តុន ឈិន៖ ខ្ញុំពិការជើងមួយម្ខាង

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

តុន ឈិន[1] ភេទ​ប្រុស អាយុ​៦២ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ ឈិន សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ឈិន បាន​និយាយ​រៀប​រាប់​អំពី​រឿង​រ៉ាវ​ជីវិត​​តស៊ូ​របស់​ខ្លួន​នៅ​ជំនាន់​ខ្មែរ​ក្រហម​ថា៖​​ «​​​ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រី​ក្រ​​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ទ្រ​ទ្រង់​ជី​វភាព​​ប្រចាំ​ថ្ងៃ​​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​។ កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រនោះ​​ទេ ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត។ ការ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ខ្ញុំ​នៅ​ជំនាន់​នោះ​មិន​មាន​ភាព​​វឹក​វរ​ទេ ប្រជាជន​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​។

​នៅ​សម័យ​សង្គម​រាស្រ្ត​និយម ​សម្ដេចព្រះនរោត្តម សី​ហនុ​ តែង​តែយាង​​តាម​​​យន្ត​ហោះ​ទៅ​ទម្លាក់​ក្រណាត់​​នៅ​ក្នុង​ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀម​រាប​​។ ជំនាន់​នោះ​ ប្រជាជន​មាន​ការ​ស្រឡាញ់​ និង​គោរព​​សម្ដេចព្រះ​​ នរោត្តម​ សីហនុ​ ខ្លាំង​ណាស់​ ដោយ​សារ​តែ​ទ្រង់​មាន​ព្រះទ័យ​ជ្រះ​​ថ្លា​គិត​ដល់​ប្រជាជន​។​

រហូត​ដល់​​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧២ ​នៅ​ក្នុ​ង​ភូមិ​ឃុំ​ខ្ញុំ​ចាប់​ផ្ដើម​មាន​ការ​ទម្លាក់​គ្រាប់​បែក​ ធ្វើ​ឲ្យ​ប្រជាជន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ និង​ខូច​ខាត​សម្ភារ​អស់​ជា​ច្រើន​។​​ ​​​​​ការ​ទម្លាក់​គ្រាប់​បែក​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​រស់​នៅ​ក្នុង​ភូមិស្ថាន​មាន​ការ​លំបាក​ដោយ​មិន​អាច​ប្រកប​មុខ​របរ​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន​ ជា​ពិសេស​មិន​អាច​ចេញ​ទៅ​ធ្វើ​ស្រែ​ចម្ការ​បាន​ដូច​មុន​។​ លើស​ពី​នេះ​ទៅ​ទៀត​ យុវជន​យុវនារី​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​កេណ្ឌ​យក​ទៅ​ធ្វើ​ជា​កង​ទ័ព។​ ហេតុ​ដូច​នេះ​ហើយ​ទើប​អ្នក​ភូមិ​មិន​អាច​បន្ត​រស់​នៅ​ជាប់​លាប់​នៅ​ផ្ទះ​សម្បែង​បាន​។​ នៅ​តាម​ផ្ទះ​នីមួយៗ​តែង​តែ​មាន​លេណដ្ឋាន​សម្រាប់​ការ​ពារ​ខ្លួន​ពី​ការ​ទម្លាក់​គ្រាប់​បែក​។​

​​​​​​​​​​​​​​​នៅ​ចុង​​ឆ្នាំ​១៩៧៣ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​​កង​ទ័ពចល័ត ក្នុង​វ័យ​១៥ឆ្នាំ​​​។​ ខ្ញុំ​មិន​​ទទួល​បាន​ការ​ហ្វឹក​ហាត់​ជំនាញ​ច្រើន​ដូច​កង​ទ័ព​មាន​វ័យច្រើន​ជាង​​នោះ​ទេ។​ ខ្ញុំ​ហាត់​តែ​ពីរបៀប​ធ្វើ​សង្គ្រាម​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​។​ ​​ខ្ញុំ​ក៏​ត្រូវ​​បញ្ជូន​​ទៅ​វាយ​នៅ​សមរភូមិ​មុខ​។ អង្គ​ភាព​របស់​ខ្ញុំ​មាន​គោល​បំណង​វាយឆ្ពោះ​​ចូល​ទៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ក្នុង​នាម​ជា​កង​ទ័ព​ ខ្ញុំ​​មិន​អាច​បោះ​បង់​សមរភូមិ​បាន​នោះ​ទេ​ បើ​ទោះ​បី​ជា​នៅ​ខាង​មុខ​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ​។ កម្លាំង​ទ័ព​ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​វាយ​ឆ្ពោះ​ទៅ​គោល​ដៅ​ខាង​មុខ​មិន​ថយក្រោយ​​ឡើយ​។​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កង​ទ័ព​ខ្មែរ​ក្រហម​កាន់​តែ​វាយ​ដេញ​កង​ទ័ព​ លន់​ នល់​ ទៅ​មុខ​។​ ​ភាគី​ទាំង​ពីរ​បាន​​ស្លាប់​ និង​របួស​អស់​ជា​ច្រើន​នាក់​។​ ការ​បាត់​បង់​សមាជិក​កង​ទ័ព​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​មួយ​គិត​ដល់​ខ្លួន​ឯង​ថា​តើ​នៅ​ថ្ងៃ​មុខ​ទៀត​ជីវិត​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា​ មិន​ដឹង​ថា​ត្រូវ​ស្លាប់​នៅ​ពេល​ណា​នោះ​ទេ​។​ ប៉ុន្តែ​ទោះ​បី​ជា​ខ្ញុំ​បាន​គិត​បែប​នេះ​ ក៏​ខ្ញុំ​មិន​ដែល​គិត​ចង់​ដក​ខ្លួន​ពី​ជួរ​កង​ទ័ព​នោះ​ដែរ​។​ អង្គ​ភាព​ខ្ញុំ​បាន​បន្ត​ការ​វាយ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ ទើប​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។ កង​ទ័ព​ខ្មែរ​ក្រហម​ទាំង​អស់​មាន​ការ​សប្បាយ​ចិត្ត​រីក​រាយ​ជា​ខ្លាំង​ ដោយ​មិន​បាន​គិត​ពី​របៀប​នៃ​ការ​គ្រប់​គ្រង​អ្វី​ទាំង​អស់​នៅ​ពេល​នោះ​។ ​​​​​​​​​​​​​​​​​​​​

លុះ​ក្រោយ​មក​ ខ្មែរ​ក្រហម​បាន​ប្រកាស​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ទីក្រុង​ភ្នំ​ពេញ​ចាក​ចេញ​ពី​ផ្ទះ​ ដោយ​បាន​ប្រាប់​ថា​ខ្លួន​ត្រូវ​រៀប​ចំ​ទី​ក្រុង​ថ្មី​។​ ​ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ទិដ្ឋ​ភាព​ប្រជាជន​រាប់​ម៉ឺន​នាក់​មាន​ទាំង​មនុស្ស​ចាស់​ ក្មេង​ វ័យ​ជំទង​ នាំ​គ្នា​ដើរ​ហែរ​ហម​ពាស​ពេញ​ផ្លូវ​ជា​មួយ​ទឹក​មុខ​ដ៏​ក្រៀម​ក្រំ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ខ្ញុំ​បាន​ឃើញ​ពី​ភាព​ចលាចល​នៅ​ពេល​ប្រជាជន​កំពុង​ធ្វើ​ដំណើរ​ចេញ​ទៅ​ភ្នំ​ពេញ​ ដោយ​អ្នក​ខ្លះ​ត្រូវ​បាន​ខ្មែរ​ក្រហម​ដក​ហូត​ទ្រព្យ​សម្បត្តិ​មិន​ឲ្យ​យក​ទៅ​ជា​មួយ​ដូច​ជា ឡាន​ ម៉ូតូ​ ជា​ដើម​។

ក្រោយ​ពី​វាយ​បែក​ភ្នំ​ពេញ​ ​អង្គ​ភាព​របស់​ខ្ញុំឈរ​ជើង​នៅភ្នំ​ពេញ​បាន​កន្លះ​ខែ​ ទើប​ថ្នាក់​លើ​ដាក់​បញ្ជា​ឲ្យ​កង​ពល​៩២០​ និង​កង​ពល​៨០១​ ធ្វើ​ដំណើរ​ទៅ​ការ​ពារ​ព្រំ​ដែន​​នៅ​ខេត្ត​មណ្ឌល​គិរី​។​ ជំនាន់​នោះ​ កង​ពល​ទាំង​ពីរ​ធ្វើ​ដំណើរ​ដោយ​ជិះ​កាណូត​។​ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​អស់​រយៈ​ពេល​មួយ​ថ្ងៃ​មួយ​យប់​ទើប​យើង​បាន​ទៅ​ដល់​កំពង់​ផែ​ក្នុង​ខេត្ត​ក្រចេះ​​។​ បន្ទាប់​ពី​ទៅ​ដល់​ទី​នោះ​ កម្លាំង​កង​ទ័ព​ក៏​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ខាង​ខេត្ត​មណ្ឌល​គិរី​​។ ពេល​ទៅ​ដល់​ខេត្ត​មណ្ឌល​គិរី​ដំបូង​ កម្លាំង​ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ និង​ប្រមូល​ផល​ទុក​ដាក់​សម្រាប់​ផ្គត់​ផ្គង់​កង​ទ័ព​ដោយ​ខ្លួន​ឯង​។​ ក្រៅ​ពី​កិច្ច​ការ​ទាំង​អស់​នេះ​ កង​ទ័ព​ត្រូវ​ផ្លាស់​ប្ដូរ​គ្នា​ដើរ​ល្បាត​តាម​ព្រំ​ដែន​។​

ខ្ញុំបាន​​រស់​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី​​ រហូត​​ដល់​ឆ្នាំ​១៩៧៩ ដែល​នៅពេលនោះ​ កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​បាន​វាយ​ចូល​មក​ដល់​។ ភ្លាមៗ​នោះ​កង​ទ័ពខ្មែរ​ក្រហម​​ទាំង​អស់​ក៏​បាន​រត់​ចូល​ព្រៃដើម្បី​លាក់​ខ្លួន​ពី​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​វៀត​ណាម​។​ ដោយ​សារ​តែ​ស្ថាន​ការណ៍​ភ្លាមៗ​ពេក​ ទើប​កង​ទ័ព​ទាំង​អស់​មិន​បាន​យក​ស្បៀង​អាហារ​មក​តាម​ជា​មួយ​ធ្វើ​ឲ្យ​ជួប​នៅ​វិបត្តិ​អត់​ឃ្លាន​។​ ​ភាព​អត់​ឃ្លាន​បាន​ធ្វើ​ឲ្យ​កម្លាំង​ដែល​រស់​នៅ​ក្នុង​ព្រៃ​ស្វែង​រក​ជីក​ដំឡូង​ និង​មើម​ក្ដួច ស្លឹក​ឈើព្រៃ​​ ​ដើម្បី​ធ្វើ​ជា​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​នាពេល​នោះ​។​ មិន​បាន​យូរ​ប៉ុន្មាន​ កម្លាំង​ទ័ព​យើង​ក៏បាន​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​​ព្រំ​ដែន​ថៃ​។​ បន្ទាប់​ពី​មាន​ការ​ទំនាក់​ទំនង​គ្នា​បាន​ហើយ​ ខ្ញុំ​និង​កង​ទ័ព​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដង​រែកដែល​មាន​ឈ្មោះហៅ​​ថា​តំបន់​១០០១​ ដែល​ស្ថិតក្នុ​ង​ខេត្ត​ព្រះ​វិហារ​​។ ការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ខែ​កន្លះ​ទើប​កម្លាំង​នៅ​ក្នុង​ព្រៃ​ឡើង​ទៅ​ដល់​ភ្នំ​១០០១​ ដែល​មាន​ សុន​ សេន​ ជា​អ្នក​គ្រប់​គ្រង។​ បន្ទាប់​មក​ទៀត​ កង​កម្លាំង​ទាំង​អស់​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា និង​​រៀប​ចំ​ផែន​ការណ៍​​​វាយ​ជា​មួយ​កង​ទ័ព​វៀត​ណាម។​

នៅ​ក្នុង​ឆ្នាំ​១៩៨៣​ ខ្ញុំ​​បាន​ពិការ​ជើងម្ខាងអំឡុង​ពេល​ធ្វើ​ដំណើរ​ចុះ​ទៅ​សមរភូមិ​។​ កាល​ណោះ​ខ្ញុំ​ត្រូវ​គ្រាប់​ផ្លោង​របស់​វៀត​ណាម​។ បន្ទាប់​ពី​ខ្ញុំ​ត្រូវ​របួស​ជើង​ កម្លាំង​ទ័ព​ផ្សេង​ទៀត​បាន​នាំ​យក​ខ្ញុំ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សមរភូមិ​ក្រោយ​។​ ការ​រស់​នៅ​ព្យាបាល​របួស​ជើង​នៅ​មន្ទីរ​ពេទ្យ​ ខ្ញុំ​គ្មាន​ការ​លំបាក​អ្វី​នោះ​ទេ​ ព្រោះ​មាន​​ក្រុម​គ្រូ​ពេទ្យ​ចាំ​ជួយ​មើល​ថែ​ទាំង​អាហារ​ហូប​ចុក​ និង​សម្លៀក​បំពាក់​។ នៅ​ជំនាន់​នោះ​ យើង​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​គ្នា​ ជា​ពិសេស​កង​ទ័ព​ដូច​ជា​ខ្លួន​ខ្ញុំ​ផ្ទាល់​។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី​ក៏​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​មួយ​នឹក​ទៅ​ដល់​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត​ ព្រោះ​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ទេ​ថា​គាត់​មាន​រឿង​អ្វី​ខ្លះ​ តើ​ការ​រស់​នៅ​បាន​សុខ​សប្បាយ​ដែរ​ឬ​យ៉ាង​ណា​។ រហូត​ដល់​ឆ្នាំ​១៩៨៦​ ខ្ញុំ​ក៏​បាន​រៀប​ការ​ ជា​មួយ​នារី​ដឹក​ជញ្ជូន​។​ ជីវិត​ក្រោយ​រៀប​ការ​របស់​ខ្ញុំ​មិន​ទាន់​បាន​រស់​នៅ​ជា​មួយ​គ្នាបាន​យូរប៉ុន្មាន​ទេ​។ យើង​ទាំង​ពីរ​​​ត្រូវបំពេញ​​តួនាទីរៀងៗ​ខ្លួន ​ដូច​ទៅ​នឹង​ជីវិត​នៅ​លីវ​ដដែល​។​

រហូត​ដល់​ឆ្នាំ​១៩៩០​ តាម៉ុក​បាន​ប្រកាស​ឲ្យ​ប្រជាជន​រស់​នៅ​តាម​ព្រំ​ដែន​ថៃ​ទាំង​អស់​ចុះ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ដើម្បី​បង្ក​បង្កើត​ជា​ភូមិ​ស្ថាន​មួយ​ដែល​អាច​រស់​នៅ​យូរ​អង្វែង​បាន​។​ អំឡុង​ពេល​នោះ​ ប្រជាជន​ដែល​រស់​នៅ​តំបន់​អន្លង់​វែង​​នៅ​តែ​មិន​ទាន់​ទទួល​បាន​សន្តិ​ភាព​ពិត​ប្រាដក​នៅ​ឡើយ​ទេ​។​ លុះ​ដល់​ឆ្នាំ​១៩៩៨​ ទើប​ខ្មែរ​ក្រហម​ព្រម​ធ្វើ​សមាហរណកម្ម​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ដើម្បី​បញ្ចប់​សង្គ្រាម​។​ ខ្ញុំ​ រួម​ជា​មួយ​ប្រពន្ធ​កូន​ក៏​បាន​សម្រេច​ចិត្ត​ចូល​ទៅ​រស់​នៅ​ក្នុង​ភូមិ​ច្រោក​រហូត​ដល់​បច្ចុប្បន្ន​នេះ​»៕​

អត្ថបទដោយ មេក វិន


[1] សម្ភាសន៍ជាមួយ តុន ឈិន ដោយ​មេក វិន នៅក្នុងភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin