អតីតនារីកងចល័តជួរមុខ
ម៉ម ពែក ភេទស្រី អាយុ៦៩ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតនៅភូមិអូរញ៉ោ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ម៉ម ម៉ាង(ស្លាប់) ម្ដាយឈ្មោះ អ៊ូច រឹម (ស្លាប់)។ ពែក មានបងប្អូនចំនួន៥នាក់ នៅក្នុងនោះមានស្រី៣នាក់និងប្រុស២នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ បច្ចុប្បន្ននេះស្លាប់ស្រីម្នាក់។ ប្ដីរបស់ ពែក ឈ្មោះ ឌឿក ជុង អាយុ៧៣ឆ្នាំ ប្រកបរបរធ្វើចម្ការ។ ពែក មានកូនចំនួន៤នាក់នៅក្នុងនោះមានស្រីចំនួន២នាក់និងប្រុសចំនួន២នាក់ កូនៗទាំងអស់បានរៀបការរួចអស់ហើយ។ បច្ចុប្បន្ននេះ ពែក រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយកូនស្រីទី៣។
កាលពីកុមារ ពែក បានរៀនត្រឹមថ្នាក់ទី១០ប៉ុណ្ណោះ ពីសង្គមចាស់ស្មើរនឹងថ្នាក់ទី៣នាពេលបច្ចុប្បន្ននេះ។ ពែក រៀននៅសាលាបឋមសិក្សាអូរញ៉ោ លោកគ្រូដែលបានបង្រៀន មានឈ្មោះលោកគ្រូ វ៉ាន់ ធី និងលោកគ្រូ សំ អាង បច្ចុប្បន្ននេះគាត់បានស្លាប់អស់ហើយ។ ពែក រៀនសូត្របានរយៈពេល៣ឆ្នាំក៏ឈប់រៀន ដោយសារតែគ្រួសារមានជីវភាពខ្វះទើបសម្រេចចិត្តឈប់រៀន ត្រឡប់មកជួយគ្រួសារធ្វើស្រែចម្ការវិញ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ ប្រជាជនជាច្រើនបាននាំគ្នាឡើងមកធ្វើបាតុកម្មនៅសាលាឃុំអូរញ៉ោជាច្រើន។ ប្រជាជនដែលបានចូលរួមធ្វើបាតុកម្មភាគច្រើនត្រូវបានទាហានរបស់លោកសេនាប្រមុខ លន់ នល់ បាញ់សម្លាប់ចោល និងរងរបួសជាច្រើននាក់ ។ កងទ័ពរបស់សេនាប្រមុខ លន់ នល់ បានបាញ់សម្លាប់ប្រជាជនដោយមិនញញើតដៃ ពីព្រោៈមានការបញ្ជាពីលោកសេនាប្រមុខ លន់ នល់ ផ្ទាល់ ចំពោះប្រជាជនណាហ៊ានធ្វើការបះបោរ ទើបប្រជាជនលែងហ៊ានធ្វើការប្រឆាំងទៀត។ នៅចន្លោះឆ្នាំ១៩៧១-១៩៧២ ក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកពីទាហានរបស់អាមេរិកកាំង មកលើស្រុកភូមិរបស់ ពែក ភាគច្រើនគ្រាប់បែកដែលទាហានអាមេរិកកាំងទម្លាក់មក សុទ្ធតែគ្រាប់បែក បេ៥២ ។ ប្រជាជនជាច្រើននាក់រងរបួសនិងស្លាប់ ចំណែកផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានឆាប់ឆេះនិងបំផ្លិចបំផ្លាញខ្ទិចខ្ទីគ្មានសល់ គោក្របីស្លាប់ទាំងក្រោល ប្រជាជនជាច្រើនជួបការលំបាកយ៉ាងខ្លះ ប្រជាជនខ្លះត្រូវបាត់បង់សាច់ញាតិបង ប្អូន ប្ដី ប្រពន្ធ រស់នៅយ៉ាងរងទុក្ខវេទនា ។ នៅពេលដែលឮសូរសម្លេងយន្តហោះកងទ័ពអាមេរិកកាំងហោះមកម្ដងៗ ក្រុមគ្រួសារ ពែក និងប្រជាជនជាច្រើនបាននាំគ្នារត់ចូលព្រៃដើម្បីលាក់ខ្លួន ប្រជាជនខ្លះបានជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួន ត្រង់សេដែលជីកមួយៗមានជម្រៅមួយម៉ែត្រ បន្ទាប់មកយកឈើក្រាលពីលើនិងយកដីលុបថែមទៀត។
ក្នុងឆ្នាំ១៩៧៤ ពែក រស់នៅស្រុកកំណើតជាមួយឪពុកម្ដាយ មិនបានជម្លៀសទៅណាទេ រស់នៅក្នុងភូមិអូរញ៉ោដដែល ជួយឪពុកម្ដាយមើលគោក្របី ។
ក្នុងឆ្នាំ១៩៧៥ ក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ចាប់ផ្ដើមមានការបង្កើតរោងសហករណ៍។ ក្រោយមកក៏មានការប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់យកទៅដាក់នៅក្នុងសហករណ៍រួមគ្នា មានដូចជា ជ្រូក មាន់ ទា ស្រូវអង្ករ មាស ពេជ្រ ឬរបស់របរផ្សេងៗទៀតដែលមានតម្លៃ។ មិនតែប៉ុណ្ណោះខ្មែរក្រហមក៏បានបែងចែកការងារដល់ប្រជាជនទាំងអស់នៅក្នុងភូមិ ឲ្យធ្វើការងាររួមគ្នា ដោយបែងចែកទៅតាមអាយុរបស់ប្រជាជន។ ខ្មែរក្រហមចាត់ឲ្យប្រជាជនធ្វើការងាររួមគ្នាសម្រាកនៅក្នុងសហករណ៍ និងអាហារហូបចុករួមគ្នា។ ក្នុងឆ្នាំដំបូងមិនទាន់ខ្វះខាតទេ មានអាហារហូបគ្រប់គ្រាន់។
ក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀស ពែក ឲ្យទៅធ្វើការនៅក្នុង ភូមិស្នួលកោង ដោយមានចម្ងាយប្រហែលជាង៣គីឡូម៉ែត្រពីភូមិអូរញ៉ោ។ ដំបូងខ្មែរក្រហមបានឲ្យ ពែក ចូលក្នុងក្រុមកងនារីចល័ត ដោយប្រើឲ្យជីកប្រឡាយក្នុងមួយថ្ងៃឲ្យបាន១០ម៉ែត្រ។ បន្ទាប់ពីជីកប្រឡាយចប់រួចរាល់ហើយ ពែក ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅដកស្ទូងវិញម្ដង។ ក្នុងមួយថ្ងៃៗ ពែក ធ្វើការមិនសូវបានសម្រាកទេ ធ្វើពីម៉ោង៧ព្រឹកដល់ម៉ោង១១ សម្រាកហូបបបរឬបាយ ក្រោយពេលហូបអាហាររួចក៏ត្រូវចុះធ្វើការបន្តទៀតលុះដល់ម៉ោង៥ល្ងាចទើបបានសម្រាកតាមរោងសហករណ៍រាងៗខ្លួន។
នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់ឲ្យ ពែក មើលការខុសត្រូវក្នុងកងនារីចល័តនៅក្នុងភូមិអញ្ចាញ ខ្មែរក្រហមបានចាត់តាំងឲ្យ ពែក ដឹកនាំនារី១០០នាក់លើកទំនប់ជីកប្រឡាយ។ ពែក គ្រប់គ្រងនារីចំនួន១០០នាក់ ខ្មែរក្រហមបានដាក់កំណត់សមាជិកចំនួន១០០នាក់ត្រូវជីកប្រឡាយឲ្យបាន១០០ម៉ែត្រក្នុងមួយថ្ងៃ ប្រសិនបើធ្វើមិនបានខ្មែរក្រហមអាចនឹងដាក់ទារុណកម្មឬធ្វើបាបតាមកត្តាផ្សេងជាច្រើន។ អាហារហូបចុកសម្រាប់កងទ័ពនារីមិនសូវខ្វះខាតទេ ទទួលបានរបបអាហារគ្រប់គ្រាន់។ ក្នុងមួយថ្ងៃទទួលបានអាហារបីពេល ដោយសារសមាជិកក្រុមរបស់ ពែក ជាកងនារីជាកងនារីជួរមុខ។
ក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចល័តក្រុមកងនារីជួរមុខទាំងអស់ មកធ្វើការនៅការដ្ឋានជ្រោយស្ដៅដើម្បីជីកប្រឡាយ។ ពែក លើកទំនប់នៅទីនោះទាល់តែកងទ័ពរបស់វៀតណាមចូលមករំដោះ ប្រទេសកម្ពុជា។
ក្នុងឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលមករំដោះ ប្រជាជនជាច្រើនមានការច្របូកច្របល់ជាខ្លាំង ដោយសារបានឭប្រជាជនក៏ដូចជាកងទ័ពខ្មែរក្រហមបាននិយាយតគ្នាថា កងទ័ពវៀតណាមចូលមកនឹងចាប់ប្រជាជនសម្លាប់ចោល យកទៅវះពោះដាក់ស្មៅជាមិនខាន។ ដូច្នេះ ពែក នឹងគ្រួសារបាននាំគ្នារត់គេចកងទ័ពវៀតណាម ដល់ភូមិអន្លង់សំណ ជិតដល់ក្រុងប៉ោយប៉ែត។ លុះបានជួបជាមួយកងទ័ពវៀតណាម កងទ័ពវៀតណាមមិនបានធ្វើបាប ពែក និងក្រុមគ្រួសារឡើយ ហើយថែមទាំងប្រាប់ដល់គ្រួសារ ពែក ត្រឡប់ចូលស្រុកកំណើតវិញ។ ពេលនោះប្រជាជនទាំងអស់បានធ្វើដំណើរដោយថ្មើរជើងអស់រយះពេលជាច្រើនថ្ងៃទើបមកដល់ភូមិកំណើតវិញ។
នៅចុងឆ្នាំ១៩៨១-១៩៨២ ពែក ត្រូវបានឪពុកម្ដាយផ្សំផ្គុំឲ្យមានគ្រួសារ។ ក្រោយពីរៀបការហើយ ពែក ជាមួយប្ដីទៅរស់នៅព្រំដែនថៃ នៅក្រុងប៉ោយប៉ែតរហូតលុះដល់ឆ្នាំ២០២៣ ទើប ពែក ផ្លាស់ទីលំនៅមករស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប់ នេះវិញ។
សម្ភាសន៍និងអត្ថបទដោយ៖ ឡាំ ស្រីនីត
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន