គក ស្រស់”អ្នកយាមមន្ទីរ ស-២១”

គក ស្រស់ជាអ្នកយាមគុកស-២១ នៅមុខបន្ទប់សួរចម្លើយអ្នកទោសនៅក្នុងសម័យខ្មែរក្រហម។ ជីវិតរស់នៅក្នុងការ ភ័យខ្លាច ព្រោះបានឃើញអង្គការធ្វើទារុណកម្មផ្ទាល់ៗភ្នែកជាមួយអ្នកទោស។ គក ស្រស់ បានរៀបរាប់ថា៖

ខ្ញុំឈ្មោះ គក ស្រល់[1] ភេទប្រុស អាយុ៥៤ឆ្នាំ(គិតពីឆ្នាំ២០០៤) មានប្រពន្ធឈ្មោះ សុខ យៀវ អាយុ៥០ឆ្នាំ (គិតពីឆ្នាំ២០០៤)មានកូនស្រីចំនួន៥នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចំការ។ ខ្ញុំមានស្រុកកំណើតនៅភូមិ ព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ សព្វថ្ងៃរស់នៅក្នុងភូមិលេខ៥ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ខ្ញុំមានឪពុកឈ្មោះ ចក់ គក និងម្ដាយឈ្មោះ ហ៊ុន ឡូ។ ឪពុកខ្ញុំស្លាប់ ដោយសារតែ គ្រាប់ផ្លោងរបស់ធីវគី ពេលរត់ក្នុងសង្គ្រាមរដ្ឋប្រហារ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៥នាក់។ សព្វថ្ងៃនៅសល់៨នាក់ ស្លាប់ មួយដោយសារជំងឺ។

ក្នុងអំឡុងឆ្នាំ១៩៧០ ឪពុកខ្ញុំត្រូវគ្រាប់ តែពុំទាន់ស្លាប់ភ្លាមទេ។ បងប្អូនខ្ញុំចេញទៅធ្វើបដិវត្តន៍ទាំងអស់គ្នា ហើយបាន ត្រឡប់មកផ្ទះវិញទាំងអស់គ្នា ប៉ុន្តែបាត់ឈ្មោះផាត ភេទប្រុស ជាបងប្អូនជីដូនមួយចេញទៅធ្វើបដិវត្តន៍ដូចគ្នា។

ខ្ញុំធ្លាប់បានរៀនសូត្រនៅតាមភូមិឃុំ ដើម្បីពង្រឹងផ្នែកនយោបាយក្នុងថ្នាក់រៀនមានតែបុរសខាងផ្នែកយុទ្ធជន។ កាល នោះនយោបាយសំដៅលើនយោបាយម៉ាក់ លេនីន ដើម្បីឲ្យឈឺចាប់ពីការជិះជាន់របស់សង្គមមុន ហើយឲ្យយើងដើរ តាមម៉ាក លេនីន។ ខ្ញុំរៀននយោបាយតាំងពីឆ្នាំ១៩៧៣។ ពេលដែលប្រមូលឲ្យចូលរៀននោះមានការប្រកាសនៅ តាមភូមិ ឃុំ គ្រប់គ្នាឲ្យទៅរៀននៅក្នុងឃុំលេខ២។ ខ្ញុំបានទៅរៀននៅក្នុងឃុំលេខ២ដែរ កាលនោះរៀនបាន២ម៉ោង ក្នុងមួយថ្ងៃ។ ខ្ញុំរៀនបានពីរខែកន្លះ រួចបានចូលទៅសាលា យោធានៅកំពត។ ខ្ញុំនៅវត្តកំពត ស្រុកស្អាង ឃុំព្រែកអំពិលនៅមូលគ្នា។ កាលនោះមានប្រធានឃុំឈ្មោះ ផៃ ស្លាប់ដោយសារជំងឺ។ ខ្ញុំត្រូវបានផ្លាស់ប្ដូរទៅរៀន នៅស្រុកកោះធំ ក្នុងស្រុក១៣និងមានគ្រូបង្រៀនឈ្មោះអ៊ន មានតួនាទីប្រធានយុទ្ធជនឃុំ។ រយៈពេល២ខែ អ៊ន បញ្ជូនព័ត៌មានមកថាថ្នាក់លើខ្វះទ័ព៥០នាក់ យកពីឃុំអំពិលពោធិ៍ និងឃុំផ្សេងៗទៀត ដើម្បីបង្គ្រប់តម្រូវការ ២០០នាក់បញ្ជូនទៅសាលាយោធា។ លុះពេលទៅដល់ស្អាងសាលាយោធា ចែកក្រុម១២នាក់ពេញទៅចូលធ្វើទ័ព។ អំឡុងពេលរៀនមានការបែងចែកផ្នែក មានផ្នែកយោធា ខាងបាញ់ ខាងលូននិងក្រាប។ ខ្ញុំរៀនរយៈពេលមួយខែចុង ឆ្នាំ១៩៧៤។ រយៈពេលមួយខែដែលខ្ញុំបានរៀន គឺត្រូវកាន់កាំភ្លើង រៀនវៃ រួចមានការបែងចែកជាកង។ ក្នុងមួយកង ៥០នាក់ ហើយអ្នកចេះត្រូវបង្ហាត់អ្នកមិនចេះ។ កាលនោះខ្ញុំឃើញតាណាត តាពីនមកមើលសាលា ចុះមកមើល ផ្ទាល់។ ខ្ញុំបានផ្លាស់ទៅកងពល៧០៣ ដើម្បីមកមើលទាហានហ្វឹកហាត់។ ពេលបានមួយខែកន្លះចេញទ័ពទៅ វាយរំដោះយកភ្នំពេញ។

ចេញមកឆ្នាំ១៩៧៥ឡើងទៅភ្នំពេញ វាយតាមបណ្ដោយផ្លូវលេខ២១។ ខ្ញុំត្រូវបានចូលទៅនៅវរសេនាតូច១៣៨ ឡើងទៅវាយចូលដល់ភ្នំពេញ។ កាលនោះមានការបែងចែកតាមមុខសញ្ញារៀងៗខ្លួន ដូចថា កងពល៧០៣ វាយចូល ហើយកងពល៥០២ជាមុខសញ្ញាវាយមកពីលិច វាយចូលដូចគ្នា។ ខ្ញុំនៅក្នុងកងពល៧០៣បានវាយចូល ភ្នំពេញមុន ហើយអង្គការបានបែងចែកកងពលការពារទីក្រុង។ ចំណែកកងពល៥០២ មកដល់ក្រោយ អង្គការឲ្យ ដកទៅការពារក្រវ៉ាត់ជុំវិញ ហើយកងពលខ្លះទៀតត្រូវទៅយាមតាមព្រំដែន។ ប្រធានវរសេនាតូច១៣៨ ឈ្មោះ ខន។ ប្រធានកងពលឈ្មោះ តាណាត និងតាពីន។ នៅក្នុងវរសេនាតូចមានការបែងចែកជា៣កងរយទៀត។ ក្នុងមួយ វរសេនាតូចមានប្រហែលជា៣៥០នាក់។ តាមការយល់របស់ខ្ញុំ ខ្មែរក្រហមវាយឈ្នះ លន់ នល់ ដោយសារតែ ខ្មែរក្រហមមានកងកម្លាំងច្រើនជាង លន់ នល់។ ពេលដែលវាយឈ្នះទ័ព លន់ នល់មិនដឹងទៅខាងណាអស់រលីង។

ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើស្រែ ខ្លះទៀតទៅការពារ និងខ្លះទៀតទៅទ័ពគ្រប់មុខក្រសួង។ ខ្ញុំនៅបាន ៣ទៅ៤ខែក៏មានការរៀបចំការបោះឆ្នោត ដែលមានតាខៀវសំផន នួនជា តាឌុច និងអៀងសារី ជាអ្នកឈរឈ្មោះ។ ប៉ុន្តែពេលនោះបោះឆ្នោតជាប់ខៀវ សំផន។ ខៀវសំផនបានធ្វើជាប្រធានរដ្ឋ ហើយអៀងសារីកាន់ខាងក្រសួងការបរទេស។ ចំណែកឌុចកាន់ជាប្រធានគុកស-២១តាំងពីឆ្នាំ១៩៧៥។

បន្ទាប់ពីថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥ ខ្ញុំត្រូវបាន អង្គការឲ្យទៅធ្វើស្រែនៅស្លាគូ ជិតព្រែកត្នោត។ ខ្ញុំនៅធ្វើស្រែបាន២ខែ អង្គការបានប្រមូលទ័ពឡើងមកភ្នំពេញវិញ។ ខ្ញុំទទួលបានដំណឹងនេះពីប្រធានកងវរឈ្មោះ ខន។ អង្គការប្រមូល កម្លាំង ដើម្បីយកទៅវាយជាមួយវៀតណាមទៀត។ ចុងឆ្នាំ១៩៧៥ខ្ញុំបានចេញពីក្រុមចូលទៅក្នុង មន្ទីរស-២១ មានគ្នា ២០០នាក់ ដើម្បីយាមអ្នកទោសដោយមានការបែងចែកទៅតាមផ្នែកក្នុងមួយវេន១០០នាក់។ បើគិតជាខ្សែយាមវិញ មានពីរជាន់ ចំណែកខ្សែទីបីយាមតាមច្រកៗទេ។ នៅស-២១ មានឡានដឹកអ្នកទោសតាមខេត្តនានា ប៉ុន្តែពេលចូល ទៅដល់អគារខាងក្នុងបញ្ជូនទៅលើទើប វាយខ្នោះ ហើយនៅក្នុងមួយថ្ងៃៗមានមនុស្សស្លាប់រាប់រយនាក់។ ចំណែកអ្នក ដែលសួរចម្លើយរួច អង្គការបញ្ចេញទៅសម្លាប់ចោល។  ខ្ញុំដឹងតាមរយៈក្រុមដឹកជញ្ជូនសូម្បីតែខ្ញុំការពារក៏ដោយឲ្យ តែអ្នកទោសស្លាប់ ដឹងតែជាប់គុកហើយគ្មានការអនុគ្រោះទេ។ កន្លែងសួរចម្លើយខ្ញុំមិនដែលបានដឹងទេ ព្រោះខ្ញុំនៅការពារឃើញតែ អង្គការយកមនុស្សទៅបាត់ៗ។ ជាក់ស្ដែងខ្ញុំបាន ឃើញស្នាមជាំ បែកសាច់ខ្នង ដំបៅ។ ខ្ញុំបានទៅធ្វើ ការងារនៅ ក្នុងមន្ទីរស-២១ ដោយសារប្រវត្តិរូបគ្មានពាក់ព័ន្ធអ្វី។

នៅស-២១ ខ្ញុំធ្លាប់បានឃើញមានទាហាននៅក្នុងវរត្រូវធ្វើបាបរហូតដល់ស្លាប់ ខ្លះទៀតនៅក្នុងវរសេនាធំ ពេលដែល យកទៅសួរចម្លើយហើយមិនឆ្លើយ វាយទាល់រួចបញ្ជូនទៅកន្លែងសួរចម្លើយ ហើយបន្តទៅកន្លែងធ្វើទារុណកម្ម យើងអ្នកការពារមើលថាអ្នកទោសមិនអាចធានាបានទើបរាយការណ៍អ្នកដើរចល័តរាយការណ៍ទៅពេទ្យ មកមើល ដើម្បីការពារខ្លួនព្រោះខ្ញុំខ្លាចអ្នកទោសស្លាប់ខ្ញុំត្រូវជាប់គុកជំនួសអ្នកទោស។ ចំណែកតាឌុចមេបញ្ជាផ្ទាល់ មកអ្នកសួរចម្លើយ។ ពេលចាប់បានអ្នកដឹកនាំធំៗ តាឌុចអ្នកសួរចម្លើយខ្លួនឯង ហើយពេលខ្លះមិនយកទៅណាឆ្ងាយទេ សួរនៅមុខហ្នឹងតែម្ដង។ ខ្ញុំឃើញតាឌុចសួរចម្លើយ មិននិយាយខ្លាំងៗទេ និយាយស្រួលៗធម្មតា។ ខ្ញុំមិនដែលឃើញ តាឌុចវាយដុំអ្នកទោសទេ។ តាឌុចមានសិទ្ធអំណាចនៅក្នុងមន្ទីរ ស-២១ តាំងពីឯកសារអ្វីៗទាំងអស់។ តាំងពីខ្ញុំចូល ទៅ ស-២១ ខ្ញុំធ្លាប់ឃើញតែ ប៉ុល ពត ក្នុងមួយឆ្នាំ ប៉ុល ពតមកមន្ទីរ ស-២១ ប៉ុន្តែមិនចូលខាងក្នុងទេនៅតែខាងក្រៅ។  មៅក្នុងមន្ទីស-២១មានតាឌុច និងតាហ៊ ជាអ្នកដឹកនាំមៅក្នុងមន្ទីរ។ តាហ៊ ជាអនុប្រធា​នគុក នៅមើលអ្នកទោសពេល ដែលតាឌុចសួរចម្លើយ។

តាឌុចជាប្រធានគុកស-២១ ហើយ តាហ៊ ជាអ្នកមើលអ្នកទោសពេលដែលតាឌុចសួរចម្លើយ។ តាឌុចស្រាវជ្រាវខាងចម្លើយ។ ចំណែក តាហ៊ តាមដានសម្មភាពអ្នកទោស ព្រោះខ្លាចអ្នកទោស ចងក និងកាត់សរសៃដៃខ្លួនឯង។ ប៉ុន្តែបើអ្នកទោស ស្លាប់ត្រូវចាប់អ្នកយាមដាក់គុកជំនួសវិញ។ ក្មេងៗដែលយាមគុកនោះភាគច្រើនអាយុ១៥ទៅ១៦ឆ្នាំ។ អ្នកយាមគុកត្រូវចាប់ដាក់គុកជំនួសអ្នកទោសមានមិនសូវញឹកញាប់ទេ ហើយភាគច្រើនដឹងស្លាប់នៅក្នុងគុកតែម្ដង។ ការសម្លាប់ភាគ ច្រើនខ្ញុំឃើញអង្គការប្រើកាំបិត និងដែកថ្នាំងអំពៅយកមកវាយ។ ពេលដែលសម្លាប់ភាគច្រើនអង្គការមិនដែលសួរនាំ អំពីមូលហេតុច្រើនទេ។

កាលនោះឈ្មោះ ប៉េង បានវាយអ្នកយាមរហូតដល់ស្លាប់ ដោយបានស្ដាប់បទបញ្ជាពីហ៊។ ខ្ញុំក៏ធ្លាប់បានអង្គការ ដកទៅលត់ដំបទពិសោធន៍ដែរ ព្រោះយើងធ្វើការងារខុសពីការងារស្នូល។ ខ្ញុំត្រូវបានយកទៅលត់ដំអស់រយៈពេល១ខែ ទាល់តែខ្ញុំធានាថាអាចធ្វើការងារដូចជា ធ្វើទ្វារនិងបន្ទប់សម្រាប់ដាក់អ្នកទោសបានទើបទៅធ្វើការងារវិញ ប៉ុន្តែបើ ខ្ញុំធ្វើមិនបានអង្គការបញ្ជូនឲ្យទៅធ្វើស្រែ។ តាណាត បាត់ខ្លួនតាំងពីបែក ភ្នំពេញឆ្នាំ១៩៧៩ព្រោះកាលនោះ ខ្ញុំទៅជួបជា មួយគាត់រត់ទៅព្រៃលិច។ តាណាត ខាងកងពលធំច្រើនទទួលបញ្ជាពីអគ្គសេនាធិការចេញ ទៅភ្នំពេញនិងចូលក្នុង សមរភូមិផ្ទាល់។

ពេលវៀតណាមវាយចូលអ្នកយាមគុកនិងអ្នកដែលនៅក្នុងគុកនាំគ្នារត់បែកផ្លូវគ្នា។ តាឌុចភ្លាមៗនោះរត់ទៅខាងលិច។ ពេលនោះអ្នកជាប់នៅក្នុងគុក ស្លាប់ទាំងអស់។

តាំងពីឆ្នាំ១៩៧៥-១៩៧៩ ខ្ញុំធ្វើការងារស្រែចម្ការខ្លះ រួចអង្គការដកមកភ្នំពេញមកចូលក្នុងមន្ទីរស-២១រហូតដល់ រំដោះ។ អ្នកទោសនៅក្នុងគុកទួលស្លែងមានច្រើនស្រទាប់ណាស់ តែភាគច្រើនតែអ្នកធ្លាប់ធ្វើទ័ព។ អ្នកទោសភាគច្រើន ត្រូវ បានស្រាវជ្រាវ ឯកសារពីសង្គមចាស់មក។ នៅក្នុងគុកស-២១ សុទ្ធតែជាអ្នទោសខាងផ្នែកនយោបាយទាំងអស់។ ខ្ញុំបានចេញពីស-២១ទៅលិចតាមផ្លូវជាតិលេខ២, លេខ៣ លេខ៤ ធ្លាយទៅដល់ភ្នំឱរ៉ាល់ ដើម្បីរត់គេចពីយួនវាយ ចូលមក។ ខ្ញុំបានទៅសម្រាកនៅភ្នំឱរ៉ាល់និងបានប្រមូលកម្លាំង បកមកក្រោយវិញ បានត្រឡប់មកនៅផ្ទះរហូត។

សព្វថ្ងៃនេះពេលដែលខ្ញុំមើលត្រឡប់ទៅក្រោយវិញ ការសម្លាប់មនុស្ស តាមភូមិឃុំ គឺមានការបញ្ជាមកពីស្រុក អាចខ្លះ ទទួលបានពីខាងលើ ហើយច្បាប់ចេញពីកន្លែងខ្ញុំ។ ខ្ញុំបានស៊ើបអង្កេតឃើញថា មកពីខាងស្រុកប្រណាំង ប្រជែងគ្នា ចង់បានស្នាដៃ ចង់បានបុណ្យស័ក្តិ។ ខ្ញុំបានស្រាវជ្រាវឃើញថាមានតាំងពីការបង្អត់អាហារ និងមានការធ្វើបាបនៅតាមសហករណ៍។ ពេលដែលអង្គការចាប់ទៅសួរចម្លើយ ច្រើនតែនិយាយថាសម្លាប់ប្រជាជនចង់យក គុណសម្បតិ្ត ព្រោះគណៈស្រុកចង់បានគុណសម្បិត្តឡើងជាគណៈខេត្ត។ គណៈស្រុករាយការណ៍ ថាប្រជាជនហូប បរិបូរនិងគ្មានការសម្លាប់ ហើយបញ្ជូនទិន្នផលស្រូវដល់រដ្ឋច្រើន ដើម្បីឡើងស័ក្តិ។

អត្ថបទដោយ៖ វី ស៊ីថា

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា K05462 បទសម្ភាសន៍ជាមួយ គក ស្រស់ អ្នកយាមនៅមន្ទីរ ស-២១ ទី៤ ខែធ្នូ ឆ្នាំ២០០៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin