នៃ សឿន៖ យុទ្ធនារីរោងពុម្ព ក២៦

កម្មាភិបាលខ្មែរក្រហមដែលធ្វើការនៅក្នុងមន្ទីរផ្សេងៗ តម្រូវឲ្យធ្វើប្រវត្តិរូបស្ទើរតែគ្រប់គ្នា ក្នុងនោះដែរកម្មាភិបាលដែលធ្វើការនៅមន្ទីរពេទ្យ ៦មករា គឺតម្រូវឲ្យធ្វើប្រវត្តិរូបក្នុងមួយខែមួយដង[1]ជាប្រចាំ។ ដោយឡែកការធ្វើប្រវត្តិរូបភាគច្រើនគឺពេលដែលមានការផ្លាស់ប្តូរកន្លែងធ្វើការ ឬកន្លែងស្នាក់នៅពីមួយកន្លែងទៅមួយកន្លែងទៀត[2]។ ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ ចងក្រងឡើងតាមគ្រោងដែលមានស្រាប់ ហើយត្រូវរៀបរាប់ពីប្រវត្តិសង្ខេបនៃ វណ្ណៈ ជីវភាព និងអំពីអត្តចរិកមុន និងក្រោយចូលបដិវត្តន៍ ក៏ដូចជាការងារផ្សេងៗដែលធ្លាប់ធ្វើ មិនតែប៉ុណ្ណោះមានការបញ្ជាក់អំពីទីកន្លែងកំណើត អំពីឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ ឬឪពុកម្តាយក្មេក (ប្រសិនបើមាន) និងផ្នែកមួយអំពីមិត្តភក្តិជិតស្និតក្រៅអង្គការបដិវត្តិ ប៉ុន្តែស្ទើរតែគ្រប់ប្រវត្តិរូបមិនមានបញ្ជាក់ ឬរៀបរាប់អំពីមិត្តភក្តិឡើយ។
ក្នុងនោះដែរមានសំណេរនៃឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍មួយច្បាប់[3] ដែលមាន ១១ទំព័រ បានសរសេរដោយកម្មកររោងពុម្ព នៅមន្ទី ក២៦ មានឈ្មោះ នៃ សឿន ដែលមានឈ្មោះបដិវត្តថា មីន ភេទស្រី កើតនៅឆ្នាំ១៩៤៩ មានអាយុ២៨ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិហុងត្នោត សង្កាត់ពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងប្តីឈ្មោះ ខៀវ វ៉ែន ដែលមានឈ្មោះបដិវត្តន៍ហៅ ពីស កើតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៣៨ មានអាយុ ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកដំបង សង្កាត់ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ វ៉ែន (ប្តី) មានវណ្ណភាពជា អនុធនសង្ឃ ធ្វើការខាងកាសែត និងធ្វើកម្មករផ្ទះថ្មមុនពេលចូលបដិវត្តន៍ បន្ទាប់ពីចូលបដវិត្តន៍នៅខែតុលា ឆ្នាំ១៩៧៩ នៅទីក្រុងភ្នំពេញតាមរយៈ ម៉ី សឿង ដែលជាជនបង្គោលរបស់អង្គការ បានរយៈពេលមួយឆ្នាំក្រោយមក នៅថ្ងៃទី២៨ ខែវិច្ឆការ ឆ្នាំ១៩៧២ វ៉ែន បានចាត់តាំងឲ្យទទួលខុសត្រូវលើការងារបច្ចេកទេសរោងពុម្ព និងធ្វើជាប្រធានរោងពុម្ព «ក២៦» ដែលមានទីតាំងនៅជាប់ស្តាតអូឡាំពិក ទីក្រុងភ្នំពេញ នៃក្រសួងឃោសនាការ និងវប្បធម៌។ សឿន មានកូនប្រុស ២នាក់ ឈ្មោះ ពុម្ព (អាយុ ៣ឆ្នាំ) និង ពឿន (អាយុ ៧ខែ)។ សឿន មានវណ្ណៈភាពជាកសិករកណ្តាលលើ ដោយនៅពីតូច ឃ្វាលគោ ធ្វើស្រែជាមួយឪពុកម្តាយនៃដីស្រែចម្ការខ្លួនឯងផ្ទាល់ និងរស់នៅក្នុងជីភាពធូរធារ។ ក្រោយពេលរដ្ឋប្រហារទម្លាក់សម្តចព្រះ នរោត្តម សីហនុ និងបានឃើញដោយផ្ទាល់អំពីការជិះជាន់យ៉ាងខ្លាំង ការចាប់ដាក់គុក និងវាយធ្វើបាបមកលើប្រជាជន ទើប សឿន បានចូលបដិវត្តន៍នៅភូមិពាម វត្តច្រកស្តេច នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧០ តាមរយៈសមមិត្ត មុត និង ជិន (មានតួនាទីជាកម្មាភិបាល) និងចូល សិល្បៈ ក្នុងភូមិភាគនិរតី នៅចុងឆ្នាំ១៩៧៩ រហូតដល់ដើមឆ្នាំ១៩៧១ ទើបទៅធ្វើការនៅរោងពុម្ព នៃភូមិភាគនិរតីរហូតដល់ថ្ងៃរំដោះ ១៧មេសា១៩៧៥ ទើបទៅធ្វើការជាកម្មកររោងពុម្ព ក២៦ នៅទីក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ សឿន បានចូលអង្គការសំងាត់របស់បក្សជា ស. យុវកក ឬហៅថា ជនបង្គោល នៅមន្ទីរវប្បធម៌ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧១ តាមរយៈ សមមិត្ត ជា និង រី ដោយសារចង់កសាងខ្លួនឲ្យទៅជាជនកុម្មុយនីស្តដែលបម្រើបក្សដោយគ្មានលក្ខខណ្ឌ ថែមទាំងចង់រំដោះខ្លួន និងប្រជាជនឲ្យរួចផុតពីការគ្រប់គ្រងរបស់ចក្រពត្តិ និងសក្តិភូមិ។ សឿន មានឪពុកឈ្មោះ ឡឹក ម្តាយឈ្មោះ ស៊ុន និងមានបងប្អូន ៦នាក់ ស្រី៣នាក់ និង៤នាក់ ចូលបដិវត្តិន៍ មានឈ្មោះ សែម សឿន សុំ និង សូយ ចំណែកពីរនាក់ទៀត មានឈ្មោះ សុន និង សាន់។
ខាងក្រោមជាសេចក្តីសង្ខេបនៃបទសម្ភាសន៍ នៃ សឿន ក្រោយរបបខ្មែរក្រហមដួលរលំ។ យោងតាមការសង្កេតរបស់អ្នកធ្វើបទសម្ភាសន៍ជាមួយ សឿន បានឲ្យដឹថា សឿន មានភាពក្លាហាន មានចិត្តចង់និយាយប្រាប់នូវរឿងរ៉ាវជីវិត និងមានការចងចាំអំពីរឿងរ៉ាវដែលបានឆ្លងកាត់ច្រើនលើសពីការរំពឹងទុក ប្រសិនបើប្រៀបធៀបនឹងអ្នកផ្តល់បទសម្ភាសន៍ (ជាពិសេសមនុស្សស្រី) កន្លងមក។
ខ្ញុំឈ្មោះ នៃ សឿន ហៅ មីន អាយុ៥៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប I០៦៦៦៤[4] មានឪពុកឈ្មោះ អ៊ុង ឡឹង ម្ដាយ ឈ្មោះ ជួន ស៊ុន មានបងប្អូន៧នាក់ (៣នាក់ស្លាប់ក្នុងសម័យកាលសង្គ្រាម និង២នាក់ទៀតសម្លាប់ក្រោយឆ្នាំ១៩៧៩)។ ខ្ញុំរៀននៅសាលាច្រកស្តេចបានបន្ដិចបន្ដួចទេ គឺខ្ញុំរៀនបានតែពីរឆ្នាំប៉ុណ្ណោះ ក៏សម្រេចចិត្តឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយការធ្វើដំណើរទៅសាលាផ្លូវឆ្ងាយមានការលំបាកខ្លាំង និងត្រូវខ្ចប់អាហារដោយប្រើស្លឹកខ្លុងយកទៅរៀនរាល់ថ្ងៃ ប៉ុន្តែការរៀនសូត្រមានការតឹងរឹង សិស្សរៀនបានច្រើន និងពូកែជាងពេលបច្ចុប្បន្ន។
ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ នៅតាមស្រុកស្រែ ចាប់ផ្តើមានចលនាខ្មែរក្រហមចុះដើរប្រមូល និងឃោសនាតាមរយៈចម្រៀងដើម្បីឲ្យប្រជាជនទៅរស់នៅក្នុងតំបន់រំដោះ ដែលហៅថា ភូមិខ្មែរក្រហម។ ជាពេលវេលាដែលគ្រួសាររបស់ខ្ញុំចាប់ផ្តើមត្រូវបានប្រឈមនឹងភាពឯកោ ព្រោះគ្រួសារខ្ញុំស្ថិតនៅ ក្នុងស្រទាប់កសិករថ្នាក់លើ ដោយពេលនោះ សកម្មភាពនៃចលនាខ្មែរក្រហមបានបែងចែកវណ្ណៈជាបី គឺវណ្ណៈកសិករក្រ វណ្ណៈកសិករកណ្តាលថ្នាក់ក្រោម និងវណ្ណៈកសិករកណ្តាលថ្នាក់លើ។ នៅឆ្នាំ១៩៧០ ពូខ្ញុំឈ្មោះ សន ដែលជាអតីតមេភូមិក្នុងរបបសង្គមរាស្ត្រនិយម និងកូនប្រសារឈ្មោះ ស៊ាន ត្រូវបានខ្មែរក្រហមចុះទៅចាប់ពីផ្ទះ (នៅជិតផ្ទះខ្ញុំ) យកទៅសម្លាប់នៅឯចម្ការ ក្នុងភូមិក្តុល និងដោយសារតែមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សមេ្ដចព្រះ នរោត្តម សីហនុ ថែមទាំងការប្រកាសពីក្រុងប៉េកាំងប្រទេសចិនឲ្យកូនចៅ ចូលពៃ្រម៉ាគីដើម្បីរំដោះជាតិឲ្យរួចផុតពីរបបសក្ដិភូមិ នាយទុន ទើបខ្ញុំស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្ដន៍ ហើយគ្រួសារខ្ញុំបានប្តូរទីលំនៅទៅរស់នៅក្នុងតំបន់រំដោះ ឬហៅថា ភូមិខ្មែរក្រហម។ ដោយសារគ្រួសារខ្ញុំមានសមាជិកដែលមានអាយុល្មមអាចចូលធ្វើទ័ពបាន ឪពុកម្តាយខ្ញុំមានការពិបាកចិត្តជាខ្លាំង ព្រោះ ត្រូវបង្ខំចិត្តបញ្ជូនកូនឲ្យធ្វើទ័ពនៅតំបន់នោះ។ ពេលដែល លន់ នល់ ឡើងជាប្រមុខរដ្ឋ តំបន់រំដោះបានខណ្ឌពីតំបន់កាន់កាប់របស់ទាហាន លន់ នល់ ដោយផ្លូវរថភ្លើង ប្រជាជនក្នុងតំបន់រំដោះជាខ្មែរក្រហមទាំងអស់ ហើយ មានទំនាក់ទំនងជាមួយខាងប្រជាជន ឬទាហាន លន់ នល់ ជាដាច់ខាត បើមិនដូច្នោះទេ នឹងត្រូវបាត់ខ្លួនជាក់ជាមិនខាន។ ដោយឡែក ឪពុកម្តាយ និងបងស្រីខ្ញុំ នៅបម្រើការងារក្នុងសហករណ៍មានចិញ្ចឹមដង្កូវនាង ដាំដំឡូងមី ជាដើម តែឪពុកខ្ញុំអង្គការចាត់តាំងឲ្យធ្វើជាមេជាងធ្វើផ្ទះនៅចាឡៃ។
ពេលចូលបដិវត្តន៍មុនដំបូង នៅថ្ងៃទី២០ ខែមិនា ឆ្នាំ១៩៧០ ខ្ញុំធ្វើដំណើរទៅដល់ច្រកសេ្ដច ទៅជួបប្រពន្ធ ហ៊ូ នឹម និងប្រពន្ធ ហ៊ូ យន់ នៅផ្ទះខ្មែរដែលមានពីរខ្នងពីរជាន់ ក្រោយពេលខ្ញុំច្រៀងសាកល្បងរួច ខ្ញុំត្រូវបានបញ្ជូនឲ្យស្រែអណ្តូង ភូមិភាគនិរតី នៅផ្ទះ គឹម សាត ដែលទីនោះមានអ្នកចូលរួមប្រលងចម្រៀងប្រហែលជា១០០នាក់ ហើយខ្ញុំប្រលងជាប់បានចូលក្រុមសិល្បៈភូមិភាគនិរតីពេលនោះ។ ពេលធ្វើដំណើរទៅភូមិភាគនិរតី សឿន បានជូនខ្ញុំទៅដោយមានកាន់កាំភ្លើងរួចខ្ញុំដើរពីមុខកាត់ភូមិ ពេលដំណឹងនេះឮដល់ម្តាយខ្ញុំ ម្តាយខ្ញុំយំបោកខ្លួនព្រោះគិតថា ខ្មែរក្រហមយកខ្ញុំទៅសម្លាប់ហើយ។ មន្ទីរវប្បធម៌ (មានផ្ទៃដីធំ បែងចែកជាផ្នែកៗដូចជា ផ្នែករោងពុម្ព ផ្នែកតម្បាញ ផ្នែកសិល្បៈ) ដែលខ្ញុំទៅរៀនច្រៀង និងរៀនអក្សរភ្លេង ស្ថិតនៅភូមិព្រែក ឃុំអមលាំង ខេត្តកំពង់ស្ពឺ ដែលមាន ធុច រិន ជាប្រធាន និង ខាន់ ស៊ី ជាអ្នកក្តោបក្តាប់ភូមិភាគនិរតី (ក្រោយមកជាប្រធានភូមិភាគបស្ចឹម) ហើយការរស់នៅក្នុងមន្ទីរវប្បធម៌មានសីលធម៌ស្អាតស្អំ ម៉ឺងម៉ាត់ ហ្មត់ចត់ និងត្រឹមត្រូវបំផុត។ នៅក្រុមសិល្បៈមានគ្រូបង្រៀនឈ្មោះ ទ្រា (ប្រហែល ជុំ ពុទ្រា) មានអ្នកចម្រៀងឈ្មោះ ស្មាន យាន ជាគ្រូបង្រៀនអាយ៉ៃ និងអ្នកនិពន្ធចម្រៀងឈ្មោះ ស្មាន យុន ស្លាប់ពេលធ្វើទ្រូកាំបិតមុតដៃ។ ឧបករណ៍ភ្លេងដែលបង្រៀនមាន វីយូឡុង អាកូឡេអុង ទ្រ រនៀត និងចាប៉ីដងខ្លី។ ក្រុមសិល្បៈបែងចែកជាបីក្រុមមាន ក្រុមអាយ៉ៃ ក្រុមរបាំ និងក្រុមចម្រៀង។ ចម្រៀងដែលតាក់តែងនិពន្ធបានបង្កប់នូវអត្តន័យបណ្តុះពីការបង្ក បង្កើនផល ការបង្កើនជីវិតតស៊ូ បង្កើនសេចក្តីក្លាហានម៉ឺងម៉ាត់ ពុំមានបណ្តុះការអប់រំឲ្យស្គាល់ចាស់ទុំ ឬផ្នែកសីលធម៌អ្វីឡើយ មិនតែប៉ុណ្ណោះពុំមានការនិពន្ធបទចម្រៀងដែលមានទាក់ទងនឹងមនោសញ្ចេតនាទេ ប៉ុន្តែការរាំរបាំ មានបង្ហាត់បង្រៀនរាំរបាំទ្រុឌ របាំក្ងោក របាំស្នារ របាំអង្រេ និងរបាំខ្មែរលើជាដើម។
ធ្វើជាអ្នកចម្រៀងបានរយៈពេលជិត ២ឆ្នាំ គឺអំឡុងខែសីហា ឆ្នាំ១៩៧១ ខ្ញុំគ្រុន និងឈឺបំពុងក រហូតបែកសម្លេងខូចអស់ ទើបអង្គការបានផ្លាស់ប្តូរខ្ញុំឲ្យទៅផ្នែករបាំ ប៉ុន្តែខ្ញុំធ្វើមិនបាន ទើបប្តូរធ្វើការនៅរោងពុម្ពដែលស្ថិតនៅក្នុងមន្ទីរវប្បធម៌ដដែល។ នៅរោងអង្គការចាត់តាំងឲ្យខ្ញុំជួយមើលពាក្យពេជ្រក្នុងអត្ថបទត្រៀមបោះពុម្ព ប៉ុន្តែខ្ញុំមិនសូវចេះអក្ខរាវារុទ្ធ ទើបខ្ញុំប្តូរទៅធ្វើផ្នែកកាត់ក្រដាស់ រាប់កាសែត បោះពុម្ពកាសែតឈ្មោះ «កាសែតប្រជាជន» ដែលមានឈ្មោះ ក្រិន ជាអ្នកសរសេរអត្ថបទចុះកាសែត សរសេរតាក់តែងបទចម្រៀង និងផ្ទៀងផ្ទាត់ពាក្យពេជន៍ខុសត្រូវ។ អត្ថបទដែលសរសេរក្នុងកាសែតមាននិយាយតែពី កងទ័ព និងប្រជាជនបង្ករបង្កើនផលតែប៉ុណ្ណោះ។ លុះដល់ខែមករា ឆ្នំ១៩៧២ ខ្ញុំមានអាយុ ២១ឆ្នាំ អង្គការរៀបចំឲ្យខ្ញុំមានគ្រួសារ (រៀបការដោយការចាប់ដៃប្តេជ្ញា ប៉ុន្តែមានតែមួយគូទេ) តាមការស្នើ សុំរបស់ឈ្មោះ ខៀវ សាវ៉ែន ដែលជាអ្នកតស៊ូក្នុងពៃ្រដូចគ្នា ប៉ុន្តែប្តីខ្ញុំមានឋានៈធំ មានអាយុបងខ្ញុំរហូតដល់១២ឆ្នាំ ជាបញ្ញាជន (អ្នករៀនសូត្រចេះដឹងបានច្រើន និងមានសញ្ញាប័ត្រជាន់ខ្ពស់នៃពុទ្ធកវិទ្យាល័យលង្ការកុសមៈ) និងជាគ្រូអាចារ្យបង្រៀនបាលីថែមទៀត។ ខ្ញុំមានកូនបីនាក់ កូនទីមួយ កើតឆ្នាំ១៩៧៣ កូនទីពីរ (បាត់ខ្លួន) កើតនៅឆ្នាំ១៩៧៥ និងកូនទីបី កើតនៅចុងឆ្នាំ១៩៧៨។
ក្រោយថ្ងៃខែ្មរក្រហមឡើងកាន់អំណាចនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានរយៈពេលប្រហែលជា២-៣ថ្ងៃក្រោយពេលជម្លៀសប្រជាជនចេញអស់ពីក្រុងភ្នំពេញ ខ្ញុំ និងប្ដីបានផ្លាស់មកធ្វើការនៅភ្នំពេញ ដោយធ្វើដំណើរតាមឡានដែលមានអ្នកធ្វើការជាមួយគ្នាពេញមួយឡាន ជិះកាត់ថ្នល់ទទឹង កំបូល រហូតដល់មុខស្តាតអូឡាំពិកដាក់មនុស្សចុះខ្លះ ចុះម្តុំវត្តព្រះពុទ្ធមានបុណ្យខ្លះ ចុះនៅខាងត្បូងវត្តខ្លះ។ ពេលមកដល់ភ្នំពេញ ខ្ញុំធ្វើការជាប្រធានក្រុមនារីនៅរោងពុម្ព ក២៦ ប្ដីខ្ញុំឡើងជាប្រធានមន្ទីរ២៦ ដែលស្ថិតនៅក្នុងក្រសួងឃោសនាការ និងវប្បធម៌ ដែលមានអ្នកស្រី យ៉ុន យ៉ាត (ប្រពន្ធលោក សុន សេន ហៅ តាខៀវ ដែលជារដ្ឋមន្រ្ដីក្រសួងការពារជាតិ) ជារដ្ឋមន្រ្ដី (រដ្ឋមន្ត្រីដំបូង គឺ ហ៊ូ យន់ និង ហ៊ូ នឹម ក្រោយមកត្រូវចាប់ខ្លួន និងសម្លាប់) និងជាអ្នកសរសេរអន្ថបទចុះផ្សាយក្នុងទស្សនាវដ្ដី និងកាសែតប្រជាជន និងសៀវភៅផេ្សងៗទៀត។ របបអាហារនៅកន្លែងធ្វើការពុំមានគ្រប់គ្រាន់ទេ គឺមានតែពីរពេលប៉ុណ្ណោះ ហើយពេលទៅដល់ដំបូងៗមានតែនំប៉័ងបន្តិចបន្តួច ក្រោយមកទើបមានបបរ មានបាយ ប៉ុន្តែនៅតែហូបមិនឆ្អែត។
ម៉ោងធ្វើការនៅក្នុងរោងពុម្ព ព្រឹកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ព្រឹក សម្រាកអាហារថ្ងៃត្រង់ ២ម៉ោង រួចបន្តធ្វើការពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច សម្រាកអាហារពេលល្ងាច ២ម៉ោង ទើបចូលធ្វើការវិញ ម៉ោង ៧យប់ ដល់ម៉ោង ៩យប់។ រោងពុម្ពនៅភ្នំពេញប្រើប្រាស់ឧបករណ៍ទំនើបៗ (រោងពុម្ពនៅព្រៃប្រើដៃ) ម៉ាស៊ីនធំៗ ឧបករណ៍សម្រាប់កិប និងកាត់សៀវភៅ បំពាក់ដោយប្រព័ន្ធអូតូ និងនាំចូលមកពីក្រៅប្រទេសទាំងអស់ មិនតែប៉ុណ្ណោះ ក្រដាស់សម្រាប់បោះពុម្ពមានច្រើនប្រភេទច្រើនពណ៌ និងមានគុណភាពខ្ពស់។ សម្រាប់បោះពុម្ពឯកសារ ទស្សនាវដ្តី ( ព្រោះបោះពុម្ពពណ៌) សៀវភៅ កាសែត () និងសៀវភៅរឿង។
ការបោះពុម្ពមាន៖
- សៀវភៅឯកសារសម្រាប់អប់រំកងទ័ព អ្នកនយោបាយ និងកម្មាភិបាលខ្មែរក្រហម ដោយការបោះពុម្ពពីសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំធំៗ មាន ប៉ុល ពត, សុន សេន, អៀង សារី, ខៀវ សំផន។ល។ ក្រោយមកទៀត មានការរៀបចំបោះពុម្ពសៀវភៅកសិកម្ម (ប្រហែលបកប្រែពីភាសាចិន) ដែលមានកម្រាស់រាប់រយទំព័រ (២០០-៣០០ទំព័រ) និងមានប្រើប្រាស់ភាសាបារាំងលើឈ្មោះថ្នាំកសិកម្ម ប៉ុន្តែសៀវភៅនេះពុំបានបោះពុម្ពរួចរាល់ទេ ព្រោះវៀតណាមចូលមកដល់។
- ទស្សនាវដ្តី ២សប្តាហ៍ចេញតែមួយលេខទេ មាន២០ទំព័រ ព្រោះបោះពុម្ពជាពណ៌ស្អាត ដែលមានរូបថតប្រជាកសិករច្រូតស្រូវ កាច់ពោត។ នៅដើមទំព័រនៃទស្សនាវដ្តីចុះផ្សាយពីការអប់រំ (សេចក្តីថ្លែងការណ៍បញ្ចប់វគ្គសិក្សា គម្រោងផែនការ និងកសាង) ក្រៅពីនោះ គឺនិយាយពីការបង្កបង្កើនផល។
- កាសែត បីថ្ងៃចេញមួយលេខ មាន៤ទំព័រ បោះពុម្ពសខ្មៅ ២-៥ ម៉ឺនច្បាប់ ចែកតាមកងពល តាមខេត្ត និងតាមភូមិភាគ។ អត្ថន័យក្នុងកាសែតនៅទំព័រមុខ គឺនិយាយពីកិច្ចការស្នូលនៃការដឹកនាំប្រទេសជាតិធំៗ ដោយមានសេចក្តីថ្លែងការណ៍របស់ ប៉ុល ពត, សុន សេន នៅទំព័របន្ទាប់គឺចុះផ្សាយពីអត្ថបទទាក់ទងនឹងដំណឹងបទយកការណ៍ បទពិពណ៌នា និងបទសន្ទនា ក្រៅពីនោះក៏មានអត្ថបទដែលនិយាយពីការធ្វើស្រែនៅប្រទេសចិន។
- ទស្សនាវដ្តីទង់បដិវត្តន៍ យុវជន និងយុវនារី គឺសម្រាប់ចែកឲ្យសម្ព័ន្ធយុវកក និងយុវជនយុវនារីខ្មែរក្រហមតែប៉ុណ្ណោះ ព្រោះជាឯកសារផ្ទៃក្នុងរបស់បក្ស ក្នុងគោលបំណងអប់រំ និងពង្រឹងតួនាទីរបស់ជួរកម្មាភិបាល ដើម្បីឲ្យបានសម្រេចតាមផែនការដែលបានកំណត់។ បន្ថែមពីលើនេះទៅទៀត ទស្សនាវដ្តីទង់បដិវត្តន៍មានចែកជាចំហ និងមួយទៀតគឺសម្ងាត់មិនអាចចែកដល់មហាជនទូទៅបានទេ។
ក្រៅពីធ្វើការនៅរោងពុម្ព ខ្ញុំធ្លាប់បានទៅចូលរួមវគ្គសិក្សា (លាក់ការណ៍ មានតែកម្លាំងស្នូលនៅតាមមន្ទីរផ្សេងៗតែប៉ុណ្ណោះ) ចេញពីទស្សវដ្តីទង់បដិវត្តន៍អំពីកិច្ចការរបស់កម្លាំងស្នូល បញ្ជ្រាបពីនយោបាយ និងផែនការទៅថ្ងៃខាងមុខ ដែលបង្រៀនផ្លាស់ប្តូរតាមវគ្គនីមួយៗដោយ យ៉ុន យ៉ាត, សុន សេន និង ខៀវ សំផន។ វគ្គសិក្សាធ្វើឡើងមានរយៈពេលត្រឹមមួយព្រឹក ឬមួយថ្ងៃ នៅបុរីកីឡា និងសាលាជាន់ខ្ពស់នៅតាមផ្លូវជាតិលេខបួន ដែលមានការចូលរួមរបស់កម្មាភិបាលជាច្រើននាក់។ ពេលបង្រៀននិយាយពីកិច្ចការសង្គម ខៀវ សំផន មានបច្ចេកទេសក្នុងការនិយាយបង្រៀន ដោយប្រើសូរស័ព្ទពិរោះ មានខ្លឹមសារល្អណាស់ និយាយលេងកំប្លែង រួសរាយស្លូតបូត និងគួរឲ្យស្រលាញ់ចូលចិត្ត។ ក្រៅពីនោះ ខ្ញុំធ្លាប់ចូលរួមវគ្គសិក្សាជាមួយ ប៉ុល ពត ដើម្បីពង្រឹងការងារដែលមានអ្នកចូលរួមរាប់រយនាក់ និងរៀនជាមួយ នួន ជា វគ្គនយោបាយ ប៉ុន្តែវគ្គសិក្សាទាំងអស់ធ្វើឡើងដើម្បីឃោសនាពង្រឹងចលនាប្រជាជនឲ្យខ្លាំង ដោយឲ្យកម្លាំងកងទ័ពអប់រំប្រជាជនឲ្យធ្វើស្រែ ធ្វើចម្ការ មិនមានការអប់រំផ្នែកនយោបាយ ឬបណ្តុះគំនិតឲ្យស្អប់ពួកចក្រពត្តិ និងពួកសក្តិភូមិទៀតទេ។ ខ្ញុំគ្រាន់តែដឹងថា មេដឹកនាំជំនាន់នោះ មានទឹកចិត្តស្រលាញប្រជាជន ហើយសូម្បីតែខ្ញុំជាប្រជាជនតូចតាចមិនដែលខ្លាចនិយាយជាមួយថ្នាក់ដឹកនាំឡើយ។ មានម្តងនោះ ខ្ញុំបានទៅទទួលដំណើរទស្សកិច្ចរបស់ប្រធានាធិបតីកូរ៉េ គឹម ជុងអ៊ីល ដោយឯកសណ្ឋានប្រពៃណីខ្មែរ មានចងក្បិន អាវសដៃត្រ័រកា ពាក់ស្បែកជើងកែងខ្ពស់ ថែមទាំងមានកាន់ផ្កាចាំទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។
បណ្តុំនៃនិស្សិត និងបញ្ញវ័ន្ត ឬហៅថា បញ្ញាជន ជាច្រើន ដែលមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ និយាយស្តីថ្លៃថ្នូពិរោះ ដែលរស់នៅកន្លែងរោងពុម្ព ជួយសរសេរអត្ថបទចុះផ្សាយក្នុងកាសែត ទស្សនាវដ្តី និងសៀវភៅជាច្រើន ហើយបញ្ញាជនមួយចំនួនធ្វើជាអ្នកយកព័ត៌មាន។ លុះដល់ចុងឆ្នាំ១៩៧៧ ចាប់ផ្តើមមានការចុះចាប់បញ្ញាជននៅតាមមន្ទីរ ឬក្រសួងនានា យកទៅសម្លាប់នៅគុកទួលស្លែង។ នៅកន្លែងមន្ទីរ២៦ កន្លែងដែលខ្ញុំធ្វើការ មានការចុះចាប់បញ្ញាជនក្នុងមួយថ្ងៃ ៤-៥នាក់ រហូតអស់រលីង ដោយមានការអនុញ្ញាតពី យ៉ុន យ៉ាត ដែលជាថ្នាក់លើនៃក្រសួងឃោសនា។ ជាក់ស្តែង បងឆយ ដែលមានតួនាទីជាអ្នកគ្រប់គ្រងការបោះពុម្ពសៀវភៅ និងអត្ថបទសំខាន់ៗ កំពុងតែប្រលែងលេងជាមួយកូនច្បងរបស់ខ្ញុំសុខៗ ស្រាប់តែមានអ្នកមកប្រាប់ឲ្យរៀបចំខ្លួន (ដោយតម្រូវឲ្យស្លៀកពាក់ស្អាតដាក់អាវក្នុងខោ និងមានចងក្រវាត់ករួចឡើងអង្គុយក្នុងឡានឡង់រ៉ូវ៉ែបិទជិតដឹកចេញទៅ មិនដឹងថាយកទៅកន្លែងណាទេ គ្រាន់តែដឹងថា មិនដែលឃើញវិលត្រលប់មកវិញឡើយ) រួច បងឆយ មកថើបរួចប្រាប់កូនខ្ញុំថា «អ៊ំគេហៅហើយ អ៊ំទៅហើយ គេបើកទ្វារឡានចាំអ៊ំហើយកូន»។ លុះក្រោយមកទើបខ្ញុំបានដឹងថា ឌុច ជាអ្នកបញ្ជា ឲ្យចុះមកចាប់យកទៅ រួចសម្លាប់ចោល ដោយចោទថាជាខ្មាំងយួន។ ខ្ញុំស្គាល់ ឌុច តាំងពីពេលរស់នៅអមលាំងម្ល៉េះ ព្រោះរស់នៅស្រុកលិចឯជនបទជាមួយគ្នាដែរ ហើយ ឌុច មានប្រពន្ធឈ្មោះ រ៉ុម នៅផ្ទះហៅ អាចែ នៅខាងហុងត្នោត។ ខ្ញុំដឹងថា ឌុច ជាប្រធានគុកទួលស្លែង និងជាធ្លាប់ជាប្រធានគុកមួយនៅស្រុកព្រៃនៀក ដែលធ្លាប់ចាប់កម្មាភិបាលនៅកន្លែងខ្ញុំរស់នៅយកទៅសួរចម្លើយ និងសម្លាប់អស់ជាច្រើន។ ប្តីខ្ញុំប្រាប់អំពីបញ្ញាវ័ន្តនៅក្រៅប្រទេស ចាញ់ឃោសនា នយោបាយរបស់ខ្មែរក្រហម ត្រលប់មកប្រទេសកម្ពុជាវិញ និងត្រូវជាប់គុក រួចសម្លាប់ចោលអស់ជាច្រើននាក់។
នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ ខ្ញុំបានរត់បែកពីគ្នា ប្ដី និងកូនប្រុសទី២ម្នាក់ ពេលដែលរត់ចេញពីភ្នំពេញឆ្ពោះទៅរកស្ថានីយរថភ្លើង។ ពេលនោះខ្ញុំមានកូនង៉ាទើបតែបាន២ខែកន្លះ ខ្ញុំត្រូវបីកូនង៉ាផង ដឹកដៃកូនអាយុ៥ឆ្នាំផង និងកូនតូចមួយទៀត (កូនដែលបាត់ខ្លួន) មានអ្នកជួយពរដើម្បីធ្វើដំណើរទៅជិះរថភ្លើង ហើយប្តីខ្ញុំរត់គេចខ្លួនបែកគ្នានៅម្តុំពេជ្រនិលរហូតតែម្តង។ ពេលនៅលើរថភ្លើង ខ្ញុំបានជួប តាម៉ុក ដែលជាអ្នកចេញបញ្ជារឲ្យរត់ ទើបខ្ញុំរត់ចេញពីរថភ្លើងដែលគ្មានក្បាលចេញទៅ (ខ្ញុំស្គាល់ តាម៉ុក ច្បាស់ដោយសារធ្លាប់ទៅកន្លែងខ្ញុំធ្វើការ ព្រោះក្រសួងឃោសនាការ គឺជាបណ្តុំនៃកម្មាភិបាលជាន់ខ្ពស់)។ ពេលខ្ញុំ បានជួបម៉ែ តែខ្ញុំរត់បន្តឡើងទៅលើភ្នំ រហូតដល់ឆ្នាំ១៩៨០ ទើបខ្ញុំត្រលប់មករស់នៅឯស្រុកកំណើតវិញ។
ខ្ញុំមានបងប្អូនស្រីពីរនាក់ផេ្សងទៀតក៏ចូលធ្វើជាយោធាខែ្មរ ក្រហមបាត់រហូតមកដល់ពេលនេះ នៅក្នុងសម័យខែ្មរក្រហម យើងរស់នៅក្នុងតំបន់រំដោះបើយើងមិនស្ម័គ្រចិត្ដក៏ពិបាករស់នៅដែរ អាចអង្គការចោទយើងចូលដៃជើងជាមួយ ទាហានលន់ នល់ អាចយកយើងនៅសម្លាប់បានដូចជាឈ្មោះ ស៊ាង ខាងក្រុមខែ្មរក្រហមយកទៅសម្លាប់ចោល៕
អត្ថបទដោយ គឹម សុវណ្ណដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ សុខ សាយ ហៅ រ៉ុន ដោយ ផាន សុជា» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥, ចម្លងចេញពីកាស្សែតដោយ ផាត ពិសិដ្ឋ, ឯកសារលេខ KHI០០៧៦, ទំព៍រទី៣៥។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ នៃ សឿន ដោយ ផាន សុជា» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៥, ចម្លងចេញពីកាស្សែតដោយ រ៉ា ឆៃរ៉ាន់, ឯកសារលេខ KHI០០៥៧, ទំព៍រទី៣៦។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ឯកសារពិនិត្យប្រវត្តិរូបរបស់ នៃ សឿន», ឯកសារលេខ I០៦៦៦៤។
[4] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ នៃ សឿន ដោយ ផាន សុជា» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៥, ចម្លងចេញពីកាស្សែតដោយ រ៉ា ឆៃរ៉ាន់, ឯកសារលេខ KHI០០៥៧