មាស សុក ៖ ខ្ញុំពិការជើងម្ខាង

មាស សុក[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ បច្ចុប្បន្ន មាស សុក រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សុក បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ»។ ក្រោយមក ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពបដិវត្ដន៍ខ្មែរក្រហម នៅអាយុ២៣ឆ្នាំ ដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់។ ខ្ញុំមិនទទួលបានការហ្វឹកហាត់របៀបកងទ័ពនោះទេ។ យើងចូលបម្រើក្នុងជួរកងទ័ពនេះ ដោយសារតែការបង្ខិតបង្ខំ ដែលតម្រូវឲ្យយុវជនតាមមូលដ្ឋានចូលរួមតស៊ូ។
ដំបូងឡើយ ខ្ញុំបានធ្វើនៅក្នុងកងដឹកជញ្ជូនគ្រាប់រំសេវ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពនៅសមរភូមិមុខ នៅក្នុងខេត្ដសៀមរាប។ យើងបានធ្វើដំណើររុកដុបរុកព្រៃ ដើម្បីទៅដល់គោលដៅដែលបានកំណត់។ ការធ្វើដំណើរដោយថ្មើរជើងកាត់ព្រៃ បានធ្វើឲ្យខ្ញុំទទួលរងពិការភាពជើងម្ខាងដោយសារគ្រាប់មីន អំឡុងពេលធ្វើដំណើរជាក្រុម ដែលមានសមាជិកទាំងអស់ប្រហែល២០នាក់។ សមាជិកក្រុមចំនួនពីរនាក់នៅក្នុងក្រុមរបស់ខ្ញុំ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកឯខ្ញុំបានទទួលរងរបួសធ្ងន់ធ្ងរ។ ខ្ញុំបានសន្លប់បាត់ស្មារតី នៅពេលត្រូវរបួសនោះ។ ខ្ញុំចាប់ផ្តើមដឹងខ្លួនវិញ ក្នុងរយៈពេល៣ថ្ងៃក្រោយមក។ កងកម្លាំងរបស់ខ្ញុំចាប់ផ្ដើមដោះមីនតាមផ្លូវដើម្បីសែងខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យនៅឯអង្រ្គង។ នៅពេលដឹងខ្លួន ខ្ញុំក៏មានការអស់សង្ឃឹមដែរ ប៉ុន្ដែ ខ្ញុំមិនធ្លាប់មានបំណងចង់សម្លាប់ខ្លួននោះទេ។ ខ្ញុំតែងតែមានបំណងចង់រស់ ហើយគិតថា ប្រសិនបើខ្ញុំត្រូវស្លាប់ គឺស្លាប់យូរណាស់មកហើយ។ ពិការភាពនេះ បានធ្វើឲ្យខ្ញុំលំបាកខ្លាំងដោយសារមិនទាន់ស៊ាំនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ខ្ញុំត្រូវបម្លាស់ទីទៅនេះទៅនោះអស់រយៈពេល៣ឆ្នាំ ដោយរំកិល។
ខ្ញុំបានសែនព្រេនរៀបការនៅក្នុងឆ្នាំ១៩៧៩ ដោយមានចូលរួមជួបជុំញាតិជិតខាងមិត្តបន្ដិចបន្ដួច។ ក្រោយមក ខ្ញុំក៏បាននិយាយដោយស្មោះអស់ពីដួងចិត្តជាមួយប្រពន្ធរបស់ខ្ញុំ ទាក់ទងនឹងបញ្ហាប្រឈមនៃពិការភាពរបស់ខ្ញុំថា ប្រសិនបើគាត់មានបំណងវិលត្រឡប់ទៅស្រុកកំណើត ឬទៅរស់នៅជួបជុំបងប្អូនរបស់គាត់វិញ ហើយសម្រេចបោះបង់ខ្ញុំចោល ក៏ខ្ញុំមិនខឹង ឬអន់ចិត្ដដែរ ពីព្រោះខ្ញុំបានអសមត្ថភាពអស់ទៅហើយ។ ជាការស្មោះស្ម័គ្រ ប្រពន្ធរបស់ខ្ញុំមិនបានទៅណាចោលខ្ញុំនោះទេ។ ខ្ញុំបានជួបប្រពន្ធរបស់ខ្ញុំនៅក្នុងខេត្ដសៀមរាប ដោយសារគាត់ធ្វើជាកងដឹកជញ្ជូន[2] និងមានទីកន្លែងកំណើតជាមួយគ្នា។ នៅពេលរៀបការហើយ ខ្ញុំក៏បាននាំប្រពន្ធរបស់ទៅរស់នៅក្នុងភូមិខ្នារ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
ខ្ញុំគិតថា ទោះបីខ្ញុំពិការភាពក៏ដោយ ក៏ខ្ញុំមិនធ្លាប់ឮពាក្យមើលងាយ ឬរើសអើងពីមនុស្សជុំវិញខ្លួនដែរ។ បើទោះបីជារឿងនេះកើតឡើងក៏ដោយ ក៏ខ្ញុំតាំងចិត្ដថាយើងមិនបានពឹងផ្អែក ឬសុំស្បៀងអាហារពីមនុស្សជុំវិញខ្លួនដែរ។
បន្ទាប់ពីខ្ញុំបានជាសះស្បើយហើយ ខ្ញុំក៏វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ នៅទីនោះ ខ្ញុំក៏ធ្លាប់កងទ័ពយួនគំរាមកំហែងដោយសារជាប់ពាក់ព័ន្ធនឹងខ្សែរយៈខ្មែរក្រហម ឬប៉ុល ពត។ មេទ័ពយួនក៏បានរំសាយការគំរាមកំហែងទៅវិញ ដោយសារស៊ើបដឹងថា ខ្ញុំគ្រាន់តែជាកងឈ្លបធម្មតា៕
អត្ថបទដោយ៖ មេក វិន
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] ភួន សុករីន សម្ភាសន៍ជាមួយ មាស សុក នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៣។
[2] ពាក្យថា «កងដឹកជញ្ជូន»សំដៅលើក្រុមសែង ឬទូលគ្រាប់និងគ្រឿងសព្វាវុធផ្សេងៗសម្រាប់កងកម្លាំងខ្មែរក្រហម ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ។ ប្រភព៖ លី សុខឃាង «របាយការណ៍ស្ត្រីនៅក្នុងស្រុកអន្លង់វែង» បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងឆ្នាំ២០២៣។