ខ្សែចាត់តាំងក្បត់នឹងបដិវត្ដខ្មែរក្រហម

ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ ចេត រៀម។ រៀម ត្រូវបានចាប់ខ្លួនដោយអង្គការខ្មែរក្រហម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៦។
ចម្លើយសារភាពនៅត្រូវបានធ្វើឡើងក្នុងថ្ងៃដដែលចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១២ និង៤៥យប់ ដោយបានសរសេរថា ៖ «ខ្ញុំឈ្មោះដើម ចេត រៀម[1] ឈ្មោះបដិវត្ដន៍ មាក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង។ បច្ចុប្បន្នខ្ញុំមានមុខរបរធ្វើស្រែ និងស្ថិតក្នុងវណ្ណៈកសិករថ្នាក់កណ្ដាល។ ប្រពន្ធរបស់ខ្ញុំឈ្មោះ កុយ ដឿន អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិបារបាង ឃុំបារបាង ស្រុកពាមរក៍ ខេត្ដព្រៃវែង។ ខ្ញុំមានកូនស្រីម្នាក់ឈ្មោះ ឈា អាយុ១ឆ្នាំ បច្ចុប្បន្ននៅជាមួយម្ដាយ។ ឪពុករបស់ខ្ញុំឈ្មោះ ឡឹក អាយុ៦៥ឆ្នាំ នៅភូមិគក ឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង របររកស៊ីធ្វើស្រែ វណ្ណៈភាពកសិករថ្នាក់កណ្ដាល។ ឯម្ដាយឈ្មោះ ម៉ិញ (ស្លាប់នៅឆ្នាំ១៩៧៥) នៅភូមិគក ឃុំអង្គរទ្រេត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់(ស្រី៣នាក់ និងប្រុស២នាក់)។
កាលពីកុមារភាព ខ្ញុំឃ្វាលគោ និងរស់នៅជាមួយឪពុកម្ដាយ។ ខ្ញុំមានអាយុ១០ឆ្នាំ ម្ដាយរបស់ខ្ញុំបានយកខ្ញុំទៅរស់នៅក្នុងវត្ដអង្គរទ្រេត និងរៀននៅទីនោះរយៈពេល៥ឆ្នាំ។ អាយុ១៦ឆ្នាំ ខ្ញុំបានបួសជានេន ហើយអាយុ២០ឆ្នាំបួសជាភិក្ខុបានចំនួន៨ឆ្នាំទៀត។ ក្រោយពីបានបួសជានេនរួចមក ខ្ញុំបានដើររៀនភាសាបាលី នៅវត្ដល្វេ ព្រែកសណ្ដែក (ឈ្មោះគ្រូសយ ជាគ្រូបាអាចារ្យ)។ ចំណែកឯ ការបំពេញជាភិក្ខុ ខ្ញុំបានទៅរៀនភាសាបាលីនៅវត្ដមេបុណ្យ ឃុំតាកោ ស្រុកព្រៃវែង ខេត្ដព្រៃវែង (ឈ្មោះអាចារ្យ ស៊ឹម ជាគ្រូបាអាចារ្យ)។ ក្រោយមក ខ្ញុំបានទៅរៀននៅវត្ដស្ទឹងស្លូតខាងកើតអ្នកលឿង។ ក្រោយមកទៀត ក្នុងឆ្នាំ១៩៦៤ ខ្ញុំបានទៅរៀននៅវត្ដល័ង្កា ហើយក៏បានចូលបដិវត្ដនៅទីនោះតែម្ដង។ កំឡុងពេលនោះ ខ្ញុំបានទទួលភារកិច្ចជាអ្នកចលនាខាងព្រះសង្ឃ និងបាចខិត្ដប័ណ្ណ។ នៅចុងឆ្នាំ១៩៦៧ ខ្ញុំបានចេញពីវត្ដលង្កាមកនៅវត្ដស្ទឹងស្លូត ហើយបានចលនាព្រះសង្ឃចំនួន៣ខែ បន្ទាប់មកខ្ញុំបានចេញមកនៅវត្ដកណ្ដាល ឃុំតាលៀង ស្រុកកោះជ័យ ខេត្ដព្រៃវែង និងបានទទួលតួនាទីជាអ្នកតំណាងសង្ឃនៅវត្ដកណ្ដាល។
លុះដល់ពេលរដ្ឋប្រហារឆ្នាំ១៩៧០ ខ្ញុំបានសឹក ហើយអង្គការបដិវត្ដខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំរស់នៅស្រុកពាមរក៍ និងបានទទួលតួនាទីជាអនុប្រធានយោធាស្រុកពាមរក៍ក្នុងឆ្នាំ១៩៧៣។ ក្នុងខែឧសភា ឆ្នាំ១៩៧៥ ខ្ញុំបានឡើងជាលេខាស្រុកពាមរក៍។ ខ្ញុំមានមិត្ដជិតស្និទចំនួន៣នាក់ រួមមាន៖ មិត្ដ វ៉ន (សន្ដិសុខស្រុកបាភ្នំ), មិត្ដវិន (លេខាស្រុកត្របែក) និងមិត្ដ វង់ (អនុលេខាស្រុកបាភ្នំ)។
ខ្ញុំបានចូលបដិវត្ដខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៦៤ នៅវត្ដលង្កា ក្នុងទីក្រុងភ្នំពេញតាមរយៈសមមិត្ដ មួន (ទទួលខុសត្រូវចលនាខាងសង្ឃ) ហើយសមមិត្ដ មួន បានស្លាប់ដោយសារជំងឺនៅស្រុកបាភ្នំ នាឆ្នាំដដែលនោះ។ ក្រោយមក ខ្ញុំបានចូលបក្សនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧០ ដោយបានទទួលស្គាល់ពីសមមិត្ដ ស្លូត (បច្ចុប្បន្នអង្គការចាប់ខ្លួនហើយ) ពិធីរៀបចំនៅភូមិព្រែកអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្ដព្រៃវែង។ ស្លូត ទទួលតួនាទីជាអនុប្រធានកសិកម្ម តំបន់២៤។ ក្រោយមក ខ្ញុំបានចូលពេញសិទ្ធិទៅក្នុងបក្សនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧០។ បច្ចុប្បន្ន ខ្ញុំទទួលតួនាទីជាលេខាស្រុកពាមរក៍។
ខ្ញុំត្រូវបានអង្គការនាំខ្លួនមកទីនេះ ដោយសារខ្ញុំបានចាត់តាំងកម្លាំងក្បត់ពីឈ្មោះ ចក្រី[2] ដែលមានតួនាទីក្នុងជួរបដិវត្ដន៍ជាស្នងការនយោបាយ ច១ យោធាប្រចាំក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៦៧ ដែលមានទីតាំងក្នុងវត្ដលង្កា។ ខ្សែចាត់តាំងក្បត់របស់ឈ្មោះ ចក្រី មានគ្នាចំនួន៨នាក់ជាព្រះសង្ឃទាំងអស់ ដែលធ្វើឡើងវេលាម៉ោង២រសៀល។ នៅពេលចាត់តាំងឈ្មោះ ចក្រី បានអប់រំដូចតទៅ៖ ១) រៀនសូត្រអំពីលក្ខណៈប្រជាជន ដើម្បីក្ដាប់ប្រជាជន និង ២) ឃោសនាអប់រំ ប្រជាជនឲ្យយល់ច្បាស់ជាមួយនឹងបដិវត្ដន៍។ ឈ្មោះ ចក្រី បានចាត់តាំង និងប្រគល់ភារកិច្ចក្បត់ដូចតទៅ៖ ១) ឈ្មោះ សំអាន ទទួលជាអាស៊ីដង់ ប្រាក់ខែ៥០០០រៀល និងទទួលភារកិច្ចក្ដោបក្ដាប់ប្រជាជននៅក្នុងខេត្ដកំពង់ស្ពឺ, ២) ឈ្មោះ សារិត មានតួនាទីជាអាស៊ីដង់ ប្រាក់ខែ៥០០០រៀល និងទទួលភារកិច្ចក្ដោបក្ដាប់ប្រជាជនក្នុងខេត្ដតាកែវ, ៣) សារឿន ពាក់សក្ដិ២ ប្រាក់ខែមិនកំណត់ ទទួលបន្ទុកក្នុងខេត្ដស្ទឹងត្រែង, ៤) វ៉ែន ពាក់សក្ដិ១ ទទួលខុសត្រូវប្រជាជនក្នុងខេត្ដកំពង់ស្ពឺ, ៥) ថាច់ រ៉េន ពាក់សក្ដិ៣ ក្ដោបក្ដាប់ប្រជាជនក្នុងខេត្ដកំពត, ៦) សំអាត មានតួនាទីអាស៊ីដង ប្រាក់ខែ៥០០០រៀល ក្ដោបក្ដាប់ប្រជាជននៅម្ដុំរទេះឆេះខាងលិចពោធិចិនតុង ខេត្ដកណ្ដាល និង ៧) ខ្ញុំផ្ទាល់ ចេត រៀម ពាក់សក្ដិ៣ ទទួលខុសត្រូវគ្រប់គ្រងប្រជាជនក្នុងខេត្ដព្រៃវែង។
គម្រោងផែនការក្បត់នៃការចាត់តាំងនេះ គឺធ្វើឲ្យសង្គមកម្ពុជាក្លាយជាប្រទេសនាយទុននិយម ហើយប្រឆាំងជាមួយអង្គការបដិវត្ដន៍យូរអង្វែង។ មួយវិញទៀត ក៏ប្រមូលកម្លាំងឲ្យបានច្រើន ដើម្បីវាយរំលំបដិវត្ដន៍ដោយផែនការនេះ គឺវាយចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៧០មក។ យ៉ាងយូរត្រឹមឆ្នាំ១៩៧៣ ឬ ឆ្នាំ១៩៧៥ នឹងវាយដណ្ដើមយករដ្ឋអំណាចដោយបដិវត្ដន៍ និងគ្រប់គ្រងរដ្ឋអំណាចទាំងស្រុងឲ្យបាន។ ខ្ញុំបានចាត់តាំងកម្លាំងក្បត់ចំនួន៨នាក់បន្ដទៀត ដើម្បីគ្រប់គ្រងទៅលើឃុំប្រសាទ, ឃុំពាមមានជ័យ, ឃុំពាមរក៍, ឃុំព្រែកអន្ទរ, ឃុំព្រៃកណ្ដៀង និងភូមិបារ៉ាយភាគខាងកើត។ ចំពោះខ្លឹមសារនៃការឃោសនាផ្នែកនយោបាយ គឺយើងខ្ញុំធ្វើយ៉ាងណាឲ្យស្របច្បាប់ជាមួយបដិវត្ដន៍ ដោយជម្រុញឲ្យប្រជាជនបង្កបង្កើនផល ជម្រុញឲ្យក្ដៅ ហើយប្រជាជនណាមិនទៅធ្វើ ឬប្រឆាំងការចាត់តាំងនេះ យើងខ្ញុំនឹងឆក់ដណ្ដើម ដើម្បីអប់រំជាកម្លាំងស្នូលតែម្ដង។ មួយវិញទៀត យើងពិនិត្យមើលទៅលើលក្ខណៈសហករណ៍ ដើរលឿន ឬយឺត សាមគ្គីល្អ ឬមិនល្អ ជាពិសេស គឺបំបែកប្រជាជនឲ្យចេញពីសហករណ៍។ រីឯការឃោសនាផ្នែកសង្គមកិច្ច យើងខ្ញុំបំផុសបំផុលឲ្យមានការទាមទារថ្នាំពេទ្យ ជាពិសេសពេលអង្គការខ្មែរក្រហមកំពុងតែខ្វះខាត និងជម្រុញឲ្យបុគ្គលិកពេទ្យខិតខំបំផ្លាញថ្នាំពេទ្យ។ ចំណែកឯផ្នែកវប្បធម៌វិញ យើងខ្ញុំបានបំផុសបំផុលឲ្យច្រៀងចម្រៀងពាលាអាវ៉ាសែ ឲ្យនិយាយពាក្យចំអាសចំអូង ធ្វើយ៉ាងណាឲ្យពុករលួយ»៕
អត្ថបទដោយ សួត វិចិត្រ
[1] ចម្លើយសារភាពរបស់ ចេត រៀម ហៅ មាក ឯកសារលេខ J00168។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវបានចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែជាចម្លើយដែលកើតចេញពីអំពើទារុណកម្ម។
[2] ចក្រី មានតួនាទីបម្រើខ្មាំង ជារដ្ឋមន្រ្ដីការពារប្រទេសដោយទទួលការចាត់តាំងពី សម្ដេចព្រះនរោត្ដម សីហនុ ផ្ទាល់។ នៅក្នុងភារកិច្ចបដិវត្ដ ចក្រី ជាស្នងការនយោបាយកងពលលេខ១៧០។