រស់មួយសតវត្សរ៍ក្នុងស្រមោលអន្ធកាល

លោកយាយ ស៊ួម អម

ស្នាម​ជ្រីវជ្រួញ​ដក់ជ្រៅនៅលើ​ផ្ទៃមុខដ៏​ស្រងូតស្រងាត់​របស់​លោកយាយ ស៊ួម អម អាច​បង្ហាញថាលោកយាយ​បាន​រស់ឆ្លងកាត់​ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រ​កម្ពុជា។ ស្ថិតនៅក្នុង​វ័យ​៩៩វស្សា[1] លោកយាយ ស៊ួម អម បាន​រស់រាន​​ឆ្លងកាត់ទំព័រ​ប្រវត្តិសាស្ត្រ​ច្របូក​ច្របល់របស់​កម្ពុជា និងជាសាក្សីរស់​នៃយុគសម័យសង្គ្រាម​ដែលកើតមាន​រាប់ទសវត្សរ៍, ការប្តូរផ្លាស់នៃរបបដឹកនាំច្រើនជំនាន់ និង​ផលពិបាកឥតគណនាបន្សល់ពីរបត់នយោបាយ​ទាំងនេះ​។ រស់នៅក្នុង​ខ្ទមតូចមួយ​ជាមួយចៅ​វ័យ​១៦ឆ្នាំ ក្នុង​ភូមិសេកសក ឃុំ​ផ្លូវមាស ស្រុករតនមណ្ឌល​ខេត្តបាត់ដំបង លោកយាយ អម បានរំឭកអំពី​បទពិសោធន៍ជីវិត​ ប្រកបដោយភាពមិនងាយ​ទ្រុឌទ្រោម អមជាមួយ​នឹង​សេចក្តី​សង្ឃឹមយ៉ាង​​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ស្ងប់សុខមួយ។

រឿងរ៉ាវ​ជីវិត​របស់​លោកយាយ​ អម បានផ្តើមចេញពី​ជីវិត​រស់នៅ​ដោយ​សុខ​សាន្តត្រានតាមរយៈការប្រកបរបរ​ស្រែចម្ការ​នៅភូមិកំណើតរបស់​ខ្លួន គឺភូមិ​ឆក​រកា​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ក្នុង​សម័យកាល​សង្គម​រាស្ត្រនិយម។ លោកយាយ អម​ បាន​បង្កើត​គ្រួសារ​ដ៏មាន​សុភមង្គលមួយ ជាមួយនឹង​វត្តមាន​កូនចំនួន​១០នាក់ (ស្រី​៦នាក់ និង​ប្រុស​៤នាក់)។ ជីវិត​លោកយាយ​នាពេល​នោះ បានប្រព្រឹត្ត​ទៅតាមបែបនៅទីជនបទ​ដ៏ស្ងប់ស្ងាត់ ដោយ​រស់តាម​សម្មាជីវរ​ និង​ចិញ្ចឹម​គ្រួសារ​ ផ្អែក​លើ​ភោគផល​កសិកម្មនិង​ការចិញ្ចឹមសត្វ។ ការរស់នៅប្រកបដោយភាព​សុខដុម​នេះត្រូវបាន​រំខាន​ញាំញីដោយ​ភាព​ចលាចល​បណ្តាលមកពីរដ្ឋប្រហារ​នៃ​របប​ លន់ នល់ ដែលកើតមាននៅដើមទសវត្សរ៍ឆ្នាំ​១៩៧០។ ពេលនោះ លោកយាយ អម មានវ័យ​ជិត​៥០ឆ្នាំ បាន​ពើបប្រទះជាមួយនឹង​អស្ថិរភាព​នយោបាយ​ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះជីវភាព​រស់នៅប្រចាំថ្ងៃរបស់គាត់។

“ខ្ញុំ​បានឮសំឡេង​បាញ់បោះប្រយុទ្ធគ្នា​នៅសំឡូត” លោកយាយ អម បាន​លើកឡើង​ជាមួយ​សំឡេង​ខ្សាវៗ អំពីការចងចាំ​ដែលដក់ជាប់​ក្នុង​ចិត្ត​របស់​គាត់ ថ្វីត្បិត​តែព្រឹត្តិការ​ណ៍នេះ បាន​កន្លងផុតទៅអស់ជាច្រើនទសវត្សរ៍ទៅហើយ​ក្តី។ ជម្លោះប្រដាប់​អាវុធនេះ បាន​បង្កជាភាពភិតភ័យ និង​មានការផ្លាស់ទីលំនៅ​ភូមិកំណើត​របស់​ប្រជាជន។ ទាហាន​ លន់ នល់ បាន​យាមកាម​តាម​ដងផ្លូវដើម្បី​ស្ទាក់ប្រជាជន​ឲ្យចូល​បម្រើទ័ព។ ​សកម្មភាពនេះ បាន​ញ៉ាំងឲ្យប្រជាជន​រស់នៅក្នុង​ភាពតក់ស្លុត​មួយ​កម្រិតទៀត។ ជាមួយនឹង​អ្នកភូមិដទៃទៀត ដោយ​យល់ថា​គ្មាន​ជម្រើស លោកយាយ អម បាន​នាំកូន​ៗនិង​ក្រុម​គ្រួសារ​ ភៀសខ្លួន​ចេញពីភូមិកំណើត​ទាំង​អាលោះអាល័យ ដោយចាកចោល​ផ្ទះសម្បែង​ដែលខ្លួន​ខំកសាង បំបោះបង់គោក្របី ជ្រូកមាន់ទា ដែលជាប្រភព​ចំណូលគ្រួសារ​ ​ ដើម្បីស្វែងរកទី​សុវត្ថិភាពស្នាក់​អាស្រ័យ។ ស្ថិតនៅក្នុងភាព​ចលាចល លោកយាយ អម និង​ក្រុម​គ្រួសារ បាន​ស្នើសុំទីជម្រកបណ្ដោះអាសន្នពីចៅអធិការ​វត្តស្រែអណ្ដូង​ដើម្បីជ្រកកោន ដែលទោះបីជាយ៉ាងណាក្តី ទីជម្រក​បណ្ដោះអាសន្ននេះ មិនអាច​រក្សាសុវត្ថិភាព​ដល់គាត់​បាន​ពេញលេញទេ។

នៅពេលនោះ ប្តីរបស់​អម ស្ម័គ្រចិត្ត​ទៅលប​យកការណ៍ និង​រាយការណ៍ប្រាប់ទៅអ្នក​ភូមិឲ្យបន្តផ្លាស់ទីនៅពេលដែល​សភាពការណ៍មិនស្រួល​កើតមាន។ រួម​សហការគ្នា​ជាធ្លុងមួយ ប្រជាជន​បាន​បន្ត​ភៀស​ខ្លួ​ន​ពីមួយ​កន្លែងទៅមួយ​កន្លែង ដើម្បីគេចផុតពីការកេណ្ឌទ័ពរបស់​ លន់ នល់។ នៅទីបំផុត មនុស្ស​ម្នា​បាន​សម្រេចចិត្តរត់ទៅរស់នៅក្នុង​ព្រៃ​ជ្រៅ​ដើម្បី​សុវត្ថិភាព។ មិនយូរ​ប៉ុន្មាន ភាព​ចលាចល​បង្ក​ដោយ​របប​ លន់ នល់ បាន​បញ្ចប់ទៅ ដោយ​សារ​ខ្មែរក្រហម​បាន​វាយឈ្នះ​លើកងកម្លាំង​ លន់ នល់ និង​កាន់កាប់​ភូមិស្រុក​ ដែល ​អម រស់នៅ។ អម​ និង​ប្រជាជន​ដទៃ​បន្តរស់នៅក្នុងព្រៃ ដែល​ស្ថិត​នៅក្នុង​តំបន់​រំដោះក្រោម​ការដឹកនាំ​របស់​ខ្មែរក្រហម។ នៅពេល​​ខ្មែរក្រហម​ ទទួលបាន​ជ័យជម្នះ​ទីក្រុង​ភ្នំពេញ និង​កាន់​កាប់​ប្រទេស​កម្ពុជា​ទាំងស្រុង ខ្មែរក្រហម​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យធ្លាក់ចូលក្នុង​សម័យកាល​ដ៏សាហាវ​យង់ឃ្នងមួយ។ ខ្មែរក្រហម បាន​អនុវត្ត​គោល​នយោបាយ​ជ្រុលនិយម ដោយ​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​ក្លាយទៅជា​ការដ្ឋាន​នៃពលកម្ម​ដោយ​បង្ខិតបង្ខំ​[2], បំបែកបំបាក់​ក្រុមគ្រួសារ និង​រុញច្រាន​ឲ្យប្រជាជន​កម្ពុជារស់​នៅក្នុង​សេចក្តីវេទនា និង​សោក​សង្រេង​ឥត​ឧបមា។ មិនខុសពីជោគវាសនានៃ​ប្រជាជន​ខ្មែរដទៃទៀតដែរ លោកយាយ អម ត្រូវរស់នៅ​ក្នុង​​ភាពភិតភ័យ និង​ជីវិតលំបាកលំបិន ស្ថិតក្រោមការដឹកនាំរបស់​ខ្មែរក្រហម។

“យើងត្រូវរស់នៅក្រោមស្ថានភាព​លំបាកខ្លាំង​ ហើយ​ខ្ញុំ​តែងរស់ក្នុងភាព​ភ័យខ្លាច” អម​ បាន​លើកឡើង​ជាមួយ​ទឹកភ្នែក​រលីងរលោង នៅពេល​រំឭកដល់​ជីវិត​រស់នៅរបស់​ខ្លួនក្នុង​របប​ខ្មែរក្រហម​។ លោកយាយ អម និង​ប្តី ត្រូវបាន​ចាត់តាំង​ឲ្យធ្វើការ​ឥតស្រាកស្រាន្ត​ទាំង​ថ្ងៃទាំងយប់ នៅតាម​ភ្លឺស្រែនិងលើកទំនប់ជីកប្រឡាយ។ មិនតែប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់លោកយាយ ​អម ត្រូវ​រស់នៅ​បែកខ្ញែកពីគ្នា ប្តីនៅដោយ​ប្ដី ប្រពន្ធនៅដោយ​ប្រពន្ធ រីឯកូននៅដោយកូន។ “ខ្ញុំ​អស់កម្លាំងសឹងតែមិនអាចធ្វើការបាន តែកូនអើយ បើមិនធ្វើគេយកទៅសម្លាប់ ចឹង​ខំប្រឹងធ្វើទៅដើម្បីរស់” លោកយាយ អម បាន​រំឭក។

ក្រៅពីពលកម្មដោយបង្ខំ​លើសកម្លាំង ខ្មែរក្រហម​ក៏បាន​បង្អត់បាយ​ប្រជាជន​ស្ទើរទូទាំង​ប្រទេស។[3]​  អាហារ​បាន​ក្លាយទៅជា​វត្ថុដ៏មាន​តម្លៃ ដោយ​ខ្មែរក្រហម​រឹតត្បិត​យ៉ាងខ្លាំងទៅលើ​របប​អាហារដែលចែកជូន​ប្រជាជន។ “នៅពេល​ត្រូវ​ហូបចុក យើង​ពុំ​ដែល​ទទួល​បាន​បាយទេ។ ខ្ញុំឡើង​ស្គមដូចស្វា។ យើង​ត្រូវ​ហូបទៅតាម​របប​អាហារ​ដែល​អង្គការ​ផ្តល់ឲ្យដើម្បីរស់” លោកយាយ​ អម​ បាន​លើកឡើង។ ទោះបីជាយ៉ាងក្តី របប​អាហារ​ដែល​ខ្មែរក្រហមផ្តល់​ឲ្យប្រជាជន​គ្មាន​ជីជាតិទេ ហើយ​ពេល​ខ្លះទៀតអាហារ​នោះ​បាន​បង្កជាជំងឺដល់​ប្រជាជន​ដែលអាចបណ្ដាលឲ្យ​ស្លាប់ទៀតផង។ លោកយាយ អម រំឭកទាំង​ឈឺចាប់ថា គាត់បាន​បាត់បង់​បងស្រី​ម្នាក់ ដោយសារ​តែ​គាត់បរិភោគ​បបររាវដែលលាយជាមួយ​ត្រកួន ហើយ​ក៏កើតជំងឺរាគរូស​រហូតខ្សោះខ្លួនបាត់បង់ជីវិត។

ទោះបីជារងភាព​អត់ឃ្លានយ៉ាងណាក្តី ប្រជាជន​មិនអាច​ច្រូតកាត់​ទិន្នផល​ស្រូវ​ ឬបេះបោច​បន្លែបង្ការ​ដែលខ្លួន​បាន​ដាំ យកមកហូបបានទេ ព្រោះការធ្វើយ៉ាង​ដូច្នេះ ត្រូវបាន​ខ្មែក្រហម​ចាត់ទុក​ថា​ជាសកម្មភាពក្បត់ ដែលជំរុញឲ្យមាន​ទោសទណ្ឌ ឬអាចត្រូវ​យកទៅសម្លាប់​ថែមទៀត​ផង។ លោកយាយ អម​ លើកឡើងថា ជីវិត​រស់នៅក្នុង​របបខ្មែរក្រហម ត្រូវ​ស្ថិតនៅក្រោមស្ថានភាព “ភ្នែកនៅកញ្ចឹងក” គ្រប់ពេល​វេលា។ ប្រជាជន​ត្រូវ​រស់នៅដោយស្ងប់ស្ងាត់ និង​ហាមប្រាម​ពីការ​ប្រាស្រ័យទាក់ទងគ្នា ទោះបីជាមួយមនុស្សនៅក្នុង​សហករណ៍របស់​ខ្លួនក្តី។ “នៅពេល​យប់ យើង​ត្រូវ​ដេក​ដោយស្ងៀមស្ងាត់ និង​មិនអាច​និយាយអ្វីទាំងអស់ ព្រោះជញ្ជាំងមាន​ត្រចៀក​ គឺពួកឈ្លប​នៅចាំលបស្តាប់​នៅក្រោមផ្ទះ​យើង​រាល់យប់ ថាតើយើង​មាន​គំនិតក្បត់អត់” លោកយាយ អម បាន​លើកឡើង។

បន្ថែមលើសពីនេះទៅទៀត របបខ្មែរក្រហម ក៏បាន​អនុវត្ត​ការគ្រប់គ្រង​យ៉ាង​តឹងរឹង​លើ​ជីវិត​រស់នៅ​របស់​ប្រជាជន​ទៀតផង ជាក់ស្តែងដូចជាការរៀបការ​ដោយ​បង្ខំជាដើម។[4] លោកយាយ អម​ បាន​ចែក​រំលែកអំពី​ព្រឹត្តិការណ៍នៃ​ការ​រៀបគូស្រករ​ឲ្យប្រជាជន​ច្រើនគូក្នុង​ពេល​តែមួយ ដែលគាត់​បាន​ឃើញផ្ទាល់៖ “គេ​ឲ្យការម្តង​២០ ៣០​គូ ដោយ​គ្មាន​ប្រាប់អីមុនទេ។ ការរួច គេចាត់ឲ្យ​ឈ្លបចាំមើលលួចស្តាប់​នៅក្រោមផ្ទះអ្នកទើបការ​ហើយ​ហ្នឹង។” លោកយាយ បន្តថា​នេះគឺជាការបំពាន​ទៅលើ​សិទ្ធិ​បុគ្គល​សុទ្ធសាធ។

ក្រោយការ​ដឹកនាំ​អស់រយៈកាលជិត​បួន​ឆ្នាំ របប​ខ្មែរក្រហម ត្រូវ​ផ្តួល​រំលំ​ដោយ​វត្តមាន​នៃ​កង​ទ័ពវៀតណាម នៅដើមឆ្នាំ​១៩៧៩។ អម និង​ប្រជាជនដទៃទៀត​ មាន​ភាព​រីករាយ​ជាខ្លាំង​ដោយ​បានរួចរស់ជីវិតពីរបប​ខ្មែរក្រហម។ លោកយាយ អម​ ប្រាប់ថា៖ “វៀតណាម បានចូលមក ហើយ​ប្រាប់​យើង​ឲ្យ​ភៀសខ្លួន ព្រោះខ្លាច​ត្រូវខ្មែរក្រហម​សម្លាប់។ យើង​ទៅតាម​គេ (វៀតណាម) ផ្លាស់ទីពីមួយ​កន្លែង​ទៅមួយ​កន្លែង។ ពេល​នោះ គេ​ផ្តល់ជាអង្ករ​ ចាន​ក្បាន​ និង​ឆ្នាំ​ងបាយ​ឲ្យយើងដែរ។” ថ្វី​ត្បិត​តែខ្មែរក្រហមត្រូវ​ផ្តួល​រំលំ​ទៅហើយ​ក្តី ខ្មែរក្រហម​នៅ​តែ​បន្ត​ចលនា​ប្រយុទ្ធប្រឆាំង ដែល​បង្កជាការរំខាន​ឥតឈប់ឈរ​ដល់ការរស់នៅរបស់​ប្រជាជន។ អម នៅចាំមិនភ្លេច​អំពី​ការ​បាញ់បោះ និង​ចលាចល​បង្កឡើង​ដោយ​ខ្មែរក្រហម។ ភាពចលាចលនេះ​ អូស​បន្លាយ​ប្រមាណជាង​១៨​ ឆ្នាំ​ រហូត​ដល់ពេល​ដែល​កម្លាំ​ងខ្មែរក្រហម​ធ្វើសមាហរណកម្មទាំងស្រុងទៅក្នុង​សង្គមកម្ពុជា​នៅ​​ឆ្នាំ១៩៩៨។[5]

សព្វថ្ងៃនេះ កេរដំណែលខ្លោចផ្សានៃរបប​ខ្មែរក្រហម នៅតែបន្តរំខាន​ដល់​ជីវិតរបស់​លោកយាយ ស៊ួម អម។ លោកយាយ អម ត្រូវរស់នៅក្នុង​ជីវភាពក្រីក្រ ដោយ​ពឹង​ផ្អែក​ទៅលើ​ជំនួយពីសំណាក់រាជ​រដ្ឋាភិបាល តាមរយៈ​បណ្ណក្រីក្រ ដែល​អាច​ផ្តល់​ប្រាក់​ឧត្ថម្ភដល់គាត់​ចំនួន​១០ម៉ឺនរៀល (ប្រហែល ២៥ដុល្លារសហរដ្ឋអាមរិក) ក្នុង​មួយខែ។

ទោះបីជា​ហែរឆ្លង​ទុក្ខ​វេទនាច្រើន​សន្ធឹកសន្ធាប់យ៉ាងណាក្តី លោកយាយ ស៊ួម អម នៅតែបន្តរឹងពឹង​រស់រាន​ទៅមុខ។ បទពិសោធន៍ជីវិតរបស់​គាត់ គឺជា​ទឡ្ហីករណ៍នៃ​ភាពមិនងាយ​ទ្រុឌទ្រោម​នៃស្មារតីរបស់​មនុស្សជាតិ និង​ជា​សេចក្ដីក្រើន​រំឭកអំពីសោកនាដកម្ម​ធ្ងន់ធ្ងរ​ដែលខ្មែរក្រហម​បានប្រព្រឹត្ត។ លោកយាយ ស៊ួម អម សង្ឃឹមថា របប​ឃោរឃៅនេះ នឹង​មិនកើតមានជាថ្មីទេ ហើយរំពឹង​ថា​សន្តិភាពនៅតែ​រក្សាបានជារៀងរហូតក្នុង​ប្រទេសកម្ពុជា។ “ខ្ញុំ​មិនចង់ឲ្យរបប​ហ្នឹងវិលមកទេ។ គេ​បង្ខំយើង​ឲ្យធ្វើការ បង្អត់អាហារ។ យើងមិនដែលបាន​សម្រាកគ្រប់គ្រាន់ទេ ហើយត្រូវ​រស់នៅក្នុង​ភាពភ័យខ្លាច” លោកយាយ អម​បាន​លើកឡើង។ ប្រវត្តិសាស្ត្រ​អំពីរឿង​រ៉ាវជីវិត​របស់​លោកយាយ ស៊ួម អម ក៏ដូចជា​អ្នករស់រានមានជីវិត​ពីរបប​ប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនត្រឹមតែជា​រឿង​ផ្ទាល់ខ្លួនរបស់​បុគ្គលទេ ក៏ប៉ុន្តែគឺជា​បំណែក​ផ្សំមួយដ៏សំខាន់​នៃការចងចាំជាសមូហភាព​របស់​កម្ពុជា។ ប្រវត្តិសាស្ត្រ​ផ្ទាល់មាត់ ឬបទពិសោធន៍​របស់អ្នក​រស់រាន​មានជីវិតពីរបប​ខ្មែរក្រហម ត្រូវ​តែចែករំលែកដើម្បីបង្កើនការ​ចងចាំ ក្នុងគោលបំណង​ធានាថា​ស្រមោល​អន្ធការ​នៃ​របបខ្មែរក្រហម នឹងមិនកើត​ឡើង​ជាថ្មី​នៅក្នុង​ពេល​អនាគត៕

អត្ថបទដោយ សុភ័ក្រ្ត ភាណា

[1] បទសម្ភាសជាមួយ​លោកយាយ ស៊ួម អម ដោយអ្នក​ស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៤ឈ្មោះ រ៉ែន ជឿន នៅថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២២ ក្នុងគម្រោង «ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា។

[2] «ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយ​ ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត បោះពុម្ពលើកទី២ ឆ្នាំ​២០២០ ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ត្រង់ទំព័រ៤៧។

[3] ដូចខាងលើ​ ត្រង់ទំព័រ៦៩។

[4] ដូចខាងលើ ត្រង់ទំព័រ៤២។

[5] «ប្រវត្តិសាស្ត្រ​សហគមន៍អន្លង់វែង» ដោយ​ ឌី ខាំបូលី និង​គ្រីស្តូហ្វ័រ ឌៀរីង, ប្រែសម្រួល​ជាភាសាខ្មែរដោយ ម៉ែន ពិចិត្រ, បោះពុម្ពលើកទី៣ ឆ្នាំ​២០១៨​ ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា សហការជាមួយ​ក្រសួងទេសចរណ៍, ទំព័រ២១៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin