គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

គង់ ឈៀប​​[1] ភេទប្រុស  កើតនៅឆ្នាំ១៩៦៨  ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ  ស្រុក​សង្កែ ខេត្ដបាត់ដំបង​។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត  ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។

គង់ ឈៀប បាន​និយាយថា៖ «ខ្ញុំ​មាន​វ័យ​៩ឆ្នាំហើយ នៅក្នុង​របបខ្មែរក្រហម។ ខ្ញុំ​មិន​ទាន់​ត្រូវ​បាន​​ចាត់​បញ្ចូល​ទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំ​តែងតែធ្វើដំណើរចុះឡើងៗជាមួយ​ឪពុកខ្ញុំ ដែលគាត់​គឺ​ជា​អ្នក​ឡើង​ត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំ​ក៏ត្រូវ​បាន​ចាត់ឲ្យ​ដើររើស​អាចម៍គោ-ក្របី ដើម្បីធ្វើជី និង​ហូបអាហាររួមគ្នា។ ​

នៅពេលវៀតណាម[2] ​ចូលមកប្រទេសកម្ពុជា​​នៅក្នុងឆ្នាំ​១៩៧៩ ខ្ញុំ​បាន​រត់​ឡើង​ពី​ព្រៃ​រនាម​នៃ​ទន្លេ​សាប។ ដំបូង​ឡើយ​ ខ្ញុំ​អត់ដឹងច្បាស់ទេ ប៉ុន្តែ​បាន​ឭការនិយាយតៗគ្នា។ ខ្ញុំ​បាន​ផ្អើលតាមគេឯង ហើយ​បាន​​ដឹង​ថា​​ពួក​និរតី​ក៏បាន​រត់​ចូលព្រៃដែរ។​ ចំណែកឯខ្ញុំ​វិញ ខ្ញុំ​បានរត់ចូលក្នុងភូមិ និង​​វិលត្រឡប់មក​ខេត្ត​បាត់ដំបង។

នៅ​ពាក់​កណ្តាល​ឆ្នាំ​នោះ​ ប្អូន​របស់ខ្ញុំ​បាន​បាត់ខ្លួន​ ដោយមិន​ដឹងថាត្រូវ​បាន​ចាប់ ឬស្ម័គ្រចិត្ត​រត់​ចូលព្រៃដោយ​ខ្លួន​ឯង។ ម្តាយខ្ញុំ​ និង​ខ្ញុំ​បានចាប់ផ្តើម​​​ស្វែងរកប្អូន នៅ​តាមជំរំកាកបាទក្រហម នៅភ្នំឆ័ត្រ​។ ខ្ញុំ​បាន​ចូល​បម្រើជាកងទ័ព​ខ្មែរក្រហម និង​រស់នៅតាម​ព្រំដែនចាប់ពី​ពេល​នោះ​មក​រហូត។ ខ្ញុំ​ត្រូវ​បាន​ដឹក​ត្រឡប់ទៅម៉ាឡៃវិញ ខណៈដែល​កងទ័ពវៀតណាមបាន​បើកការវាយលុក​នៅតាម​ព្រំ​ដែន​។ ខ្ញុំ​បាន​ត្រឡប់​មកភ្នំឆ័ត្រ​វិញ នៅអំឡុងឆ្នាំ​១៩៨៥ និង​បម្រើការជាអ្នកដឹកជញ្ជូន​ និង​រៀប​ចំ​បាយ​ទឹក​ឲ្យ​អ្នកជំងឺ នៅ​ខាង​ខ្មែរ​ក្រហម។

មួយឆ្នាំ​ក្រោយ ខ្ញុំ​បាន​ទទួលការ​ហ្វឹកហាត់ និង​ចាប់ផ្តើមចូលសមរភូមិ នៅក្រោម​កងពល​លេខ​៥១៩ ដែលឈរជើងនៅ​ប្រាសាទតាមន្ត។ កងពលនេះ​បានសហការ​បន្ត​គ្នា​​ជាមួយ​កងទ័ពនៅភូមិសាស្ត្រ​នៃ​ស្រុកម៉ាឡៃ ដែលភ្ជាប់មកអូរស្មាច់ និង​អន្លង់វែង។ សមរភូមិ​ក្តៅ​ស្ថិត​នៅ​ត្រង់​ម្តុំ​​គោកមន ស្រុក​ភ្នំ​ស្រុក និងស្រុក​ថ្មពួក​ជាដើម។

នៅចន្លោះឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៨៨ ខ្ញុំ​បម្រើការនៅក្នុង​មន្ទីរកងពេល ហើយ​ក៏​​ជា​នីរសារ​របស់​ ប៉ែន វ៉ូយ ដែលគាត់ទទួលបន្ទុកខាង​ភស្តុភារ និង​សេដ្ឋកិច្ច​របស់កងពល។​ កងពល​៥១៩នៅក្រោម​ការ​គ្រប់គ្រង​របស់​ សារឿន មាន​ប្រាំមួយវរសេនាធំជាសេនាធិការ។​ ដោយឡែក ខ្ញុំ​បាន​ចេញមកជួយរៀបចំ​អង្គភាពវរសេនាធំលេខ​​៤០៧ ដែលស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ នឿក, ឌិក, និង ហៀវ។ វរ​សេនា​ធំនេះ​ ​ធ្វើសកម្មភាព​នៅ​តាមថ្នល់​ជាតិ​លេខ​៦ នៅត្រង់ភូមិសាស្ត្រ​ស្រុកក្រឡាញ់ និងស្រុក​ព្រះ​នេត្រ​ព្រះ។ ខ្ញុំ​បាន​ទទួលការណែនាំឲ្យ​កសាងកម្លាំងប្រជាជន ដោយ​ឈរលើគោលការណ៍ «ខ្មែរមិន​សម្លាប់​ខ្មែរ ខ្មែរ​មិន​វាយខ្មែរ»។

កម្លាំងខ្មែរក្រហមត្រូវរស់នៅ​ក្នុង​ព្រៃ​ ដែលពឹងផ្អែក​លើអង្ករ អំបិល ប៊ីចេង​ និង​ស្ករ​ពី​ប្រជាជន​នៅ​តាម​​ភូមិ។ ខ្ញុំ​ និង​យុទ្ធជន​ផ្សេងទៀត​ត្រូវ​ដើរធ្វើនយោបាយនៃការ​កសាង និង​អភិវឌ្ឍ​កម្លាំងបន្ថែម តាម​រយៈ​ការ​​ជួយ​​យកអាសារ​ប្រជាជន​ឬប្រជាជនណាដែល​មាន​ទុក្ខធុរៈផ្សេងៗ ដូចជា​រែកទឹក កាប់អុស និងសង់ផ្ទះ ជាដើម។ កម្លាំងដែលកសាងបាន​​ អាច​រស់នៅ និង​រៀន​សូត្រ​ផ្សេងៗ ហើយ​ក៏​អាចទទួលបាន​ការអនុញ្ញាត​ឲ្យ​វិលត្រឡប់ចូលក្នុងភូមិស្រុកវិញ ដោយ​មិនឲ្យ​​យកសម្ភារយោធាទៅតាម​ខ្លួន​ទេ។

ខ្ញុំ​បានជាន់មីន​ដាច់ជើងនៅក្នុងឆ្នាំ​១៩៨៨ មុន​ពេលដែល​វៀតណាម​បើកការវាយលុកយ៉ាង​ខ្លាំង នៅ​តាម​​ព្រំដែន ដែលរួម​មាន​ភូមិសាស្ត្រ​ខាងលើភ្នំ និង​នៅតាម​ជើងភ្នំទៀតផង។ ​គ្រាប់​មីន​ប្រភេទ​​ រួមមាន មីន​ប្រភេទស្មាច់, ស្នូលពោត, និង​មីន​ក្តារជាដើម ត្រូវបាន​ដាក់​បង្កប់​ឬ​បង្កៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ណាស់។ បន្ទាប់ពីការពិការភាពនេះ ខ្ញុំ​ត្រូវ​រស់នៅតាម​ភូមិ នៅម្តុំ​ប្រាសាទតាមន្តវិញ។​ ខ្ញុំ​បាន​ធ្វើដំណើរ​មក​​ដល់​អន្លង់វែងនៅក្នុងឆ្នាំ​១៩៩៣។

មួយឆ្នាំ​ក្រោយមក ខ្ញុំ​បាន​បែកពីប្រពន្ធរបស់ខ្ញុំ​ ខណៈដែលតាម៉ុក​បាន​បញ្ជូន​ខ្ញុំ​ទៅបកភ្នែកនៅឯ​ប្រទេស​ថៃ។ នៅពេលនោះ​ ប្រពន្ធខ្ញុំ​បាន​ភៀសខ្លួន​ទៅខាងអូរបៃតាប់ ដែលគ្រប់គ្រងដោយ​កងកម្លាំង​ខេមរភូមិន្ទ។ បន្ទាប់ពីការ​ធ្វើសមាហរណកម្មនៅអន្លង់វែង ខ្ញុំ​បាន​វិល​ត្រឡប់ពីជំរំភូណយវិញ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មកជាមួយមិត្តភ័ក្រ ដែលមាន​ពិការភាពដូចខ្ញុំ​ដែរ។ ​ទាក់ទង​នឹង​សង្គ្រាម​ឬការចាញ់ឈ្នះនោះ ខ្ញុំ​​គិតថា ខ្មែរក្រហម​លែងមាន​​ខ្នាយសម្រាប់​ចាក់​ទៀត​ហើយ។ ខ្ញុំ​ហ៊ាន​និយាយជា​រួម​ថា ខ្មែរក្រហម​អស់​កម្លាំង​ហើយ។

បច្ចុប្បន្នេះ ខ្ញុំ​តែងតែលើកស្ទួយខាងសម្តេចតេជោ ដែល​មិន​បាន​រើសអើងលើ​កម្លាំង​ខ្មែរក្រហម​ឡើយ។ កម្លាំង​ខ្មែរ​ក្រហម​​​​ត្រូវបាន​ទទួលស្វាគមន៍ចូលក្នុងសង្គមជាតិ ដោយ​មិន​ចាត់​ទុកខ្មែរក្រហម​ថាជា​សត្រូវ ឬ​ធ្វើ​បាប​អ្វី​ឡើយ។ ខ្ញុំ​មិន​ដឹង​ទេសម្រាប់ថ្នាក់លើផ្សេងៗ ប៉ុន្តែអ្វីដែលខ្ញុំ​ដឹងគឺប្រជាជន​និង​កងទ័ព​ខ្មែរ​ក្រហម​​ត្រូវបាន​​ទទួល​ស្វាគមន៍។

ខ្ញុំ​បាន​ជួបប្រពន្ធ​កូន​របស់ខ្ញុំ​ ហើយ​បាន​វិល​ត្រឡប់មករក​អង្គភាពចាស់វិញ។ សព្វថ្ងៃ​នេះ ខ្ញុំ​ត្រូវ​បាន​​កាត់​រំសាយពីកងទ័ព និង​ទទួល​បាន​ប្រាក់​សោធននិវត្តន៍ពីរាជរដ្ឋាភិបាល​កម្ពុជាដែរ»៕

អត្ថបទដោយ លី សុខឃាង


[1] សម្ភាសន៍គង់ ឈៀប ដោយក្រុម​ការងារ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៅភូមិ​ថ្លាត ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨។

[2] ​សៀវភៅ​ប្រវត្តិ​វិទ្យាថ្នាក់ទី​៦ ចំណងជើង «ខ្មែរ និង​ដំណើរឆ្ពោះទៅកាន់​វិបុលភាព» ដែលបាន​បោះពុម្ពផ្សាយនៅក្នុង​ឆ្នាំ​២០២៥ បាន​សរសេរ​ថា៖ «កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយ​ថ្ងៃ​នេះ​បាន​ក្លាយ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​នៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»  (ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin