ឆាយ ម៉ៅ៖ អតីតកងទ័ពខ្មែរក្រហមការពារព្រំដែន

ឆ្នាំ១៩៧៥ ពេលដែលកងទ័ពរំដោះទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ម៉ៅ ត្រូវបានខ្មែរក្រហមបញ្ជូនទៅការពារព្រំដែនវៀតណាមរយៈពេលបីឆ្នាំ។

ឆាយ ម៉ៅ អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នម៉ៅរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម៉ៅមានឪពុកឈ្មោះ ប៉ែន មុំ រីឯម្តាយម៉ៅមិនបានចាំឈ្មោះឡើយ។ ម៉ៅមានបងប្អូនចំនួន៨នាក់ ក្នុងនោះស្រីចំនួន៤នាក់ និងប្រុសចំនួន៤នាក់ ម៉ៅជាកូនទី២ក្នុងគ្រួសារ។ ម៉ៅបានរៀបការប្រពន្ធឈ្មោះ កង សេង និងមានកូនចំនួន៥នាក់ ប្រុស២នាក់ និង ស្រី៣នាក់។

នៅឆ្នាំ១៩៦៩ ឪពុកម្តាយរបស់ម៉ៅបានដាក់ឲ្យម៉ៅចូលរៀននៅសាលាវត្តឈើនាងផ្អែម ប៉ុន្តែម៉ៅរៀនបានត្រឹមថ្នាក់ ទី១២ចាស់ប៉ុណ្ណោះ។ គ្រូដែលបង្រៀន ម៉ៅ មានឈ្មោះ ឌឹម បង្រៀនសិស្សប្រមាណ៣០នាក់។ ម៉ៅ រៀនបានមួយឆ្នាំស្រាប់តែស្រុកទេសមានសង្រ្គាម។ ក្រោយពីឈប់រៀន ម៉ៅដឹងដំណឹងថា លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ សីហនុចុះ ពីតំណែង។ វត្តមានទាហាន លន់ នល់ ក៏ចាប់ផ្ដើមចូលក្នុងភូមិ។ ចំណែកអ្នកភូមិដែលគោរពស្រឡាញ់សម្ដេចព្រះ នរោត្តម សីហនុ ក៏ចូលរួមជាមួយកងទ័ពខ្មែររំដោះ។ ម៉ៅ និងអ្នកភូមិបាននាំគ្នារត់ចូលខាងសម្តេចតា ប៉ុន្តែទាហានរបស់ លន់ នល់ បានយកកាំភ្លើងបាញ់ឡើងទៅលើ រួចគំរាមថា «បើមិនចូលខាង លន់ នល់ ទេនឹងបាញ់សម្លាប់ចោល» ពេលឮបែបនេះប្រជាជនក៏ព្រមចុះចូលខាងទាហាន លន់ នល់ ទាំងអស់គ្នា។ បន្ទាប់ពីចូលខាង លន់ នល់ ហើយ ទើបប្រជាជនអាចនៅធ្វើស្រែចម្ការបានធម្មតា។

ចូលដល់ឆ្នាំ១៩៧១ ស្រាប់តែមានការទម្លាក់គ្រាប់បែកតាមយន្តហោះ។ តាមផ្ទះនីមួយៗប្រជាជនត្រូវជីកលេណដ្ឋានលាក់ខ្លួនព្រោះខ្លាចគ្រាប់បែកទម្លាក់ចំ។ នៅផ្ទះ ម៉ៅ បានជីក លេណដ្ឋានប្រវែងទទឹង១ម៉ែត្រ ជម្រៅ២ទៅ៣ម៉ែត្រ។ ចំណែកម្ហូបអាហារគឺម្តាយរបស់ម៉ៅ បានត្រៀមទុករាល់ថ្ងៃ។ បងប្អូនឪពុកម្តាយម៉ៅ គ្រាន់តែឮយន្តហោះ គឺនាំគ្នារត់ចូលលាក់ខ្លួន។

នៅឆ្នាំ១៩៧២ គ្រួសាររបស់ម៉ៅ និងប្រជាជនក្នុងភូមិទាំងអស់បានភៀសខ្លួនទៅរស់នៅ ខេត្តកំពត។ ការភៀសខ្លួនមកខាងខេត្តកំពត ដោយសារស្រុកភូមិរបស់ម៉ៅមានការទម្លាក់គ្រាប់ បែកខ្លាំងពេកទើបប្រជាជនសម្រេចចិត្តចាកចេញពីផ្ទះសម្បែង។ ពេលមកដល់ខេត្តកំពតគ្រួសារម៉ៅនិងប្រជាជនឯទៀតមិនមានផ្ទះសម្បែងរស់នៅទេ គ្រួសារខ្លះមានតង់កៅស៊ូសម្រាប់បាំងថ្ងៃនិងភ្លៀង ខ្លះប្រក់ស្បូវ ខ្លះទៀតសុំផ្ទះអ្នកស្រុករស់នៅបណ្តោះអាសន្ន។ ចំណែកអ្នកភូមិម៉ៅ ដែលមានជំនាញសិប្បកម្មផ្នែក បង្គី ឈ្នាង ទ្រូ តុ កៅអី បាននាំគ្នាធ្វើសម្ភារៈ និងយកទៅប្តូរជាអង្ករ ម្ហូបអាហារ ពីអ្នកក្នុងខេត្តកំពត ដើម្បីជីវភាពប្រចាំថ្ងៃ។

ក្នុងឆ្នាំ១៩៧៣ គ្រួសារម៉ៅ ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីរស់នៅក្នុងខេត្តកំពតប្រហែលជាមួយឆ្នាំ ប៉ុន្តែជាអកុសលឪពុកម្តាយរបស់ម៉ៅ មានជំងឺ ហើយស្លាប់ទាំងពីរនាក់។ ក្រោយពីឪពុកម្តាយម៉ៅស្លាប់ទៅ ម៉ៅ នៅជុំជាមួយបងប្អូនបីនាក់ ចំណែក៥នាក់ទៀតមិនដឹងបាត់ទៅណារហូតមកដល់សព្វថ្ងៃ។

នៅឆ្នាំ១៩៧៤ ម៉ៅ សម្រេចចិត្តចូលធ្វើជាកងទ័ពរំដោះ ឬហៅថាកងទ័ពស្រុក។ ម៉ៅ ស្ម័គ្រចិត្តចូលដោយខ្លួនឯង នក្រោមការគ្រប់គ្រងរបស់មេកងឈ្មោះ ភុន។ ភុន គ្រប់គ្រងកងទ័ពប្រហែលជាជាង៣០នាក់។ កាលនោះ ម៉ៅ នៅក្មេងមិនសូវមានការយល់ដឹងទេ ដូច្នេះបងៗដែលជាទ័ពជាមួយគ្នាបង្រៀនគាត់ពីរបៀបដោះគ្រាប់កាំភ្លើង និងរៀនប្រើកាំភ្លើង។ ម៉ៅ នៅក្នុងអង្គភាពទ័ពបានរយៈពេល១ខែ មេកងឈ្មោះ ភុន បានបញ្ជូនគាត់ឲ្យទៅខាងកងពលតំបន់១៣ ដែលមានមេកងពលឈ្មោះ លឿន។ លឿន បានបញ្ជូន ម៉ៅ​ ទៅវាយជាមួយទាហាន លន់ នល់ នៅខាងខេត្តតាកែវ រហូតដល់ទទួលបានជ័យជម្នះ។ ម៉ៅ បានឃើញកងទ័ពខ្មែររំដោះ ចងដៃទាហាន លន់ នល់ ជាជួរៗ ប៉ុន្តែមិនដឹងយកទៅណាឡើយ ហើយក៏មិនឃើញទាហាន លន់ នល់ ទាំងនោះវិលត្រឡប់មកវិញដែរ។

អំឡុងឆ្នាំ១៩៧៥ កងទ័ពរំដោះទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ពេលនោះ ម៉ៅ ឈរជើងនៅក្នុងទីរួមខេត្តតាកែវ។ រហូតដល់ដើមឆ្នាំ១៩៧៦ អង្គការចាត់តាំងកងពលរបស់ម៉ៅឲ្យចុះមកធ្វើស្រូវប្រាំង ប៉ុន្តែមិនទាន់បានប្រមូលផលផង មេកងពលក៏បញ្ជូនក្រុមម៉ៅឲ្យទៅការពារតាមព្រំដែនវៀតណាម ស្ថិតក្នុងស្រុកគិរីវង្ស ខេត្តតាកែវ។ មេកងថ្មីរបស់ម៉ៅនៅព្រំដែនវៀតណាមមានឈ្មោះ វឿន។ ម៉ៅត្រូវរស់នៅការពារព្រំដែនរយៈពេលបីឆ្នាំ ដោយបើករបបអាហារ៣លើកក្នុងមួយខែ។

នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជា ពេលនោះម៉ៅ រត់កាត់តាមព្រៃរហូតដល់ទំនប់សាន្ត ខេត្តតាកែវ។ ម៉ៅ បន្តដំណើរទៅស្ទឹងភេ ខេត្តកំពត រួចមកនៅខេត្តកំពង់ស្ពឺវិញ។ ការរត់គេចពីទាហានវៀតណាមរយៈពេលយូរ ធ្វើឲ្យអស់កម្លាំង និងអត់អាហារ។ ដោយសារឃ្លានខ្លាំងពេក ម៉ៅ ក៏លួចចូលភូមិដកដំឡូងហូប ប៉ុន្តែត្រូវទាហានវៀតណាមចាប់ខ្លួនបាន។ ទាហានវៀតណាមមិនបានធ្វើបាបគាត់ទេ គ្រាន់តែសួរពីប្រវត្តិរូប? មកពីណា? ធ្វើការអ្វីដែរ? បន្ទាប់មកក៏ឲ្យ ម៉ៅ ត្រឡប់មកស្រុកកំណើតវិញ។

នៅឆ្នាំ១៩៨២ ម៉ៅចូលធ្វើជាទាហានរបស់សម្តេច ហ៊ុន សែន ប្រចាំខាងព្រៃសណ្តែក ដែលមានមេកងឈ្មោះ គល់ ស៊ីម គឺជាប្រធានកងទ័ពស្រុក។ ម៉ៅទទួលប្រាក់ខែចំនួន៥៩រៀលក្នុងមួយខែ។ នៅឆ្នាំ១៩៨៥ ម៉ៅប្ដូរទៅនៅខាងកងពលលេខ៨ ស្ថិតនៅភូមិអង្គ ខេត្តកំពត ដោយមានមេកងលេខ៨ឈ្មោះ ប៉ុល សារឿន។ បន្ទាប់មក ម៉ៅ ផ្លាស់មកនៅខាងណាមសាប ខេត្តបន្ទាយមានជ័យតាមរថយន្តម៉ាកស៊ីល។ ម៉ៅ ឈរជើងនៅណាមសាបរយៈពេល២ឆ្នាំ ស្រាប់តែមានជំងឺគ្រុនចាញ់ ក៏ឡើងមកព្យាបាលនៅខេត្តបាត់ដំបង ប្រហែលជានៅឆ្នាំ១៩៨៧។ បន្ទាប់ពីជាពីជំងឺគ្រុនចាញ់ ម៉ៅ ក៏ត្រឡប់មកស្រុកកំណើតធ្វើស្រែចម្ការវិញ។

រហូតមកដល់ឆ្នាំ១៩៩០ ម៉ៅចេញទៅធ្វើកម្មករនៅខេត្តស៊ីសុផន ប្រទេសថៃ ហើយក៏បន្តទៅនៅជំរំទី៨ អូរតាង៉ុក។ ម៉ៅ ចេញពីជំរំ អូតាង៉ុក ក៏ត្រឡប់មកស្រុកកំណើតធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៧ ម៉ៅ ឡើងមកនៅជំរំអូរល្ហុងបានរយៈពេលមួយឆ្នា ទើបគាត់ប្ដូរទៅរស់នៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើជាប៉ូលិសរហូតដល់បច្ចុប្បន្ន។

អត្ថបទដោយ៖ ធី គីមហុង

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin