មែរក្រហមជម្លៀសចេញមកពីស្រុកមោងឫស្សី។ ប្រជាជនចាស់នៅភូមិផ្សេងមានការហូបចុកគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ប្រជាជនថ្មីនៅភូមិត្រស់ ត្រូវធ្វើការលត់ដំ ជីកប្រឡាយ លើកទំនប់ និងបង្កបង្កើនផលស្រូវ។ នៅក្នុងសហករណ៍ត្រូវធ្វើការរួម ដូចជាធ្វើស្រែចម្ការ និងរែកទឹក។

នៅភូមិត្រស់ ប្រជាជននៅបន្តហូបចុកមិនបានគ្រប់គ្រាន់។ ជួលកាល ប្រជាជនគ្មានបបរសម្រាប់ហូប និងហូបតែពោតក្រៀម និងកន្ទក់ជំនួស។ នៅអំឡុងខែវស្សា ការហូបចុកតែងតែខ្វះខាត ប្រជាជនហូបតែបបរប៉ុណ្ណោះ។ ចំណែកនៅខែប្រាំង គឺមានបាយសម្រាប់ឲ្យប្រជាជនហូប។

នៅពេលនោះ ក្នុងសហករណ៍ត្រស់ នៅមានចែកអង្ករតាមផ្ទះ ធ្វើស្រែ និងនេសាទត្រីតាមមូលដ្ឋាននៅឡើយ។ ប្រជាជនក្នុងភូមិទាំងអស់ ត្រូវបានយោធាភូមិភាគពាយ័ព្យស្រាវជ្រាវប្រវត្តិរូប ចំពោះអ្នកណាដែលមានប្រវត្តិធ្វើជាមន្ត្រី ឬជាទាហាន ក្នុងរបប លន់ នល់។ ទោះបីជាដឹងថា កប ធ្លាប់ធ្វើជាទាហាន លន់ នល់ ប៉ុន្តែ កប ត្រូវបានអត់ឱន ដោយសារតែមានបងប្អូនជាកងទ័ពខ្មែរក្រហម។

នៅអំឡុងឆ្នាំ១៩៧៦ ប្រជាជនដែលបន្តដំណើរពីទីក្រុងភ្នំពេញ និងប្រជាជនមកពីភូមិភាគបូព៌ា (ខេត្តស្វាយរៀង និងខេត្តព្រៃវែង) ត្រូវបានខ្មែរក្រហមជម្លៀសតាមរថភ្លើង និងចុះនៅស្ថានីយរថភ្លើងមោងឫស្សី។ បន្ទាប់មកប្រជាជនទាំងនោះត្រូវខ្មែរក្រហមចាត់ឲ្យទៅរស់នៅតាមសហករណ៍។ នៅពេលប្រជុំនៅឃ្លាំងអង្ករ មានអ្នកមកពីភ្នំពេញម្នាក់ ដែលបានលួចអង្ករហូបត្រូវខ្មែរក្រហមចាប់ខ្លួន និងវាយដំដោយចងភ្ជាប់នឹងដើមឈើយ៉ាងអាណោចអធ័ម។ អ្នកភ្នំពេញម្នាក់នេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង៥០ម៉ឺននាក់ដែលត្រូវបានជម្លៀសពីភូមិភាគផ្សេងៗទៅកាន់ភូមិភាគពាយ័ព្យនាសម័យនោះ។[3]

នៅចុងឆ្នាំ១៩៧៧ យោធាភូមិភាគនិរតីបានចូលមកគ្រប់គ្រងភូមិភាគពាយ័ព្យ និងប្រកាសឲ្យយោធាភូមិភាគពាយ័ព្យទម្លាក់កាំភ្លើងចុះ។ បន្ទាប់ពីរដូវច្រូតកាត់ មួយខែដំបូងនៃការគ្រប់គ្រងដោយយោធាភូមិភាគនិរតី គឺមានបាយឲ្យប្រជាជនហូប។ ប៉ុន្តែមិនយូរប៉ុន្មាន ប្រជាជនដែលជម្លៀសមកពីភូមិភាគបូព៌ាពីមុនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើប្រវត្តិរូបតាមបញ្ជាយោធាភូមិភាគនិរតី។ អ្នករស់នៅភូមិត្រស់ ដែលជាអ្នកជម្លៀសមកពីភូមិភាគបូព៌ាត្រូវបានសម្លាប់ដោយគ្មានការអត់ឱន។

នៅឆ្នាំ១៩៧៨ ប្រជាជនមូលដ្ឋានក៏ត្រូវបានចាប់ខ្លួនដោយយោធាភូមិភាគនិរតី។ ប្រធានសហរណ៍ឈ្មោះ រី ដែលជាបងប្អូនជាមួយប្រពន្ធរបស់ កប ត្រូវបានយោធាភូមិនិរតីចាប់ចង និងសម្លាប់ ដោយចោទថាជាខ្សែបណ្ដាញរបស់វៀតណាម។ ចំពោះគណៈតំបន់នៃភូមិភាគពាយ័ព្យណាដែលរត់គេចខ្លួន នោះប្រពន្ធកូននឹងត្រូវដឹកតាមរទេះយកទៅសម្លាប់នៅទួលតាងូក។ យោធាភូមិភាគនិរតី ក៏ស្រាវជ្រាវរួមទាំងបងប្អូនរបស់អ្នកដែលបានរត់គេចខ្លួននោះដែរ។

មនុស្សប្រហែលជា៤ទៅ៥នាក់ ត្រូវបានចងបណ្តើរកាត់តាមវាលស្រែទាំងអស់សង្ឃឹម មុនពេលត្រូវបានវាយសម្លាប់ដោយយោធានៅប្រឡាយផ្តៅ ដែលប្រជាជនស្គាល់ថាជា ព្រៃខ្មោច។ ចំណែកអ្នកដែលមិនរត់គេចពីការចាប់ខ្លួនរបស់យោធាភូមិភាគនិរតី គឺត្រូវបានស្វែងរកចាប់តែបុគ្គលណាដែលត្រូវបានចោទថាជាខ្សែបណ្ដាញរបស់វៀតណាមប៉ុណ្ណោះ ប៉ុន្តែសមាជិកគ្រួសារត្រូវបានលើកលែង។

នៅឆ្នាំ១៩៧៨ ថ្ងៃមួយឈ្មោះ ង៉ែត ដែលជាប្រពន្ធគណៈឃុំឈ្មោះ ឈឺន បានមកហៅ កប ដោយប្រាប់ថា «មានគេឲ្យមកហៅ»។ ង៉ែត គឺជាកងសេដ្ឋកិច្ច និងជាអ្នករស់នៅជាប់ភូមិផងរបងជាមួយគ្រួសាររបស់ កប។ នៅពេលនោះ កប បានធ្វើដំណើរសំដៅឆ្ពោះទៅភូមិកាច់រទេះទាំងគ្មានសង្ឃឹម ដោយដឹងថា ភូមិកាច់រទេះ គឺជាទីតាំងមន្ទីរឃុំឃាំង។ កប បានប្រាប់ សុខ ថា «បងលាហើយមើលកូនឲ្យបងផង»។ ចាប់តាំងពីថ្ងៃនោះមក កប បានបាត់ខ្លួន។

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ម្ដាយរបស់ កប បានស្លាប់ដោយសារជំងឺ ហើយ កប និងប្អូនប្រុសឈ្មោះ ធឿន បានបាត់ខ្លួន។ ក្រៅពីការសម្លាប់ ប្រជាជនខ្មែរត្រូវស្លាប់ដោយសារជំងឺ ធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់។ លើសពីនេះ អ្នកដែលប្រព្រឹត្តអំពើខុសសីលធម៌ ឬលួចលាក់មានស្នេហា នឹងត្រូវខ្មែរក្រហមសម្លាប់ទាំងគូ។

នៅចុងឆ្នាំ១៩៧៨ សុខ ត្រូវបានខ្មែរក្រហមជម្លៀសទៅឫស្សីក្រាំង និងបន្តដំណើររហូតដល់អាង ១៧ មេសា ដែលមានទីតាំងជាប់ព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ នៅឆ្នាំ១៩៧៩ សុខ បានធ្វើដំណើរអស់រយៈពេលជិត១ខែត្រលប់មករស់នៅស្រុកវិញ ដោយ នៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមឯកសារលេខ K០៩៣២៨ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង​តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ឡាច កប ត្រូវបានជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១។ កប មានអាយុ ៣៥ឆ្នាំ (ឃាត់ខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៧៨) ជាប្រជាជនចាស់ ក្នុងសហករណ៍វត្តចាស់ រស់នៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោង ខេត្តបាត់ដំបង តំបន់៤ ភូមិភាគពាយ័ព្យ។ កប មានប្រពន្ធឈ្មោះ ម៉ៃ វិច រស់នៅសហករណ៍ត្រស់ និងមានកូនប្រុស ២នាក់។ ឡាច កប ត្រូវបានឃុំខ្លួននៅផ្ទះ ៣៣ បន្ទប់ធំ ៣។ កប មានកំពស់ ១,៦៨ ម៉ែត្រ ប្រវែងដងខ្លួន ០,៨៥ ម៉ែត្រ។[4] ដោយឡែក បើតាមបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨” ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺមិនមានបញ្ជាក់ថាឈ្មោះ ឡាច កប ត្រូវបានសម្លាប់ ឬកម្ទេចឡើយ៕[5]

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

[1] ឯកសារលេខ BBI០០០៨. (២០០៦). សម្ភាសជាមួយ ឡាត់ សុខ ដោយ រ៉ា ឆៃរ៉ាន់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤.

[2] Ibid. (២០០៦).

[3] ជេមស៍ អេ ថាញណឺ. (២០១៤). ការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម: ការស្លាប់នៅក្នុងចលនាការជម្លៀសដោយបង្ខំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី២៦.

[4] ឯកសារលេខ K០៩៣២៨. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងឈ្មោះ ឡាច កប. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤.

[5] បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨.” មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី២៥ ខែធ្នូ ២០២៤.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin