អោ ធីម៖ អតីតកងនារីពេទ្យខ្មែរក្រហម

អោ ធីម[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ធីម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ធីម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ នៅជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារធ្វើស្រែចម្ការគ្រួសារខ្ញុំក៏បានដាំដំណាំបន្លែមួយចំនួនដូចជា៖ ត្រកួន សណ្ដែកគួរ សណ្ដែកបាយ ត្រប់ ម្ទេស ពោត ជាដើម។ ការងារប្រចាំថ្ងៃរបស់ខ្ញុំនៅពេលនោះ ខ្ញុំជួយធ្វើការងារផ្ទះបន្តិចបន្តួចមិនសូវបានជួយការងារស្រែចម្ការនោះទេ ដោយសារខ្ញុំនៅវ័យក្មេង។
នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀនដោយសារតែព្រឹត្តិការណ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង។ ចាប់ពីពេលនោះមក ប្រជាជនមានការភ័យខ្លាច ស្រុកភូមិលែងមានមនុស្សរស់នៅដោយសារតែការយាយីពីសង្គ្រាម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយខ្ញុំរហូតដល់ឆ្នាំ១៩៧៣ ទើបភូមិខ្ញុំចាប់ផ្ដើមទទួលរងនូវការទម្លាក់គ្រាប់បែកពីកងទ័ពអាមេរិកយ៉ាងខ្លាំង។ ការទម្លាក់គ្រាប់បែកនេះបានធ្លាប់ចំកណ្តាលផ្ទះរបស់ខ្ញុំ ដែលបានធ្វើឲ្យខ្ញុំបាត់បង់សមាជិកគ្រួសារចំនួន៤នាក់ ក្នុងនោះមានបងប្រុសបង្កើតចំនួនពីរនាក់ ជីដូនខ្ញុំ និងក្មួយមួយនាក់ទៀត។ ក្រុមគ្រួសារខ្ញុំក៏បាននាំគ្នារៀបចំពិធីបុណ្យសពបន្តិចបន្តួច។ ការបាត់បង់សមាជិកគ្រួសារនៅក្នុងសម័យ លន់ នល់ បានធ្វើឲ្យខ្ញុំនៅចងចាំនិងដិតដាមក្នុងចិត្តរហូតដោយមិនអាចបំភ្លេចបានទេ។ ចំណែកឯផ្ទះសម្បែងត្រូវទទួលរងការខូចខាតយ៉ាងខ្លាំង ហើយគ្រួសារខ្ញុំក៏គ្មានលទ្ធភាពសាងសង់សារជាថ្មី ត្រូវទ្រាំរស់នៅទាំងផ្ទះបាក់បែក។ ប្រជាជនរស់នៅក្នុងភូមិរកាអារ ទាំងអស់សុទ្ធតែទទួលរងនូវការបាត់បង់បងប្អូន ទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់គ្មានអ្នកណាម្នាក់បានរស់សុខស្រួលឡើយ។
នៅចុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានខ្មែរក្រហមកៀរយកទៅធ្វើការនៅមន្ទីរពេទ្យតំបន់។ ដំបូងឡើយ ខ្ញុំទទួលបានការបង្រៀនអំពីរបៀបមើលថែអ្នកជំងឺ និងអ្នករបួសពីសង្គ្រាម។ នៅជំនាន់នោះអ្នកជំងឺភាគច្រើនកើតជំងឺគ្រុនចាញ់។ ជំនាន់នោះ ខ្ញុំមិនបានចេះពីវិធីវះកាត់នោះទេ។ ការផលិតថ្នាំព្យាបាលអ្នកជំងឺក៏ខ្ញុំមិនបានរៀនសូត្រដែរ ដោយសារកាលណោះខ្ញុំមានវ័យក្មេងពេកទើបប្រធានពេទ្យឲ្យខ្ញុំនៅមើលថែអ្នកជំងឺនៅបន្ទប់ខាងក្រៅ។ ក្រៅពីការងារពិនិត្យ និងមើលថែអ្នកជំងឺនៅមន្ទីរពេទ្យខ្ញុំមិនបានទៅជួយការងារធំៗនៅក្នុងមន្ទីរពេទ្យនោះទេ។ កាលណោះខ្ញុំនៅពេទ្យតំបន់ ហើយកងពេទ្យខ្ញុំមានគ្នាច្រើនណាស់ និងមានតួនាទីដាច់ដោយឡែកពីគ្នា។
ខ្ញុំតែងតែនឹករលឹកបងប្អូន និងឪពុកម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើត ដោយសារតែខ្ញុំនៅវ័យក្មេង ហើយត្រូវរស់នៅឃ្លាតឆ្ងាយពីគ្រួសារ។ ខ្ញុំមិនបានដឹងដំណឹងអំពីការរស់នៅ ការធ្វើការ និងការហូបចុក គ្រួសារខ្ញុំបែបណានោះទេ។ ខ្ញុំតែងតែយំនឹកពួកគាត់នៅពេលគ្មានអាហារហូបចុកគ្រប់គ្រាន់ និងពេលជួបទុក្ខលំបាក។ ខ្ញុំរស់នៅកងពេទ្យរហូតដល់ឆ្នាំ១៩៧៩ ទើបកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមករំដោះប្រជាជនចេញពីស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនោះខ្ញុំចង់រត់ត្រឡប់ទៅស្រុកកំណើតវិញណាស់ ប៉ុន្តែខ្ញុំមិនស្គាល់ផ្លូវទៅផ្ទះវិញ ម្យ៉ាងវិញទៀតពេលនោះមានការឃោសនាថា កងទ័ពវៀតណាមវាយធ្វើបាបមកលើប្រជាជនខ្មែរទើបខ្ញុំរួមទាំងប្រជាជនមួយចំនួនធំមិនហ៊ានត្រឡប់ទៅស្រុកកំណើតវិញ។
ខ្ញុំក៏បានសម្រេចចិត្តរត់តាមប្រជាជនដទៃចូលព្រៃបន្តទៀតដើម្បីគេចចេញពីកងទ័ពវៀតណាម។ ការរស់នៅក្នុងព្រៃមានការលំបាកណាស់សម្រាប់ខ្ញុំជានារី ខ្វះខាតអាហារហូបចុក ខ្វះទឹកបរិភោគ និងមិនមានទីកន្លែងស្នាក់នៅសមរម្យ។ នៅតាមផ្លូវធ្វើដំណើរ ខ្ញុំ រួមទាំងប្រជាជន និងកងទ័ពរួមដំណើរ បាននាំគ្នាជីកក្ដួច និងដំឡូងព្រៃមកហូបជំនួសបាយ ហើយពេលខ្លះទៀត យើងក៏នាំគ្នាបេះស្លឹកឈើដែលមានជាតិជូរៗ ចាប់កូនក្អុក និង កង្កែប នៅតាមអូរ ដើម្បីមកស្លរធ្វើអាហារហូប។ អ្នកធ្វើដំណើរអំឡុងពេលនោះត្រូវបានដាច់ពោះស្លាប់តាមផ្លូវជាបន្តបន្ទាប់។ ការធ្វើដំណើរមួយនេះត្រូវចំណាយពេលអស់រយៈពេល៤ខែ ទើបទៅដល់ទន្លេល្ពៅ (ភ្នំ១០០១)។ បន្ទាប់ពីបានមកដល់ភ្នំ១០០១[2] ប្រជាជនទទួលបានការហូបចុកគ្រប់គ្រាន់វិញហើយ ដោយសារនៅពេលនោះចាប់ផ្ដើមមានការឧបត្ថម្ភពីតាម៉ុក។
រហូតដល់ឆ្នាំ១៩៨០ ខ្ញុំក៏ចាប់ផ្តើមរៀបការជាមួយ ប្ដីខ្ញុំ ដែលគាត់ធ្វើការនៅក្នុងកងពិការភាព។ នៅក្នុងឆ្នាំ១៩៨៦ ខ្ញុំត្រូវរបួសដៃដោយសារការវាយប្រហារពីកងទ័ពវៀតណាមមកលើកងទ័ពខ្មែរក្រហម និងក្រុមដឹកជញ្ជូនស្បៀងអាហាររបស់ខ្ញុំទៅឲ្យកងទ័ពនៅសមរភូមិមុខ។ គ្រាប់ផ្លោងបានធ្លាក់ និងផ្ទុះដែលបណ្តាលឲ្យចំដៃខាងស្ដាំ និងមានពិការភាពមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ខ្ញុំជួបការលំបាកខ្លាំងជាមួយបញ្ហាសុខភាពប្រចាំកាយមួយចំនួនដូចជា៖ ក្រពះពោះវៀន, លើសឈាម, ឈឺចង្កេះ និងឈឺមុខរបួសដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាម»៕
អត្ថបទដោយ៖ សួត វិចិត្រ
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] មេក វិន ម្ភាសន៍ជាមួយ អោ ធីម នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៤។
[2] ភ្នំ១០០១ គឺជាឧបសម្ព័ន្ធមួយ ក្នុងចំណោមឧបសម្ព័ន្ធចំនួនបី (រួមមាន៖ ភ្នំ១០០២ និង ភ្នំ១០០៣) ដែលត្រូវបានរៀបចំឡើងវិញ បន្ទាប់របបខ្មែរក្រហមត្រូវបានផ្តួលរំលំ និងបណ្តេញចេញពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រភព៖ គ្រីស្ទ ឌៀងរីង និង ឌី ខាំបូលី «ប្រវត្តិសាស្ត្រសហគន៍អន្លង់វែង ៖ តំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម» មជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០០១។