មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ហោ ថៃ​ ហៅ​ ធុល[1]​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​វត្ត​កែវ​រមូល​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​។​ បច្ចុប្បន្ន​រស់ភូមិ​ព្រែក​ខ្ពប​ ​ស្រុក​៤១​ តំបន់​៤​ ក្រុម​ទី​២២​ កង​តូច​លេខ​៧​ កង​ធំ​​លេខ៣​។​

​ថៃ បាន​ឆ្លើយសារភាពថា៖ «កាល​ពី​វ័យ​កុមារ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧​។ ឪពុក​ម្ដាយ​ ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​បង​ប្អូន​បង្កើត​ខ្ញុំ​មាន​ចំនួន​២​នាក់​។ ខ្ញុំ​មាន​គ្រួសារ​​ហើយ​ ប្រពន្ធ​ខ្ញុំ​ឈ្មោះ​ កុយ​ ស៊ួ​ មាន​អាយុ​២៨ឆ្នាំ​ យើង​មាន​កូន​៣​នាក់​។​

នៅ​ចន្លោះ​ឆ្នាំ​១៩៦០​ ដល់​ឆ្នាំ​១៩៦៣ ខ្ញុំ​រៀន​​ភ្លេងពិណពាទ្យ​បាន​រយៈ​ពេល​បី​ឆ្នាំ​។ ក្រោយ​មក​ទៀត​ក្នុង​​ឆ្នាំ​១៩៦៤​ ខ្ញុំ​ក៏​បាន​ចូល​ធ្វើ​ការ​ជា​កម្ម​ករ​នៅ​រោង​ចក្រ​តម្បាញ​ ក្នុង​ខេត្ត​បាត់​ដំបង​ ផ្នែក​ជាង​ជួស​ជុល​ម៉ាស៊ីន​អំបោះ​ធំ​។ ខ្ញុំ​បានធ្វើ​ការ​ក្នុង​រោង​ចក្រ​ផ្នែក​ជាង​ជួស​ជុល​ ក្នុង​ខេត្ត​បាត់​ដំបង​ រហូត​ដល់​ខ្មែរ​ក្រហម​វាយ​រំដោះ​​ទី​ក្រុង​ភ្នំ​ពេញ​ក្នុង​ឆ្នាំ​១៩៧៥។​ ក្រោយមកខ្ញុំ​​​បាន​ចេញ​ទៅ​នៅ​សហករណ៍​ព្រែក​ខ្ពប​វិញ ហើយការ​រស់​នៅ​ក្នុង​សហករណ៍​ខ្ញុំ​បានជួប​ការ​លំបាក​ជា​ច្រើន​ ទាំង​ការ​ធ្វើ​ការ​ និងការ​ទទួលរបប​អាហារ​មិន​បាន​គ្រប់​គ្រាន់​។ ជាក់​ស្ដែង​ នៅ​ក្នុង​សហករណ៍​ខ្ពប​នេះ​តែង​តែ​មាន​ទំនាស់​ពេល​ប្រជាជន​ឈឺ​ មិន​ឲ្យ​ហូបអាហារ​​ឆ្អែត​ ដោយ​យល់​ឃើញ​ថា​អ្នក​​ជំងឺ​មិន​បាន​ធ្វើ​ការ​ងារ​។​

ក្រោយ​មក ​ខ្ញុំ​​បាន​ឃើញ​ប្រជាជនរត់ចេញគ្មានសល់ ​ ដូច្នេះហើយទើប​ខ្ញុំ​​មាន​គំនិត​ចង់​រត់​ចេញ​ដែរ​ ដោយ​សារមិន​ពេញចិត្ត​ក្នុង​ការ​រស់​នៅ​ស្រុក​។ មុន​ដំបូង​​ឈ្មោះ​ សាម​ បាន​បបួល​ខ្ញុំ​រត់​ទៅ​សៀម​ម្ដង​ហើយ​ ប៉ុន្តែ​កាល​ណោះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ដោយ​សារ​មាន​ជំងឺ​។ ពេល​នោះមុន​នឹង​​ សាម បាន​ចាក​ចេញ​​បាន​ផ្ដាំ​​ខ្ញុំ​ថា ​ប្រសិន​បើ​ខ្ញុំ​ចង់​រត់​ទៅ​សៀម​ឲ្យ​ខ្ញុំ​ទៅ​នៅ​រង់ចាំក្នុង​ភូមិ​សំរោង​ ឃុំ​ស្នឹង​ សាម​ នឹង​ត្រឡប់​មក​ទទួល​យក​ទៅ​នៅ​ស្រុក​សៀម​។ សាម​ បាន​កំណត់​យក​ថ្ងៃ​ទី​១០​ ទី​២០​ និង​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​១៩៧៦​ ក្នុង​ការ​មក​ទទួល​ ប៉ុន្តែ​ចំពោះ​ទី​កន្លែង​ជួប​ច្បាស់​លាស់​មិន​ទាន់​បាន​កំណត់​នោះ​ទេ​។

កាល​ណោះ​យើង​មាន​គ្នា​ចំនួន​៤​នាក់​ ដែល​បាន​រៀប​គម្រោង​​ការ​រត់​ទៅ​សៀម ក្នុង​នោះរួម​មាន​ ហ៊ាង​ ហៅ​ ហ៊ី​, ខុន​ ហៅ ខេង​, គុន គីង​,​ រួម​ទាំង​ខ្ញុំ​។ បន្ទាប់​ពី​បាន​ជួប​ជុំ​គ្នា​ហើយ​យើង​បាន​ឯក​ភាព​គ្នា​ថា​ត្រូវ​ធ្វើ​សំបុត្រ​ដើរ​ផ្លូវ​ក្លែង​ក្លាយ​គូរ​ត្រា​ដោយ​ខ្លួន​ឯង​។​ កាល​ណោះ​ អ្នក​គូរ​ត្រា​គឺ​ខ្ញុំ​ផ្ទាល់​ ដោយ​យក​គំរប​ដបថ្នាំ​ពេទ្យ​ និង​ទ្រនាប់​ខាង​ក្នុង​គំរដប​មក​គូស​ជា​រង្វង់​មូល​ ចំណែក​ឯ​ពណ៍​ក្រហម​យក​ទឹក​ថ្នាំ​ក្រហម​លាប​ដំបៅ​។​ ចំណែក​ឯ​អ្នក​សរសេរ​អក្សរ​ឈ្មោះ​ ចាន់​ ភាព​ នៅ​ក្នុង​រង្វង់​ត្រា​មាន​សរសេរ​ថា​ «កម្ពុជា​ អព្យាក្រិត​ ប្រជាធិបតេយ្យ​​ សម្បូរ​​រុង​រឿង​»​ និង​នៅ​ចំកណ្ដាល​មាន​អក្សរ​ថា​ «គណៈ​ប្រជា​ធិបតេយ្យ​»​។​ សំបុត្រ​ដែល​បាន​ធ្វើ​មាន​ចំនួន​៤​ច្បាប់​​។​

បន្ទាប់​ពី​បាន​ធ្វើសំបុត្រ​ដើរ​​រួច​រាល់​ហើយ​ យើង​ទាំង​បួន​នាក់​ បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ចំនួន​ពីរ​ទៅ​ភូមិ​ត្រស់​ ក្នុង​ការ​​ទំនាក់​ទំនង​ជា​មួយ​ឈ្មោះ​ ហ៊ន​ ដើម្បី​យក​ខោ​ ព្រោះ​ខោ​របស់​ខ្ញុំ​បាន​ផ្ញើ​ទុក​ជា​មួយ​ ហ៊ន​។ ក្រោយ​ពី​ខ្ញុំ​យក​ខោ​បាន​ យើង​ទាំង​បួន​នាក់​ក៏​បន្ត​ដំណើរ​ទៅ​​អូរ​តាគី​ និង​សម្រាកទី​នោះ​មួយ​យប់​​នៅ​ផ្ទះ​បង​ប្អូន​ គីង​។ លុះ​ព្រឹក​ឡើង​ បាន​បន្ត​ដំណើរ​ទៅ​ភ្នំ​សំពៅ​ ដោយ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​។ ចំណែក​ឯ​ កង់​បាន​ទុក​ឲ្យ​បង​ប្អូន​ មិត្ត​គីង​ ប៉ុន្តែ​បាន​ដោះ​យក​សំបក​កង់​មួយ​យក​ទៅ​តាម​ខ្លួន​។

មិន​យូរ​ប៉ុន្មាន​ យើង​ទាំង​បួន​នាក់​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ​សំ​ពៅ​ និង​បាន​យក​សំបក​កង់​ទៅ​ដូរ​ជា​អង្ករ​បាន​ចំនួន​២០​កំប៉ុង​ សម្រាប់​ដាំ​បាយ​ហូប​។ បន្ទាប់​មក​ យើងបាន​បន្ត​ដំណើរ​ទៅ​ស្នឹង​ និង​នាំ​គ្នា​ឈប់​សម្រាក​នៅ​ផ្ទះ​ឪពុក​មារ​ គីង​ ចំនួន​៦​យប់​។ អំឡុង​ពេល​នោះ​ ខ្ញុំ​បាន​យក​ជញ្ជៀន​ទៅ​ដូរ​អង្ករ​បាន​ចំនួន​៤០​កំប៉ុង​បន្ថែម​ទៀត​។ ឪពុក​មារ​ គីង​ មិន​បាន​ដឹង​ថា​យើង​ទាំង​បួន​នាក់​មាន​គម្រោង​រត់​ទៅ​សៀម​ នោះ​ទេ​ព្រោះ​ពេល​នោះ​បាន​ប្រាប់​គាត់​ថា​យើង​នៅ​ផ្នែក​សង្គម​កិច្ច​ ហើយមក​ទី​នេះ​ក្នុង​គោល​បំណង​រក​ដើម​ថ្នាំ​ទៅ​ព្យាបាល​ជំងឺ​។ ប៉ុន្តែ​តាម​ការ​ពិត​ យើង​នៅ​រង​ចាំ​ មិត្ត​ សាម​ មក​ទទួល​យក​ទៅ​សៀម​។​

​រង​ចាំ​អស់​រយៈ​ពេល​៦ថ្ងៃ​ ប៉ុន្តែ​មិន​ឃើញ​មិត្ត​សាម​ មក​តាម​ការ​ណាត់ឡើយ​ យើងទាំង​បួន​នាក់​បាន​បន្ត​ដំណើរ​ទៅ​ភ្នំ​តាកួត​ ដោយ​បាន​ដើរ​បន្លំ​ខ្លួន​ជា​អ្នក​បោច​វល្លិ៍ចំនួន​២៤នាក់​ និង​មាន​រទេះ​គោ​ចំនួន​៤​។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ភ្នំ​តាកួត​ យើង​ទាំង​បួន​នាក់​បាន​ដើរ​បែក​ពី​ក្រុម​អ្នក​បោច​វល្លិ៍​ដើរ​សំដៅ​ទៅ​ទិស​ខាង​លិច​ ត្រូវ​បាន​យោធា​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​។ អង្គ​ការ​សួរ​ចម្លើយ​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​១៩៧៦»៕

[1] ឯកសាររបស់មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ J00302។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវ​បាន​ចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែ​ជាចម្លើយ​ដែល​កើតចេញ​ពីអំពើទារុណកម្ម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin