របៀបរបបចាត់តាំង និងរចនាសម្ព័ន្ធក្បត់នៅក្នុងតំបន់៥០៥

តំបន់៥០៥ ស្ថិតក្រោមការគ្រប់គ្រងរបស់ យី[1]។ តំបន់នេះ ជាតំបន់មួយនៅក្នុងចំណោមតំបន់ទាំងប្រាំមួយនៅក្នុងភូមិភាគឦសាន[2]។ នៅក្នុងតំបន់៥០៥ ទាំងមូលបែងចែកចេញជាបីស្រុក ក្នុងនោះមាន៖ ស្រុកក្រចេះ ស្រុកស្នួល និងស្រុកសំបូរ។ មន្ទីរស្រុកក្រចេះមានទីតាំងនៅឃុំដារ ចម្ងាយពីផ្លូវជាតិលេខប្រាំពីរ ចំនួន១៥០ម៉ែត្រ។ នៅស្រុកក្រចេះមានការបែងចែកជាបួនផ្នែកសំខាន់ៗគឺ៖ ផ្នែកសន្តិសុខ គ្រប់គ្រងដោយ ម៉ីន មានទីតាំងនៅភូមិតាប៉ូ ឃុំដារ។ ផ្នែកសេដ្ឋកិច្ច អ្នកគ្រប់គ្រងឈ្មោះ សាត មានទីតាំងនៅភូមិត្រពាំងព្រីង[3] ឃុំក្រគរ មានចម្ងាយចំនួនពីរគីឡូម៉ែត្រ គិតពីថ្នល់បែកក្រចេះមកខាងកើត។ ផ្នែកយោធា គ្រប់គ្រងដោយ ហ៊ឹម មានទីតាំងនៅឃុំដារ ជិតមន្ទីរស្រុកក្រចេះ និងផ្នែកពេទ្យ ចែកចេញជាបី រួមមានផ្នែកព្យាបាល ផ្នែកស្លថ្នាំសម័យ និងផ្នែកស្លថ្នាំបុរាណ គ្រប់គ្រងដោយ ពុន មានទីតាំងនៅភូមិខ្សារ ឃុំដារ មានចម្ងាយប្រាំគីឡូម៉ែត្រពីមន្ទីរស្រុកក្រចេះ។ នៅក្នុងនោះមានមន្ទីរពេទ្យមួយទៀតដែលមានទីតាំងនៅភូមិច្រវ៉ា ឃុំគោលាប់។
ព័ត៌មានដែលមានទាំងអស់នេះគឺទទួលបានតាមរយៈចម្លើយសារភាពរបស់ សៀង ផា[4] ហៅ ផល ប្រធានមនី្ទរតំបន់៥០៥ សី្ដពីរបៀបរបបចាត់តាំង និងរចនាសម័្ពន្ធក្បត់នៅតំបន់៥០៥។ ឈ្មោះអ្នកទោសដែលកំទេចនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៧ មានចំនួនសរុបទាំងអស់៤៥នាក់ មកពីតំបន់១០៦ គ្រប់គ្រងដោយលេខាស្រុកឈ្មោះ ប្រាក់ សំ។
សៀង ផា បានបញ្ជាក់ថា យោធានៅក្នុងតំបន់៥០៥ បែងចែកជាបីវរសេនាតូច មានដូចជា វរសេនាតូច៧ បានបោះទីតាំងនៅអូរឫស្សី ក្នុងវរសេនាតូចនេះមានចែកជាកម្លាំងធ្វើស្រែ ដែលមានឈ្មោះ លី ជាអ្នកគ្រប់គ្រង។ វរសេនាតូច១៣ គ្រប់គ្រងដោយឈ្មោះ គ្រឿន និងវរសេនាតូច១៤ គ្រប់គ្រងដោយ ម៉ៅ ដែលបោះទីតាំងនៅព្រំប្រទល់ខ្មែរ-វៀតណាម ចាប់ពីព្រំប្រទល់ស្រុកមេមត់ ស្ថិតនៅភូមិភាគបូព៌ា[5] រហូតមកដល់ព្រំប្រទល់ខេត្តមណ្ឌលគិរី។ ការដ្ឋានប៉ូលិស គ្រប់គ្រងដោយ ផុង បោះទីតាំងនៅព្រៃកាំពីរ ក្នុងឃុំសណ្ដាន់ ស្រុកក្រចេះ។ រីឯចម្ការកៅស៊ូ អ្នកគ្រប់គ្រងឈ្មោះ រស់ និងចម្ការអំពៅ អ្នកគ្រប់គ្រងក្ដាប់មិនបាន ទាំងពីរនោះគឺមានទីតាំងនៅស្រុកស្នួល។ ចំណែកឯផ្នែកកសិកម្ម អ្នកគ្រប់គ្រងឈ្មោះ អ៊ី បោះទីតាំងនៅភូមិខ្នងពស់ ឃុំដារ នៅជាប់ព្រែកទេ។
ផ្នែកឧស្សាហកម្ម មានទីតាំងនៅខាងជើងផ្សារក្រចេះចម្ងាយ២០០ម៉ែត្រ។ នៅក្នុងផ្នែកឧស្សាហកម្មគឺមាន អគ្គិសនី តម្បាញ រោងក្រឡឹង និងម៉ាស៊ីនកិនស្រូវ។ លើសពីនេះផ្នែកវប្បធម៌ អ្នកទទួលខុសត្រូវឈ្មោះ សៅ បានបោះទីតាំងនៅខាងជើងឈាងខាងកើតពីក្រុងក្រចេះ ចម្ងាយពីរគីឡូម៉ែត្រ នៅជិតនឹងរោងចក្រតម្បាញ។ បន្ថែមពីនេះផ្នែកកាប់ឈើ ទីតាំងក្ដាប់មិនបាន អ្នកទទួលខុសត្រូវឈ្មោះ ជេត។ ផ្នែកដឹកជញ្ជូន គ្រប់គ្រងដោយ ហ៊ាង ចែកចេញជាពីរផ្នែកគឺ ជើងគោក មានទីតាំងចម្ងាយ៨០០ម៉ែត្រពីផ្សារក្រចេះ ជាប់នឹងរបងមន្ទីរពេទ្យស្រុក។ ជើងទឹក បោះទីតាំងនៅខាងជើងផ្សារក្រចេះ ចម្ងាយ៦០០ម៉ែត្រ។ ចុងក្រោយនោះគឺ ផ្នែកផ្លូវគមនាគមន៍ ទីតាំង និងអ្នកគ្រប់គ្រងគឺក្ដាប់មិនបាន។
នៅក្នុងតំបន់៥០៥ ក្រៅពីក្រសួងគឺនៅមានមន្ទីរសំខាន់ចំនួនបីទៀតគឺ មន្ទីរការពារ គ្រប់គ្រងដោយ នាន និងមានសមាជិកចំនួន១០នាក់។ មន្ទីរទូរលេខ គ្រប់គ្រងដោយ នាង មានសមាជិកប្រាំនាក់ នៅក្នុងនោះមានអ្នកបកប្រែម្នាក់ និងចុងក្រោយមន្ទីរពាណិជ្ជកម្ម មានទីតាំងនៅទល់មុខនឹងរោងចក្រក្រឡឹង។ នៅក្នុងមន្ទីរពាណិជ្ជកម្មគឺចែកចេញជាផ្នែកតូចៗបន្ថែមទៀតរួមមាន៖ ផ្នែកទទួលផលិតផលពីអង្គការជូនប្រជាជន, ផ្នែកប្រមូលផលិតផលពីប្រជាជនជូនអង្គការ, ផ្នែកកម្មករលីសែងសម្ភារ និងមានឃ្លាំងចំនួនបួន ដូចជា ឃ្លាំងក្រណាត់ គ្រប់គ្រងដោយ ណាត(ស្រី), ឃ្លាំងដែក គ្រប់គ្រងដោយ ថុន, ឃ្លាំងស្បៀង គ្រប់គ្រងដោយ ណិត(ស្រី) និង ឃ្លាំងថ្នាំពេទ្យ។
របៀបនៃការគ្រប់គ្រងនៅក្នុងមន្ទីរតំបន់៥០៥ គឺមានការចាត់តាំងចាប់ពីប្រធានមន្ទីររហូតដល់ប្រធានផ្នែក ហើយអ្នកទាំងអស់សុទ្ធតែអ្នកដែលធ្លាប់មានប្រវត្តិតស៊ូ។ កម្មាភិបាលមួយភាគធំនៃតំបន់៥០៥ គឺមកពីភូមិភាគឧត្តរ[6] ហើយក្រៅពីនោះគឺជាអ្នករស់នៅក្នុងតំបន់ក្រចេះ។ ចំនួនកម្លាំងនៅមន្ទីរតំបន់៥០៥ សរុបទាំងអស់មានប្រមាណជាង១០០នាក់ នៅក្នុងនោះមានប្រហែលជាប្រាំភាគរយ គឺបានបំផុសសកម្មភាពឲ្យប្រជាជនប្រឆាំងនឹងអង្គការ។ សកម្មភាពក្បត់នៅក្នុងតំបន់នោះ មានដូចជា មិនយកចិត្តទុកដាក់ចំពោះការធ្វើការងារ ចង់ទទួលបានរបបអាហារគ្រប់គ្រាន់ និងទាមទាឲ្យអង្គការរៀបចំគ្រួសារឲ្យ។
យោងតាមរយៈចម្លើយសារភាពរបស់ នូ អ៊ានឡេង[7] ហៅ គល់ ជាលេខាឃុំគោលាប់ ស្រុកក្រចេះ តំបន់៥០៥ បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរថា គាត់បានដឹកនាំខ្សែសង្វាក់ សេ-អ៊ី-អា[8] ធ្វើសកម្មភាពបំផុសប្រជាជនឲ្យប្រឆាំងជាមួយរបបសមូហភាពថា ហូបមិនឆ្អែត ធ្វើការងារច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ៊ានឡេង មិនព្រមយកមាគ៌ានយោបាយរបស់បក្សទៅអប់រំប្រជាជនឡើយ ថែមទាំងធ្វើសកម្មភាពបំភ្លៃមាគ៌ាធ្វើស្រែ ចំពោះប្រឡាយទឹកកន្លែងខ្លះមិនត្រូវជីក ប៉ុន្តែគាត់នាំប្រជាជនជីកនៅកន្លែងនោះ កម្លាំងរបស់ប្រជាជនត្រូវដកចុះដកឡើយមិនប្រាកដនៅកន្លែងណាមួយ។ លើសពីនេះទៅទៀត គាត់ព្យាយាមរឹតបណ្តឹងជីវភាពរបស់ប្រជាជនទាំងរបបអាហារ និងសម្ភារប្រើប្រាស់ សម្លៀកបំពាក់ផ្ដល់ឲ្យប្រជាជនតែសម្លៀកបំពាក់ដែលរហែក ចំពោះកំណាត់ដែលចែកសម្រាប់កាត់គឺផ្ដល់ឲ្យតែមួយម៉ែត្របួនតឹក មិនអាចយកទៅកាត់សម្លៀកបំពាក់បាននោះទេ។
តាមរយៈការរៀបរាប់របស់ សៀង ផា ដែលបានបញ្ជាក់ថានៅក្នុងតំបន់៥០៥ មានការបែងចែកជាបីស្រុកពិតមែន ប៉ុន្តែការរៀបរាប់នោះជាព័ត៌មាននៃការចាត់តាំងនៅក្នុងស្រុកក្រចេះតែមួយប៉ុណ្ណោះ ចំណែកការចាត់តាំងនៅស្រុកស្នួល និងស្រុកសំបូរគឺក្ដាប់មិនបាន។ នៅក្នុងចម្លើយសារភាពរបស់ សៀង ផា មិនបានបញ្ជាក់អំពីថ្ងៃដែលគាត់ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនទៅកាន់មន្ទីរស-២១នោះទេ ប៉ុន្តែនៅក្នុងនោះបានបញ្ជាក់ថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៧ ជាថ្ងៃចុងបញ្ចប់នៃការសួរចម្លើយរបស់ ផា ពីសំណាក់អ្នកសួរចម្លើយ៕
រចនាសម្ព័ន្ធចាត់តាំងគណៈតំបន់៥០៥
តារាងចាត់តាំងមន្ទីរតំបន់៥០៥
អត្ថបទដោយ នេន ស្រីមុំ
[1] យោងតាមគេហទំព័ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) យី ឈ្មោះដើម ប៊ន ណាន (១៩៣៩-១៩៧៨) ជាលេខាតំបន់៥០៥។ គាត់ត្រូវបានឃុំខ្លួននៅមន្ទីរស-២១ និងក្រោយមកសម្លាប់ចោល។ ថ្ងៃចូលអាន (ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/born-nan
[2] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទីពីរ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥. “ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦) ។ ភូមិភាគនេះរួមមានខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះបែងចែកជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។”
[3] បច្ចុប្បន្នភូមិត្រពាំងព្រីង ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។
[4] ឯកសារ D24026. ស្ដីពីចម្លើយសារភាពរបស់ សៀង ផា ហៅ ផល មានតួនាទីមន្ទីរតំបន់៥០៥។ នៅក្នុងឯកសារចម្លើយសារភាពស្ដីអំពី របៀបរបបចាត់តាំង និងរចនាសម័្ពន្ធក្បត់នៅតំបន់៥០៥។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ សៀង ផា ពិត ឬយ៉ាងណានោះទេ”។
[5] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទីពីរ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៣. “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយទន្លេមេគង្គទាំងអស់ ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួនបីក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”
[6] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទីពីរ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤. “ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦។ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ ទើប កែ ពក ត្រូវបានចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ) ហើយចែកចេញជាបីតំបន់គឺ៖ តំបន់៤១ តំបន់៤២ និងតំបន់៤៣។”
[7] ឯកសារ D13487 ស្ដីពីចម្លើយសារភាពរបស់ នូ អ៊ានឡេង ហៅ គល់ មានតួនាទីជាលេខាឃុំគោលាប់ ស្រុកក្រចេះ តំបន់៥០៥។ អ៊ានឡេង ត្រូវបានអង្គការខ្មែរក្រហមចោទប្រកាន់ពីបទបំផុសឲ្យប្រជាជនប្រឆាំងនឹងអង្គការខ្មែរក្រហម និងជាខ្សែបណ្ដាញរបស់ សេ-អ៊ី-អា។ អ៊ានឡេង ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧៨។
[8] ឯកសារ D427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រទី២៩៩ កថាខណ្ឌទី៩២១ សរសេរថា “នៅពេលចូលខ្លួនដំបូងនៅចំពោះមុខសហចៅក្រមស៊ើបអង្កេត នួន ជា និយាយថា ភ្នាក់ងារសេ-អ៊ី-អា (CIA) អាមេរិក, កា-ហ្សេ-បេ (KGB) សូវៀត, ខ្មែរសេរី ភ្នាក់ងារសង្ងាត់វៀតណាមក៏មាន ហើយភ្នាក់ងារនេះមានបង្កប់ខ្លួននៅក្នុងបក្ស និងចំណោមប្រជាជន សហករណ៍យើងខ្ញុំ ហើយធ្វើឲ្យមាគ៌ាបក្ស «ឆៅ» និង«ខ្មោច» និងបំផ្លាញប្រទេសជាតិឯង បក្ស និងប្រជាជន”។