ធ្វើការនៅមន្ទីរភ័ស្តុភារស្រុកកំពង់សៀមក្នុងសម័យខ្មែរក្រហម សួន បូរ ត្រូវបានផ្លាស់ប្តូរជាប្រធានអនុសេនាតូច១៧

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ មនុស្សត្រូវរស់នៅបត់បែនតាមសង្គម។ ទោះបីដឹងថាការស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមមិនបានប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនអត់ឃ្លាន មានបាយស៊ីគ្រប់គ្រាន់ ប្រសើរជាងប្រជាជនធម្មតា។ ស្ម័គ្រចិត្តធ្វើជាកងទ័ព ដើម្បីជៀសវាងពីសហករណ៍ ក្រុមកងចល័ត ដូចជាកាន់បង្គីកាប់ គាស់ រែកដី ជីកប្រឡាយ ធ្វើទំនប់ជាដើម។

[1]ឈ្មោះ សួន បូរ ភេទប្រុស អាយុ ៤៣ឆ្នាំ(បច្ចុប្បន្នអាយុ ៦៤ឆ្នាំ) មានឪពុកឈ្មោះ អ៊ុច ស៊ី ស្លាប់ក្រោយសម័យខ្មែរក្រហម ម្តាយឈ្មោះ អីម ស្លាប់ក្នុងឆ្នាំ១៩៧៥ អត់ដឹងស្លាប់ដោយសារអ្វីទេ ព្រោះខ្ញុំទៅធ្វើជាកងទ័ព ទាល់ត្រឡប់មកវិញបានដឹងថា ម្តាយស្លាប់។  ខ្ញុំមានបងប្អូនចំនួន៧នាក់ (ស្រី៤) ខ្ញុំជាកូនទី៣។ បូរ មានស្រុកកំណើតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រពន្ធ បូរ ឈ្មោះ សួន ឈួន មានកូនចំនួន៥នាក់(ស្រី៤)។

ខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី១០  នៅសាលាព្រៃទទឹង ហើយខ្ញុំត្រូវបានឈប់រៀនវិញ ដោយសារខ្មែរក្រហមវាយដាច់ផ្លូវ។ កាលពីដំបូង ខ្ញុំជាមួយបងខ្ញុំទៅតំបន់ថ្នល់បែក បន្ទាប់មកចេញទៅតំបន់លត់ដំនៅវត្តទំនប់។ ក្រោយមកទៀតខ្ញុំឡើងទៅភ្នំពេញក្នុងឆ្នាំ១៩៧៥។ ដំបូងខ្ញុំមិនចង់ទៅបម្រើកងទ័ពទេ ដោយសារបងប្រុសជីដូនមួយខ្ញុំ ឈ្មោះ លាន ធ្វើការនៅក្នុងភស្តុភា និយាយប្រាប់ថា បន្តិចទៀតខ្មែរក្រហមបង្កើតសហករណ៍ ធ្វើជាកងចល័តពិបាកជាងកងទ័ព។ ហេតុនេះបានជាខ្ញុំសម្រេចចិត្តទៅធ្វើកងទ័ពស្ម័គ្រចិត្ត។ ខ្ញុំចេញទៅធ្វើអ្នកស្ម័គ្រចិត្តបម្រើកងទ័ពចុងឆ្នាំ១៩៧៣ ដើមឆ្នាំ១៩៧៤ កាលនោះខ្ញុំឡើងទៅតែម្នាក់ឯងទេ។ ដំបូងខ្ញុំស្នាក់នៅជាមួយ ឈ្មោះ លាន ​បានរយៈពេល៥ទៅ៦ខែ បន្ទាប់មកចេញទៅនៅជាមួយឈ្មោះ ស៊ួ ជាប្រធានមន្ទីរភស្តុភា ស្រុកកំពង់សៀម ត្រូវជាបងថ្លៃលាន។ ការងារខ្ញុំធ្វើ គឺដឹកជញ្ជូនស្រូវដាក់ក្នុងឃ្លាំង។  មន្ទីរភ័ស្តុភារ ស្ថិតនៅភូមិអន្លង់ឆ្នូត ឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខ្ញុំនៅមន្ទីរភ័ស្តុភារ៣១០ គ្រាន់តែសរសេររបាយកាណ៍ឱ្យ ស៊ួ។ ជិតដល់ថ្ងៃបែកទីក្រុងភ្នំពេញ ស៊ួ បញ្ជូនខ្ញុំទៅស្រុកជើងព្រៃ វត្តទំនប់ ដើម្បីទៅទិញគ្រាប់កាំភ្លើង ព្រោះកំពុងវាយក្តៅ ជាមួយយួន។ មុនពេលវាយជាមួយកងកម្លាំងយួន ប្រមូលកម្លាំងចំនួន៥០០ទៅ១០០០នាក់ ដើម្បីធ្វើការហ្វឹកហ្វឺននៅភូមិភាគឧត្តរ។ ខ្ញុំអត់បានហ្វឹកហ្វឺននៅស្រុកជើងព្រៃ គ្រាន់តែបង្រៀនកងទ័ពត្រូវចេះតស៊ូ ទោះបីពិបាកមិនត្រូវរត់ចោលទ័ព។

ក្នុងឆ្នាំ១៩៧៤ ត្រូវហ្វឹកហ្វឺនរយៈពេលបីខែ ប៉ុន្តែខ្ញុំត្រូវរស់នៅជាមួយប្រជាជននៅវត្ត ស្រុកជើងព្រៃ ហើយត្រូវបំបែកទ័ពទាំងអស់ឱ្យរស់តាមផ្ទះប្រជាជនរាប់ម៉ឺននាក់។ ចំណែកអាហារគឺបបរដាក់ពាង រួចចែកតាមសហករណ៍ តាមគ្រួសារ ទាល់តែត្រឡប់ទៅអង្គភាពបានមានបាយហូប។ ខ្ញុំហាត់នៅវត្តជើងព្រៃ ស្តីពីបច្ចេកទេសវាយ បាញ់ រត់ លូន ដោះគ្រាប់ ដោះកាំភ្លើងជាដើម។ រៀនពីនយោបាយ វាយខ្មាំងសត្រូវ កុំឱ្យឆក់ប្លន់ប្រជាជន ប៉ះពាល់ប្រជាជន។ ប្រធានខ្ញុំហាត់នៅជើងព្រៃឈ្មោះ សុក គាត់ជាមេតំនប់ មនុស្សមានឋានៈខ្ពស់ អ្នកធំៗ ទៅកន្លែងគាត់ច្រើន ចំណែកយើងជាកូនចៅមិនអាចចូលបានទេ។ ខ្ញុំទៅហាត់ចំនួនពីរកន្លែង គឺវត្តជើងព្រៃ វត្តទំនប់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សម្រាប់វត្តទំនប់ដាក់កុមារ ឯជើងព្រៃដាក់យុទ្ធជន។ យុទ្ធជនដែលទៅហ្វឹកហ្វឺនជំនានជាមួយគ្នា មានប្រហែល១០០០០នាក់។ នៅក្នុង១០០០០នាក់ ចែកចេញជាបីកងពល គឺកងពលទីមួយ ទីពីរ និងទីបី។ ចំពោះកងពលទីមួយ ប្រធានឈ្មោះ តាអឿន កងពលទីពីរឈ្មោះ តាស៊ូ ចំណែកងពលទីបីខ្ញុំភ្លេចឈ្មោះ។ ខ្ញុំហាត់អស់រយៈពេលបីខែ ខ្ញុំនៅជាមួយតាអឿន ប្រធានកងពល៣១០។ បន្ទាប់មកខ្ញុំធ្វើជានីរសារ តាប៊ិន ប្រធានភ័ស្តុភារកងពល៣១០។ មានតួនាទីដើរប្រមូលឯកសាររាល់ថ្ងៃ ទាក់ទងជាមួយប្រវត្តិរូប ឬប្រមូលសម្លៀកបំពាក់ជាដើម។

ខែវិច្ឆិកា ឆ្នាំ១៩៧៤ ខ្ញុំបានរើចេញពីកន្លែងភ័ស្តុភារ បន្តដំណើរទៅទីក្រុងភ្នំពេញ ដើម្បីទៅសាលាទាហានហ្វឹកហ្វឺននៅក្បែរវត្តភ្នំ កាលពីដើមហៅថាសាលាម៉ារីន ជាប់ក្បែររដ្ឋាករទឹក។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្ញុំមិនទាន់ចូលជាកងទ័ពទេ ទាល់ដល់ថ្ងៃទី១៩ បានខ្ញុំចូល។ ពេលនោះវាយបែកទីក្រុងភ្នំពេញ។ ចំណែកមន្ទីរភ័ស្តុភារមានមនុស្សប្រហែល២៦នាក់ មានតៃកុងឡានម្នាក់ជា អ្នកកាន់ឃ្លាំង។ ខ្ញុំអត់បានទៅវាយទេ គ្រាន់នៅចាំផ្គត់ផ្គង់គ្រាប់រំសេវពីក្រោយ។

ខ្ញុំចូលដល់ទីក្រុងភ្នំពេញនៅទី៩ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនរស់នៅទីក្រុងភ្នំពេញត្រូវបានខ្មែរក្រហមជម្លៀសចេញទាំងអស់ គឺសល់តែកងកម្លាំងខ្មែរក្រហម ដើម្បីសម្អាតទីក្រុង។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ មន្រ្តីយោធា និងស៊ីវិលទាំងអស់នៃរបបថ្មីត្រូវបានកោះហៅឱ្យចូលរួមក្នុងអង្គប្រជុំដ៏ពិសេសមួយ[2]។ មហាសន្និបាតនេះប្រារព្ធឡើងអស់រយៈពេលបីថ្ងៃនៅបរិវេណស្តាតចាស់ ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងភ្នំពេញ[3]។ គោលបំណងសន្និបាតនេះគឺដើម្បីទទួលផែនការដែលបែងចែកដោយមជ្ឈិមបក្ស ហើយបន្ទាប់មកវិលត្រឡប់ទៅតាមមូលដ្ឋានដើម្បីអនុវត្តផែនការនោះ[4]។ បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ បងថ្លៃខ្ញុំជាទាហាន លន់ នល់ បន្លំខ្លួនលាក់ប្រវត្តិធ្វើជាប្រជាជនធម្មតា។ ខ្ញុំធ្លាប់បានស្គាល់ឈ្មោះ ឡុង ប៉ូរ៉េត និងសុខសែន ជាមេទាហាន ប៉ុន្តែខ្ញុំមិនដែលបានឃើញមុខទេ។ ខ្មែរក្រហមចាត់ទុកទាហាន លន់ នល់ ជាខ្មាំង។ ដូច្នេះកងម្លាំងខ្មែរក្រហមបានប្រកាសរកអ្នកធ្លាប់ធ្វើជាទាហាន លន់ នល់ ទាំងអស់ឱ្យទៅកាន់កំពង់ចម្លងឆ្ពោះទៅព្រែកក្តាម ដើម្បីយកទៅសម្លាប់។ ប៉ុន្តែខ្ញុំមិនបានឃើញផ្ទាល់ភ្នែកទេ តែខ្ញុំបានស៊ើបសួរនៅក្នុងទ័ពជាមួយគ្នា ថាទាហាន លន់ នល់ ទាំងនោះត្រូវបានដឹកនៅសម្លាប់ចោល។ ប្រធានតំបន់ តាអឿន នៅក្បែរពេទ្យចិន នៅសល់តែពីរក្រុមរួមទាំងខ្ញុំ ត្រូវបានបែងចែងកងកម្លាំងទៅកាន់កន្លែងដូចជា ភ្នំប្រសិទ្ធិ អន្លង់ក្ងាន ទំនប់ស្រូវ ទួលគោក ក្បាលថ្នល់ តាខ្មៅ ចំណែកខ្ញុំនៅសាលានយោបាយ រងចាំកងកម្លាំងប្រមូលឡើងទៅតាមការបញ្ជាពីប្រធានតំបន់។

ឆ្នាំ១៩៧៦ បញ្ជូនទ័ពទៅវាយជាមួយយួន ចំពោះខ្ញុំអត់ស្គាល់នរណាច្រើនទេ ក្រៅពីអ្នកនៅក្នុងភស្តុភាជាមួយគ្នា ហើយខ្ញុំមានតួនាទីចាំបើកអង្ករឱ្យកងទ័ព នៅក្នុងមួយនាក់ទទួលបានអង្ករ៧ខាំនៅក្នុងមួយថ្ងៃចំពោះកងទ័ពត្រៀមចេញទៅវាយជាមួយវៀតណាម និងខាងទ័ពហ្វឹកហាត់គឺហូបបបរ។  នៅវរសេនាធំលេខ១៨ ជាកន្លែងហ្វឺកហាត់ អត់មានបាយហូបទេ គឺហូបបបរដូចជាប្រជាជនទូទៅ។

នៅសល់រយៈពេលបីខែ ក្នុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅចំណុះឱ្យវរសេនាតូចលេខ១៧។ នៅក្នុងកងពល៣១០ កម្មាភិបាលធំៗត្រូវបានចាប់ខ្លួនទាំងអស់ ចំណែកខ្ញុំត្រូវដកទៅភ្នំបាសិត ខ្ញុំបានដំណឹងពីពួកនិរសាថា មេៗត្រូវបានយកទៅរៀនសូត្រ។ ខ្ញុំកាន់ច្រើនកន្លែងផ្នែកនេះបន្តិច ផ្នែកនោះបន្តិច។ នៅឆ្នាំ១៩៧៧ ដកទៅភ្នំបាសិតដើម្បីមើលការងារខុសត្រូវភស្តុភា។ ខ្ញុំនៅចាំទទួលអង្ករពីភ្នំពេញផ្ញើទៅភ្នំបាសិត សម្រាប់ផ្គត់ផ្គង់កងទ័ពពេលខ្វះខាតស្បៀង។ ពេលទ័ពខ្វះអង្ករឬស្បៀងអាហារ ខ្ញុំតេអូ(តេអូ ជាឧបករណ៍ទំនាក់ទំនង) ប្រាប់ទៅខាងលើក ដើម្បីបញ្ជូនស្បៀងមកកាន់កងទ័ព។ ទ័ពដែលបញ្ជូនទៅភ្នំបាសិត ដើម្បីធ្វើស្រែ។ ខ្ញុំទៅភ្នំបាសិតមុនចាប់កម្មាភិបាល ខ្ញុំស្គាល់ច្បាស់ឈ្មោះ តាអឿន ត្រូវបានចោទជាខ្មាំង ថាខ្សែសេអ៊ីអា(CIA) ចូលដៃជើងជាមួយយួន។ ទ័ពមជ្ឈិមចូលមកស្រាវជ្រាវរកខ្សែសេអ៊ីអា(CIA)ក្នុងកងទ័ព។ កាលនោះតាអឿន និងតាសួង ជាប់និន្នាការសេអ៊ីអា(CIA) ហើយមជ្ឈិមបន្តស៊ើបរកអ្នកនៅជាមួយទ័ពតាអឿន។ ភាគច្រើនលាក់ប្រវត្តិខ្លួនថាមិនធ្លាប់ស្គាល់តាអឿន រួមទាំងខ្ញុំ ជៀសវាងជាប់និន្នាការ។ ទ័ពមជ្ឈិមហៅទៅប្រជុំជួរ ធ្វើការណែនាំដល់កងកម្លាំងទាំងអស់ប្រយ័ត្នប៉ះពាល់អ្នកធ្លាប់ពាក់ព័ន្ធជាមួយពួកសេអ៊ីអា(CIA) និងកុំឱ្យទ័ពធ្វើការបះបោរ។

បន្ទាប់ពីប្រធានធំៗត្រូវបានខ្មែរក្រហមចាប់ខ្លួន ខ្ញុំចាប់ផ្តើមភ័យខ្លាចថាមជ្ឈិមចាប់ទៅសម្លាប់។ ដូច្នេះខ្ញុំត្រូវស្របតាម កុំឱ្យទ័ពមជ្ឈិមចោទ។ ខ្ញុំបានឃើញមិត្តនារីនៅជាមួយឈ្មោះ ស្រី ជាយុទ្ធជន មានប្អូនឈ្មោះ រ៉េនៗ ហៅវាររ៉ែន ត្រូវបានខ្មែរក្រហមស្រាវជ្រាវដឹងពីប្រវត្តិរូប ថាជាជនក្បត់ ចោទថាយួនសក្តិ៥ ក្រោយមកអ្នកទាំងពីរត្រូវបានទ័ពមជ្ឈិមចាប់ទៅសម្លាប់ ប៉ុន្តែខ្ញុំមិនបានឃើញកន្លែងសម្លាប់ទេ។ អំឡុងខែតុលា ឆ្នាំ១៩៧៧  បន្ទាប់ពីចាប់មិត្តនារីពីរនាក់ ក៏ហៅប្រជុំជួរ រួចប្រាប់ថាអ្នកដែលចាប់ទៅគឺជាខ្មាំង។

ចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបញ្ជាភស្តុភាទៅខាងសួង វាយជាមួយយួន សម្រាប់កងពលខ្ញុំនៅចាំផ្គត់ផ្គង់សម្ភារគ្រឿងសព្វាវុធ គ្រាប់ រំសេវ និងស្បៀងអាហារ សម្រាប់កងទ័ព។ ខាងទ័ពមជ្ឈិមអត់មានប្រកាសអ្វីទេ ស្រាប់តែបញ្ជូនឡាន កាណូត ដឹកកងទ័ពយកទៅវាយជាមួយយួន។ ជិតដល់ចូលសមរភូមិបានប្រជុំគ្នា បែងចែកក្រុមតាមមុខព្រួញ។ ខ្ញុំអត់ទាន់មានកាំភ្លើងកាន់ ចំណែកកាំភ្លើងធំមិនទាន់ដឹកមកពីភ្នំពេញ។ ដំបូងខ្ញុំនៅកងពល៣១០ បន្ទាប់មកប្តូរខ្ញុំទៅកងពល២០៧វិញ។ ប្រធានកងពល ឈ្មោះ ញ៉ា។ ដោយសារតែមិនបានត្រៀមវាយត្រឹមត្រូវ ពេលចូលទៅសមរភូមិត្រូវបាក់ទ័ពរត់ត្រឡប់មកវិញ។ ក្រោយមកទៀត មានទ័ពមជ្ឈិម និងទ័ពកំពង់ចាម ទើបអាចវាយយួនដល់ភ្នំជើងដែង ប្រទេសវៀតណាម។ បន្ទាប់ពីខ្ញុំឈប់ធ្វើនីរសារ ហើយទៅកាន់ខាងសោរឃ្លាំង ចាំនាំឡានចូលយកអង្ករពីកន្លែងភ័ស្តុភារទៅតំបន់ព្រៃទទឹង។ ខ្ញុំចាំស្តាប់ សង្កេតមើលមានវរណាទៀតខ្វះខាតស្បៀង ដើម្បីខ្ញុំហៅឡានដឹកស្បៀងបញ្ជូនទៅ ព្រោះនៅសល់បីខែខ្មែរក្រហមត្រូវបញ្ជូនវរសេនាតូច១៧ និងវរសេនាធំ១៨ទៅខាងខេត្តព្រៃវែង។

ខ្ញុំឈប់ធ្វើការខាងផ្នែកភ័ស្តុភាររយៈពេលបីខែ ដើម្បីចូលក្នុងកងទ័ពវាយជាមួយវៀតណាម។ ដោយសារតែទ័ពខ្វះមនុស្សច្រើ ហេតុនេះជ្រើសរើសអ្នកភ័ស្តុភារចំនួន៤០នាក់ ទុកម្នាក់ជាតៃកុងឡាននៅចាំកន្លែង។ ពេលចូលសមរភូមិទ័ពខ្មែរក្រហមស្លាប់ដូចស្រមោច ឡានដឹកទ័ពនិងសពឡើងក្រហុកផ្លូវ នៅក្នុងមួយឡានមានមនុស្ស២០នាក់ មានទាំងអ្នកស្លាប់និងរបួស។ ចំណែកឡានពេទ្យ៦ទៅ៧គ្រឿងដឹកអ្នកជំងឺរាល់ថ្ងៃទៅកាន់ពេទ្យនៅកំពង់ចាម នៅសាលាមួយកន្លែងដែលទុកចោល។

បន្ទាប់ពីកងទ័ពជាច្រើននាក់ស្លាប់ក្នុងសមរភូមិវាយជាមួយវៀតណាម នៅដើមឆ្នាំ១៩៧៨ ខ្មែរក្រហមជ្រើសរើសមនុស្សបន្ថែមតាមសហករណ៍មូលដ្ឋាន។ កុមារមានអាយុ ១៣ទៅ១៥ឆ្នាំឡើង ត្រូវបានជ្រើសរើសជាកងកម្លាំងសរុបប្រមាណ៧០០ទៅ៨០០នាក់ បញ្ជូនតាមក្រោយ កន្លែងណាខ្វះខាតទ័ពត្រូវបញ្ជូនទៅកន្លែងនោះ ដើម្បីត្រៀមខ្លួនចូលសមរភូមិ។ ចំណែកខ្ញុំនៅខាងព្រៃវៃង អំឡុងពេលឡើងទៅវាយជាមួយយួន។  យួនបាញ់ដាច់ខ្សែត្រៀម បែកទ័ព ខ្ញុំរត់ទៅទន្លេឆ្មារអត់បាយបីថ្ងៃ នរណាចង់ទៅណាក៏ទៅ។ ចំណែកក្រុមខ្ញុំមានគ្នា១៤០នាក់ ដើរកាត់ព្រៃសំដៅមកឆ្លងពាមជីកង ខេត្តកំពង់ចាម។

ខ្ញុំចូលសមរភូមិផ្ទាល់ ធ្លាប់ចាប់បានទាហានវៀតណាមចំនួន៦នាក់ ចាប់បានរថក្រោះចំនួនពីរគ្រឿង ហើយទាំងមនុស្សនិងរថក្រោះត្រូវបញ្ជូនទៅកាន់ទីក្រុងភ្នំពេញ។ ខ្ញុំបានដឹងពីការសម្ភាសន៍តាមរយៈវិទ្យុថា ក្រុមអង្គភាពវរសេនាតូច១៧ ចំណុះឱ្យវរសរនាធំ១៨ ចាប់បានទាហានវៀតណាម និងរថក្រោះ។ ការចាប់រថក្រោះនិងទាហានវៀតណាម គឺក្នុងថ្ងៃផ្សេងគ្នា គឺថ្ងៃទីមួយ៖ ព្រឹកព្រលឹមម៉ោង៧:០០នាទី រថក្រោះរួមទាំងទាហានវៀតណាមសំដៅមករកទីតាំងយើង។ អង្គភាពវរសេនាតូច១៧ បញ្ជារថក្រោះយើង និងកងកម្លាំងមួយចំនួនដើម្បីចចារ ប៉ុន្តែមិនទាន់បានចរចាផងមានការបាញ់គ្នាទៅវិញទៅមក។ ទាហានវៀតណាមបានចូលមកវាយ បាញ់ តាមរថក្រោះ និងកាំភ្លើងធំ។ កងកម្លាំងខ្មែរក្រហមមានគ្នាច្រើនជាងបាញ់ដាច់ខ្សែច្រវ៉ាក់រថក្រោះចំនួនបីខ្សែ ហើយត្រូវបានអង្គភាពវរសេនាតូច១៧ឃាត់បានរថក្រោះមួយគ្រឿង និងទាហានវៀតណាម៣នាក់។  ថ្ងៃបន្ទាប់ចាប់រថក្រោះមួយគ្រឿងទៀត។ ចំពោះទ័ពខ្មែរក្រហមខ្ញុំមិនសូវឮថាត្រូវបានទាហានវៀតណាមចាប់ មានតែស្លាប់និងរបួស។ ខ្ញុំនៅអនុសេនាតូច១៧ បានរយៈពេលចំនួនបីខែ ហើយបំបែកទៅក្រុងភ្នំពេញ។  ខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ អស់រយៈពេលបីថ្ងៃបានខ្ញុំត្រឡប់ទៅស្រុកកំណើត។ មានមនុស្សចំនួន១២០នាក់ ដើរទៅកាន់លំនៅដ្ឋាន ហើយបែកគ្នាតាមផ្លូវបណ្តើរៗ។ រយៈពេលបីយប់បីថ្ងៃបានដល់ស្រុកកំណើត ខេត្តកំពង់ចាម។

ក្រោយត្រឡប់មកភូមិកំណើត ខែមេសា ឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយភរិយាឈ្មោះ សួន ឈួន ។ នៅក្នុងឆ្នាំដដែលនេះខ្ញុំត្រូវបាត់បង់បងប្អូនចំនួនពីរនាក់ ម្នាក់ស្លាប់ដោយជំងឺ និងម្នាក់ទៀតប្អូនប្រុសពៅ ស្លាប់ដោយសារលេងគ្រាប់រំសេវមិនទាន់ផ្ទះ យកទៅគប់លេងបណ្តាលឱ្យផ្ទុះ ធ្លាយពោះស្លាប់នៅហ្នឹងកន្លែង។

នៅក្នុងរបប ប៉ុល ពត ជារបបផ្តាច់ការ មិនឱ្យយើងធ្វើវៀចឆ្វេងស្តាំង ហ៊ានតែធ្វើខុសពីបញ្ជាអង្គការខ្មែរក្រហម ច្បាស់យកទៅសម្លាប់។ រឿងរ៉ាវចាំមិនភ្លេច គឺខ្មែរក្រហមប្រើទៅកាប់ដី ធ្វើស្រែនៅភ្នំបាសិត។ ខ្ញុំបានឃើញហេតុការណ៍មនុស្សស្លាប់ ដោយសារខ្សែភ្លើងឆក់។

អត្ថបទដោយ៖ ឈុំ រ៉ា

កំណែអក្ខរាវិរុទ្ធដោយ លី សុខចំរើន

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៣, ចម្លើយសារភាព TKDC-Cam3998, លេខKCI0501។

[2]មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅ របបប៉ុលពត ពូជសាសន៍ អំណាច និងអំពើប្រល័យពូជសាសន៍ ដោយប្រវត្តិវិទូ ប៊ែន ឃៀនិន ប្រែសម្រួលដោយ ទេព ម៉េងឃាង ហៅទីឃាយុ។ ការសាមគ្គី៖ សន្និបាតថ្ងៃទី ខែឧសភា ឆ្នាំ១៩៧៥ ក្នុងកថាខណ្ឌទី១ ទី៣និងទី៤ នៅទំព័រទី៨៨។ កថាខណ្ឌទី១ ទំព័រ៨៨។

[3] ការសាមគ្គី៖ សន្និបាតថ្ងៃទី ខែឧសភា ឆ្នាំ១៩៧៥ ក្នុងកថាខណ្ឌទី៣ នៅទំព័រទី៨៨។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅ របបប៉ុលពត ពូជសាសន៍ អំណាច និងអំពើប្រល័យពូជសាសន៍ ដោយប្រវត្តិវិទូ ប៊ែន ឃៀនិន ប្រែសម្រួលដោយ ទេព ម៉េងឃាង ហៅទីឃាយុ។ ការសាមគ្គី៖ សន្និបាតថ្ងៃទី ខែឧសភា ឆ្នាំ១៩៧៥ ក្នុងកថាខណ្ឌទី៤ នៅទំព័រទី៨៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin