ប្រធានរោងចក្រត-៧

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឈ្មោះ ជុំ ធី[1] ភេទស្រី មានអាយុ ៥៨ឆ្នាំ (ឆ្នាំ២០០៨) ជាអតីតប្រធានរោងចក្រត-៧ ដែលជារោងចក្រតម្បាញនៅសម័យកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅតំបន់ឫស្សីកែវ ទីក្រុងភ្នំពេញ។ ធី មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ។

នៅមុនឆ្នាំ១៩៧០ ធី បានទៅរស់នៅជាមួយអ៊ំប្រុសនៅឯខេត្តកំពត។ អ៊ំប្រុសរបស់ ធី មានឈ្មោះ ទិត ហៅ ថីទិត ជាអតីតមេគយ នៅជំនាន់សង្គមចាស់ ដែលសព្វថ្ងៃរស់នៅឯនាយសមុទ្រ។ អ៊ំទិត បាននាំ ធី ទៅរស់នៅជាមួយ និងធ្វើការនៅផ្ទះរបស់គាត់។ ក្រៅពីធ្វើការងារផ្ទះរួចរាល់ ដូចជាដាំបាយ ដាំទឹក និងបោសសម្អាតផ្ទះ ធី បានរៀនអក្ខរកម្មបន្តិចបន្តួចនៅពេលទំនេរ។

នៅឆ្នាំ១៩៧០ ក្រោយពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប្រទេសជាតិកើតមានសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងទាហានរដ្ឋាភិបាលរបស់សេនាប្រមុខ លន់ នល់។ នៅឆ្នាំ១៩៧២ ម្ដាយរបស់ ធី ដែលបារម្ភពីកូនបានមកនាំយក ធី ពីផ្ទះអ៊ំទិត ទៅរស់នៅស្រុកកំណើតវិញ និងធ្វើស្រែប្រាំង ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។

នៅឆ្នាំ១៩៧៥ សង្គ្រាមបានបញ្ចប់ ដោយខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជាក្រោមការដឹកនាំបែបផ្ដាច់ការ។ នៅក្នុងភូមិ មានពូម្នាក់ឈ្មោះ មុត ជាមនុស្សរបស់អង្គការ បានប្រកាស និងជ្រើសរើសយុវជនយុវនារីវ័យក្មេង ដែលមានប្រវត្តិរូបមកពីគ្រួសារក្រីក្រ និងជាមនុស្សស្មោះត្រង់ ឲ្យទៅធ្វើជាកម្មករនៅការដ្នានស្រែអំបិល ខេត្តកំពត។ កម្មករទាំងអស់ចាប់ផ្តើមធ្វើស្រែអំបិល ដែលប្រើប្រាស់រយៈពេលប្រមាណបួនខែ ចាប់ពីខែធ្នូ ឆ្នាំ១៩៧៥ រហូតដល់ខែមីនា ឆ្នាំ១៩៧៦។ ក្រោយមក ដោយសារតែមិនអាចធ្វើស្រែអំបិលនៅខែភ្លៀង កម្មករទាំងអស់ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅចម្ការកៅស៊ូមួយកន្លែង នៅឯកំពង់សោម។

មុនពេលចាកចេញពីស្រែអំបិលទៅកំពង់សោម ធី បានជួបនឹងកុមារីម្នាក់ឈ្មោះ ខន មានអាយុប្រហែល ១១ឆ្នាំ (ឆ្នាំ១៩៧៦)។ មិនយូរប៉ុន្មាន ឪពុកម្ដាយរបស់ ខន ត្រូវបានខ្មែរក្រហមសម្លាប់។ អ្នកភូមិដែលរស់នៅសហករណ៍ជាមួយឪពុកម្ដាយរបស់ ខន បានប្រាប់ថា នៅថ្ងៃមួយ កងឈ្លបបានលួចស្តាប់ឪពុកម្ដាយរបស់ ខន ដែលកំពុងនិយាយគ្នា និងលួចហូបផ្លែស្លារបស់អង្គការ។ ស្អែកឡើង កងឈ្លបនោះក៏នាំយកឪពុកម្ដាយរបស់ ខន ទៅរៀនសូត្រ ឬសម្លាប់ចោល។

នៅសហករណ៍ដែលឪពុកម្ដាយរបស់ ខន រស់នៅ ដែលស្ថិតនៅឯភូមិចំបក់ ឃុំចំបក់ [ស្រុក] គឺមានបែងចែករវាងសហករណ៍កម្រិតទាប និងកម្រិតខ្ពស់។ ខ្មែរក្រហមបានប្រមូលសម្ភារ និងគោក្របីទាំងអស់ទុកជារបស់សមូហភាព ដោយឲ្យប្រជាជនធ្វើស្រែរួម និងហូបរួម។ ក្រោយមក ខ្មែរក្រហមបានរៀបសហករណ៍កម្រិតទាប ឲ្យទៅជាសហករណ៍កម្រិតខ្ពស់ ដែលមានមនុស្សរស់នៅកើនឡើងសរុបប្រហែលជិត ១ពាន់គ្រួសារ។[2] ក្មេងប្រុសទាំងអស់ត្រូវបញ្ជូនទៅធ្វើកងទ័ព ចំណែកកូនស្រីត្រូវបញ្ជូនទៅធ្វើកងនារី។ ខន ត្រូវបានខ្មែរក្រហមបញ្ជូនមកធ្វើការជាមួយ ធី នៅស្រែអំបិល តាំងពីពេលនោះមក។ ធី តែងតែអាណិតស្រឡាញ់ និងចាត់ទុកខនដូចជាប្អូនបង្កើតរបស់ខ្លួន។

​នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូន ធី និងកម្មករប្រហែលជាង៤០០នាក់ ឲ្យធ្វើដំណើរតាមរថភ្លើង ដើម្បីទៅធ្វើការនៅកំពង់សោម។ ធី ត្រូវបានចាត់ឲ្យធ្វើជាប្រធានកងនារី និងជាអ្នកក្ដាប់រួមនៅពេលទៅដល់ចម្ការកៅស៊ូ ដោយសារខ្មែរក្រហមចូលចិត្តគាត់ដែលជាមនុស្សស្មោះត្រង់។ ធី តែងតែខិតខំធ្វើការទៅតាមផែនការដែលបានដាក់ចេញដោយខ្មែរក្រហម និងជួយណែនាំអ្នកដទៃឲ្យធ្វើការបានល្អ ដូចជាកងនារីត្រូវកាប់ឆ្ការព្រៃនៅចម្ការកៅស៊ូដើម្បីឲ្យបានទិន្នផលល្អ។

នៅឆ្នាំ១៩៧៧ ដោយសារចំនួនកងនារីដែលមានជាច្រើននាក់នៅចម្ការកៅស៊ូ និងការបង្កបង្កើនដំណាំកៅស៊ូមិនអំណោយផល កម្មករប្រហែលជាង៤០០នាក់ និងកងនារីមួយចំនួន នៅកំពង់សោម ត្រូវបានអង្គការរៀបចំឲ្យទៅធ្វើការនៅតាមរោងចក្រនានានៅក្រុងភ្នំពេញ។

នៅតំបន់ឫស្សីកែវ មានរោងចក្រតម្បាញមួយកន្លែង ដែលអង្គការបានបញ្ជូន ធី និងកងនារីឲ្យទៅធ្វើការនៅទីនោះ។ នៅពេលទៅដល់ ខន ដែលជាប្អូនធម៌របស់ ធី ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅរោងចក្រម-១១ ឬរោងចក្រផលិតភួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីរោងចក្រត-៧ ឬរោងចក្រតម្បាញ។ នៅពេលឮដូច្នេះ ធី បានដើររក ខន ទាំងប្រញាប់ប្រញាល់ និងស្នើសុំអង្គការឲ្យប្អូនម្នាក់នេះបានមកធ្វើការជាមួយគាត់វិញ។

នៅរោងចក្រត-៧ មានកម្មករសរុបប្រហែលជា៣០០ទៅ៤០០នាក់ ដោយមានកម្មករចម្រុះមកពីភូមិភាគនិងតំបន់ផ្សេងៗ។ ដោយសារ ធី ខិតខំធ្វើការងារបានល្អ អង្គការក៏ចាត់តាំងគាត់ឲ្យធ្វើជាប្រធានផ្នែកអន្ទងអំបោះជាមួយកុមារ ក្រោយមកជាប្រធានរោងចក្រគ្រប់គ្រងកម្មករទាំងអស់ ជំនួសឲ្យប្រធានរោងចក្រមុនដែលខ្មែរក្រហមផ្លាស់ប្តូរឲ្យទៅធ្វើការនៅរោងចក្រផ្សេង។ នៅពេលគ្រប់គ្រង មានអ្នកជំនាញមកបង្រៀន ធី អំពីការប្រើប្រាស់ម៉ាស៊ីន និងខ្សែចង្វាក់ផលិតកម្ម ដូចជាត្រូវបើកភ្លើងឲ្យបានគ្រប់គ្រាន់ និងផ្លាស់ប្តូរសមាជិកឲ្យធ្វើការងារឲ្យបានជាប់លាប់ជាដើម។

កម្មករនៅក្នុងរោងចក្រ ទទួលបានការហូបចុកគ្រប់គ្រាន់ ដោយពុំដែលរងទុក្ខវេទនាដូចប្រជាជនទូទៅនៅតាមសហករណ៍នោះទេ។ ខ្មែរក្រហមបានបំប៉នកម្មកររោងចក្រ ដូចជាមានបង្អែមក្នុងរយៈពេលបីថ្ងៃម្តង និងមានបាយព្រឹកល្ងាច។ ជាការដោះដូរ កម្មករតម្រូវឲ្យផ្តល់ឈាម មួយខែមួយប្លោក ដល់ក្រុមគ្រូពេទ្យសម្រាប់ទុកព្យាបាលកងទ័ពខ្មែរក្រហម។

បន្ទាប់ពីធ្វើការនៅរោងចក្រអស់រយៈពេលជាង៤ខែ នៅឆ្នាំ១៩៧៨ ខាងក្រសួងឧស្សាហកម្មប្រាប់កម្មករថា «រៀបចំអីវ៉ាន់ទៅ គេទុកភ្នំពេញឲ្យចិននៅ» និងឲ្យកម្មកររោងចក្រទាំងអស់យកតែខោអាវមួយសម្រាប់តាមខ្លួនប៉ុណ្ណោះ។ កម្មករទាំងអស់ត្រូវបានខ្មែរក្រហមដឹកទៅស្ថានីយ៍រថភ្លើង និងធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបង។ នៅពេលទៅដល់ខេត្តបាត់ដំបង គឺគ្មានទីកន្លែងរស់នៅ និងកន្លែងធ្វើការច្បាស់លាស់សម្រាប់កម្មករទាំងអស់នោះទេ។ អស់រយៈពេលមួយសបា្ដហ៍កន្លងផុតទៅ ធី និង ខន នៅបន្តដើរតាមផ្លូវជាតិដោយគ្មានទិសដៅពិតប្រាកដ និងសុំអង្ករប្រជាជនដទៃដើម្បីហូប។

នៅឆ្នាំ១៩៧៨ កាលដែលខ្មែរក្រហមប្រាប់ថា ឲ្យកម្មករដកថយ និងទុកឲ្យភ្ញៀវចិននៅទីក្រុងភ្នំពេញ ជាការកុហក និងដើម្បីជម្លៀសកម្មករចេញពីទីក្រុងឲ្យទៅនៅបាត់ដំបងប៉ុណ្ណោះ ដោយប្រាប់ថាទៅតែមួយសប្ដាហ៍ទេ។ ជាក់ស្ដែង កម្មករត្រូវចាកចេញទៅរស់នៅទីនោះ អស់រយៈពេលជាង១ឆ្នាំ។ ដោយសារតែការជម្លៀសឥតព្រៀងទុកនេះ ធី ត្រូវធ្វើដំណើររហូតដល់ព្រំដែនជាមួយប្រទេសថៃ និងត្រលប់មកសំឡូត។ ក្រោយមក ធី និង ខន បានតាំងទីលំនៅនៅក្បែរផ្សារឡែម ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៨១ ធី និង ខន ដែលជាប្អូនចិញ្ចឹមត្រូវរស់នៅក្នុងព្រៃ។ នៅឆ្នាំ២០០៧ ធី បានជួបជុំជាមួយ អ៊ំទិត ម្តងទៀតដែលនៅរស់រានមានជីវិត នៅស្រុកកំណើតនារដូវចូលឆ្នាំខ្មែរ។ អ៊ំទិត និងក្រុមគ្រួសារ ដែលរស់នៅសហរដ្ឋអាមេរិក បានមកត្រលប់មកលេងស្រុកកំណើត និងគ្រួសារនៅខេត្តបាត់ដំបង បន្ទាប់ពីរស់នៅទីនោះអស់ជាច្រើនឆ្នាំ៕

ដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០៦៦. (២០០៨). សម្ភាសជាមួយ ជុំ ធី ដោយ ហ៊ិន សុធានី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៨. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៩.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin