ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម

កងកុមារកំពុងរែកដីលើកទំនប់ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ ខ្មែរក្រហមបានបំបែកកុមារចេញពីឪពុកម្ដាយ និងបញ្ជូនអ្នកទាំងនោះទៅកាន់កងកុមារដើម្បីធ្វើការងារកសិកម្ម។ កុមារមិនទទួលបានការរៀនសូត្រ ការយកចិត្តទុកដាក់ផ្នែកសុខភាព និងហូបចុកគ្រប់គ្រាន់ឡើយ។ កុមាររាប់ម៊ឺននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម និរាប់ម៊ឺននាក់ទៀត ក្លាយជាក្មេងកំព្រាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ (មណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) (រូបតំណាង)

សោម ឃន[1] ត្រូវ​បាន​ចាប់ខ្លួន​និង​សួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី​២ ខែតុលា ឆ្នាំ​១៩៧៦ ពីបទ​ពាក់ព័ន្ធ​នឹង​ចលនាក្បត់ ដែលចលនានេះ​មានគោលដៅ​ប្រែក្លាយ​ការគ្រប់គ្រង​របស់​បដិវត្តន៍​ខ្មែរក្រហម ឲ្យ​ទៅជា​សើរើនិយមវិញ។ ចលនា​ក្បត់​នេះ​បានទទួលការគាំទ្រ​ពីប្រទេសវៀតណាម និង​សូវៀត។ បន្ទាប់ការ​សួរចម្លើយ សោម ឃន បាន​ផ្តិតមេដៃ ដោយ​ភ្ជាប់នឹង​ក្រុម​អ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធាន​ក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និង​សាវ៉ាន ដែលជាអនុប្រធាន សមមិត្ត​ចំរើន ដែលជាអ្នកកត់ត្រា និង​សមមិត្ត​ញ៉ ដែលជាកងការពារ។ ខាងក្រោម​នេះគឺជាចម្លើយសារភាពរបស់ សោម​ ឃន។​

សោម​ ឃន មាន​វណ្ណៈភាពកសិករកណ្តាលថ្នាក់ក្រោម​ នៅភូមិបឹងដោល ឃុំ​បឹង​ដោល ស្រុក​កោះ​ជ័យ​ ខេត្ត​ព្រៃវែង។ ឃន មាន​ឪពុកឈ្មោះ សោម ចាប និង​ម្តាយឈ្មោះ ម៉ែន សេង និង​បងប្អូនបង្កើតចំនួន​៥នាក់ (ប្រុស​១នាក់ និង​ស្រី៤នាក់) រួមមាន ​​​​​​សោម ឡាត់ (ប្តីឈ្មោះ សុខ អៀង) សោម ឡៃ (ប្តីឈ្មោះ ធន់) សោម ម៉ុត (ប្តីឈ្មោះ ម៉ែន ហ៊ុយ) និង សោម វ៉ាន់នី (នៅលីវ)។

ឃន បានបួស​​ជានេន និងបាន​រៀនសូត្រ​នៅ​សាលាបាលីនៅ​វត្តបឹងដោល និង​វត្ត​ស្ទឹងស្លូត ​ក្នុង​វ័យ​១៧​ឆ្នាំ នៅក្នុង​ឆ្នាំ​១៩៦០​។ ពីរឆ្នាំក្រោយមក ឃន បាន​ផ្លាស់​ប្តូរមករៀនភាសាបាលី​ ​នៅ​វត្ត​ប្រជុំ​វង់ នៅ​ក្នុង​ឃុំ​ច្បារអំពៅ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ក្រោម​ការ​ណែនាំ​របស់អាចារ្យ​មឿន, អាចារ្យ ចាន់ ណារ៉េ​ន និង​អាចារ្យ​​ឆាន។​ ​អាចារ្យ​មឿន និងណារ៉េន​ បាន​អប់រំបដិវត្តន៍ និង​ណែនាំឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​កាសែតខ្មែរ​ឯករាជ្យ​ នៅ​ក្បែរ​វត្ត​សារ៉ាវ័ន និង​ប្រឆាំង​លន់ នល់, ញឹក ជូឡុង និង ម៉ៅ​ សាយ។ នៅក្នុង​ឆ្នាំដដែល ឃន បាន​រៀនភាសាបារាំង និងអង់គ្លេស នៅវត្តលង្កា ដែលនៅទីនោះខ្លួន​បាន​ធ្វើ​សកម្មភាពបោះត្រាក់​ប្រឆាំង​នឹង​ប្រធានាធិបតីប្រទេសយូហ្គោ​ស្លាវី ទីតូ។ ចាប់ពីឆ្នាំ​១៩៦៥ រហូតដល់រដ្ឋប្រហារលន់ នល់នាថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ឃន បាន​ចាកចេញពី​វត្តលង្កា និង​លាចាកសិក្ខាបទនៅឯវត្តបឹងដោលវិញ ព្រមទាំងត្រឡប់មកធ្វើស្រែចម្ការ​នៅផ្ទះ។

នៅក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៧៤ ឃន​ ត្រូវ​បាន​អង្គការ​ចោទ​ថាក្បត់ ដោយមាន​ការ​ចាត់​​តាំង​ពី​ ឈូក ហៅ ម៉ែន ដែល​ជាលេខា​តំបន់​២៤ នៅ​មន្ទីរ​ស្រុកកោះជ័យ។ អ្នករួម​សកម្មក្បត់​​​​​ផ្សេងទៀត​គឺ សមមិត្ត ក្រូច ដែលជាលេខា​ស្រុក​កោះជ័យ និង​សមមិត្ត​ សីលា ដែល​ជា​គណៈយោធាតំបន់​២៤។ តាមការ​ណែនាំ​របស់ឈូក ឃន​ បាន​អនុវត្ត​សកម្មភាពក្បត់​ទាំងឡាយ​ មាន​ដូចជា​ ការធ្វើឲ្យ​រាំងស្ទះ​ដល់មាគ៌ាបក្ស, ការ​ឃោសនា​អំពី​ការមិន​អាចធ្វើទៅបាន​នូវ​ផែន​ការ​កសាង​​ប្រទេសក្នុង​រយៈពេល​ពី​១០ឆ្នាំ​ទៅ​១៥​ឆ្នាំ, ការ​បង្ហាញ​ពី​ភាព​​ខ្វះខាតរបស់កម្ពុជា​បើ​ប្រៀបធៀប​របៀប​នៃ​ការ​កសាង​ប្រទេស​​របស់​វៀត​ណាម​ដែល​ផ្តោត​​ជាចម្បង​លើ​វិស័យ​ឧស្សាហកម្ម, ការ​បង្ហាញ​ពី​ស្ថាន​ភាព​ប្រសើរ​ឡើង ប្រសិន ​សីហ​នុ ​ត្រឡប់មកប្រទេសវិញ និង​ ការ​កើតឡើងនូវគ្រោះអត់ឃ្លាននៅ​តាម​សហករណ៍​ជាដើម។

ឃន បាន​ទទួលផែនការពីឈូកបន្តទៀត​ឲ្យ​ប្រមូលគោ ក្របី ជ្រូក មាន់ នៅតាមមូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​វៀតណាម និង​ប្រមូលស្រូវពីប្រជាជន ដើម្បីត្រៀម​ពេលមាន​អាសន្ន។ នៅ​ក្នុង​ឆ្នាំ​១៩៧៤ ឃន ស្ថិតក្នុង​ចំណោម​មនុស្ស​ប្រាំមួយនាក់ នៅ​មន្ទីរ​សាលា​ស្វាយ ដែល​ទទួលការ​ចាត់តាំងឲ្យ​ធ្វើ​សកម្មភាព​។ អ្នក​ទាំងនោះ​រួមមាន ឈូក ដែលជាមេចាត់តាំង, ឆោម ដែល​ជា​ប្រធានឃុំ​បន្ទាយចក្រី​, សន ដែល​ជា​ប្រធានឃុំ​ពញាលៀង២, ថេន ដែល​បម្រើ​ការ​ជាក្រុម​ចលនាសហករណ៍របស់​តំបន់​២៤, និង ឈឺន ដែលជា​ប្រធាន​សន្តិសុខ​ស្រុកកោះជ័យ។

ឃន ដែលបាន​ទទួលភារកិច្ច​ខាងយោធា​ និងជាប្រធាន«ឃ» បាន​ឆ្លើយទៀតថា ចលនាក្បត់​នេះ​មាន​ចរិតជា​ចលនា​សើរើនិយម ដែលប្រឆាំង​នឹង​របបកុម្មុយនីស្ត។​ ឃន បាន​បកស្រាយថា ក្បាលម៉ាស៊ីនក្បត់នេះ ដែលដឹកនាំដោយចក្រី, សុផាន, សុជាតិ, និង​ឈូក​(ផ្ទាល់) ទទួល​បាន​ការ​គាំទ្រពី​ប្រទេសវៀតណាម និង​សូវៀត ហើយ​បាន​ដឹងទៀតថា កម្លាំង​មួយចំនួនបាន​ចូលទៅ​បង្កប់ខ្លួន​នៅ​ក្នុង​ទឹកដី​យួន​ខាងត្បូង។ ចំណែក​ឯគ្រាប់រំសេវ ឃន ​បាន​រៀបរាប់ថា គ្រាប់កាំភ្លើងគ្រប់ធន់ចំនួន​៤តោន និង​កាំភ្លើងចំនួន​ពីររទេះសេះ បាន​បញ្ជូន​ពីស្រុកកោះជ័យ​ ទៅកាន់ឃ្លាំងរបស់​តំបន់ នៅឯ​ឈើកាច់។ ឃន​បានបញ្ជាក់ថា បៃម៉ាប់ គឺជាខ្សែរយៈទាក់ទងជាមួយ​វៀតណាម នៅ​តាម​​ច្រក​កាដូង និង​បន្ទាយចក្រី។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំវៀតណាម កាល​ពីខែកុម្ភៈ ឆ្នាំ​១៩៧៦ ដែរ ឃន​ ក៏ធ្លាប់ចូលទៅក្នុង​ទឹកដីវៀតណាម ជាមួយ​សមមិត្តក្រូច ដែលជាលេខាស្រុក​កោះជ័យ និង​ជាប្រធានគណៈប្រតិភូ, សមមិត្ត ណន ដែល​ជាអនុលេខា​ស្រុក​ពាមជរ និងជាអនុប្រធានគណៈប្រតិភូ, សមមិត្ត​ ហ៊ន ដែលជាប្រធាន​សន្តិសុខ​​ស្រុក​ពាមជរ និង​សមាជិកគណៈប្រតិភូ, និង​ម្នាក់ទៀត ដែល​កងការពារនៃអង្គភាព​ពាណិជ្ជកម្ម​តំបន់​២៤ ប្រចាំការ​នៅ​ព្រំដែនព្រែកឆ្តោរ។ ភាគីវៀតណាម ដែលទទួលភាគីកម្ពុជា រួមមាន៖ ចៅហ្វាយខេត្ត​ផ្សារ​ដែក, ចៅហ្វាយ​ស្រុក​ហុកងឺ, បៃម៉ាប់ ដែល​ជា​គណៈទាក់ទង​វៀតណាម​កម្ពុជា​តំបន់​២៤ និង​បញ្ជាការ​កងការពារ​ព្រំដែន វៀតណាមចំនួន​បីនាក់ទៀត។ ​

ឃន បាន​បញ្ជាក់ចុងក្រោយថា៖ «ចលនាក្បត់​នេះគឺមាន​ទិសដៅវាយដណ្តើម​រដ្ឋអំណាច​ពី​បដិវត្តន៍មកគ្រប់​គ្រងឲ្យ​ទៅជាសើរើនិយម..»​៕

អត្ថបទដោយ លី សុខឃាង

[1] ឯកសារលេខ​ J00270 ស្តីពីឈ្មោះ​ សោម ឃន ដែលឯកសារនេះ​បាន​រក្សាទុក​នៅ​ក្នុង​ការិយាល័យ​មជ្ឈមណ្ឌ​ល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវ​បាន​ចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែ​ជាចម្លើយ​ដែល​កើតចេញ​ពីអំពើទារុណកម្ម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin