កើត ហេន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបញ្ជូលខ្លួនទៅព្រៃស

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ កើត ហេន[1] អាយុ៧១ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅឃុំរកាគយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ កង ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ ដែលមានកូនទី១ មានឈ្មោះ សេន (ស្រី),  កូនទី២ មានឈ្មោះ សន, កូនទី៣ មានឈ្មោះ ខ្សៀន (ស្រី), កូនទី៤ មានឈ្មោះ ស្រៀន, កូនទី៥ មានឈ្មោះ ស្រឿន និងកូនទី៦ មានឈ្មោះ យឿន ប៉ុន្តែបានបាត់បង់៤នាក់ក្នុងរបបខ្មែរក្រហម។

បន្ទាប់ពីរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០, ស្ថានភាពក្នុងភូមិ មានការផ្លាស់ប្ដូរ។ ខ្ញុំឃើញមានបាតុកម្មដង្ហែរទៅទីរួមខេត្ត ហើយក្រោយមកទៀត កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិ និងសុំផ្ទះរបស់អ្នកភូមិស្នាក់នៅ។ វត្តមានរបស់កងទ័ពខ្មែរក្រហម បណ្ដាលឲ្យមានការបញ្ជូនទាហានលន់ នល់ ទាំងផ្លូវគោក និងអាកាស ដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ ចន្លោះពីឆ្នាំ១៩៧១ និងឆ្នាំ១៩៧៣, ការវាយប្រយុទ្ធគ្នារវាងទាហាន​លន់ នល់ និងកងទ័ពខ្មែរក្រហម បានផ្ទុះកាន់តែខ្លាំងឡើង។[2] កងទ័ពខ្មែរក្រហម បានវាយកាន់កាប់ភូមិនានារហូតដល់ទីរួមខេត្តកំពង់ចាម។ ការរស់នៅក្នុងតំបន់រំដោះខ្មែរក្រហម គឺធម្មតា មិនមានអ្វីប្រែប្រួលខ្លាំងនោះឡើយ​ ដោយគ្រាន់តែមានការប្រយ័ត្នប្រយែងការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ តែប៉ុណ្ណោះ។ កូនៗរបស់ខ្ញុំដែលមានវ័យជំទង់ បានសម្រេចចិត្តចូលបដិវត្តន៍ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ចន្លោះពីឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤, ខ្ញុំ និងកូនតូចៗត្រូវបានផ្លាស់ទៅព្រែកព្នៅ។ នៅពេលនោះ កងទ័ពខ្មែរក្រហមវាយកាន់កាប់ភូមិសាស្រ្តកាន់តែជិតទីក្រុងភ្នំពេញ។ នៅព្រែកព្នៅ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារ ដូចជា ដាំជី ដាំស្លឹកគ្រៃ និងដំណាំហូបផ្សេងៗ។

បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំបន្តរស់នៅជាមួយកូនៗ និងធ្វើការងារចិញ្ចឹមជ្រូក។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនទៅលត់ដំនៅព្រៃស ចំណែកឯកូនៗរបស់ខ្ញុំត្រូវបានដាក់នៅកងកុមារ។ នៅព្រៃស ខ្ញុំទទួលរងការធ្វើបាបជាខ្លាំង។ ខ្ញុំត្រូវធ្វើការងារ ដូចជា លើកភ្លឺស្រែ, ដកស្ទូង ពីព្រលឹមទល់ប្រលប់។ ការហូបចុកគឺមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំហូបតែបបររាវ។ ជីវិតរបស់ខ្ញុំគឺពិតជាពិបាកខ្លាំងណាស់ ដែលរស់នៅបែក ពីប្ដី និងកូនៗទាំងអស់។ ប្រធានកងនារីនៅព្រៃស មានឈ្មោះ យាយ យ៉េង។ នៅពេលដែលចេញទៅធ្វើការងារ, តែងតែមានអ្នកតាមឃ្លាំមើលថាតើយើងធ្វើការងារគ្រប់ផែនការ ឬមានភាពខ្ចិលច្រអូសដែរឬទេ។ ប្រធានកងនារី​ បើកការប្រជុំជារៀងរាល់២ទៅ៣ថ្ងៃម្ដង។ ការប្រជុំគឺផ្ដោតទៅលើការបង្ក បង្កើនផល។ បន្ទាប់មកទៀត ខ្ញុំត្រូវបានផ្លាស់មកធ្វើការងារនៅកងកសិកម្ម ដែលមានគ្នាចំនួន២នាក់តែប៉ុណ្ណោះ គឺខ្ញុំ និងអ៊ុំ លី។ ការងារនៅកងកសិកម្ម មានដូចជា ដាំបន្លែ និងចញ្ចឹមទាប្រហែល១០០ក្បាល។ ខ្ញុំបានដឹងត្រឹមតែថា អង្គការបានធ្វើទារុណកម្មអ្នកទោស ដែលត្រូវបានចោទប្រកាន់ថាជា សេអ៊ីអា ប៉ុន្តែខ្ញុំមិនដែលដឹង ឬឃើញការសម្លាប់មនុស្សនោះទេ។ ប្រជាជនដែលត្រូវបានដឹកចំនួន១ឡានមកពីព្រែកព្នៅ គឺនៅសេសសល់តែ៣នាក់តែប៉ុណ្ណោះ។ ខ្ញុំបន្តធ្វើការងារនៅព្រៃស រហូតរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។

នៅពេលដែលកងទ័ពរណសិរ្សចូលមករំដោះទីក្រុងភ្នំពេញ និងប្រជាជន នៅថ្ងៃទី៧ ខែមករា, ខ្ញុំរត់ភៀសខ្លួន និងស្វែងរកកូនៗដែលត្រូវបានដាក់នៅកងកុមារ។ ខ្ញុំអាចជួបជុំកូនៗដែលនៅកងកុមារ ប៉ុន្តែបាត់បង់កូនដែលចូលរួមបដិវត្តន៍ចាប់តាំងពីឆ្នាំ១៩៧០ ដែលមានដូចជា យឿន, សឿន និងសៀន។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់កូនៗរបស់ខ្ញុំដែលចូលរួមបម្រើបដិវត្តន៍ ចុងក្រោយត្រូវបានស្លាប់ និងមិនអាចវិលមកជួបជុំជាមួយម្ដាយ និងប្អូនៗបែបនេះទៅវិញ៕

អត្ថបទដោយ លី ដេវីត


[1] ឯកសារKCI0051, បទសម្ភាសន៍ កើន​ ហេន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០២,​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin