អង្គការចាប់ខ្លួន ព្រោះចូលរួមអនុវត្តផែនការក្បត់៧ចំណុច រៀបចំដោយ ឈូក លេខាតំបន់២៤

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៦ទំព័រ ដែលជាចម្លើយសារភាពរបស់​ សោម ឃន ជាប្រធានមន្ទីរស្រុកកោះជ័យ ​បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សរបស់ខ្លួន។ ឃន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦។ មួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង១១កន្លះ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៦​ ការសួរចម្លើយទៅលើឈ្មោះ សោម ឃន បានបញ្ចប់ ដោយមានស្នាមមេដៃរបស់អ្នកសួរចម្លើយ និងសាម៉ីខ្លួនផង បញ្ជាក់ពីការអស់សំណួរសួរ និងការឯកភាពលើចម្លើយសារភាពរបស់សាម៉ីខ្លួន។ ខាងក្រោមនេះ ជាការដកស្រង់ចម្លើយសារភាពរបស់ សោម ឃន៖

​សោម ឃន ​ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកកោះជ័យ[1] ខេត្តព្រៃវែង។ ឃន មានឪពុកឈ្មោះ សោម ចាប អាយុ៦២ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ម៉ែន សេង។ ប្រពន្ធរបស់ ឃន ឈ្មោះ ឈាង សាប៊ុន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃុំជាមួយគ្នាមានរបរធ្វើស្រែ និង​មានវណ្ណៈកសិករ​កណ្ដាលថ្នាក់ក្រោមដូចគ្នា ។ ឃន និងប្រពន្ធ មានកូនប្រុសស្រីចំនួន៣នាក់។

នៅអាយុ៧ឆ្នាំ ឃន បានចូលរៀននៅសាលាវត្ត ហើយនៅអាយុ១០ឆ្នាំ ឪពុកម្ដាយ ឃន បានបញ្ជូនគាត់ឲ្យបួសរៀននៅវត្តបឹងដោល​។  ក្រោយមក ឃន បានបន្តការសិក្សានៅវត្តស្ទឹងស្លូត និងវត្តប្រជុំវង់។ គ្រូបង្រៀនរបស់ ឃន ភាគច្រើនជាអាចារ្យវត្ត។ ក្នុងពេលបួសរៀន ឃន ទទួលបានការអប់រំឲ្យចូលធ្វើបដិវត្តន៍ និងធ្លាប់បានចូលរួមធ្វើបាតុកម្មចំនួន២លើកទៀត។​ លើកទី១ ចូលរួមបំផ្លិចបំផ្លាញកន្លែងបោះពុម្ពកាសែតខ្មែរឯករាជ្យរបស់ ស៊ឹម វ៉ា ដែលមានទីតាំងនៅក្បែរវត្ត សារ៉ាវ​ន្ត និងលើកទី២ បានចូលរួមវាយ​បណ្ដេញបក្សពួករបស់ លន់ នល់ ឈ្មោះ ញ៉ឹក ជូឡុង, ម៉ៅ និង សាយ។ ឃន ក៏ធ្លាប់ធ្វើសកម្មភាព​ប្រឆាំងនឹងចលនាសេរីដែរ ។

នៅឆ្នាំ១៩៦៤ ឃន បានចូលរៀនភាសាបារាំង និងភាសាអង់គ្លេសនៅវត្តលង្កា ជាកន្លែងដែល ឃន ត្រូវបានអូសទាញឲ្យចូលរួមបាចត្រាក់ (ខិត្តប័ណ្ណ) ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែករបស់ប្រទេសសេរីនិយមនៅកម្ពុជា។ ឃន បាននិយាយថា «ខ្ញុំមិនចង់ឲ្យក្រុមនេះ​មកជ្រៀតជ្រែកចូលទឹកដី​ប្រទេសកម្ពុជាឡើយ»។ នៅឆ្នាំ១៩៦៥ ឃន បានចាកចេញពីវត្តលង្កាមកស្នាក់នៅក្នុងវត្តបឹងដោលវិញ ។ នៅឆ្នាំ១៩៦៦ ឃន បានសឹកពីបួស និងបានប្រកបរបរធ្វើស្រែជាមួយឪពុកម្តាយ និងឆ្លៀតពេលខ្លះចូលរួមក្នុងចលនាបដិវត្តន៍ផង ។ នៅឆ្នាំ ១៩៦៨ ឃន បានចូលបម្រើក្នុងសម្ព័ន្ធយុវជនកុម្មុយនីស្តកម្ពុជា (យុវកក) ដោយមាន​ឈ្មោះ កៅ មួន ជាអ្នកឧទ្ទេសនាម ​។

នៅខែកុម្ភៈ ឆ្នាំ១៩៧៤ សមមិត្ត ឈូក ហៅ ម៉ែន មានតួនាទីជាលេខាតំបន់២៤ បានបើកការប្រជុំមួយជាមួយ ឃន, ក្រូច ជាលេខាស្រុកកោះជ័យ​, និង សីលា ជាគណៈយោធាតំបន់២៤ ដើម្បីរៀបចំផែនការក្បត់បដិវត្តន៍ ដែលមានខ្លឹមសារសំខាន់ៗចំនួន៧ចំណុច[2]រួមមាន៖ ១) ឃោសនាប្រជាជនមិនឲ្យចូលរួមក្នុងសហករណ៍។ ឈូក បានលើកពីមូលហេតុពិបាកៗមួយចំនួនដើម្បីឲ្យ ឃន និងអ្នកឯទៀតងាយស្រួលក្នុងការឃោសនាប្រជាជន។ ២) បញ្ហាលំបាកក្នុងការចូលរួមការកសាងប្រទេសដែលមានរយៈពេលច្រើនជាង១០ឆ្នាំរបស់អង្កការ។ ឈូក បានឲ្យ ឃន និងអ្នកឯទៀតអប់រំប្រជាជនឲ្យមើលឃើញពីផលលំបាកក្នុងការកសាងប្រទេស ដើម្បីឲ្យអ្នកទាំងនោះប្រឆាំងនឹងផែនការអង្គការ។ ៣) ប្រៀបធៀបប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពីភាពសម្បូរសប្បាយ និងជឿនលឿនរបស់ប្រទេសវៀតណាម ហើយបង្អាប់ប្រទេសកម្ពុជាថា គ្មានអ្វីទាល់តែសោះក្នុងការស្តារប្រទេសឡើងវិញ។ ៤) បំភិតបំភ័យប្រជាជនពីការផ្ទុះឡើងនូវសង្គ្រាមលោកលើកទី៣ ដែលប៉ះពាល់ដល់ប្រទេសកម្ពុជា។ ៥) ឈូក បានលើកឡើងពីការមកដល់របស់សម្តេចព្រះ នរោត្តម សីហនុ ដែលនាំឲ្យប្រទេសកម្ពុជា និងប្រជាជនសប្បាយរីករាយ មិនដូចការគ្រប់គ្រងរបស់អង្គការឡើយ។ ៦) អប់រំឲ្យស្អប់ខ្ពើមកងទ័ពប្រចាំភូមិភាគ និងមើលស្រាលកងទ័ពទាំងនោះថាមិនអាចប្រយុទ្ធនឹងខ្មាំងបាន។ ៧) បញ្ចុះបញ្ចូលប្រជាជនឲ្យងើបឡើងធ្វើសង្គ្រាមជាមួយអង្គការ ដើម្បីទទួលបានរបបហូបចុកគ្រប់គ្រាន់។

ស្ថិតក្រោមខ្លឹមសារក្បត់ទាំង៧ខាងលើ ឈូក បានរៀបចំផែនការសំខាន់ចម្បងចំនួនបី ហើយតម្រូវឲ្យ ឃន និងអ្នកឯទៀតយកទៅអនុវត្តនៅតាមមូលដ្ឋានគឺ៖ ឃោសនាប្រជាជនទាំងអស់ឲ្យប្រមូល គោ ក្របី ជ្រូក មាន់ ទា ដែលមាននៅក្នុងមូលដ្ឋានទាំងអស់ប្រគល់ទៅឲ្យវៀតណាម, ប្រមូលស្រូវរបស់ប្រជាជនមកដាក់រួមគ្នា ដើម្បីត្រៀមទុកនៅពេលមានអាសន្នកើតឡើង និងដើរឃោសនាប្រជាជនឲ្យយល់ដឹងពីភាពស្មុគស្មាញ និងលំបាកក្នុងការកសាងប្រទេសរយៈពេលពី១០ទៅ១៥ឆ្នាំ។

នៅឆ្នាំដដែល ឈូក បានចាត់តាំង ឃន និងឆោម ជាប្រធានឃុំបន្ទាយត្រី, សន ប្រធានឃុំពញាលៀង២, ថេន ជាសមាជិកក្រុមចលនាសហករណ៍តំបន់ ២៤, និង ឈឿន ជាប្រធានសន្តិសុខស្រុកកោះជ័យ ​ឲ្យទៅរស់នៅមន្ទីរសាលាស្វាយ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយពីផែនការដែល ឈូក បានណែនាំក្នុងពេលប្រជុំ ។ នៅទីនោះ ឃន ទាក់ទងបានកម្លាំងម្នាក់ឈ្មោះ យ៉ន អាយុ ៤២ ឆ្នាំ សម្បុរខ្មៅ និងមានមាឌធំ ឲ្យរួមកម្លាំងធ្វើសកម្មភាព។ ជាលទ្ធផល ឃន និងបក្ខពួកបានសម្រចកិច្ចការសំខាន់បីគឺ ១) ប្រមូលស្រូវរបស់ប្រជាជនចំនួនបួនពាន់បាវ​បញ្ជូនទៅដាក់នៅក្នុងឃ្លាំងនៅមន្ទីរ​ស្រុកកោះជ័យ។ ២) ប្រមូល​អាវុធ​យុទ្ធភ័ណ្ឌ និងគ្រាប់រំសេវគ្រប់ប្រភេទដែលមានក្នុងស្រុក យកទៅប្រគល់ឲ្យផ្នែកតំបន់ និង ៣) ​ប្រមូលបានគ្រាប់កាំភ្លើងគ្រប់ធុនចំនួនបួនតោន និងកាំភ្លើងពីររទេះសេះ យកទៅទុកនៅក្នុងឃ្លាំងឈើកាច់ ។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ឃន និងមនុស្ស៤នាក់ទៀតឈ្មោះ ក្រូច ជាលេខាស្រុកកោះជ័យ ​, ណន អនុលេខាស្រុកកោះជ័យ និងជាអនុប្រធានប្រតិភូ, ហ៊ន ជាប្រធានសន្តិសុខស្រុកពាមជរ និងជាសមាជិកប្រតិភូ និងម្នាក់ទៀតមិនស្គាល់ឈ្មោះជាកងការពារ ត្រូវវៀតណាមអញ្ជើញឲ្យចូលរួមពិធីបុណ្យចូលឆ្នាំនៅ​ប្រទេសវៀតណាម។ នៅខែតុលា ឆ្នាំ១៩៧៦ ឃន ត្រូវបានចាប់ខ្លួន។ ឃន បានបញ្ជាក់នៅក្នុងចម្លើយសារភាពរបស់ខ្លួនថា អង្គការចាប់ខ្លួនគាត់ គឺដោយសារតែគាត់បានចូលរួមអនុវត្តសកម្មភាពក្បត់ជឿតាមការអប់រំរបស់ ឈូក។

អត្ថបទដោយ៖ ជីម សុខគា

កំណែអក្ខរាវិរុទ្ធដោយ លី សុខចំរើន

[1] កម្ពុជាប្រជាធិបតេយ្យ, ភូមិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ៖ ផ្នែកនយោបាយ, ថ្នាក់ទី២ ([ភ្នំពេញ], បោះពុម្ពលើកទី១ ឆ្នាំ១៩៧៧), ៩-១០។ ស្រុកកោះជ័យ ជាស្រុកបង្កើតថ្មីដោយអង្គការបដិវត្តន៍ ដែលស្រុកនេះមានឈ្មោះដើមជាស្រុកព្រះស្តេច ហើយបច្ចុប្បន្ននេះក៏ជាស្រុកព្រះស្តេចដដែល។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, សេចក្តីកត់ហេតុសួរចម្លើយ  សោម ឃន, ឯកសារ J00270, ទំព័រ៣-៤។ ឈូក បានរៀបចំផែនការក្បត់ និងអូសទាញកម្លាំងស្និទរបស់ខ្លួនឲ្យអនុវត្តផែនការក្បត់ទាំង៧ចំណុច ដែលបានរៀបរាប់នៅក្នុងអង្គប្រជុំសម្ងាត់មួយជាមួយ ឃន និងបក្ខពួកបួននាក់ទៀត ដែលមានតួនាទីជាលេខាស្រុកកោះជ័យ ប្រធានសន្តិសុខស្រុកកោះជ័យ និងប្រធានយោធាតំបន់២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin