យោធាខ្មែរក្រហមមិនចាំប្រវត្តិរបស់ខ្លួន

ឯកសារលេខ I០២៩១៣. (១៩៧៥-១៩៧៨). ប្រវត្តិរូបសមមិត្ត វឿន នៅរបបខ្មែរក្រហម. ទំព័រទី៨៨ ដល់៩៧. មជ្ឈមណ្ឌលឯកសារកម្ពុជា.

តាមរយៈឯកសារលេខ BBI០០២៧[1] អំពីកិច្ចសម្ភាសរវាងឈ្មោះ ដៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា នុន ដៀង មានអាយុ ៥៣ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ដៀង មានឪពុកឈ្មោះ នុន, ម្ដាយឈ្មោះ អូន និងមានបងប្អូនប្រាំមួយនាក់។ ការសម្ភាសជាមួយ ដៀង នៅឆ្នាំ២០០៧ មិនបានបង្ហាញពីការព័ត៌មានទាំងស្រុងនោះទេ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ​ ឪពុកម្ដាយរបស់ដៀង បានផ្លាស់មករស់នៅភូមិទួលសុភី ឃុំឫស្សីប្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែក ដៀង និងបងប្អូនបន្តរៀនសូត្រនៅសាលាវត្តនាងគ។ មួយឆ្នាំក្រោយមក ដៀង និងបងប្អូនបានឈប់រៀន និងចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយឪពុកម្ដាយនៅស្រុកមោងឫស្សី ដើម្បីប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៣ ដៀង តែងតែទៅសួរសុខទុក្ខបងប្អូននៅភូមិកោះខ្ជាយ ខេត្តពោធិ៍សាត់ និងឈប់ទៅ បន្ទាប់មានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ នៅទីនោះ។ ដៀង និយាយថា ពីចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានយោធាខ្មែរក្រហម និងកងទ័ពវៀតណាមរួមដៃគ្នាប្រយុទ្ធជាមួយទាហាន លន់ នល់ នៅស្រុកមោងឫស្សី។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ នៅភូមិព្រៃស្វាយ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅសហករណ៍ស្វាយរំលប ក្នុងស្រុកទង ដោយកាប់ឆ្ការ និងដាំដំណាំ។ ដៀង ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាអ្នកឃ្វាលគោ និងដឹកស្រូវតាមរទេះគោ ពីភូមិទួលសូភី ទៅសហករណ៍ អស់រយៈពេលជិតមួយខែ។ ដៀង និយាយថា នៅសហករណ៍ស្វាយរំលបមានប្រជាជនជម្លៀសមកពីទីក្រុងភ្នំពេញ ឬហៅ «ប្រជាជន១៧មេសា»។ ប្រជាជន១៧មេសា រួមទាំងប្រជាជននៅក្នុងសហករណ៍ទាំងអស់ ត្រូវធ្វើស្រែចម្ការ ដោយហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ ដៀង បញ្ជាក់ថា៖ «ពិបាកដល់ហើយវេទនាជិតងាប់ហើយ»។ គាត់បន្តថា ប្រជាជនត្រូវធ្វើការ ហាលភ្លៀង និងក្រោមកម្ដៅព្រះអាទិត្យ ដោយគ្មានពេលសម្រាកនោះទេ។ បន្ថែមពីនេះ ដៀង ត្រូវរស់នៅបែកបាក់ពីឪពុកម្ដាយ និងបងប្អូន។

នៅតាមផ្លូវឆ្ពោះទៅសហករណ៍ ដៀង និយាយថា ខ្លួនបានឃើញមានលលាដ៍ក្បាល និងសាកសពមនុស្សដែលខ្មែរក្រហមសម្លាប់។ ដៀង បន្តថា គាត់ត្រូវខិតខំធ្វើការទាំងលំបាក ទើបរស់រានមានជីវិតពីរបបខ្មែរក្រហម។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ដៀង បានត្រលប់មករស់នៅក្នុងភូមិព្រៃស្វាយ។ នៅរបបខ្មែរក្រហម ដៀង បាត់បង់ប្អូនប្រុសពីរនាក់ គឺឈ្មោះ ដណ និងឈ្មោះ ឌន។ ក្រោយមក ដៀង បានរៀបការប្រពន្ធឈ្មោះ សន ង៉ុម និងមានកូនបួននាក់។

តាមរយៈការសម្ភាសជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ដៀង មិនបាននិយាយថាខ្លួនជាប់ទាក់ទង ឬបានចូលរួមបដិវត្តន៍ខ្មែរក្រហមនោះទេ។ បើតាមរយៈឯកសារលេខ I០២៩១៣[2] ដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា ដៀង ធ្លាប់ធ្វើជាសមាជិកក្រុមយោធា និងធ្លាប់រៀនសូត្រវិជ្ជាបដិវត្តន៍នៅមន្ទីរក-៥ មុននិងក្នុងរបបខ្មែរក្រហម។

ឯកសារលេខ I០២៩១៣ ជាឯកសារធ្វើឡើងក្នុងរបបខ្មែរក្រហមពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ដោយមានលេខសម្គាល់ «២៨១បបគក» ដែលចារចំណារលើឯកសារថា «ជាប្រភេទឯកសារសម្ងាត់ណាស់»។ នៅក្នុងឯកសារនេះ ពីទំព័រទី៨៨ ដល់៩៧ គឺជាប្រវត្តិរូបរបស់សមមិត្តវឿន មានចំនួន១១ទំព័រ។ ឯកសារបង្ហាញឲ្យដឹងថា ដៀង ចូលបដិវត្តន៍នៅភូមិកោះខ្ជាយ ឃុំកោះខ្ជាយ ស្រុកពោធិ៍សាត់ ភូមិភាគពាយ័ព្យ នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៣។ ដៀង មានឈ្មោះបដិវត្តន៍ វឿន ភេទប្រុស នៅលីវ កើតឆ្នាំ១៩៥១ ក្នុងភូមិទួលសូភី ឃុំទួលសូភី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ដៀង មានឪពុកឈ្មោះ នុន (មានអាយុ ៥៩ឆ្នាំ) និងម្ដាយឈ្មោះ អូន ជាកសិករ (មានអាយុ ៥៨ឆ្នាំ)។ ដៀង រៀនត្រឹមថ្នាក់ទី១២ (សង្គមចាស់) ជាកូនវណ្ណកសិករ និងជាកូនទី២ មានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។

ជាចុងក្រោយ ដៀង មិនបានបង្ហាញពីប្រវត្តិរបស់ខ្លួន និងឆ្លើយថា មិនបានដឹង ឬមិនចាំ នៅពេលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាព្យាយាមសាកសួរប្រវត្តិរបស់ដៀង ដោយផ្អែកទៅលើឯកសារនៅក្នុងរបបខ្មែរក្រហម៕

អត្ថបទដោយ ស្រ៊ាង លីហួរ


[1] ឯកសារលេខ BBI0027. (២០០៦). សម្ភាសជាមួយ ដៀង ដោយ ផាន់ សុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ I០២៩១៣. (១៩៧៥-១៩៧៨). ប្រវត្តិរូបសមមិត្ត វឿន នៅរបបខ្មែរក្រហម. ទំព័រទី៨៨ ដល់៩៧. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin