ឃុត ងន៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ឃុត ងន ភេទស្រី អាយុ ៧៩ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៤៥ ទីកន្លែងកំណើតនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀបអាពាហ៍ពិពាហ៍តាំងពីរបបសង្គមរាស្រ្តនិយម។ ខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនបង្កើត ១០នាក់។ ឪពុកម្ដាយខ្ញុំស្លាប់ ក្រោយរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅសល់តែបងប្អូន ៤នាក់ដែលនៅរស់រានមានជីវិត។ ក្នុងឆ្នាំ១៩៧០ ការគ្រប់គ្រងរបបលោក លន់ នល់ ក្រោយរដ្ឋប្រហារទម្លាក់ ព្រះបាទ នរោត្ត សីហនុ ធ្វើឲ្យមានសង្គ្រាមទម្លាក់គ្រាប់បែកប្រជាជនមានការភ័យខ្លាច មនុស្សស្លាប់ជារៀងរាល់ថ្ងៃ។

ក្នុងអំឡុងឆ្នាំ ១៩៧៥ កើតមានរបបខ្មែរក្រហម ។ ក្នុងឆ្នាំនោះខ្ញុំមានអាយុ ប្រហែល ៣០ឆ្នាំ។ ខ្មែរក្រហមបានចូលមកដល់ភូមិស្រុករបស់ខ្ញុំ ហើយបានជម្លៀសប្រជាជនចេញពីភូមិស្រុក។ ខ្មែរក្រហមបានជម្លៀសខ្ញុំព្រមទាំងគ្រួសារឲ្យទៅធ្វើការកន្លែងផ្សេងៗពីគ្នា។ ខ្មែរក្រហមបានចាត់ខ្ញុំជាប្រជាជនចាស់ ធ្វើចុងភៅធ្វើម្ហូបឲ្យប្រជាជនកងចល័ត។ ក្នុងរបបខ្មែរក្រហមប្រជាជនភាគច្រើនមិនសូវមានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ ខ្មែរក្រហមបានបញ្ជាខ្ញុំនិងអ្នកធ្វើការជាមួយខ្ញុំឲ្យដាំបាយ បើខ្មែរក្រហមប្រាប់ឲ្យដាំ ២០០កំប៉ុង ខ្ញុំដាំ ៣០០កំប៉ុង ដោយមានចិត្តអាណិតប្រជាជនដែលហូបចុកមិនគ្រប់គ្រាន់ ធ្វើការហត់ ខ្ញុំចំហុយបាយម្ដងបានត្រឹម ១៥០កំប៉ុង និងដាំបាយ ១៥០កំប៉ុងផ្សេងទៀត។ ខ្មែរក្រហមបានឲ្យប្រជាជនហូបមួយថ្ងៃ២ពេល ពេលព្រឹកជួនកាលបបរស ជួនកាលបាយជាមួយអំបិល។ ខ្ញុំមានចិត្តអាណិតប្រជាជនដែលកំពុងធ្វើការងារហត់ ខ្ញុំបានពូតបាយជាដុំៗធំល្មមយួរដើរទៅស្ងាត់ៗឲ្យប្រជាជនដែលកំពុងធ្វើការម្នាក់មួយដំៗ ដោយមិនខ្លាចខ្មែរក្រហមយកទៅសម្លាប់ ខ្ញុំតាំងចិត្តថាបើខ្មែរក្រហមយកទៅសម្លាប់ក៏សម្លាប់ចុះឲ្យតែបានបាយឲ្យប្រជាជន។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបានដំណឹងពីប្អូនប្រុសខ្ញុំឈ្មោះ ហូន ដោយដឹងថាខ្មែរក្រហមបានប្រើប្អូនខ្ញុំទៅភ្ជួរស្រែឲ្យទឹមពីរនាក់ដូចជាគោក្របី ដោយបានចោទថាប្អូនខ្ញុំខ្ជិលធ្វើការងារទើបខ្មែរក្រហមឲ្យទៅភ្ជួរស្រែ។ មិនយូរប៉ុន្មានខ្មែរក្រហមបានបញ្ជូនប្អូនខ្ញុំទៅទៀត ពីពេលនោះមកខ្ញុំបាត់ដំណឹងពូនិងប្អូនរបស់ខ្ញុំរហូត។ នៅឆ្នាំ ១៩៧៨ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើ ស្រែចម្ការ ដោយបានប្រាប់ឲ្យដកសំណាបមួយថ្ងៃឲ្យបាន៧ផ្លូនក្នុងមួយថ្ងៃ ទើបរួចផុតពីស្លាប់ ពេលនោះខ្ញុំអាចធ្វើបាន។ បន្ទាប់ពីនោះមកខ្មែរក្រហមបានហៅខ្ញុំទៅល្អាង ដើម្បីបង្រៀនដាំបាយ និងចំហុយបាយខ្មែរក្រហមបានហៅខ្ញុំទៅបង្រៀនតាំងពីព្រឹកដល់យប់ជ្រៅ ដោយមានចិត្តមួយខ្លាចខ្មែរក្រហមវាយសម្លាប់ ខ្ញុំបានប្រាប់ទៅអ្នកដែលដឹកខ្ញុំថា បើចង់សម្លាប់ខ្ញុំកុំសម្លាប់ឆ្ងាយពេកសម្លាប់ចោលត្រឹមហ្នឹងបានហើយ។  បន្ទាប់ពីត្រឡប់មកពីល្អាងវិញ ខ្មែរក្រហមបានឲ្យក្រណាត់ខ្មៅមួយផ្ទាំងធំ ខ្ញុំបានហែកចែកអ្នកដែលធ្វើការជាមួយខ្ញុំ។

រហូតដល់ឆ្នាំ​ ១៩៧៩ កងទ័ពរបស់វៀតណាមបានចូលមកប្រយុទ្ធជាមួយទ័ពខ្មែរក្រហម ខ្ញុំនិងក្រុមគ្រួសារបានរត់ចេញពីស្រុកកំណើត ដើម្បីធ្វើដំណើរទៅតាមជួរភ្នំក្រវាញ។ ខ្ញុំបានចាំថា ការចាកចេញរបស់ខ្ញុំនិងក្រុមគ្រួសារមានរយៈពេលវែងឆ្ងាយហើយការធ្វើដំណើរជួបការលំបានជាច្រើនដូចជា នៅតាមផ្លូវធ្វើដំណើរខ្ញុំបានជួបនឹងភាពអត់អាហារ ស្រេកឃ្លានយ៉ាងខ្លាំង ព្រមទាំងឃើញសាកសពជាច្រើនរ មានទាំងសពកូនក្មេងនិងសពមនុស្សចាស់។ លើសពីនេះទៀត ការធ្វើដំណើរចេញពីស្រុកកំណើតររបស់ខ្លួននេះ ធ្វើឲ្យខ្ញុំនៅតែចងចាំមិនអាចបំភ្លេចបាននោះទេ។ រហូតដល់ចុងឆ្នាំ១៩៧៩ កងទ័ពរបស់ខ្មែរក្រហមបរាជ័យ ខ្ញុំនិង ក្រុមគ្រួសារបានធ្វើដំណើរវិលត្រឡប់មករកស្រុកកំណើតរបស់ខ្លួនវិញ។ ពេលចាកចេញ និងពេលត្រឡប់មកវិញសុទ្ធតែជួបទុក្ខលំបាកដូចគ្នា។

បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយដូចជាចុករួយសសៃ ឈឺឆ្អឹង និងលើសឈាម។ ចំពោះការព្យាបាលវិញ ខ្ញុំជ្រើសរើសយកមន្ទីរពេទ្យតាមភូមិស្រុក​ ដោយគ្រូពេទ្យបានព្យបាលដោយប្រើប្រាស់ថ្នាំលេបនិងចាក់។

អត្ថបទដោយ៖ ផាត ពន្លក

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin