ជន ម៉ៃ៖ អតីតកងកុមារ ក្នុងភូមិតាំងសំរោង

ក្រោយខ្មែរក្រហមបានទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉ៃ ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ ដោយចាត់ចូលក្នុងកងកុមារ រួចជម្លៀសចេញពីភូមិអូរមុខទឹក ឃុំព្រៃរំដួល ឲ្យទៅធ្វើការងារនៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឈ្មោះ ជន ម៉ៃ[1] ភេទស្រី អាយុ៥៨ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើស្រែ និងធ្វើចម្ការដាំដំឡូង។ ម៉ៃ មានស្រុកកំណើតនៅក្នុងភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ម៉ៃ រស់នៅក្នុងភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ កង (ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម) និងម្ដាយឈ្មោះ ម៉ាស (ស្លាប់) ក្នុងឆ្នាំ២០១២។ ម៉ៃ មានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី៣នាក់) ហើយ ម៉ៃ ជាកូនពៅ។ សព្វថ្ងៃបងប្អូនបង្កើតរបស់ ម៉ៃ នៅរស់រានមានជីវិតចំនួន៣នាក់។ ម៉ៃ មានស្វាមីឈ្មោះ សុំ ទី អាយុ៦៨ឆ្នាំ មានមុខរបរធ្វើចម្ការ។ ម៉ៃ មានកូនស្រីចំនួន២នាក់។
កាលនៅវ័យកុមារ ម៉ៃ បានដឹងថា ម្ដាយ មានតួនាទីជាគ្រូបង្រៀននៅសាលាមួយកន្លែងក្នុងទីរួមខេត្តកំពង់ស្ពឺឈ្មោះ សាលាកាលេស។ ចំណែកឪពុកប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើតជាមួយកូនៗ។ ម៉ៃ និងបងៗ ទាំងអស់មិនបានចូលរៀននោះទេ ព្រោះសាលានៅឆ្ងាយពីផ្ទះមិនអាចធ្វើដំណើរទៅបាន។
នៅឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដម សីហនុ។ បន្ទាប់មក នៅទីរួមខេត្តកំពង់ស្ពឺចាប់ផ្ដើមកើតមានសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ ជាមួយនឹងកងទ័ពខ្មែរក្រហមជាបន្តបន្ទាប់។ សាលារៀននៅតាមទីកន្លែងផ្សេងៗក្នុងខេត្តកំពង់ស្ពឺត្រូវបានបិទទ្វាចោល និងលែងមានគ្រូបង្រៀនតទៅទៀត។ ស្របពេលជាមួយគ្នា ម្ដាយរបស់ ម៉ៃ បានឈប់បង្រៀនសិស្សនៅទីរួមខេត្តកំពង់ស្ពឺ រួចធ្វើដំណើរត្រឡប់មករស់នៅធ្វើស្រែចម្ការជាមួយប្ដី និងកូនៗនៅភូមិកំណើតវិញ។ ឆ្នាំ១៩៧១ នៅក្នុងភូមិអូរមុខទឹកចាប់ផ្ដើមមានភាពច្របូកច្របល់ ព្រោះមានការឃោសនាប្រមូលយុវជននៅក្នុងភូមិឲ្យស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងខ្មែរក្រហមក្នុងការទាមទារសិទ្ធិអំណាចជូនសម្ដេចព្រះនរោត្ដម សីហនុ វិញ។ ចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ម៉ៃ បានរៀបរាប់ថា មានយន្តហោះរបស់ទាហានអាមេរិកាំង និងទាហានរបស់ លន់ នល់ ជាច្រើនគ្រឿងបើកមកទម្លាក់គ្រាប់បែកនៅក្នុងភូមិអូរមុខទឹក និងភូមិក្បែរៗគ្នាក្នុងឃុំព្រៃរំដួល រហូតបន្សល់ទុករណ្ដៅគ្រាប់បេធំៗមកដល់បច្ចុប្បន្ន។ ការទម្លាក់គ្រាប់បែកបានបង្កឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអុរមុខទឹកអស់ជាច្រើនខ្នង និងបានសម្លាប់សត្វគោ ក្របី ដែលចិញ្ចឹមនៅក្នុងផ្ទះរបស់ ម៉ៃ ងាប់អស់មួយក្រោល។ ក្នុងពេលជាមួយគ្នា ឪពុកម្ដាយរបស់ ម៉ៃ បាននាំកូនៗរត់ចេញពីផ្ទះនៅភូមិអូរមុខទឹកទៅរស់នៅក្នុងភូមិមួយផ្សេងទៀត(មិនស្គាល់ឈ្មោះភូមិ) ក្នុងស្រុកភ្នំស្រួច ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកកាន់តែធ្ងន់ធ្ងរទៅ ឪពុករបស់ ម៉ៃ បានជីកត្រង់សេនៅតាមដំបូកក្បែរៗព្រៃ រួចបាននាំប្រពន្ធ និងកូនៗចូលទៅលាក់ខ្លួនក្នុងត្រង់សេ។ បន្ទាប់ពីស្ងាត់សំឡេងយន្តហោះ ម្ដាយរបស់ ម៉ៃ បានលួចចេញទៅយកអង្ករនៅក្នុងភូមិ ទុកសម្រាប់ដាំបាយឲ្យកូនៗហូបក្នុងត្រង់សេ ហើយ ម្ដាយរបស់ ម៉ៃ មិនហ៊ានដុតភ្លើងឲ្យចេញផ្សែងទៅខាងក្រៅខ្លាំងពេកនោះទេ ព្រោះរាល់ពេលឃើញមានភ្លើង ឬផ្សែងយន្តហោះរបស់អាមេរិកាំងតែងតែបើកមកតម្រង់ទម្លាក់គ្រាប់បែកត្រូវកន្លែងដែលមានពន្លឺ ឬផ្សែងភ្លើង ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន លន់ នល់ និងដណ្ដើមបានទីក្រុងភ្នំពេញ។ មិនយូរប៉ុន្មាន ម៉ៃ ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ និងបងៗឲ្យចូលក្នុងកងកុមារ។ រីឯឪពុកម្ដាយរបស់ ម៉ៃ ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅក្នុងកងចល័តធ្វើស្រែចម្ការនៅក្នុងភូមិអូរមុខទឹកដដែល ព្រោះឪពុកម្ដាយរបស់ ម៉ៃ មានវ័យចាស់ជរាមិនអាចចល័តទៅធ្វើការងារនៅទីកន្លែងឆ្ងាយពីភូមិបាន។ ចំណែកបងៗរបស់ ម៉ៃ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័តធ្វើការងារលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចល័តទៅគ្រប់ទីកន្លែងក្នុងស្រុកភ្នំស្រួច។ បន្ទាប់មក ម៉ៃ ត្រូវបានខ្មែរក្រហមជម្លៀសចេញឆ្ងាយពីភូមិអូរមុខទឹកទៅកាន់ភូមិតាំងសំរោង ក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីខ្មែរក្រហមបំបែក ម៉ៃ ទៅធ្វើការងារនៅភូមិតាំងសំរោង ម៉ៃ មិនបានជួបជាមួយបងៗ និងឪពុកម្ដាយទៀតនោះឡើយ។ នៅភូមិតាំងសំរោង ខ្មែរក្រហមបានឲ្យក្រុមកុមារស្នាក់នៅក្នុងផ្ទះធំមួយ ហើយបែងចែកឲ្យកុមារាស្នាក់នៅម្ខាង និងកុមារីស្នាក់នៅម្ខាង។ ម៉ៃ បានរៀបរាប់បន្តថា នៅក្នុងផ្ទះស្នាក់នៅមានកុមាររាប់រយនាក់ ដែលមានអាយុចាប់ពី៨ទៅ១៤ឆ្នាំ។ ម៉ៃ ត្រូវបានមេកងកុមារឈ្មោះ យាយ ប៊ុន ចាត់ឲ្យធ្វើការងារជាក្រុមជាមួយកុមារដទៃទៀតដែលបានជម្លៀសមកពីរាជធានីភ្នំពេញ និងតាមបណ្ដារខេត្តនានា។ ម៉ៃ បានបន្តថា យាយ ប៊ុន មានចរិតកាច និងប្រើការងារធ្ងន់ធ្ងរទៅលើកុមារ ហើយកុមារទាំងអស់មិនមានពេលវេលាសម្រាកគ្រប់គ្រាន់នោះឡើយ។ ជារៀងរាល់ថ្ងៃ យាយ ប៊ុន តែងកាន់រំពាត់ ឬគល់ឫស្សីជាប់នឹងដៃជានិច្ចទុកសម្រាប់វាយកុមារដែលលួចអង្គុយលេងគេចមិនព្រមធ្វើការងារឲ្យបានរួចរាល់តាមការកំណត់។ នៅរដូវប្រាំង យាយ ប៊ុន បានប្រើឲ្យ ម៉ៃ និងកុមារដទៃទៀត ចេញទៅកាប់ដីដំបូកតាំងពីម៉ោង៦ព្រឹក រួចរែកយកទៅចាក់ សម្រាប់លើកទំនប់ធំមួយ។ លុះដល់ម៉ោង១១ព្រឹក ទើបឲ្យសម្រាកហូបបបរម្ដង។ បន្ទាប់ពីបានឮសំឡេង ជួង ម៉ៃ និងកុមារដទៃទៀតត្រូវទៅរោងបាយ ដើម្បីហូបបបររាវៗលាយជាមួយដំឡូងមី ឬហូបបបរលាយជាមួយសម្លព្រលិត ហើយ ម៉ៃ ទទួលបានរបបអាហារម្នាក់មួយកូនចានតូចប៉ុណ្ណោះ។ បន្ទាប់ពីហូបបបររួច ម៉ៃ និងកុមារដទៃត្រូវចុះទៅកាប់ដីដំបូកបន្ត ពីចន្លោះម៉ោង១២ ទៅម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច ទើបត្រឡប់មកហូបបបរម្ដងទៀត ទើបចូលសម្រាករៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ម៉ៃ និងកុមារដទៃត្រូវបានយាយ ប៊ុន ប្រើទៅលើកទំនប់បន្តចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៩យប់ ទើបអនុញ្ញាតឲ្យទៅសម្រាករៀងៗខ្លួន។ នៅរដូវវស្សា យាយ ប៊ុន បានប្រើឲ្យ ម៉ៃ និងកុមារដទៃទៅស្ទួងស្រូវ ជាមួយប្រជាជនចាស់ៗនៅក្នុងភូមិតាំងសំរោង។ ម៉ៃ បានរៀបរាប់ទាំងភាពឈឺចាប់ថា ក្នុងសម័យខ្មែរក្រហមពិតជាលំបាក និងវេទនាខ្លាំងណាស់ ព្រោះ ម៉ៃ នៅក្មេងត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារធ្ងន់ធ្ងរហួសកម្លាំង ជាពិសេសការបរិភោគអាហារមិនបានគ្រប់គ្រាន់ រហូតធ្វើឲ្យរាង្គកាយមានសភាពស្គមស្គាំង និងមិនសូវមានកម្លាំងនោះឡើយ។ ថ្ងៃមួយ ដោយសារភាពអត់ឃ្លាន ម៉ៃ បានលួចទៅបេះផ្លែដង្កៀបក្ដាមនៅក្បែរៗព្រៃហូប ដែលមានចម្ងាយមិនឆ្ងាយពីភូមិតាំងសំរោងនោះទេ។ ខណៈពេលកំពុងបេះផ្លែដង្កៀបក្ដាម ម៉ៃ បានប្រទះឃើញសាកសពមនុស្សជាច្រើននាក់ ដែលត្រូវបានវាយសម្លាប់ដោយប្រើគល់ឫស្សី ទម្លាក់ចោលក្នុងថ្លុកក្របីមានទាំងមនុស្សចាស់ បុរស ស្រ្តី រួមទាំងកុមារតូចៗ។ បន្ទាប់ពីបានឃើញសាកសពមនុស្សជាច្រើន ម៉ៃ មានភាពភ័យខ្លាចខ្លាំងណាស់ ទើបរត់ទៅកន្លែងលើកទំនប់ជាមួយកុមារដទៃវិញ ប៉ុន្តែ ម៉ៃ មិនហ៊ានប្រាប់កុមារដទៃពីអ្វីដែលខ្លួនបានជួបប្រទះនោះឡើយ។
ដើមឆ្នាំ១៩៧៩ ខ្មែរក្រហមប្រកាសឲ្យប្រជាជនរត់ភៀសខ្លួនចេញពីភូមិតាំងសំរោង ព្រោះកងទ័ពវៀតណាមជិតវាយចូលមកដល់ក្នុងភូមិតាំងសំរោងហើយ។ ខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនថា « កងទ័ពវៀតណាមចូលមកអារករ រួចសម្លាប់ចោល» ទើប ម៉ៃ មានភាពភ័យខ្លាច រួចរត់ភៀសខ្លួនទៅជាមួយកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ តា ថៃ និងប្រជាជនផ្សេងទៀតចេញពីភូមិតាំងសំរោង ដើរថ្មើរជើងឆ្លងកាត់ព្រៃភ្នំដាច់បាយដាច់ទឹកនៅលើភ្នំ។ ម៉ៃ និងប្រជាជនទាំងអស់ធ្វើដំណើរឆ្លងកាត់ភ្នំអស់រយៈពេលប្រហែល៤ខែ ទើប ម៉ៃ និងប្រជាជនធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មក ម៉ៃ និងប្រជាជនបានចូលទៅរស់នៅក្នុងជំរំខាវផ្លួវ ប្រទេសថៃ។ ម៉ៃ រស់នៅក្នុងជំរំអស់រយៈពេលប្រហែល៦ខែ មានកម្មាភិបាលខ្មែរក្រហម(មិនស្គាល់ឈ្មោះ) បាននាំ ម៉ៃ និងនារីៗដែលមានវ័យស្រករគ្នា ចេញពីជំរុំត្រឡប់មកប្រទេសកម្ពុជាវិញ។
ឆ្នាំ១៩៨០ ម៉ៃ បានចូលរួមក្នុងកងនារីដឹកជញ្ជូនគ្រាប់ ក្នុងកងពលលេខ១៦ ដែលប្រធានកងពលឈ្មោះ តា អ៊ួន យ៉ង់។ ម៉ៃ និងក្រុមនារីបានដឹកជញ្ជូនគ្រាប់ចេញពីព្រំដែនកម្ពុជា-ថៃ នៅឡែម ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើរថ្មើរជើងយកទៅឲ្យកងទ័ពខ្មែរក្រហមនៅស្ទឹងគរនម ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ម៉ៃ ធ្វើដំណើរពីព្រំដែនថៃ ទៅកាន់ស្ទឹងគរនមត្រូវប្រើរយៈពេលជាងមួយខែ ទើបទៅដល់។ ក្នុងអំឡុងពេលដឹកជញ្ចូនគ្រាប់ ម៉ៃ មានការលំបាក ព្រោះត្រូវស្ពាយគ្រាប់ ម្ហូបអាហារ និងអង្ករក្នុងពេលជាមួយគ្នា ប៉ុន្តែ ម៉ៃ និងក្រុមនារីដឹកជញ្ជូនបានបរិភោគអាហារគ្រប់គ្រាន់។ លុះដល់ឆ្នាំ១៩៨១ កងទ័ពវៀតណាមបានបាញ់គ្រាប់ផ្លោង ត្រូវ ម៉ៃ និងនារីដឹកជញ្ជូនចំនួន៤នាក់ផ្សេងទៀត ធ្វើឲ្យស្លាប់បាត់បង់ជីវិតនារីៗស្លាប់ភ្លាមៗចំនួន៣នាក់ ហើយ ម៉ៃ និងមិត្តម្នាក់ឈ្មោះ ភី បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីរងរបួស ម៉ៃ និង ភី (សព្វថ្ងៃ ភី រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង)។ ម៉ៃ និងភី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខ្មែរក្រហមក្នុងជំរំខាវផ្លួវ ប្រទេសថៃ។ ម៉ៃ បានសន្លប់មិនដឹងខ្លួនអស់រយៈពេល១ខែ។ បន្ទាប់ពី ម៉ៃ បានដឹងខ្លួន ម៉ៃ មិនអាចដើរបានភ្លាមៗនោះទេ ព្រោះរងរបួសត្រង់ដៃ ជើងទាំងសងខាង និងក្រលៀនខាងស្ដាំយ៉ាងធ្ងន់ធ្ងរ។ រហូតឆ្នាំ១៩៨៧ កម្មាភិបាលខ្មែរក្រហមបានរៀបចំឲ្យ ម៉ៃ រៀបការជាមួយស្វាមីឈ្មោះ សុំ ទី ដែលជាអតីតកងទ័ពខ្មែរក្រហមដែលបានរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម ហើយបានសម្រាកព្យាបាលនៅក្នុងជំរំជាមួយគ្នា។ លុះដល់ឆ្នាំ១៩៩៣ ម៉ៃ, ស្វាមី និងក្រុមគ្រួសារកម្មាភិបាលខ្មែរក្រហមសរុបប្រហែល៥០គ្រួសារ បានដំណើរចេញពីជំរំខាវផ្លួវចូលមកនៅក្នុងភូមិផ្ចឹកជ្រុំ ហើយគ្រួសារ ម៉ៃ បានកាប់ឆ្ការព្រៃយកដី ដើម្បីដាំស្រូវ និងធ្វើចម្ការ សម្រាប់ទ្រទ្រង់ជីវិតក្នុងការរស់នៅប្រចាំថ្ងៃ។ ឆ្នាំ១៩៩៧ ម៉ៃ បាននាំប្ដី និងកូនៗ២នាក់ត្រឡប់ទៅរកម្ដាយ និងបងៗនៅស្រុកកំណើតក្នុងភូមិអូរមុខទឹក ទើបបានជួបម្ដាយ និងបងស្រីចំនួន២នាក់នៅស្រុកកំណើត។ បន្ទាប់មក ម្ដាយរបស់ ម៉ៃ បានរៀបរាប់ទាំងទឹកភ្នែកថា «គាត់មិននឹកស្មានថា ម៉ៃ នៅមានជីវិតនោះនោះទេ ព្រោះបានបែកពីកូនតាំងពីឆ្នាំ១៩៧៥ មិនបានឮដំណឹងទាល់តែសោះ» ហើយ ម្ដាយរបស់ ម៉ៃ បានបន្តថា «ឪពុករបស់ ម៉ៃ ត្រូវបានខ្មែរក្រហមចូលមកចាប់ដល់ក្នុងផ្ទះ រួចយកទៅវាយសម្លាប់ចោលនៅលើភ្នំបាសិត[2] តាំងពីឆ្នាំ១៩៧៧ ដោយចោទថា ចូលដៃចូលជើងជាមួយកងទ័ពវៀតណាម»។ ចំណែក បងៗចំនួន៣នាក់ទៀត ត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់ចោលជាបន្តបន្ទាប់ ដោយចោទថាត្រូវជាកូនរបស់ខ្មាំង។ រហូតឆ្នាំ២០១២ ម្ដាយរបស់ ម៉ៃ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺចាស់ជរា ក្នុងជនាយុ១២៥ឆ្នាំ។ បន្ទាប់ពីម្ដាយបានស្លាប់ ម៉ៃ មិនដែលទៅលេងស្រុកកំណើតទៀតនោះទេ៕
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ ជន ម៉ៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
[2] ភ្នំបាសិតស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។