អ្នកដឹកជញ្ជូនម្ហូបអាហារផ្គត់ផ្គង់កងទ័ពខ្មែរក្រហម

នៅឆ្នាំ១៩៧៧ ស៊ីម ត្រូវបានអង្គការខ្មែរក្រហមប្ដូរចេញពីខាងនេសាទ ឲ្យទៅនៅខាងសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនម្ហូបអាហារ និងសម្ភារផ្សេងៗទៅផ្គត់ផ្គង់កងទ័ពខ្មែរក្រហមដែលប្រចាំការនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។
ឈ្មោះ ម៉ែន ស៊ីម ភេទប្រុស មានអាយុ៦៧ឆ្នាំ[1]។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ដាំដំឡូង និងដាំពោតបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិថ្មស ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ស៊ីម រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស៊ីម មានឪពុកឈ្មោះ សេង (ស្លាប់) និងម្ដាយឈ្មោះ តី (ស្លាប់) ពួកគាត់ស្លាប់ដោយសារមានជំងឺអស់រយៈពេលប្រហែលជាជាង២០ឆ្នាំមុន។ ស៊ីម មានបងប្អូនបង្កើតចំនួន៦នាក់ ក្នុងនោះមាន(ស្រី៣នាក់) ស៊ីម ជាកូនទី២។ ភរិយារបស់ ស៊ីម បានស្លាប់បាត់បង់ជីវិត និងបានបន្សល់ទុកកូន៧នាក់ (ស្រី៤នាក់) កូនៗមានគ្រួសារអស់ហើយ។
កាលនៅវ័យជាកុមារ ស៊ីម មិនបានចូលសិក្សារៀនសូត្រនោះទេ។ រហូត ស៊ីម មានអាយុប្រហែល១៤ឆ្នាំ ទើប ស៊ីម បានចូលរៀននៅសាលារៀនមួយក្នុងភូមិថ្មស ស្ថិតក្នុងខេត្តកណ្ដាលបានត្រឹមថ្នាក់ទី១២ចាស់។
នៅឆ្នាំ១៩៧០ ស៊ីម រស់នៅក្នុងភូមិ ហើយបន្ទាប់មកកើតមានរដ្ធប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ហើយបណ្ដាលឲ្យកើតមានសង្រ្គាមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក មានយន្តហោះបើកមកទម្លាក់គ្រាប់បែកនៅក្នុងភូមិធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ធ រួមទាំងសាលារៀនជាច្រើនកន្លែង។ ស៊ីម ត្រូវបង្ខំចិត្តឈប់រៀន ហើយត្រូវនៅផ្ទះជួយធ្វើកិច្ចការងាររបស់ឪពុកម្ដាយ។ ក្នុងពេលជាមួយគ្នា ក្នុងភូមិចាប់ផ្ដើមមានការឃោសនាបុរសៗដែលមានវ័យជំទង់ឲ្យស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីចូលរួមប្រយុទ្ធក្នុងសមរភូមិជាមួយទាហានរបស់ លន់ នល់។ ប្រជាជនមួយចំនួនបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធ រីឯប្រជាជនមួយចំនួនទៀតបាននាំគ្នារត់ចេញពីភូមិទៅរកទីកន្លែងដែលមានសុវត្តិភាពដើម្បីគេចចេញពីសង្រ្គាម។ នៅចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ស៊ីម បានដឹងថាកងខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិថ្មស។ បន្ទាប់មកគ្រួសាររបស់ ស៊ីម ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅទៅស្រុកលើ ការរស់នៅលំបាកវេទនាណាស់ត្រូវរត់គេចគ្រាប់រំសេវ ទៅវិញទៅមក។ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់ ស៊ីម រួមទាំងអ្នកភូមិមួយចំនួនទៀតទៅក្នុងព្រៃស្រុកលើរស់នៅតាមចម្ការដូង ដំណាក់ស្មាច់(ពីមុនហៅរ៉ាដំណាក់ស្មាច់)។ ក្រុមគ្រួសាររបស់ ស៊ីម ត្រូវបានជម្លៀសទៅរស់នៅតាមទីកន្លែងនីមួយៗអស់រយៈពេលប្រហែល៣ឆ្នាំ។
ដើមឆ្នាំ១៩៧៥ ស៊ីម និងក្រុមគ្រួសារ ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសចេញពីដំណាក់ស្មាច់មករស់នៅក្បែរភូមិជិតស្រុកកំណើតរបស់ ស៊ីម វិញ។ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជំនះលើទាហានរបស់ លន នល់ និងបានចូលកាន់កាប់អំណាចពេញសិទ្ធិ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជននៅតាមគ្រួសារនីមួយៗប្រមែប្រមូលទ្រព្យសម្បត្តិ វត្ថុមានតម្លៃដូចជា មាស ប្រាក់ មាន់ទា គោក្របី រួមទាំងដំណាំបន្លែផ្លែឈើ ដែលដាំនៅជុំវិញផ្ទះទាំងអស់ យកមកប្រគល់ជូនដើម្បីដាក់រួមជាទ្រព្យរបស់អង្គការ ហើយគ្មានប្រជាជនណាម្នាក់មានសិទ្ធិក្នុងការប្រើប្រាស់ឬបេះហូបជាដាច់ខាត។ សាលារៀនទាំងអស់ត្រូវបានអង្គការបិទទ្វារចោល ហើយយកវត្តអារាមជាកន្លែងដាក់ស្រូវអង្ករ វាយព្រះពុទ្ធរូបបំផ្លិចបំផ្លាញចោល ព្រមទាំងលុបបំបាត់ព្រះពុទ្ធសាសនាមិនឲ្យប្រជាជនមានការគោរពបូជា ហើយបានប្រាប់ប្រជាជនទាំងអស់ស្ដាប់ និងត្រូវធ្វើតាមបញ្ជារបស់អង្គការតែម្នាក់ប៉ុណ្ណោះ។ អង្គការបានប្រាប់ថា បើប្រជាជនណាម្នាក់ល្មើសបញ្ជានឹងត្រូវបានដាក់ទោសឬធ្វើទារុណកម្មជាក់ជាមិនខាន។ បន្ទាប់មក អង្គការបានចាប់ផ្ដើមបំបែកកុមារតូចៗទៅនៅផ្សេង ឪពុកទៅផ្សេង និងម្ដាយទៅផ្សេង។ បន្ទាប់មកទៀត អង្គការបានជ្រើសរើសប្រជាជនចាស់ៗ យុវនារី-យុវជនដែលមានអាយុចន្លោះពី១៥ទៅ១៦ឆ្នាំ ដាក់ឲ្យនៅធ្វើការងារតាមកងចល័ត។
នៅឆ្នាំ១៩៧៦ ស៊ីម ត្រូវបានអង្គការចាត់ទុកជាប្រជាជនចាស់ ព្រោះ ស៊ីម មិនត្រូវបានជម្លៀសទៅកន្លែងផ្សេងនោះទេ។ នៅក្នុងភូមិដែល ស៊ីម ធ្វើការនិងរស់នៅជាមួយមានប្រជាជន១៧មេសាជាច្រើនដែលត្រូវបានអង្គការជម្លៀសមកពីទីក្រុងភ្នំពេញ ព្រមទាំងមានពីតាមបណ្ដាខេត្តមួយចំនួនទៀត។ ស៊ីម ត្រូវរស់នៅបែកពីឪពុកម្ដាយ និងបងប្អូនទាំងអស់។ ឪពុកម្ដាយរបស់ ស៊ីម ត្រូវបានអង្គការប្រើឲ្យធ្វើការងារនៅក្នុងសហករណ៍តាមភូមិ ព្រោះពួកគាត់មានវ័យចំណាស់មិនអាចទៅធ្វើការងារនៅកន្លែងឆ្ងាយបាន ទើបអង្គការបានប្រើឲ្យពួកគាត់ទៅគាស់គល់។ ចំណែកប្អូនប្រុស៣នាក់ របស់ ស៊ីម ធ្វើការងារនៅក្នុងកងចល័ត។ រីឯប្អូនៗតូចៗនៅក្នុងកងកុមារ អង្គការប្រើឲ្យដើររើសអាចម៌គោ។ ស៊ីម នៅក្នុងកងចល័តធ្វើការងារដកស្ទូង ច្រូតកាត់ ទៅតាមរដូវកាលនីមួយៗ ហើយត្រូវធ្វើការមិនមានពេលវេលាសម្រាក។ អង្គការតែងតែបង្ខំឲ្យធ្វើការងារទាំងយប់ទាំងថ្ងៃ មិនឲ្យមានពេលទំនេរនោះទេ។ ក្នុងពេលដើរធ្វើការ ស៊ីម បានឃើញអង្គការប្រើឲ្យប្អូនៗរបស់គាត់ ទៅរកត្រី ហើយត្រូវបានអង្គការចាប់វាយធ្វើបាប ព្រោះពួកគេគ្មានអាហារហូបគ្រប់គ្រាន់ ហើយបានលួចយកត្រីដែលចាប់បានទៅដុតហូប១ទៅ២ត្រីប៉ុណ្ណោះ។ ស៊ីម បានដឹងថាអង្គការវាយធ្វើបាបប្អូន នឹងតូចចិត្តអាណិតប្អូន ប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ។ មិនយូរប៉ុន្មានរបបអាហារកាន់តែមានភាពខ្វះខាត ស៊ីម បានលួចដាំបាយហូបក្នុងកំសៀវដាំទឹក អង្គការតាមទាន់ ហើយបានទាត់កំសៀវដាំបាយខ្ចាត់ខ្ចាយ ហើយបានគំរាមថាប្រសិនឃើញលួចដាំបាយម្ដងទៀតនឹងយកទៅសម្លាប់ចោល។ ស៊ីម ពិតជានឹកឈឺចិត្តខ្លាំងណាស់ដែលពួកខ្មែរក្រហមធ្វើទង្វើបែបនេះមកលើខ្លួន។
នៅឆ្នាំ១៩៧៧ ស៊ីម ត្រូវបានអង្គការប្ដូរឲ្យទៅនៅខាងនេសាទ ហើយត្រូវរកត្រីឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ជួរកងទ័ពបានហូបគ្រប់គ្រាន់ មានកងវរៈសេនាតូច កងវរៈសេនាធំ និងតាមកងពលធំៗ។ ស៊ីម ខិតខំរកត្រីខ្លាំងណាស់ ដើម្បីគេចពីការធ្វើទារុណកម្ម ឬការសម្លាប់របស់អង្គការ។ បន្ទាប់មក ស៊ីម ត្រូវបានអង្គការប្ដូរឲ្យទៅនៅខាងសេដ្ឋកិច្ច ផ្នែកដឹកជញ្ជូនស្បៀងទៅដាក់តាមកងចល័ត ដឹក អង្ករ ប៊ីចេង មង អំបិល ប្រហុក និងរបស់របរផ្សេងៗទៀត។ ស៊ីម ដឹកស្បៀងចេញពីទីក្រុងភ្នំពេញទៅតាមព្រែកលួង ទៅរហូតដល់ទន្លេសាប។ ស៊ីម ដឹកអង្ករដាក់តាមកង ក្នុងមួយកងវរៈសេនាតូចត្រូវដាក់អង្ករចំនួន៣បាវ ដែលមានកងទ័ពប្រហែល១០០នាក់ និងកងវរៈសេនាធំមានអង្ករចំនួន៥បាវ មានកងទ័ពចន្លោះពី៣០០ទៅ៤០០នាក់។
ក្នុងឆ្នាំ១៩៧៨ ស៊ីម បានដឹងថាមានប្រជាជនជាច្រើនត្រូវបានអង្គការបញ្ជូនទៅសម្លាប់ចោល ដោយប្រាប់ថាយកទៅរៀនសូត្របន្ត ប៉ុន្តែមិនឃើញត្រឡប់មកវិញទេ។ មុននឹងបាត់ខ្លួនប្រជាជនមួយចំនួនមិនបានទៅធ្វើការងារព្រោះឈឺញឹកញាប់។ ឯមួយចំនួនទៀតខ្ជិលមិនចង់ទៅធ្វើការឬធ្វើការមិនរួចតាមការកំណត់របស់អង្គការ។ នៅពេល ស៊ីម ឈឺអង្គការបានបញ្ជូនទៅមន្ទីពេទ្យឲ្យសម្រាកព្យាបាល ប៉ុន្តែពេលបានធូរស្បើយត្រូវត្រឡប់មកធ្វើការងារវិញ ហើយមិនត្រូវសម្រាកនៅពេទ្យយូរពេកនោះទេ។ ស៊ីម បន្តនៅធ្វើការងារខាងសេដ្ឋកិច្ច ដឹកសម្ភារៈចែកទៅតាមកងដដែល។ ស៊ីម បានហូបចុកគ្រប់គ្រាន់ ព្រោះនៅខាងសេដ្ឋកិច្ច មានបាយ ជួនកាលហូបបបរ ហើយក្នុងមួយថ្ងៃហូបបីពេល។ ស៊ីម ត្រូវធ្វើការតាំងពីព្រលឹមទល់ព្រលប់ អង្គការប្រើមិនឲ្យមានពេលទំនេរនោះឡើយ។ ស៊ីម តែងតែខំប្រឹងទៅធ្វើការងារទាំងឈឺទាំងជា អត់ធ្មត់ តស៊ូជាមួយការងារដែលអង្គការបានកំណត់ឲ្យធ្វើយ៉ាងខ្ជាប់ខ្ជួន មិនឲ្យអវត្តមានឡើយ។ ជួនកាល អង្គការបានឲ្យ ស៊ីម ទៅឃ្វាលក្របីរាប់សិបក្បាលតែម្នាក់ឯង។ សម្រាប់ប្រជាជនថ្មី ការហូបចុក និងការធ្វើការងារដូចប្រជាជនមូលដ្ធានដែរ បើធ្វើការងារបានល្អនឹងមានជីវិតរស់នៅបានយូរអង្វេង ប៉ុន្តែបើប្រជាជនណាខ្ជិល កើតមានសតិអារម្មណ៍ច្រើនញឹកញាប់ អង្គការនឹងសម្លាប់ចោលទាំងអស់មិនទុកឲ្យរស់រានមានជីវិតទេ។ ។ សម្រាប់(អ្នកចេះដឹង បញ្ញាវន្ត) អង្គការយកទៅធ្វើទារុណកម្មឬសម្លាប់ចោលទាំងអស់មិនទុកឲ្យនៅរស់រានមានជីវិតនោះទេ ហើយអង្គការទុកឲ្យនៅរស់រានមានជីវិតចំពោះតែអ្នកមិនចេះអក្សរ មិនបានរៀនសូត្រ។ អង្គការបានទុកប្រជាជនដែលមិនចេះអក្សរ ឬកុមារតូចៗដើម្បីងាយស្រួលបញ្ជាឲ្យអារកឬសម្លាប់ប្រជាជនណាដែលធ្វើខុសពីវិន័យរបស់អង្គការជំនួសខ្លួន ហើយក្មេងៗទាំងនោះតែងតែធ្វើតាមបញ្ជារបស់អង្គការ ហើយមិនលើកលែងសូម្បីឪពុកម្ដាយ បងប្អូនបង្កើតខ្លួនឯង។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ស៊ីម បានវិលត្រឡប់មកជួបជុំជាមួយឪពុកម្ដាយ បងប្អូន នៅស្រុកកំណើតវិញ។ បន្ទាប់មក ស៊ីម បានធ្វើជាសេនាជនភូមិមានតួនាទីជាប្រធានបង្ហាត់ក្បាច់គុណការពារខ្លួន ដើម្បីប្រឆាំងជាមួយសត្រូវ ឬចោរ រួមមានក្បាច់ចាក់ ក្បាច់ដាល់ និងក្បាច់ផ្សេងៗទៀត។ បន្ទាប់មកទៀត ស៊ីម បានស្ម័គ្រចិត្តចេញពីភូមិទៅកាប់ព្រៃនៅក៥ រហូតទៅដល់ភ្នំខៀវ២ទៅ៣ដង។ នៅតាមភូមិនានាមានប្រជាជនស្ម័គ្រចិត្តទៅកាប់ព្រៃម្ដងពី៥០ទៅ៦០នាក់ រយៈពេលចន្លោះពី៣ខែទៅ១ឆ្នាំ ទើបត្រឡប់មកផ្ទះម្ដង។ ស៊ីម និងប្រជាជនដទៃតែងតែឆ្លងជំងឺគ្រុនចាញ់ជាញឹកញាប់។ ក្នុងឆ្នាំ១៩៨០ ស៊ីម បានរៀបការជាមួយភរិយា បន្ទាប់មកស៊ីម បានចូលបម្រើការងារនៅក្នុងរោងចក្របារីរំដោះរដ្ធនៅចាក់អង្រែលើ ក្នុងទីក្រុងភ្នំពេញបានរយៈពេលប្រហែល៣ទៅ៤ឆ្នាំ ទើបឈប់ធ្វើការនៅទីនោះ។ បន្ទាប់មក ស៊ីម បានរស់នៅជាមួយប្រពន្ធកូនដោយប្រកបមុខរបរធ្វើស្រែចម្ការ។ ក្នុងសម័យខ្មែរក្រហមការរស់នៅរបស់ ស៊ីម មិនសូវជួបការលំបាកធ្ងន់ធ្ងរដូចប្រជាជនមួយចំនួនទៀតនោះទេ ប៉ុន្តែ ស៊ីម បានរងនូវគាបសង្កត់ ការបិទសិទ្ធិសេរីភាព ការធ្វើទារុណកម្ម និងការបែកបាក់ព្រាត់ប្រាស់ពីក្រុមគ្រួសារអស់រយៈពេលយ៉ាងយូរ។
រឿងរ៉ាវដែលចងចាំឈឺចាប់មិនអាចបំភ្លេចបានក្រោយពីរបបខ្មែរក្រហមបានដួលរលំគឺ ស៊ីម នៅតែនឹកស្រណោះ ក្រោយពេលដែល ស៊ីម បានដឹងឪពុកម្ដាយចាស់ៗ និងប្អូនតូចៗ ត្រូវបានអង្គការប្រើឲ្យកាប់ដី និងរែកដីដំបូកធ្វើបាបយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទដោយ មឿន ស្រីនុច
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង សម្ភាសន៍ជាមួយឈ្មោះ ម៉ែន ស៊ីម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។