អ្នកបើកបរកប៉ាល់នៅកងពល១៦៤

ផ្លុង ឈា[1] ជាអ្នកបើកបរកប៉ាល់នៅកងពល១៩៤ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឈា ភេទប្រុស អាយុ ៥៥ឆ្នាំ (២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ឈា មានស្រុកកំណើតនៅភូមិជើងកួន ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។ ឪពុកឈាឈ្មោះ ផ្លុង ឆាយ (ស្លាប់ក្នុងឆ្នាំ១៩៩១), ម្ដាយឈ្មោះ ប៉ុក ប៉ូ (ស្លាប់ក្នុងឆ្នាំ២០០០) និងជាកូនទី៣ ក្នុងចំណោមបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ ឈា រៀននៅសាលារៀនក្នុងវត្ត។ នៅឆ្នាំ១៩៦៧ ឈា ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ឈា បានស្ម័គ្រចិត្តចូលរួមចលនាតស៊ូខ្មែរក្រហម ដោយសារជឿតាមការបំផុសបំផុលរបស់ខ្មែរក្រហមនាំឲ្យក្មេងស្រករៗគាត់នៅក្នុងភូមិ រួមទាំងបងប្អូនគាត់ធ្វើការប្រឆាំងនឹងរបប លន់ នល់។ ឈា បានចូលធ្វើជាកងទ័ពខ្មែរក្រហម កងវរសេនាតូច១០៤ ដែលមានប្រធានឈ្មោះ សំ ក្នុងកងតំបន់៣៣ (ភូមិភាគនិរតី)។[2] ឈា និយាយថា ក្នុងកងតំបន់ មិនមានកងវរសេនាធំនោះទេ ប៉ុន្តែមានបែងចែកកងអនុសេនាធំលេខ១៣ និងកងអនុសេនាតូចលេខ៣៧។
នៅឆ្នាំ១៩៧៤ ឈា បានចូលធ្វើការក្នុងកងវរសេនាតូច៣៣០ កងវរសេនាធំទី២២ កងពលទី៣ នៃកងតំបន់ភូមិភាគនិរតី។ ឈា មានតួនាទីជាប្រធានអនុសេនាតូច ឬហៅថាកងហា ដែលមានសមាជិក៣០នាក់។ ឈា ថានៅសម័យនោះ អនុសេនាធំ ហៅថាកងរយ និងមានឈ្មោះ វ៉េត ជាប្រធានវរសេនាតូច៣៣០, ឈ្មោះ យ៉ាន ជាប្រធានវរសេនាធំទី២២ និងឈ្មោះ មាស មុត[3] ជាប្រធានកងពលទី៣។ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈា បានវាយចូលទីក្រុងភ្នំពេញ ពីភ្នំប្រសិទ្ធឆ្ពោះមកកាន់អាកាសយានដ្ឋានពោធិ៍ចិនតុង និងវត្តជម្ពូវ័ន។
មកដល់ត្រឹមពោធិ៍ចិនតុង កងហារបស់ឈា ត្រូវបានថ្នាក់លើបញ្ជូនទៅកំពង់សោមភ្លាមៗ បន្ទាប់ពីកងទ័ពខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុង។ ឈា ត្រូវធ្វើដំណើរថ្មើរជើង តាមផ្លូវលេខ៤ អស់រយៈពេលប្រាំថ្ងៃ។ លុះទៅដល់កំពង់សោម កងវរសេនាតូច ដែលឈាធ្វើការ ត្រូវស្នាក់នៅអាកាសយានដ្ឋានកងកេង អស់រយៈពេលជិតមួយសប្តាហ៍។ បន្ទាប់មក កងវរសេនាតូចនេះ ត្រូវបញ្ជូនទៅស្នាក់នៅ និងធ្វើពលកម្ម ដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែអស់រយៈពេលជិតមួយវស្សានៅអូរឈើទាល។ ឈា និយាយថា នៅអូរឈើទាល គឺមានសភាពស្ងាត់ជ្រងំ, គ្មានប្រជាជនរស់នៅនោះទេ និងជាទីតាំងសម្រាប់កងទ័ពរស់នៅប៉ុណ្ណោះ ដែលមានបញ្ជាការដ្ឋាន នៅក្រោយរូបសំណាក់សេះស (បច្ចុប្បន្នជិតសណ្ឋាគារសុខា)។
នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមជ្រើសរើសកងកម្លាំងនៅអូរឈើទាលឲ្យចូលធ្វើជាកងទ័ពជើងទឹក ឬកងពល១៦៤ ជាច្រើននាក់។ ឈា ចូលកងពល១៦៤ ដោយរៀនផ្នែកបច្ចេកទេស អំពីការប្រើប្រាស់, ការថែទាំនាវា ឬកប៉ាល់, និងការប្រយុទ្ធនៅលើផ្ទៃសមុទ្រជាដើមនៅឆ្នេរអូរឈើទាល។ នៅរបបខ្មែរក្រហម ឈា ថាមានកប៉ាល់ប្រាំមួយគ្រឿង ចែកជាបីប្រភេទ គឺកប៉ាល់ការពារ, កប៉ាល់ប្រឆាំង និងកប៉ាល់បណ្តែត ដោយមានផែនៅកោះរ៉ុង និងអូរឈើទាល។ ផ្នែកបច្ចេកទេស ចែកជាផ្នែកតូចៗមានដូចជាផ្នែករ៉ាដា, ផ្នែកត្រីវិស័យ, ផ្នែកទូរលេខ, ផ្នែកផែនទី, ផ្នែកម៉ាស៊ីន, ផ្នែកបើកបរ និងផ្នែកកាំភ្លើង។ ឈា រៀននៅផ្នែកកាំភ្លើង (ម៉ាក៣៧) អំពីទ្រឹស្តី, ការអនុវត្តជាក់ស្តែងទាក់ទងនឹងការប្រយុទ្ធ, សុវត្ថិភាព, ការប្រើប្រាស់កាំភ្លើង និងការថែរក្សាគ្រាប់កាំភ្លើង នៅលើកប៉ាល់ការពារពីរគ្រឿង ដែលជាជំនួយរបស់ប្រទេសចិន និងកប៉ាល់ឈើសម្រាប់ធ្វើដំណើរ។
កប៉ាល់ការពារមួយអាចផ្ទុកនាវិក៣៦នាក់ និងមានផ្នែកកាំភ្លើងបីផ្នែក គឺផ្នែកខាងមុខ, ផ្នែកកណ្ដាល និងផ្នែកខាងក្រោយ។ ផ្នែកខាងមុខ និងខាងក្រោយ បំពាក់ដោយកាំភ្លើងគ្រាប់កាណុង៥០០មីលីម៉ែត្រចំនួនពីរ ដែលត្រូវការនាវិកចំនួនប្រាំមួយសម្រាប់ប្រើប្រាស់ ចំណែកផ្នែកកណ្ដាល ត្រូវការតែនាវិកពីរនាក់ប៉ុណ្ណោះ។ ឈា ត្រូវហ្វឹកហាត់ និងរៀនរយៈពេលប្រាំមួយខែ ជាមួយជនជាតិចិន ជាភាសាចិន និងមានអ្នកបកប្រែជាភាសាខ្មែរ ឈ្មោះ សាន (ជនជាតិខ្មែរ)។ ជនជាតិចិនទាំងនោះ គឺស្នាក់នៅជិតកន្លែងបញ្ជាការដ្ឋាន។ បន្ទាប់ពីរៀនចប់ផ្នែកកាំភ្លើង ឈា ត្រូវរៀនបច្ចេកទេស, ហ្វឹកហាត់ និងរបៀបបាញ់ពន្លិចកប៉ាល់ធន់ធ្ងន់ ឬនាវា អស់រយៈពេលបីខែទៀតជាមួយជនជាតិខ្មែរ។ នៅពេលរៀន គឺមានការចុះមកពិនិត្យម្ដងម្កាល ដោយ មាស មុត មេកងពលទី៣។
នៅចុងឆ្នាំ១៩៧៦ ឈា ត្រូវបានថ្នាក់លើចាត់តាំងឲ្យធ្វើជាប្រធានកប៉ាល់បណ្តែតមួយ ដែលមានសមាជិក១២នាក់ និងចែកជាផ្នែកកាំភ្លើងធន់១៤ ចំនួនពីរដើម នៅផ្នែកខាងមុខមួយនាក់, ផ្នែកខាងក្រោយពីរនាក់, ផ្នែកបើកបរ, ផ្នែកត្រីវិស័យ និងផ្នែករ៉ាដាជាដើម។ ឈា ប្រចាំការ និងហ្វឹកហាត់នៅអូរឈើទាល ដោយមិនធ្លាប់ចេញប្រយុទ្ធនោះទេ ប៉ុន្តែធ្លាប់ទៅធ្វើសមយុទ្ធនៅកោះតាង និងកោះពូលូវ៉ៃ។ នៅពេល ឈា ធ្វើជាប្រធានកប៉ាល់បណ្តែត គឺមាន សុន សេន[4] និងសេនាធិការចុះមកត្រួតពិនិត្យកប៉ាល់បណ្តែត និងសកម្មភាពនៅលើកោះ។
នៅឆ្នាំ១៩៧៧ ឈា បានឃើញថ្នាក់ដឹកនាំខ្មែរក្រហមរួមមាន ប៉ុល ពត, នួន ជា និង សុន សេន មកទស្សនកិច្ចកងពល១៦៤[5] នៅកំពង់សោម។ នៅពេលនោះ ឈា ជាអ្នកបើកកប៉ាល់ការពារឲ្យថ្នាក់ដឹកនាំខ្មែរក្រហមទាំងនេះ ទៅកោះតាង និងកោះពូលូវ៉ៃ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឈា បានបន្តធ្វើកងទ័ពក្នុងព្រៃ។ នៅឆ្នាំ១៩៨៣ ឈា ត្រូវរបួសពេលប្រយុទ្ធ និងពិការ។ នៅឆ្នាំ១៩៨៤ ឈា បានរៀបការជាមួយប្រពន្ធ តាមប្រពៃណីនៅព្រំដែនកម្ពុជា-ថៃ។ ប្រពន្ធឈាឈ្មោះ ម៉ម ស៊ីម មានអាយុ ៤៨ឆ្នាំ (២០០៧) ដែលជាអ្នកស្រុកតាកែវ និងមានកូនបួននាក់ ក្នុងនោះស្រីម្នាក់។ នៅរបបខ្មែរក្រហម ឈា ថាមានការហូបចុកនៅតាមអង្គភាពគ្រប់គ្រាន់ និងមិនបានឃើញអំពីការកាប់សម្លាប់មនុស្សនោះទេ។ ឈា បានធ្វើជាកងទ័ពខ្មែរក្រហម តាំងពីឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៨៣៕
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ BBI០០៥២. (២០០៧). សម្ភាសជាមួយ ផ្លុង ឈា ដោយ ឡុង ដានី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] “ភូមិភាគនិរតីចែកជា៤តំបន់៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។” ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៣៤.
[3] “មាស មុត គឺជាសមាជិកគណៈមជ្ឈិមបក្ស, ជាលេខាធិការរង ប្រធានកងពល១៦៤ (រួមបញ្ជូលទាំងកងទ័ពជើងទឹក) និងជាលេខាតំបន់ស្វយ័តកំពង់សោម ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ មាស មុត គឺជា “ជនជាប់ចោទ” ម្នាក់ក្នុងសំណុំរឿង០០៣ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា។” ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៨៨.
[4] “សុន សេន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិ ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។” ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៤៦.
[5] មាស មុត ប្រធានកងពល១៦៤។