ហួង ណៃអេន កងចល័តលើកទំនប់ នៅក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ហួង​ ណៃអេន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការ ប្ដីឈ្មោះហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ​។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀមនេះតែម្ដង។ នៅពីក្មេងខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ខ្ញុំរៀនបានថ្នាក់ទី៨សង្គមចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ មានការប្រយុទ្ធគ្នាទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ក្រុមគ្រួសារខ្ញុំបានភៀសខ្លួនទៅរស់នៅភូមិរកាគយមួយយប់។ បន្ទាប់មកខ្ញុំឆ្លងទៅត្រើយម្ខាងរស់នៅភូមិមហាខ្ញូងបានមួយរយៈពេល១៥ថ្ងែ។ ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៀតទៅរស់នៅភូមិកោះអណ្ដែតបានរយៈពេលកន្លះឆ្នាំ។

នៅឆ្នាំ១៩៧២ ខ្ញុំបានវិលត្រឡប់មកស្រុកកំណើតតំបន់គ្រប់គ្រងដោយកងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹកប៉ុណ្ណោះដែលជាផ្លូវអាចចូលមកដល់ទីរួមខេត្ត។ នៅពេលទាហាន ម៉ារីន លន់ នល់ បើកនាវាដឹកស្បៀង និងសំភារសឹកផ្សេងៗពីទីក្រុងភ្នំពេញទៅទីរួមខេត្តកំពង់ចាមម្ដង និងជាញឹកញាប់ទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងៗនៃទន្លេមេគង្គ។ នៅពេលឮសំឡេង ម៉ារីនមក ខ្ញុំត្រូវរត់ចូលរណ្ដៅត្រង់សេ ពីព្រោះមានការប្រយុទ្ធគ្នាទាហាន ម៉ារីន និងកងទ័ពរំដោះខ្មែរក្រហមយ៉ាងខ្លាំង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះបានពាក់កណ្ដាលនៃទីរួមខេត្តកំពង់ចាម និងនៅបន្តប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលនៅសេសសល់។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅក្នុងកងសាមគ្គី ។ បន្ទាប់មកទៀតនៅឆ្នាំ១៩៧៥ កងប្រវាស់ដៃដើម្បីជួយច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ គឺ ចាប់ផ្ដើមបង្កើតជាសហករណ៍ និងការធ្វើការនៅកងចល័ត តាមការដ្ឋាន។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តដែលមានទិសដៅទៅលើកទំនប់ត្រួយចេកដែលស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំត្រូវងើបពីម៉ោង៤ទៀបភ្លឺទៅប្រជុំជួរស្ដាប់ពីផែនការរបស់អង្គការ ។ ខ្ញុំចាប់ផ្ដើមធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១១ ទើបឈប់សម្រាកហូបបបរនៅរោងបាយរួមរួចហើយ ខ្ញុំត្រូវបន្តធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ខ្ញុំទៅលើកទំនប់ត្រួយចេកបានរយៈពេល៦ខែ ខ្ញុំត្រូវបានបញ្ជូនទៅជីកប្រឡាយនៅក្នុងស្រុកព្រៃឈរវិញ រយៈពេល៦ខែ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានមកធ្វើការនៅកងវ័យកណ្ដាលនៅមូលដ្ឋានដកស្ទូងទួលស្រូវ។ នៅពេលច្រូតកាត់ ខ្ញុំត្រូវងើបពីម៉ោង៣ទៀបភ្លឺឲ្យទៅដល់កន្លែងច្រូតដោយមានគ្នាចំនួន១៥នាក់ក្នុង១ហិកតារួចចាប់ផ្ដើមធ្វើការដល់ម៉ោង ១១ព្រឹក ទើបឈប់សម្រាកហូបបបរ។ ខ្ញុំបន្ដធ្វើការទៀតនៅម៉ោង ១២រហូតដល់ម៉ោង ៥ល្ងាច បើច្រូតស្រូវមិនរួចធ្វើការដល់ម៉ោង៩យប់ទល់តែរួចបានឈប់។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវលើកទំនប់នៅភូមិគគរ ក្នុង១ថ្ងៃ២ម៉ែត្រគីបរហូតដល់ឆ្នាំ១៩៧៩។ ខ្ញុំបានឮសំឡេង កាំភ្លើងបាញ់គ្នាល្វើយៗ និងបាញ់ផ្សែងពុលដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់នៅពេលនោះមករស់នៅភូមិជាមួយគ្រួសារវិញ៕​[1]

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ជាមួយ ហួង​ ណៃអេន នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin