កន តក ៖ ខ្សែសេអ៊ីអាប្រឆាំងបដិវត្តន៍ ត្រូវបានចាប់ខ្លួន

បរិវេណគុកទួលស្លែង (រូបថតឯកសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

យោងតាមឯកសារចម្លើយសារភាព កន តក (J00794) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា កន តក មានតួនាទីជាលេខាវរសេនាតូច១៨ វរសេនាធំ៧០ កងពលទី២ ភូមិភាគពាយ័ព្យ​ ត្រូវបានអង្គការចាប់ខ្លួនសួរចម្លើយពីខែកក្កដា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៧។ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ កន តក ៖

ឈ្មោះ កន តក អាយុ៣០ឆ្នាំ បើគិតមកដល់បច្ចុប្បន្នអាយុ៧៧ឆ្នាំ(នៅថ្ងៃ១២ ខែតុលា ឆ្នាំ១៩៧៧) ភេទប្រុស មានស្រុកកំណើតកើតនៅភូមិជ្រែង ឃុំតាឈ្នូក ស្រុកបាកាន ខេត្តពោធិសាត់។ នៅឆ្នាំ១៩៦២ ឪពុកបានយក កន តក ទៅរៀននៅវត្ដព្រែកទួលម្កាក់ ឃុំតាស្នូក ស្រុកបាកាន ខេត្តពោធិសាត់។ នៅឆ្នាំ១៩៦៨​ កន តក បានបួស និងទៅរៀនបាលីនៅវត្ដព្រែកស្ដីក្នុងស្រុកក្រគរ។ គ្រូបង្រៀន កន តក ឈ្មោះ ហ៊ី។ នៅចុងឆ្នាំ១៩៦៨ កន តក បានសឹកមកនៅជាមួយឪពុកម្ដាយរកស៊ីធ្វើស្រែ។

ចុងឆ្នាំ១៩៦៩ កន តក បានទៅជួបគ្រូចៅអធិការវត្តឈ្មោះ ហ៊ី នៅវត្ដពោធិវង្ស ក្នុងពេលនោះគ្រូចៅអធិការបាននិយាយអប់រំ កន តក ឲ្យឃើញពីការពិបាកស្រួល និងលើកពីការសប្បាយមានប្រាក់ខែ និងមានមុខមាត់បុណ្យសក្កិ។

បន្ទាប់ពីទទួលការអប់រំ កន តក ក៏យល់ព្រម លោកគ្រូចៅអធិការបានប្រាប់ថា ចាំថ្ងៃក្រោយជួបគ្នាទៀត។ កន តក ក៏ត្រឡប់មកផ្ទះវិញ។ ខែឧសភា ឆ្នាំ១៩៧០ កន តក ចូលបដិវត្តន៍ធ្វើឈ្លបភូមិបាកាន ក្រោមការក្ដាប់របស់ឈ្មោះ តឹម ដែលជាប្រធានភូមិបាកាន។ ក្នុងពេលនោះ វ៉ាញ បានអប់រំ កន តក ថាការធ្វើបដិវត្ដន៍មានការលំបាកសព្វបែបយ៉ាង។ បើធ្វើតាម វ៉ាញ មានការសប្បាយ ហើយនៅពេលអនាគតធ្វើការមានប្រាក់ខែ នឹងមានមុខមាត់បុណ្យសក្ដិមានកិត្តិយសដល់ឪពុកម្ដាយ។ វ៉ាញ នឹងលោកគ្រូចៅអធិការក៏បញ្ចូល កន តក ទៅក្នុងខ្សែសេអ៊ីអាក្នុងខែសីហា ឆ្នាំ១៩៧០។

ភារៈកិច្ចសេអ៊ីអាមាន៖ កសាងកម្លាំងសេអ៊ីអាបង្កប់ក្នុងជួរបដិវត្តន៍ និងកម្ទេចកម្លាំងបដិវត្តន៍ សម្ភារបដិវត្តន៍។ កន តក ចូលសេអ៊ីអារួចគ្រូចៅអធិការ និង វ៉ាញ ចាត់តាំងឲ្យទាក់ទងខ្សែសេអ៊ីអាម្នាក់ឈ្មោះ តឹម ប្រធានភូមិស្រុកបាកានវិញ។ តាមរយៈ តឹម កន តក បានទាក់ទងឈ្មោះ យាន ដែលជាប្រធានឈ្លបភូមិបាកានធ្វើសកម្មភាពបញ្ចេញសេដ្ឋកិច្ចទៅតំបន់ខ្មាំង និងលួចដុតស្រូវប្រជាជនភូមិស្ទឹងកំបុតឆេះអស់២ជង្រុក។

ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧០ តឹម ចាប់តាំងកន តក ឲ្យមកនៅកងទ័ពលេខ១០៥ របស់តំបន់២ ហើយ តឹម បានយក កន តក ទៅជួបទាក់ទងស្គាល់ខ្សែសេអ៊ីអារបស់ តឹម និង វ៉ាញ នៅក្នុងកង១០៥ មាន៤នាក់៖ ហាង ប្រធានកង១០៥ (ធ្វើកងទ័ពនៅចុងឆ្នាំ១៩៧១), ទុង បញ្ជាការកង១០៥ ធ្វើកងទ័ពនៅចុងឆ្នាំ១៩៧១), សន អនុបញ្ជាការកង១០៥ ធ្វើកងទ័ពនៅចុងឆ្នាំ១៩៧២), នឹងជុន អនុបញ្ជាការកង១០៥។ សកម្មភាពក្បត់ដូចជានាំផ្លូវប្រជាជនភូមិប្រាសាទដឹកស្រូវយកទៅលក់ឯផ្សារតាប៉ោង។

ចូលដល់ឆ្នាំ១៩៧១ វ៉ាញ ដកកង១០៥ របស់តំបន់២ មកស្រុកត្រពាំងជង តំបន់ទី២។ នៅខែឧសភា ឆ្នាំ១៩៧១ វ៉ាញ ដែលជាគណៈតំបន់២ ហៅបក្ខពួកប្រជុំផែនការមានឈ្មោះ ទុង, ហាង, សន និង ជុន។ វ៉ាញ ដែលជាគណៈតំបន់២ បាននិយាយពីរចំណុច៖ ទី១ កសាងកម្លាំងសេអ៊ីអា រកសមាសភាពអ្នកធ្វើការរាជការចាស់ កសិករមាន និងអ្នកពាលា។ ទី២ បំផ្លាញកម្លាំងបដិវត្ដន៍។ សកម្មភាពខ្ញុំនិងបក្ខពួកខាងលើកសាងកម្លាំងបាន៣នាក់គឺ៖ ទី១ មុត អតីតជាកសិករនៅឆ្នាំ១៩៧៤ ជាបញ្ជាការកងកងទ័ពស្រុកត្រពាំងជង។ ទី២ សៀង អតីតអ្នកលេងល្បែង ធ្វើមេក្រុមរត់ចូលខ្មាំងឆ្នាំ១៩៧២។ ទី៣ អឿន អតីតធ្វើប៉ូលីស រត់ចូលខ្មាំងឆ្នាំ១៩៧២​។

នៅក្នុងអំឡុងឆ្នាំ១៩៧១ ដដែល តាមការឧទ្ទេសនាមរបស់ វ៉ាញ។ កន តក ហាង ជុន សន និង ទុង បានទាក់ទងភ្ជាប់ខ្សែសេអ៊ីអាជាមួយ ហាច ជាប្រធានភូមិផ្ទះស្រែក្នុងស្រុកត្រពាំងជង។ ទី៤ សយ ជាអនុប្រធានផ្ទះស្រែ, ទី៥ សុង ជាប្រធានភូមិក្រង៉ាន ឃុំឆាស្នូក ស្រុកត្រពាំងជង តំបន់២, នឹងទី៦ សាត ជាអនុប្រធានភូមិក្រង៉ាន ស្រុកត្រពាំងជង។ ខ្សែសេអ៊ីអារបស់ ម៉ាង ដែលជាកម្មាភិបាលចលនាតាមភូមិ ជាខ្សែសេអ៊ីអារបស់ វ៉ាញ។ ពេលទៅជួបជាមួយឈ្មោះខាងលើនេះហើយ កន តក ក៏សួរថាម៉េចបងធ្វើការងារបដិវត្តន៍ពិបាក ឬស្រួលយ៉ាងណា។ ហាច និយាយថា ពិបាកដឹកនាំប្រជាជនណាស់មិនដូចពីមុនទេ។ កន តក និងហាង ក្ដាប់បានចំណុចខ្សោយ រួចសួរ ហាច ថាបងឯងទាំងអស់គ្នាហ្នឹង ម៉ាង ឲ្យធ្វើប្រធានភូមិនិងការទាក់ទងរបស់ កន តក បានដឹងគ្នាជាខ្សែរយៈហើយរួមសកម្មភាពជាមួយគ្នា​ បំផុសប្រជាជនឲ្យរត់ទៅខ្មាំងអស់១ចំនួន។ ដុតស្រូវប្រជាជនភូមិផ្ទះស្រែឆេះអស់៣លាន។

បន្ទាប់មកចូលដល់ឆ្នាំ១៩៧២ ហាង, ជុន, ទុង និងសន ធ្វើសកម្មភាពបែកមុខ(បែកការ)ក៏រត់ទៅចូលខ្មាំងអស់ វ៉ាញ ក៏យកអ្នកដែលឈ្មោះ ព្រំ និង ធួន ឲ្យទទួលអនុបញ្ជាការកងទ័ពស្រុកត្រពាំងជង កន តក ទទួលបញ្ជាការ។ ពេលនោះ វ៉ាញ ឲ្យ កន តក ទាក់ទងជាប់ខ្សែសេអ៊ីអាជាមួយ ព្រំ និង ធួន ក៏ចាប់ទាក់ទងលើករឿងនិយាយថា ប្រជាជនដូចមិនចង់រស់នៅក្នុងរបបបដិវត្ដន៍។ ព្រំ និង ធួន លើកបន្ថែមថាកម្លាំងខ្មាំងនៅឆ្នាំ១៩៧២ ខ្លាំងជាងបដិវត្តន៍ច្រើន។

ក្រោយមក កន តក រួមជាមួយ ព្រំ និង ធួន តាមការចាត់តាំងពី វ៉ាញ ឲ្យទៅទាក់ទងជាមួយ ពេជ និងង៉ាន ចៅហ្វាយស្រុកត្រពាំងជងឲ្យយកទាហាន៥០០នាក់ឡើងមកកម្ទេចមូលដ្ឋានបដិវត្ដន៍នឹងគៀប្រជាជនឃុំក្ដាត និងឃុំកោះខ្សាច់ ស្រុកត្រពាំងជង។

បន្ទាប់មក ព្រំ ខុសសីលធម៌ វ៉ាញ ក៏ដកចេញហើយចាត់តាំងឲ្យ ហាប់ មកកាន់ស្នងការទ័ពស្រុកត្រពាំងជងជំនួស ព្រំ វិញ។ វ៉ាញ​ ក៏ប្រាប់ កន តក និង ហាប់ ឲ្យទាក់ទងខ្សែសេអ៊ីអាជាមួយគ្នាក្នុងពេល វ៉ាញ នាំ ហាប់ មកនៅក្នុងកងទ័ពស្រុកត្រពាំងជងនេះ។ សកម្មភាព កន តក និងហាប់ កសាងកម្លាំងសេអ៊ីអាបានម្នាក់មានឈ្មោះថា វុធ ជាអតីតសិស្សថ្នាក់ទី៥។ ក្រោយមក វុធ ក៏មានតួនាទីជាមេក្រុមនៅមន្ទីរជាមួយ វ៉ាញ នៅក្នុងឆ្នាំ១៩៧៣ ។ ចំណុចខ្សោយសេរីទាក់ទងនារីភូមិ និងកសាងបាន កន តក ក៏យកទៅឲ្យ វ៉ាញ បញ្ចូលសេអ៊ីអា។

ចុងឆ្នាំ១៩៧២ វ៉ាញចាត់តាំង កន តក  ហាប់ និងម៉ាង ទៅទាក់ទងខ្សែសេអ៊ីអា វ៉ាញ ម៉ាង និងម្នាក់ទៀតឈ្មោះ រឿន (អតីតមេចោរ) ជាគណៈឃុំដំរីស ស្រុកត្រពាំងជង ហើយម្នាក់ទៀតឈ្មោះ យន (អតីតអាចារ្យបាលី) ជាគណៈឃុំប្រខ្នាយ និងមានម្នាក់ទៀតឈ្មោះ ម៉ៅ (អតីតមេភូមិចាស់) ជាគណៈឃុំកងតូច (​​នៅក្នុងឆ្នាំ១៩៧២) និងជាគណៈស្រុកកណ្ដៀងតំបន់៧៩ រួមសកម្មភាពដឹកសេដ្ឋកិច្ចយកឲ្យ ពេជ ង៉ាន ចៅហ្វាយស្រុកត្រពាំងជង។

ខែឧសភា ឆ្នាំ១៩៧៣ អង្គការស្រុកដក កន តក និងហាប់ ឡើងទៅទទួលយោធាតំបន់៧ ក្នុងរយៈពេលនោះ វ៉ាញ នាំ កន តក និងហាប់មកឲ្យ សុទ្ធ ជាលេខាតំបន់៧ កន តក និងហាប់ ថាជាខ្សែសេអ៊ីអារបស់ វ៉ាញ។ បន្ទាប់មក សុទ្ធ ហៅកន តក និងហាប់ ប្រជុំដាក់ផែនការប្រាប់ពីខ្សែរបស់ សុទ្ធ ឲ្យទាក់ទងធ្វើសកម្មភាពដែលមានឈ្មោះ៖ ១.គឹម តួនាទីជាបញ្ជាការ (ស្លាប់ឆ្នាំ១៩៧៤)​​ ២.សិទ្ធ ជាវរសេនាតូចកងតំបន់៧ ៣.តាន់ ជាអនុបញ្ជាការវរសេនាតូចកងតំបន់៧ ៤.សារឿន ជាគណៈសហករភូមិកំពង់រកាក្នុងស្រុកកណ្ដៀងតំបន់៧ ៥.ហួន ជាស្នងការវរសេនាធំតំបន់៧ (ជាប្រធានមន្ទីរតំបន់៧ នៅ ឆ្នាំ១៩៧៥) ៦.ហួង ជាបញ្ជាការវរសេនាធំតំបន់៧ ជំនួយការតំបន់៧។

បន្ទាប់ពីប្រាប់ឲ្យ កន តក និងហាប់ ដឹងគ្នាជាខ្សែសង្វាក់ហើយ សុទ្ធ ក៏ដាក់ផែនការឲ្យអនុវត្ដ៖ទី១) កសាងកម្លាំងសេអ៊ីអា ទី២) ទាក់ទងខ្សែមូលដ្ឋានរកស្បៀងផ្ដល់ឲ្យចោរព្រៃដែល សុទ្ធ កសាង បាន។ សកម្មភាព កន តក និងបក្ខពួកខាងលើទៅទាក់ទងឈ្មោះ ម៉ៅ គណៈឃុំប្រខ្នាយសុំបានស្រូវចំនួន៣០ថាំងយកឲ្យចោរព្រៃបង្កប់នៅព្រៃត្រយ៉ងសរក្នុងតំបន់៧ មានឈ្មោះ ង៉ាម ទទួលខុសត្រូវ (នៅឆ្នាំ១៩៧៤ អង្គការកម្ទេច)។

ខែមិថុនា ឆ្នាំ១៩៧៤ សុទ្ធ បានដក កន តក និងហាប់ ឡើងមកទ័ពភាគពាយ័ព្យ​ក្នុងវរសេនាតូច២៣ មានតួនាទីបញ្ជាការវរសេនាតូច ហើយ ហាប់ ឡើងស្នងការវរសេនាតូច២៣។ សុទ្ធ បានយក កន តក និងហាប់ ឲ្យទាក់ទងស្គាល់ខ្សែសេអ៊ីអាម្នាក់ឈ្មោះ សារឹម ជាលេខាវរសេនាធំ៧០ កងពលទី២។

បន្ទាប់ពីបានស្គាល់ សារឹម ជាខ្សែរយៈ ហើយ សារឹម បានយក កន តក ឲ្យទាក់ទងខ្សែសេអ៊ីអារបស់ កន តក មួយចំនួនមានឈ្មោះ៖ ១.ញ៉ឺង មាននាទីជាប្រធានដឹកជញ្ជូនរបស់ភាគពាយ័ព្យ (ឆ្នាំ១៩៧៦ អង្គការដក)។ ២.ឈាង បញ្ជាការវរសេនាតូច១៨ កងពលទី២ ៣. សារឹម បញ្ជាការវរសេនាតូច១៩ កងពលទី២ ៤.ឆើយ បញ្ជាការវរសេនាតូច១៨​ កងពលទី២ រួមធ្វើសកម្មភាពយកអាវុធនិងគ្រាប់ទៅឲ្យឈ្មោះ សារឿន និងហួង យោធាអាវុធតំបន់៧ ម៉ៅ យន ជាខ្សែចាស់ទុកយកឲ្យចោរព្រៃដែលឈ្មោះ៤នាក់នេះកសាងបានបង្កប់ក្នុងព្រៃត្រាញ់ឈូកតំបន់៧ មានឈ្មោះ គិន ទទួលខុសត្រូវ(ឆ្នាំ១៩៧៥ អង្គការកម្ទេច)។

ខែ១២ ឆ្នាំ១៩៧៤ សារឹម វរសេនាធំ បានយកខ្សែសេអ៊ីអា៣នាក់ឈ្មោះ៖ ១. ហូ ទី បញ្ជាការអាវុធវរសេនាតូច កងពលទី២ ២.ស្នងការអាវុធ វរសេនាតូច១៨ កងពលទី២(អង្គការដកមកនៅកងសមាភាព​ នៅកកោះ នៅឆ្នាំ១៩៧៧។

បន្ទាប់ពេលចូលប្រយុទ្ធសមរភូមិបន្ទាយវត្ដតាស៊ុត កន តក រួមសកម្មភាពជាមួយឈ្មោះ ខាងលើបាញ់អា៨០ ពីក្រោយយុទ្ធជនបំផុសយុទ្ធជនរត់ទៅផ្ទះអស់១៥នាក់។

ចូលថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្ញុំរួមសកម្មភាពជាមួយ ឈាង ធើយ និងទិត ដុតផ្ទះថ្មឆេះ២ខ្នងនៅក្រុងបាត់ដំបង។ ខែកក្កដា ឆ្នាំ១៩៧៥ វ៉ាញ ហៅបក្ខពួកប្រជុំដាក់ផែនការមាន សារឹម វរសេនាធំ ឬវរសេនាតូច ហាប់ ឈាង និង កន តក ក្នុងនោះមានបក្ខពួកដែលចូលរួមទទួលផែនការមាន៖ ១.ម៉ន ប្រធានពាណិជ្ជកម្មភាគពាយ័ព្យ(ចាប់ខ្លួន) ២. ជួន ឬ លឿន ជាអនុប្រធានពាណិជ្ជកម្មភាគពាយ័ព្យ (ចាប់ខ្លួន)  ៣. ចែត ប្រធានរោងចក្រភាគពាយ័ព្យ។ ផែនការទី១ កសាងកម្លាំង សេអ៊ីអា ២.បំផ្លាញសម្ភារៈក្នុងទីក្រុងបាត់ដំបង ៣. លាក់ថ្នាំពេទ្យ និងស្បៀងត្រៀមសម្រាប់ផែនការវាយបដិវត្ដន៍។ សក​ម្មភាព សារឹម ជាវរសេនាធំ ហាប់ និង កន តក កសាងកម្លាំងសេអ៊ីអាបានម្នាក់ឈ្មោះ ជឿន ជាប្រធានវរសេនាតូច១៨ កងពលទី២ ឆ្នាំ១៩៧៦ កន តក ចាត់តាំងទៅនៅដីសៀម។ ចំណុចខ្សោយរបស់ ជឿន ផឹកស្រាស្រវឹងរកបាញ់យុទ្ធជន សារឹម ហាប់ និងកន តក បានដកសិទ្ធមកជាអនុសេនាតូច កន តក ជាប្រធានកងវរសេនាតូច១៨វិញ។

បន្ទាប់មកទៀត កន តក និងហាប់ ចាត់តាំងឈ្មោះ ទិត ហូ និងធឿន ប្រមូលអង្ករបាន២០០បាវ និងអំបិល១៥បាវយកឲ្យឈ្មោះ ម៉ន លឿន ដឹកលាក់ជិតរោងកុនហាប់បៀក្រុងបាត់ដំបង។

ខែសីហា ឆ្នាំ១៩៧៥ អង្គការដកឈ្មោះ ហាប់ មកកាន់វរសេនាធំ៥០ រួចឲ្យឈ្មោះ តេន មកកាន់បញ្ជាការវរសេនាធំ៧០កងពលទី២។ សារឹម ក៏ប្រាប់ឲ្យ កន តក ទាក់ទងជាប់ខ្សែសេអ៊ីអាជាមួយ តេន ។ បន្ទាប់មក សារឹម វរសេនាធំ និង តេន ចាត់តាំង កន តក ឈាង ទិត ហូ និងធឿន ឲ្យបំផុសប្រជាជន១៧ មេសា រត់ទៅសៀមអស់១៥នាក់។

ខែវិច្ឆិកា ឆ្នាំ១៩៧៥ កន តក រួមសកម្មភាពជាមួយ ឈាង ទិត ហូ​ ធឿន និងចែត នាំពួកសមាសភាព១៧ មានទាហានកម្មង់ដូចំនួន១៥គ្រួសារយកមកឲ្យឈ្មោះ ម៉ែត ប្រធានរោងចក្រកំពង់គល់ និងឈង ជាអនុប្រធានរោងចក្រកំពង់គល់។ តាមរយៈ ម៉ែត និងឈង យកឲ្យឈ្មោះ សារឿន ទាហានសក្ដិ២ ដែល វ៉ាញយកទៅបង្កប់នៅព្រៃធំឲ្យ​ សារឿន យកទៅឲ្យអ៊ិនតាំកសាងកម្លាំងទ័ពសម្រាប់វាយបកបដិវត្ដន៍។

ខែធ្នូ ឆ្នាំ១៩៧៥ អង្គការដកអង្គភាពវរសេនាតូច១៨​ ទៅការពារព្រំដែនមុខសញ្ញាបរប៉ៃលិនតំបន់១ នៅរយៈ១០ថ្ងៃ។ វ៉ាញ និងសារឹម វរសេនាធំបានហៅបក្ខពួកមានឈ្មោះ ឈាង តេន និងរ៉េត ជាអនុបញ្ជាការវរសេនាតូច១៨ កងពលទី២។ កន តក មកប្រាប់ឲ្យទាក់ទងស្គាល់ខ្សែសេអ៊ីអារបស់ វ៉ាញ ២នាក់មាន៖ ១.ស៊ន បញ្ជាការវរសេនាតូចកងតំបន់១។ ២.ប៉ិច ជាស្នងការអាវុធកងតំបន់១ ​បច្ចុប្បន្នជាបញ្ជាការវរសេនាតូចលេខ៩ ក្នុងវរសេនាធំ៧០ កងពលទី២។ បន្ទាប់ពីបានស្គាល់បក្ខពួកជាខ្សែរយៈ ហើយ វ៉ាញ និងសារឹម ក៏ដាក់ផែនការឲ្យអនុវត្ដ ៖

១.ពង្រីកខ្សែសេអ៊ីអាឲ្យបានច្រើន។

២.បំផ្លាញស្រូវប្រជាជន និងបំផុសប្រជាជន១៧មេសាឲ្យរត់ទៅសៀមឲ្យអ៊ិនតាំកសាងទ័ព    ​              សម្រាប់​វាយបដិវត្ដន៍។

៣.បំផ្លាញជំរំងតាមព្រំប្រទល់ ទុកផ្លូវនាំប្រជាជនទៅសៀម។

៤.ទាក់ទង សារឿន ឲ្យចាំទទួលប្រជាជនយកទៅសៀម។

៥.ឲ្យ ហាំង និងសៃ លាក់អង្ករទុកបញ្ចេញឲ្យ អ៊ិនតាំ ហាំង និងសៃ នៅទទួលខុសត្រូវចម្ការកាហ្វេ។

អ្នកចូលរួមទទួលផែនការមាន ហាំង ប្រធានចម្ការកាហ្វេភាគពាយ័ព្យ និងសៃ ជាអនុប្រធានចម្ការកាហ្វេភាគពាយ័ព្យ។ សកម្មភាព កន តក ឈាង និង រ៉េត ហៅបក្ខពួកឈ្មោះ ហូ ទិត និងធឿន មកផ្សាយប្រាប់ផែនការខាងលើនេះ។

ចូលដល់ខែកុម្ភៈ ឆ្នាំ១៩៧៦ ខ្ញុំ ឈាង និងរ៉េត បានទៅជួបឈ្មោះ ទិត ធឿន និង ហូ នៅភូមិកកោះ ហើយ កន តក ដាក់ផែនការឲ្យ ទិត ធឿន និង ហូ កសាងឈ្មោះ ឈៀ (ដែលជាអតីតកម្មង់ដូ) បច្ចុប្បន្នបញ្ជាការកងធំកងពិសេសនៅក្នុងវរសេនាធំ៧០ កងពលទី២។ នុន (ពីដើមធ្វើស្រែ បច្ចុប្បន្នបញ្ជាការកងធំទី២ វរសេនាតូច១៨ កងពលទី២)។ ផុន (អតីតកម្មង់ដូមុនងាប់សមាជិកកងតូច) ដោយលើកអប់រំឈ្មោះ ឈៀ នុន និងផុន ពីបញ្ហាជាប់សមាសភាពហើយអង្គការត្រូវដកចេញពីអង្គភាពឲ្យទៅធ្វើស្រែនៅកកោះ។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ទិត ធឿន ហូ បានយក នុន ឈៀ និងផុន មកប្រគល់ឲ្យ កន តក និងឈាង ,រ៉េត នៅភូមិកកោះដល់ខែមីនា ឆ្នាំ១៩៧៦ កន តក និងឈាង បានយក នុន ឈៀ និងផុន ទៅប្រគល់ឲ្យ សារឹម និង តេន នៅបរប៉ៃលិនបញ្ចូលជាសេអ៊ីអា។

លុះដល់ខែមេសា ឆ្នាំ១៩៧៦ ខ្ញុំ ឈាង និងរ៉េត បានចាត់តាំង ទិត ធឿន ហូ និងផេង ឲ្យដុតស្រូវប្រជាជននៅភូមិកកោះ តំបន់៣ ឆេះអស់២ជង្រុក។ ចុងខែមេសា ឆ្នាំ១៩៧៦ វេលាម៉ោង១០យប់ខ្ញុំ ឈាង រ៉េត ទិត ធឿន ហូ និងផេង បានទៅកាប់ទំលាយទំនប់មួយនៅស្ទឹងកកោះ និងកាប់ភ្លឺស្រែបង្ហូទឹកចោលអស់៣ហិតា។

ដល់ខែឧសភា ឆ្នាំ១៩៧៦ កន តក ឈាង និងរ៉េត បានចាត់តាំង ទិត ធឿន ហូ ផេង និងនុន ឲ្យទៅដោះមីននៅជម្រូងអូរឈើក្រំ ជាប់ព្រំប្រទល់ថៃ និងឲ្យឈ្មោះទាំង៥នាក់នេះទៅទាក់ទងឈ្មោះ សារឿន នៅអូរឈើក្រំ ដើម្បីឲ្យ សារឿន ចាំទទួលយកប្រជាជនពី កន តក និងឈាង ដែលនាំយកទៅឲ្យនៅអូរឈើក្រំ យកទៅប្រទេសថៃទៅប្រគល់ឲ្យ អ៊ិន តាំ រៀបចំកម្លាំងកងទ័ពវាយបដិវត្ដន៍នៅឆ្នាំ១៩៧៧។ ចំពោះសញ្ញាដែលត្រូវទាក់ទងគ្នាខាង ទិត ធឿន ហូ ផេង និង នុន មូដៃមួយខាង (ខាងស្ដាំ)។ ខាងសារឿន កាច់មែកឈើលើកដៃឆ្វេង។

ចុងខែឧសភា ឆ្នាំ១៩៧៦ វេលាម៉ោង៣យប់ កន តក ឈាង និងផុន បាននាំប្រជាជនថ្មីនៅភូមិសាលាក្រៅដែលមិនពេញចិត្តចំពោះបដិវត្ដន៍យកទៅឲ្យ សារឿន នៅអូរឈើក្រំ ចំនួន២០នាក់។ ចំពោះសញ្ញាទាក់ទងគ្នាដូចបានសរសេនៅខាងលើនេះ។ ក្រោយពីខ្ញុំប្រគល់ប្រជាជនឲ្យ សារឿន ហើយ កន តក ឈាង និងផុន បានមកជួប សារឹម និង តេន នៅផ្សារបរប៉ៃលិន ហើយ សារឹម ដាក់ផែនការឲ្យខ្ញុំបំផុសប្រជាជនថ្មីនៅភូមិកកោះ និងភូមិសាលាក្រៅឲ្យរត់ទៅថៃ ដើម្បីឲ្យ សារឿន ប្រមូលធ្វើកម្លាំងកងទ័ពថែមទៀត។ កន តក ដោះមីន និងជម្រូងចេញពីព្រំដែន ពីកំពង់រាបមកទល់អូរឈើក្រំ ដើម្បីបើកផ្លូវឲ្យប្រជាជនរត់ទៅថៃ។

ខែមិថុនា ឆ្នាំ១៩៧៦ កន តក និង ឈាង រ៉េត បានហៅ ទិត ធឿន ហូ ផេង នុន និងផុន មកជួបនៅភូមិកកោះ ហើយ កន តក ចាត់តាំងទាំង៦នាក់នេះឲ្យទៅដោះមីន ជម្រូងនៅកំពង់រាបមកទល់អូរឈើក្រំ។ ពាក់កណ្ដាលខែមិថុនា​ឆ្នាំ១៩៧៦ កន តក និងឈាង រ៉េត បានចាត់តាំង ធឿន ផុន ទិត និងផេងឲ្យទៅបាញ់ប្រធានសង្កាត់សាលាក្រៅឈ្មោះ មិ នៅចន្លោះភូមិកកោះ និងភូមិសាលាក្រៅស្លាប់នារីអស់២នាក់ឈ្មោះ ផល ម្នាក់ទៀតក្ដាប់មិនបាន ពេលនោះ មិ រត់រួចខ្លួន។

ខែកក្កដា ឆ្នាំ១៩៧៦ កន តក និង ឈាង រ៉េត បំផុសប្រជាជនថ្មីនៅភូមិសាលាក្រៅឲ្យរត់ចូលទៅថៃអស់១៥នាក់មានឈ្មោះ សិន ចាន់ ម៉ៃ ក្រៅពីនេះទៀតក្ដាប់មិនបាន។

ខែសីហា ឆ្នាំ១៩៧៦ សារឹម និង តេន បានមកហៅ កន តក ទៅប្រជុំនៅផ្សារបរប៉ៃលិន អ្នកចូលរួមប្រជុំមានឈ្មោះ៖ រ៉េត ធើយ(ក្ដាប់មិនបាន) ដល់ឆ្នាំ១៩៧៦ អង្គការដកចេញពីអនុលេខាវរសេនាតូចលេខ១៨ វរសេនាធំ៧០ កងពលទី២ មានឈ្មោះ ហាំង សៃ​ ស៊ន ប៉ិច វ៉ាញ សារឹម តេន និងសារឿន ជំនួយវរសេនាតូច១៨ ហើយ វ៉ាញ ដាក់ផែនការ៖

១.ឲ្យដោះមីននិងដកជម្រូងចេញពីអូរឈើក្រំមកដល់អូឡាក់ ដើម្បីបញ្ចេញកម្មករនៅចម្ការកាហ្វេនៅបរប៉ៃលិន ទៅសៀមដើម្បីរៀបចំកម្លាំងវាយបដិវត្តន៍។ ២.ឲ្យ កន តក​ ​និង ប៉ិច ស៊ន ទៅទាក់ទង សារឿន នៅអូរឈើក្រំដើម្បីបញ្ចេញប្រជាជនតាមរយៈ សារឿន។ ៣.ឲ្យលាក់អង្ករនៅចម្ការហ្វេបរប៉ៃលិន ដើម្បីត្រៀមធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧៧។

ខែកញ្ញា ឆ្នាំ១៩៧៦ កន តក និងប៉ិច ស៊ន បានទៅទាក់ទង សារឿន នៅអូរឈើក្រំ ដើម្បីឲ្យ សារឿន ចាំទទួលប្រជាជននៅអូរឈើក្រំយកទៅឲ្យ អ៊ិន តាំ នៅដីថៃរៀបចំកម្លាំងកងទ័ពវាយបដិវត្តន៍។ ចំពោះសញ្ញាទាក់ទងខាង កន តក មូដៃអាវមួយខាង ខាងស្ដាំ ខាងសារឿន កាច់មែកឈើលើកខាងដៃឆ្វេង។

ចុងខែកញ្ញា ១៩៧៦ កន តក បានចាត់តាំង ទិត និងធឿន ឲ្យទៅជួប ប៉ិច និងស៊ននៅវត្តច្រារ ដើម្បីសហការគ្នាឲ្យនាំកម្មករនៅចម្ការហ្វេចំនួន២៣នាក់យកទៅឲ្យ សារឿន នៅអូរឈើក្រំយកទៅឲ្យ អ៊ិន តាំ រៀបចំកម្លាំងកងទ័ព ហើយ កន តក បានចាត់តាំង ជឿន ជាខ្សែរបស់ អ៊ិន តាំ ឲ្យទៅជាមួយ ទិត និងធឿន ដើម្បីឲ្យ ប៉ិច និងស៊ន ប្រគល់ឲ្យ សារឿន បានគ្នា២នាក់ងាយស្រួលក្នុងការទាក់ទងគ្នាទៅថ្ងៃមុខ។ ចុងខែកញ្ញា ឆ្នាំ១៩៧៦ ដដែលពេល សារឹម ខុសសីលធម៍អង្គការដកចេញពីលេខាវរសេនាធំលេខ៧០ ហើយអង្គការដក រ៉េត ពីរោងចក្រកំពង់គុលឲ្យមកធ្វើសមាជិកវរសេនាធំលេខ៧០ ហើយ តេន បានឧទ្ទេសនាមប្រាប់ កន តក ថា​ រ៉េត នេះជាខ្សែសេអ៊ីអាតាំងពីនៅក្នុងសង្រ្គាមមក។

ខែតុលា ឆ្នាំ១៩៧៦ កន តក បានទៅរៀននយោបាយនៅកន្លែងសេនាធិការក្រុងបាត់ដំបងអស់រយៈពេល៧ថ្ងៃបិទវគ្គដល់ម៉ោង៩យប់។ ខ្ញុំបានចូលរួមទទួលផែនការជាមួយ តេន និងម្នាក់ទៀតឈ្មោះ សាន នៅក្រុងបាត់ដំបងនិងមានខ្សែរបស់សានចូលរួមប្រជុំមានឈ្មោះ ៖ កន តក, តេន, រ៉េត សមាជិកវរសេនាធំ៧០, រ៉េត បញ្ជាការវរសេនាតូច១៨, សារឹម លេខាវរសេនាតូច១៩, ភិន លេខាវរសេនាតូច១៧, ម៉ន ប្រធានពាណិជ្ជកម្មភាគពាយ័ព្យ, ចែត តួនាទីក្ដាប់រួមផ្នែករោងចក្រនៅភូមិភាគពាយ័ព្យ, ឈន អនុលេខាកងពលទី២, ប៊ុត (អតីតអ្នកជីកត្បូង) បច្ចុប្បន្ន វរសេនាធំនៅក្នុងកងទ័ពតំបន់៣, ម៉ើក គណៈយោធាតំបន់៣, សយ លេខាវរសេនាធំលេខ៣០ កងពលទី១, ម៉ែត ប្រធានរោងចក្រស្ករកំពង់គល់, ឈង អនុប្រធានរោងចក្រស្ករសកំពង់គល់, សារ៉ាវុធ ប្រធានរោងចក្រដូនទាវ, ចយ ទទួលកងកាំភ្លើងធំរបស់ភាគពាយ័ព្យ, វ៉ាញ និងសាន ដាក់ផែនការគឺ៖ វាយយកភូមិភាគពាយ័ព្យនៅខែមករា ឆ្នាំ១៩៧៧ ដំបូងកងពលទី២ កងពលទី១ និងកងទ័ពតំបន់៣ កងទ័ពតំបន់៥ កងទ័ពតំបន់១ សហការគ្នាជាមួយកងទ័ព អ៊ិន តាំ និងកងទ័ពសៀមដើម្បីវាយភូមិភាគពាយ័ព្យនៅខែមករា ឆ្នាំ១៩៧៧ បើចាញ់រត់ទៅសៀម ដើម្បីរៀបចំកម្លាំងជាថ្មីវាយបកបដិវត្តន៍វិញ។

ខែធ្នូ ឆ្នាំ១៩៧៦ កន តក និងតេន ប៉ិច ហូ ឈៀ នុន បាននាំប្រជាជនពីបរប៉ៃលិនចំនួន៤០នាក់យកទៅឲ្យ សារឿន និងជឿន នៅអូរឈើក្រំ ដើម្បីឲ្យ សារឿន និងជឿន នាំប្រជាជន៤០នាក់នេះទៅឲ្យ អ៊ិន តាំ រៀបចំកម្លាំងកងទ័ពវាយបដិវត្តន៍។

ចុងខែធ្នូ ឆ្នាំ១៩៧៦ ម៉ន បានមកជួប កន តក នៅខាងកើតជើងភ្នំយ៉ាត ហើយ ម៉ន ដាក់អំបិលចំនួន១៦ការ៉ុងលើឡានហើយប្រាប់ កន តក ឲ្យយកទៅឲ្យឈ្មោះ ហាំង និងសៃ នៅចម្ការកាហ្វេបរប៉ៃលិន លាក់ទុកដើម្បីធ្វើរដ្ឋប្រហារនៅខែមករា ឆ្នាំ១៩៧៧។ ដល់ពេលល្ងាច កន តក ​និងតេន បានទៅប្រាប់ ហាំង សៃ នៅចម្ការកាហ្វេបរប៉ៃលិនឲ្យមកដឹកអំបិលនៅកន្លែងកន តកយកមកលាក់ទុកនៅចម្ការកាហ្វេបរប៉ៃលិន។

ខែមករា ​ឆ្នាំ១៩៧៧ កន តក និង រ៉េត តេន​ ស៊ន លេខាវរសេនាតូចរបស់តំបន់១ បានទៅជួប វ៉ាញ នៅផ្សារស្ដៅ ហើយ តេន​ សួរបញ្ជាក់ វ៉ាញ ពីផែនការដែលត្រូវផ្ទុះអាវុធនៅខែមករា​ ឆ្នាំ១៩៧៧។ វ៉ាញ បានប្រាប់ថាចំពោះផែនការមិនបានសម្រេចទេ ដោយសារអង្គការចាប់បានខ្សែខាងក្រោមៗមួយចំនួនយកទៅដាក់នៅសន្ដិបាលភូមិភាគ។

ខែកុម្ភៈ ឆ្នាំ១៩៧៧ កន តក បានមកជួប តេន និងរ៉េត នៅបន្ទាយត្រែង ហើយ តេន បានប្រាប់កន តក និង រ៉េត ថាផែនការដែលផ្ទុះអាវុធនៅខែមីនា ឆ្នាំ១៩៧៧ គឺផ្ទុះគ្រប់មុខសញ្ញានៅភាគពាយ័ព្យ។ មុខសញ្ញា ឈន វាយពីថ្មពួករហូតមកដល់អូរជ្រៅមុខសញ្ញានៅវាយពីអូរជ្រៅដោយសហការគ្នាជាមួយកងទ័ពតំបន់៣ មានឈ្មោះ ម៉ើក និង ប៊ុត វាយមកចាប់ដៃគ្នាជាមួយ ឈន នៅស្វាយ ហើយកងទ័ពតំបន់៥  តំបន់៣ តំបន់១ មានភារកិច្ចជម្លៀសប្រជាជនយកទៅទុកនៅព្រំដែន។

ប្រសិនបើចាញ់បដិវត្តន៍ ជម្លៀសប្រជាជនចូលទៅសៀម ហើយ តេន ប្រាប់ កន តក ថែមទៀតថា ឈ្មោះ សាន ទៅទាក់ទង អ៊ិន តាំ នៅភ្នំបាឡៃ ដើម្បីយកកម្លាំងកងទ័ព អ៊ិន តាំ មកជំនួយវាយនៅភូមិភាគពាយ័ព្យ ខែមីនា ឆ្នាំ១៩៧៧។ បើទាក់ទងកម្លាំង អ៊ិន តាំ បានហើយឲ្យ អ៊ិន តាំ ទាក់ទងរកកម្លាំងកងទ័ពសៀមថែមទៀត។

នៅខែកុម្ភៈ ឆ្នាំ១៩៧៧ កន តក តេន រ៉េត នុន ឈៀ ដុតចម្ការសាវម៉ាវឆេះអស់២ហិតានៅអូតាប៉ុកខាងលិចផ្សារបរប៉ៃលិន។

ចូលដល់ខែមីនា ឆ្នាំ១៩៧៧ កន តក បានទៅជួប ប៊ុត និងម៉ើក នៅភូមិកំរៀង ហើយ កន តកបានសួរ ប៊ុត និង ម៉ើក អំពីជំរំមីនដែលដាក់នៅព្រំដែនតាំងពីភ្នំបាឡៃមកទល់កំពង់រាប តើដោះចេញហើយឬនៅ។ ប៊ុត ប្រាប់ខ្ញុំថាជំរំដាក់អស់ត្រឹមពីកំរៀងមកទល់កំពង់សីលា។ ប្រហែលខែ២ ឬខែ៣ ឆ្នាំ១៩៧៧ កន តក ទៅរៀននយោបាយនៅក្រុងបាត់ដំបងឈ្មោះ សាន បានឧទ្ទេសនាមប្រាប់ កន តក និង ហាប់ ខ្សែសេអ៊ីអារបស់ សាន មានឈ្មោះ រឿត អនុលេខាវរសេនាធំ៧០ កងពលទី២ ដើម្បីងាយស្រួលទាក់ទងគ្នាធ្វើសកម្មភាពប្រឆាំងបដិវត្តន៍ទៅថ្ងៃមុខ។

ខែមេសា ឆ្នាំ១៩៧៧ តាមផែនការរបស់ វ៉ាញ និង រឿត បានទៅទាក់ទង សារឿន និង ជឿន នៅអូរឈើក្រំ ហើយ កន តក ប្រាប់ សារឿនថាចំពោះសកម្មភាពដែលនាំប្រជាជនឲ្យមកចូលសៀមលែងបានទៀតហើយ ដោយសារបែកការខ្សែនៅខាងក្នុងត្រូវអង្គការចាប់បានជាបន្ដបន្ទាប់។ សភាពការណ៍នៅខាងក្នុងត្រូវបែកការខ្លាំង កន តក ឲ្យ សារឿន ចាំទទួលយក កន តក ផង។ ចំពោះសញ្ញាទាក់ទងខាង កន តក មូដៃអាវមួយខាង ខាងស្ដាំ ចំណែកខាង សារឿន កាច់មែកឈើហើយលើកដៃខាងឆ្វេង។

ខែឧសភា ឆ្នាំ១៩៧៧ កន តក និង រឿត បានទៅទាក់ទងឈ្មោះ ប៉ិច ស៊ន ហាំង និងសៃ នៅបរប៉ៃលិន ហើយខ្ញុំលើកឡើងថានៅក្នុងខែមិថុនា ឆ្នាំ១៩៧៧ តាមផែនការរបស់ សាន ត្រូវលើកវាយម្ដងទៀតនៅគ្រប់មុខសញ្ញា ហើយយើងត្រូវតែចូលរួមសហការជាមួយដើម្បីវាយយកភូមិភាគពាយ័ព្យ បើសិនជាមិនបានវាយវិញហើយត្រូវបែកការ ត្រូវតែនាំគ្នារត់ទៅសៀមតាមរយៈឈ្មោះ សារឿន និង ជឿន នៅអូរឈើក្រំនេះ។ កន តក បានទាក់ទងពីមុនរួចមកហើយ ហាំង និង ប៉ិច ត្រូវអប់រំកម្មករថែមទៀត បើដល់ពេលអំណោយឲ្យរត់ត្រូវតែនាំគ្នាទៅទាំងអស់។

ចុងខែឧសភា ឆ្នាំ១៩៧៧ តាមផែនការរបស់ វ៉ាញ កន តក នុន ឈៀ បានទៅទាក់ទងឈ្មោះ ប៊ុត ម៉ើក នៅកំរៀង ហើយ កន តក ប្រាប់ឲ្យ ប៊ុត,ម៉ើក ជម្លៀសប្រជាជននៅភូមិបឹងអូរជៀង និងភូមិតាគុតតាគ្រៃយកទៅដាក់នៅភូមិកំរៀង នៅពេលដែលផ្ទុះអាវុធនៅខែមិថុនា ឆ្នាំ១៩៧៧ បើវាយទៅចាញ់បដិវត្តន៍ជម្លៀសប្រជាជនទៅដីសៀមហើយយកពួកនេះធ្វើជាកម្លាំងវាយបដិវត្តន៍វិញ។

នៅខែមិថុនា ឆ្នាំ១៩៧៧ កន តក វាយបំផ្លាញថ្នាំគ្រុនចាញ់អស់២ឡាំងក្រដាសនៅត្រែង។

ចូលដល់ខែកក្កដា ឆ្នាំ១៩៧៧ អង្គការដក កន តក ឲ្យទៅធ្វើស្រែនៅកកោះ កន្លែងពួកសមសភាព រហូតដល់ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ១៩៧៧ អង្គការចាប់ខ្លួន។

វន បុប្ផា៖ ជាអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្ម

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin