ខៀវ ឡូ៖ ខ្មែរក្រហមចោទថាខ្មាំង

នៅឆ្នាំ១៩៧៧ ឡូ និងប្រពន្ធកូន អង្គការចោទថា ជាប់និន្នាការខ្មាំង។ ឡូ ត្រូវបាន អង្គការ ចាប់មកឃុំនៅគុកជៃ្រអូរព្នៅ ដែលមានប្រធានគុកឈ្មោះ ខុន ជាមនុស្សកាចសាហាវ។ ឡូ បានឃើញខ្មែរក្រហមជម្លៀសប្រជាជនមកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងជនជាតិចិន ដាក់ឃុំឃាំងនៅគុកជ្រៃអូរព្នៅ។
ខៀវ ឡូ[1] ភេទប្រុស អាយុ៦៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឡូ មានប្រពន្ធ ឈ្មោះ សុខុន មានកូនចំនួន៣នាក់។ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិពៃ្រទទឹង ឃុំវាល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ឡូ មានឪពុក ឈ្មោះ ម៉ែន ម្ដាយឈ្មោះ អែម។
នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ប្រទេសជាតិចាប់មានសង្គ្រាមតាំងពីពេលនោះមក មានយន្ដហោះទម្លាក់គ្រាប់បែក។ ប្រជាជនរត់ចុះឡើង ខ្លះរត់ទៅតំបន់រំដោះ ខ្លះរត់ទៅខាងលោក លន់ នល់។ នៅឆ្នាំ១៩៧១ នៅមានព្រះសង្ឃគង់នៅក្នុងវត្ដនៅឡើយតែ នៅក្នុងតំបន់រំដោះថ្នាក់លើមិន ឱ្យប្រជា ជនយកចង្ហាន់ទៅប្រគេនព្រះសង្ឃទេ បន្ទាប់មក លោកសង្ឃ ក៏សឹកអស់។ ឡូ ជាប្រជាជនចាស់ ជួយចលនាប្រជាជនក្នុងភូមិឱ្យបម្រើចលនាបដិវត្ដន៍នៅភូមិរាំង និងជួយ ព្រះសង្ឃ។ ឡូ ដឹកនាំយុវជន យុវនារី និងអប់រំឱ្យស្អប់របប លន់ នល់ ដែលមកទម្លាក់គ្រាប់បែកទាំងយប់ទាំងថៃ្ង។
នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឡូ អង្គការចាត់តាំងឱ្យ ធ្វើការងារនៅក្នុងភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដូចជាធ្វើស្រែ លើកទំនប់ ជីកប្រឡាយ ហូបបាយរួមតាមសហករណ៍។ នៅក្នុងមួយថ្ងៃខ្មែរក្រហមឲ្យហូបចំនួនពីរដង គឺពេលថ្ងៃ និងពេលល្ងាច។ ព្រះសង្ឃទាំងអស់ត្រូវខ្មែរក្រហមជម្លៀសចេញពីទីវត្តអារាម ឈប់គោរពសាសនា និងជំនឿ ។ ព្រះសង្ឃទាំងនោះ ខ្មែរក្រហមជម្លៀសចេញពីវត្តកាត់ភ្លុក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដាក់ឱ្យស្នាក់នៅលើកកោះ ហើយនៅអមសងខាងកោះនោះ មានទឹកជុំវិញ។ ព្រះវិហារ រូបព្រះបដិមា ខ្មែរក្រហមវាយចោល ហើយវត្តកាត់ភ្លុក ក្លាយជាទ្រុងជ្រូក កន្លែងធ្វើជី បង្កើតជាសហករណ៍ទុកឱ្យប្រជាជនជម្លៀសមកពីកន្លែងផ្សេងស្នាក់នៅ។ ព្រះសង្ឃ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក ព្រះសង្ឃខ្លះជម្លៀសទៅលើកោះអត់មានមនុស្សយកចង្ហាន់ អត់ឃ្លានក៏ដោះស្បង់ជីពរសឹកដោយខ្លួនឯង។
បន្ទាប់ពីខ្មែរក្រហមបង្កើតជាសហករណ៍ ធ្វើការងាររួម ស្នាក់នៅរួម ហូបរួម ការកម្សាន្តរួម។ ជាពិសេសការហូបចុកតាមសហករណ៍មិនបានគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់។ ឡូ ត្រូវបានអង្គការខ្មែរក្រហមចាត់តាំងធ្វើជាកងចល័ត រួមទាំងប្រជាជនមួយចំនួនក្នុងភូមិ ដូចជាជីកប្រឡាយ លើកទំនប់ នៅតំបន់អូក្រែង ខេត្តកំពង់ស្ពឺ។ ក្រៅពីធ្វើការងារធ្ងន់ ហូបមិនគ្រប់គ្រាន់ ប្រជាជនក៏សម្រេចចិត្តចូលបម្រើកងទ័ព។ ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសប្រជាជនមកពីកំពង់ស្ពឺឆ្លងកាត់ភ្នំពេញ ដំណាក់ស្នេហ៍។ ឡូ ត្រូវបានខ្មែរក្រហមចាត់តាំងជាអ្នកចាំឆែកសំបុត្រ ពិនិត្យលេខ ដើម្បីដឹងថាអ្នកជម្លៀសពីកន្លែងមួយទៅកន្លែងមួយមានចំនួនប៉ុន្មាន? នៅឆ្នាំ១៩៧៧ ឡូ និងប្រពន្ធកូន អង្គការចោទថា ជាប់និន្នាការខ្មាំង។ ឡូ ត្រូវបាន អង្គការ ចាប់មកលុតដុំនៅគុកជៃ្រអូរព្នៅ[2] ដែលមានប្រធានគុកឈ្មោះ ខុន ជាមនុស្សកាចសាហាវ។ ជាពិសេសអ្នកដឹកមកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាល ជាប់ឃុំឃាំងនៅទីនេះ។ មិនបានយូរថ្ងៃ អង្គការយកទៅបាត់អស់ ហើយមិនដឹងជាយកទៅណា?
ឡូ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាក្បត់ដោយសារមានការយល់ច្រឡំ ប្អូនប្រធានភូមិធ្វើពេទ្យ ហើយមានបងថ្លៃរបស់គ្រូពេទ្យម្នាក់ធ្វើខុសសីលធម៌ ប្រវត្តិរូបអត់ល្អត្រូវជាប់គុក។ ដូច្នេះឈ្មោះ ឡោ ជាឈ្លបចាប់ឈ្មោះ ឡូ ចូលគុកជំនួសវិញ។ ខ្មែរក្រហមមានសិទ្ធិសម្រច ឡូ គ្មានសិទ្ធិប្រកែក។ ឡូ ចាប់ផ្តើមរៀបចំអីវ៉ាន់ ខណៈពេលនោះប្រពន្ធ ឡូ ចាប់ផ្តើមឈឺ។ ឡូ បានសុំឈ្លប កុំទាន់ទៅអី! ចាំពីរថ្ងៃទៀត ប្រពន្ធខ្ញុំបានធូរស្រាលជាងនេះ។ កងឈ្លបឈ្មោះ ឡោ និយាយថា មិនអាចចាំបានទៀតទេ ត្រូវប្រញាប់រៀបចំឥឡូវនេះ! ឡូ រៀបចំបរទេះគោធ្វើដំណើររហូតដក់គុកជ្រៃអូរព្នៅ។ ខ្មែរក្រហមចាប់ផ្តើម មើលប្រវត្តិរូប ថាឪពុក ម្តាយ ឡូ ជាខ្មាំង ហេតុនេះត្រូវចាប់ខ្លួន ឡូ ឃុំឃាំង។ ប៉ុន្តែខ្មែរក្រហមអត់បានឃុំក្នុងគុកនោះទេ គឺខ្មែរក្រហមកំណត់បរិវេណ មកខាងលិចត្រឹមព្រែក ទៅខាងត្បូង អាចធ្វើដំណើរដល់វត្តត្រពាំងឫស្សី ឃុំទឹកល្អក់ ស្រុកគងពិសី ទៅជើងត្រឹមវត្តចំប៉ា។ កន្លែងឃុំឃាំង មានខ្មែរក្រហមចាំយាមគ្រប់កន្លែង ប្តូរវេនគ្នាយាមទៀត។ អ្នកយាមខ្លះក្មេងកាន់កាំភ្លើងអូសដី ប្រភេទកាំភ្លើងការ៉ាបីន។
ឡូ ជាអ្នកជាប់ទោសស្រាល ខ្មែរក្រហមប្រើឲ្យធ្វើការងារ ដូចប្រជាជនទូទៅក្នុងបរិវេណខ្មែរក្រហមកំណត់។ ចំណែកអ្នកទោសធ្ងន់ក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបញ្ចូលទៅក្នុងវិហារវត្តចំប៉ា។ អ្នកទោសក្នុងវត្តចំប៉ា ខ្មែរក្រហមបង្អត់បាយ, បង្អត់ទឹក នៅក្នុងមួយថ្ងៃខ្មែរក្រហមឲ្យហូបបបរកន្លះវែក។ ក្នុងខែកញ្ញា ឆ្នាំ១៩៧៧ ឡូ ជាប់គុកនៅឡើយ។ ពេលនោះមានប្រារព្ធធ្វើសន្និបាតមួយនៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឡូ បានដើរពីកន្លែងឃុំឃាំងចេញពេលយប់ទៅលេងផ្ទះប្អូន ហើយប្អូនបានឲ្យអន្សមបួនដំប និងពងទាមួយស្បោង។ ឡូ ក៏ធ្វើដំណើរត្រឡប់មកកន្លែងវិញ ប៉ុន្តែត្រូវបានខ្មែរក្រហមចូលមកចាប់ ចោទថាទៅធ្វើជានយោបាយ ធ្វើខុសជាមួយអង្គការ។ ឡូ និយាយអង្វរ សុំឲ្យខ្មែរក្រហមដោះលែង។ ឡូ ជូនអន្សមឲ្យខ្មែរក្រហមក៏មិនយក ពងទាក៏មិនយក។ ខ្មែរក្រហមមិនព្រមដោះលែង បញ្ជូន ឡូ ទៅមន្ទីរខាងកើតបឹង។ ឡូ បានឮ ខ្មែរក្រហមនិយាយគ្នា ថាទៅដល់កន្លែងនោះយើងមានរណ្តៅកាប់រួចស្រេច។ ឡូ បានគិតកក្នុងចិត្តថាខ្មែរក្រហមបម្រុងសម្លាប់ទម្លាក់ក្នុងរណ្តៅនោះ។ មួយសន្ទុះ ខ្មែរក្រហមបណ្តើរគាត់ដល់ដើមស្វាយ។ ឡូ សុំឈប់សម្រាកក្រោមដើមស្វាយសិន ព្រោះគ្មានកម្លាំងបន្តទៀតទេ។ បន្ទាប់ពីសម្រាក ខ្មែរក្រហមបញ្ជូន ឡូ ទៅដាក់គុកជ្រៃព្រៃអូរព្នៅដដែល។
ឡូ ជាប់នៅកន្លែងឃុំឃាំងនៅគុកជ្រៃអូរព្នៅ ជាមួយប្រជាជនខ្មែរក្រហមជម្លៀសមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនជាតិចិន។ ប្រជាជនមកពីស្រុកកៀនស្វាយ និងជនជាតិចិន ត្រូវឃុំឃាំងក្នុងគុកជ្រៃអូរព្នៅ ចំនួនបីថ្ងៃ ខ្មែរក្រហមបញ្ជូនទៅកន្លែងផ្សេង។
ចំពោះប្រពន្ធ និងកូនរបស់ឡូ ខ្មែរក្រហមចាត់ឲ្យធ្វើការងារក្រៅបរិវេណគុនជ្រៃអូរព្នៅ។ កូន ធ្វើការងារនៅក្នុងកងកុមារ ចំណែកប្រពន្ធ ត្រូវខ្មែរក្រហមចាត់ធ្វើជាកងចល័តនៅភូមិព្រៃខ្លុង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រយៈពេលពីរខែបានជួយជុំគ្រួសារម្តង។
ឡូ បានឲ្យដឹងថា នៅជៃ្រអូរព្នៅមានអ្នកទោសធ្ងន់ និងទោសស្រាល។ អ្នកទោសធ្ងន់ អង្គការដាក់ច្រវ៉ាក់ជើង និងបណ្ដើរឲ្យធ្វើការទាំងជាប់ច្រវ៉ាក់។ ខែមករា ឆ្នាំ១៩៧៩ ឡូ បានឃើញខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ក្នុងរណ្តៅ នៅភូមិព្រះស្តេច ឃុំវាល ក្នុងមួយរណ្តៅមានសព៥០ទៅ៦០នាក់។ នៅឆ្នាំ១៩៧៩ ឡូ បាននាំគ្រួសារ ត្រឡប់មកស្រុកកំណើតវិញ ចំណែកប្រធានសន្ដិសុខឈ្មោះ ខុន ត្រូវបានប្រជាជនសម្លាប់ចោលនៅឆ្នាំ១៩៧៩ តែម្ដង៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ខៀវ ឡូ អាយុ ៦៨ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប នៅភូមិពៃ្រទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ផេង ពង្សរ៉ាស៊ី បញ្ជីឈ្មោះគុកក្នុងសម័យខ្មែរក្រហម, លេខឯកសារ ០៥០៣០៣ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៨។ ជ្រៃអូរព្នៅ ជាឈ្មោះរបស់ភ្នំមួយដែលអ្នកស្រុក អ្នកភូមិនិយមហៅតាំងពីដើមរាងមក។ បច្ចុប្បន្នភ្នំនេះ មានសង់ជាព្រះវិហារនៅចំពីលើកំពូលភ្នំ ហើយស្ទើរតែក្លាយជាទីកំសាន្តមួយនៃអ្នកទេសចរណ៍ទាំងឡាយ។ មន្ទីរសន្តិសុខនេះស្ថិតនៅភូមិជើងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពី។ មន្ទីរសន្តិសុខតំបន់៣៣ ឬមន្ទីរសន្តិសុខជ្រៃអូរព្នៅ។