អតីតទាហាន លន់ នល់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម

ជីវិតជាទាហាន គឺត្រូវឆ្លងកាត់ការលំបាកនិងការតស៊ូគ្រប់បែបយ៉ាង ការឈឺចាប់ ព្រមទាំងរឿងរ៉ាវដែលកើតមានឡើងចំពោះក្រុមគ្រួសាររបស់ទាហានទាំងនោះនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យសង្គ្រាម។ សួន ស៊ុន ភេទប្រុស មានអាយុ ៥៥ឆ្នាំ ជាអតីតទាហាន លន់ នល់ និងបច្ចុប្បន្នជាទាហានប្រចាំការនៅវរការពារព្រំដែន៥០៦។[1] ស៊ុន មានភូមិកំណើតនៅភូមិវត្តកំផែង ឃុំស្វាយប៉ោរ ស្រុកស្វាយប៉ោរ ខេត្តបាត់ដំបង។ តាមរយៈកិច្ចសម្ភាសន៍ ស៊ុន មានប្រពន្ធឈ្មោះ ហ៊ី ឡាង អាយុ៤៩ឆ្នាំមានកូនចំនួន ៣នាក់ ក្នុងនោះប្រុស ២នាក់ និងស្រី ១នាក់។ ស៊ុន មានឪពុកឈ្មោះ ទេព សួន ម្ដាយឈ្មោះ ងុម ខាន់ ហើយអ្នកទាំងពីរបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំងនៅក្នុងសហករណ៍មួយស្ថិតនៅក្នុងខេត្តបាត់ដំបង។ ឪពុករបស់ ស៊ុន ក៏ធ្លាប់ធ្វើជាទាហាន លន់ នល់ មួយរូបផងដែរ ប៉ុន្តែអ្នកទាំងពីរធ្វើការនៅបាត់តាយ៉ុង (Battalion)[2] ផ្សេងគ្នា។ ឪពុករបស់គាត់មានសក្តិ១ និងធ្វើជាអ្នកបើកឡានតាំងពីសម័យសង្គមរាស្ត្រនិយម។ ស៊ុន មានបងប្អូនចំនួនសរុប ៧នាក់ មានតែបីនាក់ប៉ុណ្ណោះ ប្រុស ២នាក់និងស្រី ១នាក់ដែលរស់រានមានជីវិតមកទល់សព្វថ្ងៃ។
នៅមុនឆ្នាំ១៩៧០ សួន ស៊ុន បានសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់)។ ក្រោយមកនៅដើមឆ្នាំ១៩៧០ ដោយសារសង្គ្រាម ស៊ុន មានមិត្តរួមថ្នាក់ចំនួន២-៣នាក់ផ្សេងទៀត បានសម្រេចចិត្តបោះបង់ចោលការសិក្សា និងចូលធ្វើជាទាហានសាធារណរដ្ឋខ្មែរ ឬហៅថាទាហាន លន់ នល់។ ស៊ុន បានចាប់ផ្ដើមចូលធ្វើជាទាហានថ្មើរជើង នៅអាយុប្រហែល ១៧ឆ្នាំ ដែលមានប្រាក់បៀវត្សប្រចាំខែក្នុងចន្លោះពី២០០ទៅ៣០០រៀល។ តាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ស៊ុន បានបំពេញការងារនៅខាងឃុំត្រែង ស្រុកប៉ៃលិន ក្នុងកងកុម្ម៉ង់ដូ បាត់តាយ៉ុង[3] (Commando Battalion) ដែលមានប្រធានកងឈ្មោះ មាស ឈ្មោះ ចាន់លាភ និង ក្រោយមកឈ្មោះ មុំ តេង។ ក្រោយមកគាត់ត្រូវបានបញ្ជូនទៅសិក្សាបន្ថែមនៅឯខេត្តឡាំងសឺន[4] ប្រទេសវៀតណាមខាងជើង និងត្រឡប់មកសមរភូមិវិញរហូតដល់របបសាធារណរដ្ឋខ្មែរដួលរលំជាផ្លូវការនៅឆ្នាំ១៩៧៥។
ចាប់ពីឆ្នាំ១៩៧០ រហូតឆ្នាំ១៩៧៥ ទាហាន លន់ នល់ ជាច្រើននាក់បានបាត់បង់ជីវិត នៅអំឡុងពេលប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅទូទាំងប្រទេស។ ទីតាំងដែល ស៊ុន ធ្លាប់បានតស៊ូប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមមានដូចជា ភូមិព្រៃទ្រី សាលាលេខ៥ ភូមិត្រពាំងចាន់ និងភូមិព្រៃខ្មែរ។ ថ្ងៃមួយ អំឡុងពេលដែលទាហាន លន់ នល់ និងក្រុមរបស់គាត់កំពុងចុះពីឡានដោយគ្មានការប្រុងប្រយ័ត្ន ឆ្លៀតឱកាសនោះ កងទ័ពខ្មែរក្រហមដែលបន្លំខ្លួនជាមួយប្រជាជន បានបើកការបាញ់ប្រហារមកលើទាហានទាំងអស់បណ្ដាលឲ្យរបួស និងស្លាប់ជាច្រើននាក់។ សាកសពរបស់ទាហាន លន់ នល់ ត្រូវដឹកចេញទាំងឡានៗពីកន្លែងកើតហេតុទាំងប្រញាប់ប្រញាល់។
នៅអំឡុងឆ្នាំ១៩៧៥ ស៊ុន និងទាហាន លន់ នល់ ឯទៀតដែលនៅមានជីវិតបានទម្លាក់អាវុធចុះ។ បន្ទាប់ពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងបាត់ដំបង យោធាខ្មែរក្រហមបានប្រកាសថាទាហានថា្នក់ពលទោ (ពលថ្នាក់ទី១) ទាំងអស់ត្រូវបញ្ជូនឲ្យទៅធ្វើស្រែ។ យោធាខ្មែរក្រហមបានដឹកគាត់ចេញពីកន្លែងដែលគាត់ឈរជើង នៅខណៈនោះក៏មានទាហាន លន់ នល់ មួយចំនួននៅប៉ៃលិនបានរត់ភៀសខ្លួនចេញទៅប្រទេសថៃ និងមានមួយចំនួនទៀតបន្តដំណើរទៅសហរដ្ឋអាមេរិក។ ចំណែក ស៊ុន បានសម្រេចចិត្តមិនរត់ចេញពីប្រទេសកំណើតដើម្បីបានមករស់នៅជាមួយឪពុកម្ដាយ។
ស៊ុន និងឪពុកម្ដាយរបស់ខ្លួនត្រូវបានយោធាខ្មែរក្រហមដឹកចេញតាមឡានឆ្ពោះមកឃុំកំពង់គល់ ត្រង់រោងចក្រស្ករសមួយកន្លែង។ បន្ទាប់មកទៀត យោធាខ្មែរក្រហមបានបំបែកសមាជិកគ្រួសាររបស់គាត់ដោយឲ្យគាត់ធ្វើស្រែនៅសហករណ៍ហប់ តំបន់គាស់ក្រឡឬតំបន់៤[5] (បច្ចុប្បន្នឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង) ដោយមានប្រធានក្រុមឈ្មោះ ប៉ក់ និងប្រធានសហករណ៍ឈ្មោះ តាខឿន។ ចំណែកឪពុកម្តាយរបស់គាត់ត្រូវបានជម្លៀសទៅសហករណ៍មួយផ្សេងទៀត ដោយសារឪពុករបស់គាត់ចេះជំនាញខាងដុំដែក ក៏យោធាចាត់តាំងឲ្យទៅដុំកាំបិត។
នៅទីនោះ ទាហាន លន់ នល់ គឺស្ថិតនៅក្រោមនិន្នាការឈ្លើយសឹក ដែលត្រូវឲ្យទៅដកពិសោធន៍ គឺមានន័យថាត្រូវធ្វើពលកម្មហួសកម្លាំង ដូចជាធ្វើស្រែ និងអូសនង្គ័លដោយយកមនុស្សជំនួសសត្វគោក្របី។ នៅពេលដែលយោធាខ្មែរក្រហមផ្លុំកញ្ចែ អ្នកទាំងអស់ត្រូវប្រញាប់ប្រញាល់រត់ទៅតម្រង់ជួរ និងកាន់ចបកាប់ម្នាក់មួយដើម្បីចេញទៅធ្វើការ។ អ្នកណាដែលត្រូវយោធាខ្មែរក្រហមចោទថាខ្ជិល ឬមើលទៅមិនចំណេញ និងត្រូវបានបាញ់សម្លាប់បន្ទាប់ពីធ្វើការងាររួច។
ដោយសារភាពភ័យខ្លាចចំពោះទង្វើរបស់យោធាខ្មែរក្រហមដែលសម្លាប់មនុស្សដោយគ្មានសេចក្ដីអាណិតអាសូរ ស៊ុន និងអតីតទាហាន លន់ នល់ ឯទៀតក៏បានខិតខំធ្វើការនិងអូសនង្គ័លទាំងត្រដាបត្រដួស។ នៅក្នុងសហករណ៍ហប់ យោធាខ្មែរក្រហមបានរៀបចំឲ្យអតីតទាហានទាំងអស់រស់នៅរួម ធ្វើការរួម និងហូបរួម។ ចំណែករបបអាហារ មានតែបបរ ដោយក្នុងមួយពេលបានតែពីរស្លាបព្រាបាយប៉ុណ្ណោះ។ នៅសម័យនោះ មានតែរដូវបង្កបង្កើនផលប៉ុណ្ណោះ ទើបចុងភៅខ្មែរក្រហមចែកបាយឲ្យហូប។ ស៊ុន និយាយថា «បើមានតែបាយលាយអំបិលម្តងៗគឺអរណាស់ទៅហើយ»[6] ដោយសារខ្មែរក្រហមឲ្យហូបតែបបរ និងមិនឲ្យបេះដំណាំដាំជុំវិញផ្ទះហូបនោះទេ។ យោធាខ្មែរក្រហមគំរាមថាបើឃើញនរណាម្នាក់ហ៊ានលួចនោះ ប្រាកដជាយកទៅវ៉ៃចោលដោយគ្មានការអប់រំឬព្រមាននោះទេ។
ដើម្បីសម្រេចផែនការស្រូវ ស៊ុន បានបន្តថា «ប្រឹងធ្វើណាស់ដើម្បីរស់ បើទោះលំបាកយ៉ាងម៉េចក៏ដោយ គឺប្រឹង»។[7] ប្រជាជនទាំងអស់ត្រូវបានបង្ខិតបង្ខំធ្វើពលកម្មហួសកម្លាំង ដើម្បីរស់រានមានជីវិត។ បើមិនខិតខំ យោធាខ្មែរក្រហមនឹងគំរាមគាត់ថាមានសតិអារម្មណ៍មិនល្អ[8] ឬមិនទាន់ជ្រះស្រឡះពីសង្គមជិះជាន់ជាដើម។ ពេលដែលយោធាខ្មែរក្រហមបញ្ជាឲ្យមកយកអង្ករ គាត់ត្រូវជញ្ជូនដោយស្ពាយដាក់សាក់កាដូ។ នៅពេលដែលហូបចុកខ្វះខាត គឺមានតែកន្ទក់ប៉ុណ្ណោះសម្រាប់ហូប។ ដោយសារគាត់ជាអ្នកអូសអង្ករ មានការអត់ឃ្លាន និងអូសមិនចង់រួច ពេលខ្លះក៏គាត់សម្រេចចិត្តលួចហូបនៅពេលដឹកជញ្ជូន។
នៅតំបន់គាស់ក្រឡដដែល នៅពេលយប់ងងឹត តែងតែមានសម្លេងមនុស្សដើរ ឬរទេះគោដោយឮសូរត្រុកៗ។ អ្នកដែលមានកំហុសឬនិយាយអ្វីមិនល្អអំពីអង្គការ និងកំហុសរបស់ខ្លួន ដូចជាធ្លាប់លួចបេះដំណាំឬធ្វើខុសអ្វីមួយនោះ បើគ្មានការប្រយ័ត្នកងឈ្លបស្ដាប់ឮ អ្នកទាំងនោះប្រាកដជាស្អែកឡើងនឹងត្រូវបានកងឈ្លបនាំយកទៅសម្លាប់ចោល។ ដូច្នេះនៅពេលយប់គ្មានអ្នកណាម្នាក់ហ៊ានបញ្ចេញសម្លេង ឬនិយាយអ្វីផ្ដេសផ្ដាសនោះទេ។ ស៊ុន ក៏បានបន្តថានៅទីនោះមានការកាប់សម្លាប់អតីត ទាហាន លន់ នល់ ជាច្រើននាក់ដោយមិនឲ្យឃើញនោះទេ។ ដូច្នេះនៅសម័យនោះ ក៏មានទាហាន លន់ នល់ មួយចំនួនបានរត់គេចខ្លួនចេញពីសហករណ៍ ទើបធ្វើឲ្យខ្មែរក្រហមរឹតបន្តឹងអ្នកដែលនៅសេសសល់ ដោយខ្មែរក្រហមនិយាយថា «ខំមិត្តយើង ប្រយ័ត្ន!»[9] ក្នុងន័យគំរាមដល់អ្នកដែលមានបំណងរត់ចេញពីសហករណ៍។ អ្នកដែលរត់ចេញបានសម្រេច គឺធ្វើសំបុត្រក្លែងក្លាយ និងផ្ញើទៅឲ្យយោធាខ្មែរក្រហមដែលមិនចេះអាន ឬអានអក្សរបញ្ច្រាស។ អតីតទាហាន លន់ នល់ ដែលចេះអានសំបុត្រនោះក៏និយាយកុហកយោធាខ្មែរក្រហមថាមានថ្នាក់លើគេមកចាត់តាំងឲ្យទៅកន្លែងផ្សេងជាដើម។ ទោះបីជាឃើញដូច្នេះក៏ដោយ គាត់មិនហ៊ានធ្វើតាមឬកុហកខ្មែរក្រហមនោះទេ។
នៅឆ្នាំ១៩៧៦ មួយឆ្នាំក្រោមរបបខ្មែរក្រហម មានទាហាន លន់ នល់ មួយក្រុមដែលមានគ្នាប្រហែលជា ៧០នាក់ បានត្រឡប់មកពីប្រទេសថៃក្រោយបញ្ចប់ការសិក្សានៅទីនោះ។ អ្នកទាំងនោះរៀនជំនាញបច្ចេកទេសដូចជា បើកបរយន្តហោះ ជំនាញអាំងស៊ីញឺ[10] និងជំនាញខាងអ៊ុបប៉េរឺទ័រ[11]។ បន្ទាប់ពីអនុញ្ញាតឲ្យត្រឡប់មកប្រទេសកំណើតវិញ អ្នកទាំងនោះបានចាកចេញពីប្រទេសថៃតាមផ្លូវរថភ្លើងឆ្ពោះមកកាន់ភ្នំធិបតី និងស្នាក់នៅក្នុងសហករណ៍ដែលគាត់រស់នៅអស់រយៈបីថ្ងៃ។ ស្អែកឡើង អ្នកទាំងនោះត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួននិងបាញ់សម្លាប់ចោលនៅខាងហប់។
នៅឆ្នាំ១៩៧៧ មានកម្មាភិបាលមកពីភូមិភាគនិរតីមកភូមិភាគពាយ័ព្យ[12] និងមានការចាប់ចងខ្សែក្បត់ជាដើម។ អ្នកខ្លះត្រូវបានកម្មាភិបាលភូមិភាគពាយ័ព្យហៅទៅសម្លាប់នៅភូមិកប់ស្រូវ។ ចំណែកគាត់ពុំបានទៅទើបបានរួចខ្លួនមានជីវិត។
នៅអំឡុងឆ្នាំ១៩៧៨ នៅខាងខ្លែងជួរដែលមានអ្នកជម្លៀសពីទីក្រុងភ្នំពេញ កូនតូចដែលស្លាប់ត្រូវបានបរិភោគដោយម្ដាយបង្កើតដោយសារការអត់ឃ្លាន។ នៅទីនោះមានមនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារអត់ឃ្លាន និងពស់ចឹក។ ប៉ុន្តែបើយោធាខ្មែរក្រហមដឹងថាហូបសាកសពកូនរបស់ខ្លួននោះ នឹងត្រូវយកទៅវាយសម្លាប់ចោល។
នៅចុងឆ្នាំ១៩៧៨ នៅពេលដែលកងទ័ពវៀតណាមជិតចូលមកដល់ សម្លេងគ្រាប់កាំភ្លើងពីចម្ងាយ ស៊ុន គ្មានអ្វីក្រៅពីសេចក្តីសង្ឃឹមដើម្បីរស់។ នៅពេលនោះ ប្អូនរបស់គាត់ម្នាក់បាននាំពាក្យយោធាខ្មែរក្រហមដែលហៅគាត់ឲ្យទៅដឹកមនុស្សមួយក្រុមតាមរទេះសេះដើម្បីទៅកាប់ចម្ការ ចំណែកបងប្រុសរបស់គាត់ឮដូច្នេះ ក៏សម្រេចចិត្តរត់គេចទៅលើភ្នំ។ នៅពេលដឹកទៅដល់ភូមិគោកត្រុំ មនុស្សទាំងអស់ត្រូវឃុំខ្លួនក្នុងគុកមួយកន្លែង ដោយឡែកសម្រាប់គាត់ យោធាឲ្យសម្រាកនៅទីនោះមួយយប់។ នៅពេលយប់ឡើង ស៊ុន ដែលកំពុងដេកក្នុងរទេះ ស្រាប់តែឮសម្លេងមនុស្សស្រែកថ្ងូរដោយសារយោធាខ្មែរក្រហមធ្វើទារុណកម្ម និងចោទថាជាភ្នាក់ងារ កាហ្សេបេ ឬសេអ៊ីអា ជាដើម។ ស៊ុន គិតក្នុងចិត្តថាខ្មែរក្រហមប្រាកដជាអាចសម្លាប់គាត់ដែរហើយ ពីព្រោះគាត់ក៏ធ្លាប់ធ្វើជាទាហានពីមុនមក។ ស្អែកឡើង នៅពេលយោធាប្រាប់ឲ្យត្រឡប់ទៅអង្គភាពវិញ ស៊ុន មានការត្រេកអរជាខ្លាំង។
នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ យោធាខ្មែរក្រហមបាននាំគ្នារត់ចេញពីសហករណ៍ ចំណែកគាត់រត់ចេញទៅស្រុកមោងឫស្សី។ នៅពេលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅឆ្នាំ១៩៧៩ ដោយខ្មែរក្រហមនៅគ្រប់គ្រងប៉ៃលិន ដូច្នេះគាត់ពុំអាចត្រឡប់ទៅស្រុកកំណើតវិញទេ គឺនៅបាត់ដំបងមួយរយៈសិនរហូតដល់សមាហរណកម្មឆ្នាំ១៩៩៨។ បន្ទាប់ពីសមារណកម្ម ព្រៃឈើជាច្រើនដែលធ្លាប់មានពីមុនមកដែលជាទីតាំងដែលខ្មែរក្រហមលាក់ខ្លួនត្រូវបានកាប់បំផ្លាញ ដូចនៅសម័យ លន់ នល់ ដែលមានក្រុមឈ្មួញថៃមកលួចកាប់និងអាឈើនិងដឹកចេញយកពីប្រទេសកម្ពុជា។
នៅឆ្នាំ១៩៨០ ស៊ុន បានធ្វើជាសេនាជនក្នុងភូមិទៅប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតំបន់ព្រៃធំ កងទ័ពវៀតណាមតែងតែឲ្យក្រុមរបស់គាត់ជាអ្នកនាំផ្លូវដោយសារគាត់ស្គាល់ភូមិសាស្ត្រក្នុងព្រៃ។ ក្រៅពីនោះមានការប្រយុទ្ធជាមួយខ្មែរក្រហមនៅទន្លេប៉ែកសំឡូត ភូមិសែនចៅ ភូមិទួលអំពិល៥ដើម ភូមិពេជ្រចង្វារ ភូមិកំពីងពួយ និងតាមភូមិសាស្ត្រផ្សេងទៀតនៃខេត្តបាត់ដំបង។ ភាគច្រើននៃទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានចាប់បង្ខំឲ្យធ្វើទាហានពីថ្នាក់លើដើម្បីទៅច្បាំងជាមួយខ្មែរក្រហម។ នៅពេលនោះមានអ្នករងរបួសនិងស្លាប់ជាច្រើននាក់រួមទាំងកងទ័ពខេត្ត។
នៅសម័យខ្មែរក្រហម ស៊ុន ឮតែពាក្យអង្គការ មិនដែលស្គាល់ថ្នាក់ដឹកនាំនោះទេ គឺស្គាល់តែអ្នកដែលចុះមកវាស់ដីឲ្យធ្វើស្រែ ឲ្យកាប់ប្រឡាយ ដោយគ្មានពេលទំនេរ។ វត្តអារាម ព្រះវិហារត្រូវបានក្លាយជាឃ្លាំងស្រូវ។ របបអាហារហូបចុកមិនគ្រប់គ្រាន់ ដែលបណ្ដាលឲ្យបងប្អូននិងឪពុកម្ដាយរបស់គាត់បានស្លាប់។ ស៊ុន មានតែការសោកស្ដាយពីព្រោះជួយជីវិតក្រុមគ្រួសារមិនបាន សូម្បីតែជីវិតផ្ទាល់ខ្លួនក៏ ស៊ុន តែងតែគិតថាមិនដឹងថ្ងៃណាត្រូវបានខ្មែរក្រហមសម្លាប់។
នៅមុននិងក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ទាហាន លន់ នល់ ជាច្រើននាក់ត្រូវបានកាប់សម្លាប់។ នៅពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទាហាន លន់ នល់ ដែលបានទម្លាក់អាវុធចុះត្រូវធ្វើជាឈ្លើយសឹកឬត្រូវបានដឹកទៅសម្លាប់នៅតំបន់ផ្សេងៗទៀតទូទាំងប្រទេស។[13] ចំពោះ ស៊ុន ការកាប់សម្លាប់របស់ខ្មែរក្រហមគឺ ប្រហែលជាការតបតឬជាការសងសឹកចំពោះទាហាន លន់ នល់ ដែលបានចាប់កងទ័ពខ្មែរក្រហមនិងអ្នកឃោសនាក្នុងភូមិទាំងនោះសម្លាប់ចោលនៅភ្នំវ៉ៃចាប។ អស់រយៈពេលជាច្រើនឆ្នាំ ស៊ុន នៅតែបន្តធ្វើជាទាហានរហូតមកដល់ឆ្នាំ២០១១ និងនៅអំឡុងពេលមានការប៉ះទង្គិចជាមួយប្រទេសថៃនៅខេត្តព្រះវិហារ ស៊ុន បានចូលការពារតំបន់ព្រំដែនជាមួយប្រទេសថៃជាលើកចុងក្រោយនៃភារកិច្ចជាទាហាន៕
អត្ថបទដោយ៖ ស៊្រាង លីហ៊ួរ
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] ឯកសារលេខ BBI0099 កិច្ចសម្ភាសន៍ជាមួយឈ្មោះ សួន ស៊ុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១១ ទំព័រទី១ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] អានជាភាសាបារាំង និងបកប្រែថាជាភាសាខ្មែរថា កងវរសេនាតូច។
[3] បកប្រែជាភាសាខ្មែរថា កងវរសេនាតូច។
[4] ឈ្មោះខេត្តមួយនៅប្រទេសវៀតណាម។
[5] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបរៀងដោយ ដេវីដ ឆេនដល័រ ទំព័រទី ៣៥ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[6] ឯកសារលេខ BBI0099 កិច្ចសម្ភាសន៍ជាមួយឈ្មោះ សួន ស៊ុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១១ ទំព័រទី១១ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[7] ឯកសារលេខ BBI0099 កិច្ចសម្ភាសន៍ជាមួយឈ្មោះ សួន ស៊ុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១១ ទំព័រទី៨ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[8] សៀវភៅ ទង់បដិវត្ត លេខ២-៣ កុម្ភៈ-មីនា ១៩៧៦ ទំព័រទី៦៧។
[9] ឯកសារលេខ BBI0099 កិច្ចសម្ភាសន៍ជាមួយឈ្មោះ សួន ស៊ុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១១ ទំព័រទី៩ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[10] បកប្រែជាភាសាខ្មែរថា វិស្វករ។
[11] បកប្រែជាភាសាខ្មែរថា ប្រតិបត្តិករ។
[12] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបរៀងដោយ ដេវីដ ឆេនដល័រ ទំព័រទី ៣៤ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[13] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបរៀងដោយ ដេវីដ ឆេនដល័រ ទំព័រទី ២៥ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
អត្ថបទទាក់ទង

រត់គេចខ្លួនដើម្បីរួចជីវិត តែបែរជាត្រូវកងទ័ពចាប់ខ្លួន ដកស្រង់ខ្លឹមសារពី...

លាង ស៊ីមហន ជំនួយការតំបន់៥០៥

អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយក...

ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន

សាន ញ៉ រំឭកអំពីគ្រាស្ទើរតែបាត់បង់ជីវិតដោយសារតែជាប់ប្រវត្តិក្បត់


