« កង ភន : ជាអតីតយោធាខ្មែរក្រហមដែលធ្លាប់រៀនពីរបៀបកែច្នៃមីននិងជួសជុលកាំភ្លើង »
កង ភន ភេទប្រុស អាយុ ៦៤ឆ្នាំ សព្វថ្ងៃមានមុខរបរជាកសិករ មានស្រុកកំណើតនៅភូមិអណ្ដូងខ្ពស់ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភន មានឪពុកឈ្មោះ ជុំ ពៅ (ស្លាប់ ) ចំណែកម្ដាយឈ្មោះ ព្រាម ឆែម (ស្លាប់ ) ។ ភន មានបងប្អូន៩នាក់ ( ប្រុស៤នាក់ ស្រី៥នាក់ ) ក្នុងនោះ ភន ជាកូនទីបីនៅក្នុងគ្រួសារ។ បងប្អូន ភន បានទទួលមរណៈភាព៥នាក់ ( ប្រុស២នាក់ ស្រី៣នាក់ ) ។ ភន មានប្រពន្ធឈ្មោះ ប៉ន ម៉ុន អាយុ ៥១ឆ្នាំ មានកូន៤នាក់ ( ប្រុស១នាក់ ស្រី៣នាក់ ) ក្នុងនោះកូនរបស់គាត់ ស្លាប់ប្រុសម្នាក់ដោយសារជម្ងឺគ្រុនឈាម ។
កាលពីក្មេង ភន មិនចង់ចូលរៀនប៉ុន្មានទេ ប៉ុន្តែដោយមានការបង្ខិតបង្ខំពីឪពុកម្ដាយទើប ភន សម្រេចចិត្តចូលរៀននៅអាយុ ៧ឆ្នាំ នៅសាលាវត្ត-ឈើនៀងផ្អែម ។ គ្រូដែលធ្លាប់បង្រៀន ភន មានឈ្មោះ គ្រូប៊ិន គ្រូរឹម គ្រូអូន គ្រូខន សព្វថ្ងៃពួកគាត់បានទទួលមរណៈភាពអស់ហើយ ។ ។ រៀនបានត្រឹមថ្នាក់ទី២ «ចាស់» ភន បានឈប់រៀនវិញនៅពេលប្រទេសជាតិធ្លាក់ចូលសង្រ្គាម ពេលដែលលោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។ ក្រោយពីរដ្ឋប្រហារហើយប្រជាជនជាច្រើនបាននាំគ្នាឡើងមកធ្វើបាតុកម្មនៅសាលាស្រុកទ្រាំង ដើម្បីតវ៉ាឲ្យ សម្ដេចព្រះ នរោត្តម សីហនុ ឡើងកាន់អំណាចវិញ ប៉ុន្តែជាអកុសលប្រជាជនដែលឡើងទៅធ្វើបាតុកម្មភាគច្រើនត្រូវបានកងទ័ព លន់ នល់ បាញ់របួសនិងស្លាប់ជាច្រើននាក់ ខ្លះទៀតបានរត់គេចខ្លួនមកផ្ទះសម្បែងវិញ ។ បន្ទាប់ពីមានការបាញ់សម្លាប់ប្រជាជន សម្ដេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាក់គីដើម្បីចូលរួមជាមួយចលនាតស៊ូខ្មែរក្រហមវាយផ្ដួលរបបលោក លន់ នល់។ នៅពាក់កណ្ដាលឆ្នាំ១៩៧០ ក៏ចាប់ផ្ដើមមានយួនវៀតកុង ( យួនកុម្មុយនីស្ត ) ចូលមកក្នុងភូមិដែល ភន កំពុងរស់នៅ ប៉ុន្តែមិនបានប៉ះពាល់អ្វីដល់ប្រជាជននោះទេ ។
លុះដល់ឆ្នាំ១៩៧១ ក៏ចាប់ផ្ដើមមានធីវគីចូលមកប្រមូលសម្ភាររបស់របរ មាសប្រាក់ របស់ប្រជាជនគ្មានសល់ បើឃើញកូនក្រមុំឬប្រពន្ធប្រជាជនដែលស្អាតៗ យួនធីវគីចាប់ដាក់រថក្រោះយកទៅធ្វើបាបនៅបន្ទាយរបស់វា។ ភន បាននិយាយបន្ថែមថា ស្រីៗនៅក្នុងភូមិឲ្យតែដឹងថាធីវគីចូលមកម្នាក់ៗនាំគ្នារត់ពួន ខ្លះលាបធ្យូងឲ្យមើលទៅឃើញអាក្រក់។ ចំណែកប្រជាជនដែលនៅភូមិដ៏ទៃទៀត ឲ្យតែដឹងថាធីវគីជិតចូលមកដល់ដឹងតែនាំគ្នាប្រមូលសម្ភាររបស់របរយកទៅកប់ដី ខ្លះយកមាសប្រាក់ទៅដាក់លើចុងដូងឬក៏ចុងត្នោត ខ្លះទៀតបានរត់គេចខ្លួនព្រោះខ្លាចធីវគីចាប់យកទៅធ្វើជាកងទ័ព លន់ នល់ ។
នៅក្នុងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមចាប់ផ្ដើមដើរឃោសនាតាមភូមិ ដើម្បីឲ្យប្រជាជនងើបឡើងតស៊ូប្រឆាំងជាមួយលោកសេនាប្រមុខ លន់ នល់ ។ ប្រជាជនជាច្រើនដោយមានការឈឺចាប់ពេលដែលបាត់បង់ប្រពន្ធ កូនជាទីស្រលាញ់និងទ្រព្យសម្បត្តិរបស់របរដែលខំសន្សំបានដោយការលំបាក ក៏សម្រេចចិត្តចុះចូលជាមួយខ្មែរក្រហមដើម្បីបង្កើតជាចលនាតស៊ូមួយតតាំងជាមួយលោកសេនាប្រមុខ លន់ នល់ ។
ក្នុងឆ្នាំ១៩៧៣ កងទ័ពអាមេរិកកាំងបានទម្លាក់គ្រាប់បែក មកលើភូមិស្រុកដែល ភន កំពុងរស់នៅ។ ប្រជាជនបាននាំគ្នាជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួន ប្រជាជនខ្លះទៀតបាននាំគ្នារត់ចូលព្រៃដើម្បីលាក់ខ្លួនពេលឮសូរយន្តហោះអាមេរិកហោះមកទម្លាក់គ្រាប់បែកម្ដងៗ។ ពេលនោះស្រុកទ្រាំងមានការទម្លាក់គ្រាប់បែកខ្លាំងណាស់ ព្រោះអាមេរិកបានចោទស្រុកទ្រាំងគឺជាតំបន់រំដោះរបស់ទ័ពខ្មែរក្រហមនិងយួនវៀតកុងរស់នៅ។ ប្រជាជនជាច្រើនត្រូវបានស្លាប់ ផ្ទះសម្បែងត្រូវបានបំផ្លិចបផ្លាញ គោក្របីស្លាប់ពាសវាលពាសកាល។
ក្នុងឆ្នាំ១៩៧៤ មានសង្គ្រាមរវាងយោធារំដោះខ្មែរក្រហមនិងកងទ័ពល លន់ នល់ កាន់តែខ្លាំង យោធារំដោះខ្មែរក្រហម បន្ទាប់ពីមានប្រជាជនចូលរួមជាច្រើនបានវាយយកទីប្រជុំជនតូចធំជាច្រើន ។ ពេលនោះ ភន បានសម្រេចចិត្តចាកចេញពីគ្រួសារដើម្បីចូលធ្វើជាកងកុមារខ្មែរក្រហមប្រចាំកងពលទី២ ដែលមានគ្នាប្រហែល១៥០នាក់ មានទីតាំងនៅម្ដុំគុកព្រៃសខាងត្បូងទីក្រុងភ្នំពេញ ។ ភន និងកុមារដ៏ទៃទៀតទទួលបានការបំពាក់បំប៉នខាងផ្នែកនយោបាយនិងហ្វឹកហាត់ខាងផ្នែកខាងយោធា។ គ្រូដែលបង្រៀន ភន មានឈ្មោះ គ្រូយឿន គ្រូហេង គ្រូងួន សព្វថ្ងៃពួកគាត់ទាំងអស់បានទទួលមរណៈភាពអស់ហើយ ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ។ ពេលដែលចូលភ្នំពេញមិនបានប៉ុន្មានម៉ោង កងទ័ពចាប់ផ្ដើមជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញឲ្យចេញទៅតាមបណ្ដាខេត្តនានា ដោយបោកបញ្ឆោតថា សហរដ្ឋអាមេរិកនិងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ អញ្ចឹងសូមឲ្យប្រជាជនដែលរស់នៅទីក្រុងភ្នំពេញចេញពីទីក្រុងភ្នំពេញឲ្យអស់ក្នុងរយះពេល២៤ម៉ោង ។ ភន បានបញ្ជាក់ថា តាមការពិតនេះគឺជាផែនការរបស់ខ្មែរក្រហមដើម្បីបំបែកកម្លាំងនិងបោសសម្អាតអ្នកដែលពាក់ព័ន្ធជាមួយលោកសេនាប្រមុខ លន់ នល់ ឲ្យអស់ចេញពីទីក្រុងភ្នំពេញ ។ ប្រជាជនដែលរឹងទទឹងមិនព្រមចេញតាមការស្នើរបស់ខ្មែរក្រហម ត្រូវបានកងទ័ពខ្មែរក្រហមបាញ់សម្លាប់និងអ្នកខ្លះទៀតត្រូវបានកងទ័ពខែ្មរក្រហមបំផ្ទុះគ្រាប់បែកឲ្យស្លាប់ក្នុងផ្ទះហ្នឹងតែម្ដង ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ កងកុមារប្រចាំកងពលទី២ បានផ្លាស់មកកាន់ខេត្តព្រះសីហនុវិញ ហើយត្រូវបានថ្នាក់ដឹកនាំឲ្យចូលរួមក្នុងកងកុមារប្រចាំកងពលទី៣ ដែលមានគ្នា៥០០ទៅ៦០០នាក់ គ្រប់គ្រងដោយបង ស៊ី នួន ។ ពេលដែលរស់នៅក្នុងកងពលទី៣ ថ្នាក់លើបានស្រាវជ្រាវប្រវត្តិបង ស៊ី នួន រួចចោទថាក្បត់ហើយក៏យកគាត់ទៅសម្លាប់ ហើយឲ្យលោក មាស មុត សំ ដឹម និងជ័យ ឆាន មកគ្រប់គ្រងវិញ។ ក្នុងខែសីហា ឆ្នាំ១៩៧៥ កងកុមារប្រចាំកងពលទី៣ ត្រូវបាន មាស មុត រំសាយជាក្រុមតូចៗដើម្បីឲ្យទៅរៀនខាងទូរលេខ ជាជាងជួសជុលឡាន ជួសជុលត្រាក់ទ័រ ជួសជុលកប៉ាល់ ជួសជុលអាវុធ កែច្នៃមីន ជាងក្រឡឹង ខ្លះទៀតទៅធ្វើខាងផ្នែកអគ្គីសនី និងសិប្បកម្មផ្សេងៗ ។ សម្រាប់អាហារហូបចុករបស់ ភន គឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ ពេលដែលឈឺថ្កាត់ម្ដងៗគឺមានពេទ្យចាំព្យាបាល ។
ក្នុងឆ្នាំ១៩៧៦ ក្រុមរបស់ ភន មានគ្នា១២នាក់ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យមករៀនកែច្នៃមីននិងជួសជុលកាំងភ្លើង ។ ពេលដែលមករៀនដំបូង ភន រៀនមិនសូវចេះប៉ុន្មានទេ ព្រោះពេលនោះនៅក្មេងខ្លាំងពេក តែដោយមានការបង្ហាត់បង្រៀនពីលោកតានិងអ៊ំប្រុសដែលមានជំនាញជួសជុលកាំភ្លើង ភន ក៏ចេះពីរបៀបជួសជុលកាំភ្លើង ។ កាំភ្លើងដែល ភន ត្រូវជួសជុសជារៀងរាល់ថ្ងៃគឺជាកាំភ្លើងច្រេសខូចដែលខ្មែរក្រហមទុកចោលនៅក្នុងឃ្លាំងចម្ការធូររេន ខេត្តព្រះសីហនុ ។ បន្ទាប់មកទៀតខ្មែរក្រហមបានផ្លាស់ ភន ឲ្យមករៀនខាងកែច្នៃមីននិងផលិតមីនស្មាច់របស់សូវៀត ហើយក្នុងមួយថ្ងៃគាត់ ផលិតមីនបាន១០ទៅ២០មីន ។
ចុងឆ្នាំ១៩៧៧ ក្រុមរបស់ ភន ត្រូវបាន មាស មុត បញ្ជូនឲ្យទៅជួយធ្វើការនៅកងចល័ត ការងារដែលខ្មែរក្រហមប្រើឲ្យ ធ្វើស្រែ រែកដី ដើម្បីធ្វើជាទំនប់និងការងារផ្សេងៗទៀត ។ ប្រជាជនដែលធ្វើការនៅក្នុងកងចល័តភាគច្រើនមកពីកងកេងដែលនៅក្នុងកងពលទី៣។ ស្រូវដែលទទួលបានគឺយកទៅដាក់ក្នុងអង្គភាពរួម ប៉ុន្តែហូបមិនបានគ្រប់គ្រាន់ទេ ព្រោះពេលនោះមានប្រជាជនជាច្រើនពេក ។ ក្នុងមួយថ្ងៃ ភន ធ្វើការមិនសូវបានសម្រាកទេ ពេលខ្លះផ្លាស់ទៅជួយធ្វើការនៅកងចល័ត ថ្ងៃខ្លះផលិតមីននិងយប់ឡើងទៅធ្វើការនៅរោងជាងរហូតដល់ម៉ោង១១យប់ទើបបានសម្រាក។ បន្ទាប់ពីផលិតមីនបានច្រើនហើយ មាស មុត បានយកមីនទាំងអស់នោះទៅពិសោធន៍ដើម្បីចង់ដឹងពីកម្លាំងរបស់វា ។
ក្នុងឆ្នាំ១៩៧៨ ចាប់ផ្ដើមមានការយកប្រជាជនទៅសម្លាប់ ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនសុទ្ធតែអ្នក១៧ មេសា មានដូចជា និស្សិត បញ្ញវន្ត គ្រូបង្រៀន សាស្រ្តាចារ្យ ដែលជម្លៀសមកពីខេត្តកំពតនិងមកពីទីក្រុងភ្នំពេញ ។ ប្រជាជនទាំងនោះត្រូវបានចោទថា ខុសសីលធម៌ និងភាគច្រើនអ្នកដែលជាប់ពាក់ព័ន្ធក្នុងជួរមន្រ្តីរាជការក្នុងរបបលោកសេនាប្រមុខ លន់ នល់ ។
ក្នុងឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលមករំដោះកងទ័ពខ្មែរក្រហមជាច្រើនក្នុងនោះក៏មានរូប ភន ម្នាក់ដែរបាននាំគ្នាប្រយុទ្ធតតាំងជាមួយកងទ័ពវៀតណាមដើម្បីយកឈ្នះយកចាញ់ ។ សមរភូមិក្ដៅដែលខ្មែរក្រហមប្រយុទ្ធជាមួយវៀតណាមក្នុងខេត្តព្រះសីហនុគឺ នៅរោងចក្រស្រាបៀរ លុះអស់គ្រាប់និងស្បៀងអាហារ កងទ័ពខ្មែរក្រហមជាច្រើនបាននាំគ្នាទម្លាក់អាវុធរត់ចូលព្រៃដើម្បីលាក់ខ្លួន ហើយក៏បន្តដំណើរមកស្នាក់នៅវត្តព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ភន ស្នាក់នៅវត្តព្រៃនប់បានរយៈពេលជិតបីខែ អស់ស្បៀងអាហារ ក៏នាំគ្នាបន្តដំណើរមករស់នៅខាងតាណីវិញម្ដង ដែលស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រោះនៅទីនោះមានស្បៀងអាហារ និងគ្រាប់ ដើម្បីទុកសម្រាប់ប្រយុទ្ធតតាំងជាមួយកងទ័ពវៀតណាមបាន ។ បន្ទាប់ពីប្រយុទ្ធតតាំងនៅតាណីបានប្រហែលកន្លះខែ កងទ័ពវៀតណាមបានវាយសម្រុកមកខ្លាំង ពេលនោះកងទ័ពខ្មែរក្រហមទប់អត់ជាប់ ក៏នាំគ្នារត់បន្តមកដល់ភូមិស្ទឹងសំរោង ឃុំអូរបាករទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយក៏បន្តថយរហូតដល់ស្រែអំបិល ខេត្តកោះកុង ។
នៅក្នុងខែមីនា ឆ្នាំ១៩៨០ ភន និងកងទ័ពខ្មែរក្រហមជាច្រើនបាននាំគ្នាធ្វើដំណើរចេញពីខេត្តកោះកុងមករស់នៅព្រំដែនថ្មដាវិញ ព្រោះនៅព្រំដែនថ្មដាមានគ្រាប់និងស្បៀងអាហារគ្រប់គ្រាន់។ បន្ទាប់ពីមានគ្រាប់និងស្បៀងអាហារគ្រប់គ្រាន់កងទ័ពខ្មែរក្រហមបានវាយបណ្ដេញកងទ័ពវៀតណាមដែលកំពុងធ្វើដំណើរមកកាន់ថ្មដាឲ្យថយទៅដល់ខេត្តកោះកុងវិញ។ ភន រស់នៅព្រំដែនថ្មដារហូតដល់ឆ្នាំ១៩៨៨ ។
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៨៨ កងទ័ពវៀតណាមបានប្រមូលកម្លាំងវាយចូលមកព្រំដែនថ្មដាម្ដងទៀត ពេលនោះ ភន ត្រូវបានកងទ័ពវៀតណាមបាញ់ត្រូវដៃពីគ្រាប់។ ពេលនោះកងទ័ពខ្មែរក្រហមដូចគ្នាបានបញ្ជូន ភន មកព្យាបាលពេទ្យខ្មែរក្រហមដែលបោះទីតាំងខាងជើងឈាងខាងលិចថ្មដា ដោយរបួសធ្ងន់ធ្ងរពេកពេទ្យបានសម្រេចចិត្តកាត់ដៃម្ខាង។ បន្ទាប់ពីជាសះស្បើយ ភន ត្រូវបាន មាស មុត ផ្លាស់ឲ្យមកទៅរស់សំឡូតវិញ រហូតដល់សមាហរណកម្មឆ្នាំ១៩៩៦ ។ បន្ទាប់ពីសមាហរណកម្មហើយ ភន មានគ្រួសារនិងបានផ្លាស់ពីសំឡូតទៅរស់នៅភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលដែលមកដល់ដំបូង ភននិងប្រពន្ធ បាននាំគ្នាកាប់ឆ្កាព្រៃដើម្បីយកដីធ្វើចម្ការ ហើយក៏បន្តធ្វើរហូតដល់បច្ចុប្បន្ន។
ជាចុងក្រោយរឿងរ៉ាវដែលចង់ចាំមិនអាចបំភ្លេចបានគឺខ្ញុំត្រូវរបួសបាត់បង់ដៃម្ខាង ។ ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំថាយើងត្រូវតែខំប្រឹងរៀន សង្គ្រាមវាមិនល្អទេ វាបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិត មនុស្សខ្លះទៀតពិការដៃឬពិការជើង ប្រជាជនជាច្រើនជួបការលំបាក ក្មេងខ្លះត្រូវបានកំព្រាឪពុកម្ដាយ ការហូបចុកមិនបានគ្រប់គ្រាន់និងប្រើឲ្យធ្វើការហួសកម្លាំង ។
សម្ភាសន៍ និងអត្ថបទ៖ ដោយ ចាន់ ណារិទ្ធ
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន