យុទ្ធជនជួលជុលផ្លូវរថភ្លើងត្រូវបាននាំមកគុកទួលស្លែង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លាង ឃី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការងារនៅស្ថានីយរថភ្លើងបានបាត់ខ្លួន[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ យឹម កៃហៀក[2] អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយ។ ឃី មានឪពុកឈ្មោះ តាន់ ឆៃ (ស្លាប់នៅឆ្នាំ១៩៧៥) មានបងប្អូនចំនួន១០នាក់ (ស្រីប្រាំពីរនាក់) និងមានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។

កាលពីកុមារភាព ឃី ប្រឡងជាប់ឌីប្លូមក្នុងរបប លន់ នល់ បានបង្ខំចិត្តឈប់រៀនដោយសារប្រទេសជាតិមានសង្គ្រាមដូច្នេះសាលាត្រូវបិទទ្វា។ ម្តាយ​របស់ឃី រៀបរាប់ថានៅពេលរដ្ឋប្រហាររបស់ឧត្តមសេនីយ លន់ នល់ ទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ នាំឲ្យប្រទេសជាតិកើតមាន​ភាព​ចលាចលដោយសារការធ្វើបាតុកម្មស្ទើរពាសពេញផ្ទៃប្រទេស ហើយ​ទាហាន នល់ នល់ ធ្វើការបង្រ្កាបបាតុករមួយចំនួនត្រូវ ចាប់ខ្លួន, សម្លាប់, រត់ចោលភូមិ និងចាប់ដាក់គុក។ កាលនោះយន្តហោះរបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បេ-៥២ លើ​កងទ័ពវៀតកុងដែលពួនលាក់ខ្លួនក្នុងព្រៃខេត្តក្រចេះ។ ពីមួយថ្ងៃទៅមួយថ្ងៃម្តាយរបស់ឃី ឃើញ​ការរស់នៅរបស់ប្រជាជនជួបប្រទះទុក្ខលំបាកដោយសារខូចខាតផ្ទះសម្បែង, ទ្រព្យសម្បត្តិ និង​សម្លាប់អាយុជីវិតមនុស្សសត្វអស់យ៉ាងច្រើន។ ឃី មិនបានទៅចូលរួមធ្វើបាតុកម្មជាមួយប្រជាជនដទៃទៀតនោះទេ ដោយគាត់នៅជួយការងារស្រែចម្ការម្តាយ ឪពុក និងជួយមើលថែទាំប្អូនៗដោយសារតែគ្រួសាររបស់ឃី មានសមាជិកតូចៗច្រើន។ នៅឆ្នាំ១៩៧១ ឃី បានសុំម្តាយ ឪពុក ទៅ​ចូល​រួមជាមួយចលនាបដិវត្តន៍តស៊ូខ្មែរក្រហមដើម្បរំដោះប្រទេសជាតិចេញពីសង្រ្គាម និងការទម្លាក់គ្រាប់​បែក ​តាមការឃោសនារបស់អាជ្ញាធរភូមិ-ឃុំ។ ឃី និងយុវជនក្នុងភូមិព្រែកជីកចំនួន ១០នាក់​ទៅចូល​រួមជាមួយចលនាតស៊ូខ្មែរក្រហមដោយមានអាជ្ញាធរ ភូមិ-ឃុំ ទទួលស្គាល់ត្រឹមត្រូវ។

មុនដំបូងចលនាខ្មែរក្រហមចាត់តាំង ឃី និងយុវជនដទៃទៀតធ្វើជាសេនាជនភូមិ។ នៅពេលនោះការងាររបស់សេនាជន មានភារកិច្ចស៊ើបយកព័ត៌មាន អំពីការដាក់ពង្រាយទាហាន លន់ នល់ និងផែនការទម្លាក់គ្រាប់របស់កងទ័ព លន់ នល់ យកមកប្រាប់ប្រជាជននៅក្នុងភូមិដើម្បីភៀសខ្លួនចេញ។ ម្តាយរបស់ឃី ឲ្យដឹងថានៅចន្លោះពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៥ ការវាយប្រយុទ្ធគ្នារវាងទាហាន លន់ នល់ ជាមួយចលនាតស៊ូខ្មែរក្រហមកាន់តែខ្លាំងឡើង។ ដូច្នេះសេនាជនដើរតួនាទីជួយសែងអ្នករងរបួស និងសាកសពរបស់ចលនាខ្មែរក្រហម ពីសមរភូមិទៅព្យាបាលនៅមន្ទីរពេទ្យ និងសែងសាកសពយកទៅកប់។ ក្រោយចលនា​ខ្មែរក្រហមបញ្ចូល ឃី និងសេនាជនភូមិព្រែកជីក ទៅជាយោធា នៃកងអនុសេនាតូចប្រចាំការក្នុងស្រុកព្រែកប្រសព្វ មានភារកិច្ចធ្វើសង្រ្គាមក្នុងសមរភូមិក្នុងខេត្តក្រចេះ រហូតដល់ ខេត្តកំពង់ចាម។ នៅដើមឆ្នាំ១៩៧៥ ឪពុករបស់ឃី ស្លាប់ដោយសារជំងឺ ឃី មកចូលរួមបុណ្យសពឪពុក។ បន្ទាប់ពីបុណ្យសពឪពុក ចប់រួចរាល់ ឃី សុំការអនុញ្ញាតម្តាយទៅអង្គភាពទ័ពរបស់គាត់វិញ។ ម្តាយរបស់ឃី សួរនាំកូនពីកន្លែងធ្វើការ។ ឃី ប្រាប់ម្តាយថា ធ្វើជាយោធាក្នុងកងអនុសេនាតូច ប្រចាំការនៅស្រុកព្រែកប្រសព្វ។ ចាប់តាំងពីនោះមកម្តាយរបស់ឃី បាត់ដំណឹងកូន រហូតមកដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម និង​ក្រោយរបបនេះដួលរលំម្តាយតែងតែរងចំាមើលផ្លូវកូនត្រលប់មករស់នៅជួបជុំគ្រួសារវិញប៉ុន្តែមិនឃើញ​។ ម្តាយរបស់ឃី និយាយថាយុវជនក្នុងស្រុកដែល ចូលរួមបដិវត្តន៍មួយចំនួនបានត្រលប់មកស្រុកកំណើតវិញ។ ដោយសារតែពេលវេលាយូរមិនឃើញកូនរបស់ខ្លួនត្រលប់​មកជួបជុំគ្រួសារ ម្តាយ​របស់ឃី សន្និដ្ឋានថា ឃី ស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយនៅពេលបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរម្តង​ៗ ម្តាយរបស់ឃី តែងតែធ្វើបុណ្យរំឭកឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនដែលបាត់ខ្លួន។

បើតាមឯកសារប្រវត្ដិរូបK០៨៩៩៧ ឈ្មោះ លាង ឃី ហៅ វី មានអាយុ២៨ឆ្នាំ និងមានកម្ពស់១,៦៣ម៉ែត្រ ប្រវែងដងខ្លួន០,៨៥ម៉ែត្រ។ ធ្លាប់ធ្វើការងារជាយោធាស្រុកព្រែកប្រសព្វ, ជាយុទ្ធជនពាណិជ្ជកម្មរដ្ឋ និងបន្ទាប់មកធ្វើជារដ្ឋបាល ក្នុងអង្គភាពជួសជុលផ្លូវរថភ្លើង ត្រូវរបបខ្មែរក្រហមចាប់ខ្លួននៅថៃ្ងទី០១ ខែមករា ឆ្នាំ១៩៧៩ រួចបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង នៅផ្ទះលេខ៣២ បន្ទប់ធំ៤ បន្ទប់តូច៦។[3] សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាសារមន្ទីរមួយនៅរាជធានីភ្នំពេញសម្រាប់ចងចំាពីអំពើប្រល័យពូជសាសន៍ដែលកើតមានឡើងក្នុងរបបខ្មែរក្រហម។ សារមន្ទីរនេះជាអតីតមន្ទីរសន្ដិសុខ២១​ (ហៅកាត់ថា «ស-២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត គឺជាមន្ទីរសន្តិសុខមជ្ឈិម។ អ្នកទោសនៅក្នុងមន្ទីរស-២១ ស្ទើរតែទាំងអស់គឺជាអតីតកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែពុំមានអ្នកទោសណាម្នាក់នៅតំបន់ និងថ្នាក់ស្រុកត្រូវបានដោះលែងឡើយ ហើយមានអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១។[4]

 រឿងរ៉ាវគ្រួសាររបស់ឃី ក្នុងរបបខ្មែរក្រហម៖[5]

ក្នុងរបបខ្មែរក្រហមអង្គការមិនបានជម្លៀសគ្រួសាររបស់ឃី ចេញពីភូមិនោះទេ។ ម្តាយរបស់ឃី រស់នៅ និងធ្វើការក្នុងនាមជាប្រជាជន​មូលដ្ឋាន ហើយបងប្អូនមួយចំនួនរស់នៅក្នុងកងកុមារ និងក្នុងកងចល័តត្រូវទៅជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែចម្ការ។ ម្តាយរបស់ឃី ឃើញប្រជាជន១៧មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញត្រូវបានកងឈ្លបខ្មែរក្រហមកំណត់ឲ្យធ្វើការ និងរស់នៅផ្សេង​ពីប្រជាជនមូលដ្ឋាន ដោយកងឈ្លបឲ្យប្រជាជនថ្មីសង់ខ្ទមតូចៗតាមវាលស្រែដើម្បីរស់នៅដោយខ្លួនឯង​។​ ម្តាយរបស់ឃី ឃើញ​ប្រជាជន១៧មេសា ស្លាប់យ៉ាងច្រើនដោយសារតែមិនធ្លាប់រស់នៅ និងធ្វើការងារក្នុងលក្ខខណ្ឌ​លំបាកៗពីមុនមក ព្រមជាមួយគ្នានោះប្រជាជន១៧មេសា ក៏ទទួលបានរបប​អាហារតិចជាងប្រជាជនមូលដ្ឋានផងដែរ។ ទោះបីជាខ្មែរក្រហមអះអាងថាខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយភាពស្មើគ្នា​ និងលុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយប៉ុន្តែធាតុពិតខ្មែរក្រហមបង្កើតឡើងនូវការបែងចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ «ប្រជាជនមូលដ្ឋាន» និង «ប្រជាជនថ្មី»។  ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ជាប្រជាជនពេញសិទ្ធិអាចក្លាយជាប្រធានសហករណ៍ មេភូមិ និងប្រធានកងជាដើម​។ ចំណែកប្រជាជនថី្ម គឺជាជន «បញ្ញើក្អែក» គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រជាជនថ្មីទទួលរងទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។ ប៉ុន្តែទំហំនៃអំពើឃោរឃៅមានកម្រិតខុសគ្នាពីតំបន់មួយទៅមួយតំបន់មួយទៀត។[6]

ម្តាយរបស់ឃី ទទួលបានបបរពីរពេលក្នុងមួយថ្ងៃ ពេលថ្ងៃត្រង់ និងពេលល្ងាច។ បបរមានទឹក ច្រើនជាងគ្រាប់​អង្ករ។ ប្រជាជនបង្កបង្កើនទិន្នផលស្រូវបានច្រើន ប៉ុន្តែអង្គការបានដឹកទិន្នផលទាំងនោះចេញស្ទើរអស់ពីឃ្លាំងជាហេតុនាំឲ្យការហូបចុករបស់ប្រជាជនខ្វះខាត។ ប្រជាជនលួចដុត ខ្ចៅ ខ្ចង នៅពេលទៅធ្វើស្រែដោយសារតែប្រធានសហករណ៍មានចិត្តល្អអា​ណិត​ប្រជាជនមិនយកទោសពៃរ៍អ្វីនោះទេពេលឃើញដូច្នេះ​។ ចំណែកវត្តអារាមម្តាយរបស់ឃី ឃើញកងឈ្លបយកធ្វើជាឃ្លាំងសម្រាប់ដាក់ស្រូវ-អង្ករ និងធ្វើជា​រោងបាយសហករណ៍។ នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមទទួលជ័យជម្នះបានផ្សឹកព្រះសង្ឃ។ នៅក្នុងភូមិមានកន្លែងសម្លាប់ប្រជាជនមួយកន្លែងឈ្មោះ «ទំនប់អន្លង់ភ្លៅ» ជីវិតមនុស្សជាច្រើនត្រូវបាននាំទៅសម្លាប់នៅទីនោះ។ ជាពិសេសនៅឆ្នាំ១៩៧៨ ពេលដែលកម្មាភិបាល និងយោធាភូមិភាគនិរតីចូលមកគ្រប់គ្រង។ ប្រធានសហករណ៍ និងគណៈឃុំបានបាត់ខ្លួនដោយគ្មានមូលហេតុ។ កម្មាភិបាលភូមិភូមិភាគនិរតីម្នាក់ឈ្មោះ ឃួន បានមកគ្រប់គ្រងក្នុងឃុំសោម។

ម្តាយរបស់ឃី បានត្រលប់មករស់នៅភូមិកំណើតវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ​។ ពេលមកដល់ ផ្ទះរបស់គាត់ត្រូវបានអង្គការរុះរើអស់គ្មានសល់ ម្តាយ និងបងប្អូនរបស់ឃី បានចាប់ផ្តើម​​កសាងផ្ទះឡើងវិញ និងប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ អេង សុខម៉េង


[1] ឯកសារលេខ K08997. ប្រវត្តិរូបរបស់ លាង ឃី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន. ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១។

[2] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវឯកសារ KRI00០៦. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ យឹម កៃហៀក ភេទស្រី អាយុ៧៨ឆ្នាំ ត្រូវជាម្តាយ នៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ.មជ្ឈមណ្ឌលឯកសារកម្ពុជា. ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៦. ចំនួន១៧ទំព័រ ។

[3] ឯកសារដូចខាងលើ។

[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០). សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). រាជធានីភ្នំពេញ. បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៥៣។

[5] ឯកសារដូចខាងលើ។

[6] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា. ឆ្នាំ ២០២០. រាជធានីភ្នំពេញ. បោះពុម្ភលើកទី២, ទំព័រទី៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin