ស ផល៖ អនុវរសេនាតូចក្នុងកងពលលេខ២២១

នៅ១៩៧៧ ផល ត្រូវបានខ្មែរក្រហម ជ្រើសរើសឲ្យចូលធ្វើជាកងទ័ព ក្នុងកងពលលេខ២២១។ ក្រោយហ្វឹកហាត់អស់រយៈពេល៤ខែ ផល ត្រូវបាន អៀង ផាន ជ្រើសរើសបន្តឲ្យចូលកងនារីពិសេសក្នុងកងបាញ់កាំភ្លើងធំ ហើយមានតួនាទីជាអនុវរសេនាតូច ក្នុងកងពលលេខ២២១។
ឈ្មោះ ស ផល[1] ភេទស្រី អាយុ៧១ឆ្នាំ។ សព្វថ្ងៃ ផល ប្រកបមុខរបរធ្វើចម្ការ ដាំពោត សណ្ដែក និងដំឡូង។ ផល មានស្រុកកំណើតនៅក្នុងភូមិត្រពាំងរការ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន ផល រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានឪពុក ឈ្មោះ ហៀង (ស្លាប់) និងម្ដាយឈ្មោះ ជា (ស្លាប់) ក្នុងឆ្នាំ១៩៧៥ ដោយសារជំងឺ។ ផល មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី៤នាក់) ហើយ ផល ជាកូនទីបី។ ស្វាមី ឈ្មោះ យឹម ក្រូច មានអាយុ៧៥ឆ្នាំ។ ផល មានកូនចំនួន៨នាក់ (ស្រី៤នាក់)។
កាលនៅវ័យកុមារ ផល ចូលរៀនបានត្រឹមថ្នាក់ទី១១ (សម័យសង្គមចាស់) ហើយ ផល អាចអាន និងសរសេរអក្សរបានបន្តិចបន្តួច។ ផល បានចូលរៀននៅសាលាក្នុងវត្តអារាមមួយ ស្ថិតក្នុងភូមិត្រពាំងរកា។ ផល ចូលសិក្សារៀនសូត្របានរយៈពេលប្រហែល២ឆ្នាំ ទើបសម្រេចចិត្តឈប់រៀន ព្រោះឪពុកម្ដាយមានជីវភាពក្រីក្រលំបាក និងដើម្បីជួយធ្វើស្រែជាមួយឪពុកម្ដាយ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ។ ក្នុងពេលជាមួយគ្នា ផល និងប្រជាជនដែលរស់នៅក្នុងភូមិត្រពាំងរកា ប្រកបរបរធ្វើស្រែចម្ការជាធម្មតា។ លុះដល់ឆ្នាំ១៩៧២ នៅក្នុងភូមិត្រពាំងរកា កើតមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។ ផល ឃើញយន្តហោះប្រភេទកន្ទុំរុយ បានបើកមកទម្លាក់គ្រាប់បែកទៅក្នុងវត្តអារាម និងតាមផ្ទះរបស់ប្រជាជនរស់នៅភូមិត្រពាំងរកា ធ្វើឲ្យឆាបឆេះកុដិព្រះសង្ឃ ថែមទាំងទម្លាក់គ្រាប់ត្រូវប្រជាជនទាំងក្មេងចាស់ ស្លាប់ និងរងរបួសជាច្រើននាក់។ ផល បានប្រាប់ឲ្យដឹងថា មានទីតាំងមួយចំនួន ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ដែលកងទ័ពរបស់ខ្មែរក្រហមធ្វើសមរភូមិប្រយុទ្ធវាយជាមួយទាហានរបស់ លន់ នល់។ ឆ្នាំ១៩៧៣ ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានលន់ នល់ កាន់តែធ្ងន់ធ្ងរឡើង។ បន្ទាប់មក ក្រុមគ្រួសាររបស់ ផល ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសចេញពីភូមិត្រពាំងរកា ស្រុកទ្រាំង ឲ្យធ្វើដំណើរទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅឆ្នាំ១៩៧៥ ក្រោយកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញ និងតាមបណ្ដា ខេត្តនានាបានដោយជោគជ័យ ក្រុមគ្រួសាររបស់ ផល ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសចេញពីស្រុកត្រាំកក់ ឲ្យត្រឡប់មកកាន់ភូមិត្រពាំងរការ ក្នុងស្រុកទ្រាំងវិញ។ បន្ទាប់មក ខ្មែរក្រហមបានចាប់ផ្ដើមបង្កើតសហករណ៍ និងមណ្ឌលកុមារតូចៗ ដោយបំបែកកុមារឲ្យទៅរស់នៅ និងធ្វើការងារនៅទីកន្លែងផ្សេងឆ្ងាយពីឪពុកម្ដាយនិងបងប្អូន។ ផល ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត ធ្វើការងាររែកដី ជីកប្រឡាយ និងលើកទំនប់ ដោយចល័តពីភូមិមួយទៅភូមិមួយ ក្នុងស្រុកទ្រាំង។ ជារៀងរាល់ថ្ងៃ ផល ត្រូវចេញទៅធ្វើការងារចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ព្រឹក សម្រាកហូបបបរម្ដង ម៉ោង១២ចុះទៅធ្វើការងាររហូតដល់ម៉ោង៤:៣០នាទី ទើបសម្រាកហូបបបរម្ដងទៀត។ នៅពេលទៅដល់រោងអាហារ ចុងភៅបានដួសបបរ១វែកដាក់ក្នុងថាស ហូបបបរលាយជាមួយសម្លដើមចេក ហើយ ផល ហូបបបរមិនបានគ្រប់គ្រាន់នោះទេ។ សូម្បីដំឡូង ឬមាន់ទាដែល ផល និងប្រជាជនដទៃបានដាំ និងចិញ្ចឹមដោយខ្លួនឯង ខ្មែរក្រហមមិនអនុញ្ញាត ហូបដាច់ខាត។ ប្រសិនបើមានប្រជាជនណាម្នាក់ហ៊ានយកហូបនឹងត្រូវបានខ្មែរក្រហមចោទថាជាខ្មាំង។ ផល នៅធ្វើការងារក្នុងកងចល័តរហូតដល់ឆ្នាំ១៩៧៦ ហើយ ផល មិនបានត្រឡប់មកលេងផ្ទះ និងឪពុកម្ដាយនៅភូមិត្រពាំងរកានោះទេ ព្រោះខ្មែរក្រហមមិនអនុញ្ញាតឲ្យមកលេងនោះឡើយ។
នៅឆ្នាំ១៩៧៧ ផល ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលបម្រើកងទ័ព ក្នុងកងពលលេខ២២១ប្រចាំនៅខេត្តតាកែវ។ ប្រធានកងពលនារីលេខ២២១ ឈ្មោះ អៀង ផាន និងមានប្រពន្ធឈ្មោះ អោន។ រីឯប្រធានកងពលធំឈ្មោះ តា រ៉ែន បន្តបន្ទាប់ មាន តា ផន និង តា សោយ ។ មុនចូលប្រយុទ្ធក្នុងសមរភូមិ ផល ត្រូវចំណាយពេលហ្វឹកហ្វាត់អំពីយុទ្ធសាស្រ្តការធ្វើសង្រ្គាមអស់រយៈពេលប្រហែល៤ខែ ទើបអាចចូលរួមក្នុងសមរភូមិប្រយុទ្ធ។ ក្នុងអំឡុងពេលហ្វឹកហាត់ ផល ត្រូវបានបង្ហាត់ឲ្យលូន ហាត់ក្រាប និងរៀនបាញ់កាំភ្លើងអាកា ដើម្បីត្រៀមប្រយុទ្ធជាមួយកងទ័ពវៀតណាម។ បន្ទាប់ពីហ្វឹកហាត់ចប់ ផល និងនារីៗមួយចំនួនដែលមានមាឌធំៗ និងខ្ពស់ៗ ត្រូវបាន អៀង ផាន ជ្រើសរើសឲ្យធ្វើជាកងនារីពិសេសកងបាញ់កាំភ្លើងធំ ក្នុងរវសេនាធំ ដែលឈ្មោះ អោន ត្រូវជាប្រពន្ធរបស់ អៀង ផាន ជាប្រធានរវសេនាធំ ហើយ ផល មានតួនាទីជាអនុវរសេនាតូច ក្នុងកងពល២២១។ នៅក្នុងកងពលលេខ២២១ មានទាំងកងទ័ពបុរស និងនារីជាច្រើនរយនាក់ ប៉ុន្តែមានតួនាទី និងចេញទៅច្បាំងដោយឡែកពីគ្នា។ សម្រាប់ទ័ពនារី មាន ផល និងនារីមួយចំនួននៅកាន់ក្នុងកងកាំភ្លើងធំ ត្រូវចេញទៅច្បាំងនៅសមរភូមិមុខ និងមួយចំនួនទៀតនៅស្នាក់ការសែងកងទ័ពដែលរងរបួសក្នុងសមរភូមិមកព្យាបាល។ ចំណែកកងទ័ពបុរស ត្រូវចេញទៅច្បាំងទាំងអស់។ បន្ទាប់មក ផល និងកងនារីពិសេសត្រូវបានបញ្ជូនចេញពីស្រុកត្រាំកក់ឲ្យទៅច្បាំងជាមួយកងទ័ពវៀតណាមនៅភូមិជាវក្ដី ក្នុងស្រុកគិរីវង្ស ខេត្តតាកែវ។
នៅដើមរដូវវស្សា ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយបែកនៅភូមិជាវក្ដី ហើយកងទ័ពវៀតណាមបានវាយបណ្ដេញកងទ័ពរបស់ ផល ឲ្យចេញពីភូមិជាវក្ដីរត់ខ្ចាត់ខ្ជាយ។ បន្ទាប់មក តា រ៉ែន បានចេញបញ្ជាឲ្យ ហាន ប្រមូលកងទ័ពទាំងអស់ទាំងកងទ័ពនារី និងកងទ័ពបុរស ក្នុងកងពល២២១ ឲ្យទៅកាន់ខេត្តស្វាយរៀង។ ផល កម្មាភិបាលខ្មែរក្រហម និងកងទ័ពទាំងអស់បានធ្វើដំណើរតាមឡានប្រភេទសេអ៊ឹមសេ(CMC)ផលិតនៅប្រទេសចិន សរុបចំនួន១២ឡាន។ ផល ធ្វើដំណើរចេញពីទីរួមខេត្តតាកែវភូមិភាគនិរតីទៅកាន់ ក្នុងស្រុកសំរោង ទៅកាន់ខេត្តស្វាយរៀង ភូមិភាគបូព៌ា។ រយៈពេលបីខែក្រោយមក ផល និងកងទ័ពបានផ្លាស់ចេញពីស្រុកសំរោងទៅកាន់បាវិត (បច្ចុប្បន្នក្រុងបាវិត) ខេត្តស្វាយរៀង។ ស្របពេលជាមួយគ្នា អៀង ផាន បានចាត់ចែងឲ្យ ផល និងកងនារីពិសេសទាំងអស់រៀបជាស្នាក់ការទៅតាមក្រុម សម្រាប់សែងកងទ័ពដែលរងរបួសទៅព្យាបាល និងសែងកងទ័ពដែលបានស្លាប់ក្នុងសមរភូមិទៅកប់។ មិនយូរប៉ុន្មាន ផល និងកងកម្លាំងនារីពិសេស ត្រូវបានជ្រើសរើសឲ្យចូលរួមប្រយុទ្ធក្នុងសមរភូមិជាមួយកងទ័ពវៀតណាម ហើយ ផល មានតួនាទីប្រយុទ្ធនៅក្នុងសមរភូមិមុខក្នុងកងកាំភ្លើងធំ៨០ ឬកាំភ្លើង១២០។ អំឡុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម ផល បានដឹងថាកងទ័ពទាំងខាងខ្មែរក្រហម និងកងទ័ពវៀតណាមបានស្លាប់ជាច្រើនរយនាក់ ប៉ុន្តែកងទ័ពវៀតណាមបានស្លាប់ច្រើនជាងកងទ័ពខ្មែរក្រហម ហើយ ផល ធ្លាប់ចាប់បានកងទ័ពវៀតណាមដែលនៅរស់ជាច្រើននាក់ រួចបញ្ជូនឲ្យទៅខាងកងពល។ ក្នុងអំឡុងពេលប្រយុទ្ធ ផល ធ្លាប់ រងរបួសចំនួនពីរលើក ដោយសារខ្ទាតអំបែងគ្រាប់ផ្លោងត្រូវពាសពេញខ្លួន រួចត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យតាមកង ព្រោះមិនសូវធ្ងន់ធ្ងរខ្លាំង។ រីឯកងទ័ពដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅព្យាបាលនៅទីក្រុងភ្នំពេញ។ ចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចវាយទប់ទល់បាន ទើប ផល និងកងទ័ពទាំងអស់បានរត់ភៀសខ្លួនចេញពីក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរទៅកាន់អ្នកលឿង (ខេត្តព្រៃវែង)។ អំឡុងពេលធ្វើដំណើរចេញពីក្រុងបាវិតទៅកាន់អ្នកលឿង ផល ដើរដោយថ្មើរជើងផង និងតាមឡានផង។
ដើមឆ្នាំ១៩៧៩ ផល បានទៅដល់អ្នកលឿង ហើយបានឃើញយន្តហោះរបស់កងទ័ពវៀតណាមទម្លាក់គ្រាប់បែក ធ្វើឲ្យស្លាប់កងទ័ពខ្មែរក្រហម និងប្រជាជនអស់ជាច្រើននាក់។ ចំណែក ផល និងកងទ័ពបានរត់ឡើងស្រឡាងចេញពីត្រើយខាងកើតអ្នកលឿង ក្នុងខេត្តព្រៃវែង ឆ្លងទៅត្រើយខាងលិចក្នុងស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីរត់គេចខ្លួនពីកងទ័ពវៀតណាម។ បន្ទាប់មក ផល បានបោះកាំភ្លើងចោលក្នុងទឹកទន្លេអ្នកលឿង ព្រោះពិបាកស្ពាយក្នុងពេលធ្វើដំណើរ។ បន្ទាប់ពីបោះកាំភ្លើងចោល ផល មិនមានភាពភ័យខ្លាចកងទ័ពវៀតណាមនោះទេ ព្រោះ ផល មានគ្រាប់បែកនៅជាប់ជាមួយខ្លួន ហើយ ផល បានតាំងចិត្តថា «កាលណាវៀតណាមចាប់ យើងសុខចិត្តស្លាប់ជាមួយគ្នា»។ បន្ទាប់ពីឆ្លងផុតទន្លេអ្នកលឿង ផល និងកម្មាភិបាលខ្មែរក្រហមធំៗបានឡើងជិះឡានបន្តទៅតាមភ្នំពេញ ហើយកងទ័ពមួយចំនួនទៀតធ្វើដំណើរថ្មើរជើងចេញពីអ្នកលឿងបែកគ្នាខ្ចាត់ខ្ជាយ។ ផល បានធ្វើដំណើរដល់ភ្នំពេញ ទើបបានជួបបងធម៌ម្នាក់ (មិនចាំឈ្មោះ) ក្នុងកងរថក្រោះដែលធ្លាប់រាប់អានក្នុងពេលចូលសមរភូមិប្រយុទ្ធជាមួយវៀតណាមក្នុងក្រុងបាវិត ហើយបងធម៌ជាកងទ័ពក្នុងកងពលផ្សេងពី ផល។ បន្ទាប់មក ផល ត្រូវបានបងធម៌ហៅឲ្យឡើងជិះរថក្រោះជាមួយខ្លួន និងកូនស្រីម្នាក់ ចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បន្ទាប់មកទៀត ផល បានចុះពីរថក្រោះ ដើរបែកពីបងធម៌ ក្រុមកងទ័ព និងក្រុមកម្មាភិបាលខ្មែរក្រហមទាំងអស់ ដើរចេញពីឧដ្ដុង្គ រហូតដល់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដាច់បាយដាច់ទឹកនៅលើភ្នំ។ ស្របពេលជាមួយគ្នា ផល បានជួបជាមួយក្រុមកងទ័ពនារីពិសេស តា រ៉ែន អៀង ផាន និងប្រពន្ធឈ្មោះ អោន សារជាថ្មីម្ដងទៀតនៅលើភ្នំឱរ៉ាល់។ ផល បានបន្តវាយជាមួយកងទ័ពវៀតណាមនៅឱរ៉ាល់បានរយៈប្រហែលជិត២ខែ ទើបរត់ភៀសខ្លួនចេញពីភ្នំឱរ៉ាល់ ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
នៅឆ្នាំ១៩៨១ ផល និងកងទ័ពមួយចំនួនបានធ្វើដំណើរទៅដល់ព្រំដែនថ្មដា ក្នុងខេត្តពោធិ៍សាត់។ បន្ទាប់មក តា រ៉ែន បានចាប់ផ្ដើមប្រមូលកម្លាំងកងទ័ពសារឡើងវិញនៅព្រំដែនថ្មដា ដែលហៅថា ថ្មដាចម្ការស្រូវ។ តា រ៉ែន បានបង្កើតកងពលថ្មីមួយទៀត គឺកងពលលេខ៨០ ដែលប្រធានអង្គភាពឈ្មោះ បូរ៉ាន និងមានប្រពន្ធឈ្មោះ ហៀញ ដែលត្រូវជាកូនរបស់ តា ម៉ុក ។ ផល និងកងទ័ពនារីដែលនៅសេសសល់ ត្រូវបានរៀបឲ្យចូលក្នុងកងដឹកជញ្ជូន ដើម្បីជញ្ជូនគ្រាប់រំសេវទៅឲ្យកងទ័ពខ្មែរក្រហមដែលកំពុងប្រយុទ្ធនៅតាមសមរភូមិ។ ក្នុងពេលជាមួយគ្នា ផល បានដឹងថា នៅថ្មដាមានកងទ័ពក្នុងកងពលចំនួនបីបានរត់មកលាក់ខ្លួន ប៉ុន្តែ ផល មិនបានដឹងថាមានកងពលណាខ្លះនោះទេ។ អំឡុងពេលដឹកជញ្ចូន ផល បានចូលរួមសាងសង់ស្ពានមេទឹក។ ក្នុងថ្ងៃបើកឲ្យប្រើប្រាស់ស្ពាន ផល បានឃើញ តា ប៉ុល ពត, តា ខៀវ សំផន និងកម្មាភិបាលផ្សេងទៀតមកចូលរួម ដើម្បីកាត់ខ្សែបូ។ ផល នៅដឹកជញ្ជូនក្នុងកងពល៨០អស់រយៈពេល២ឆ្នាំ ទើបឈប់។ បន្ទាប់ពីឈប់ពីកងដឹកជញ្ជូន ផល បានទៅរស់នៅជាមួយម្ដាយមីងឈ្មោះ យន និងមានប្ដីឈ្មោះ គុំ នៅមន្ទីរពេទ្យ(ច១) (ច២) នៅថ្មដាជាប់ព្រំដែនខ្មែរ-ថៃ ខេត្តពោធិ៍សាត់។ ផល បាននៅមន្ទីរពេទ្យរហូតដល់ឆ្នាំ១៩៨៧ ទើបរៀបការមានស្វាមី។ ក្រោយមក ផល បានដំណឹងថា តា បូរ៉ាន បានស្លាប់ក្នុងពេលកំពុងដឹកជញ្ជូន ព្រោះកងទ័ពវៀតណាមបានលួចដាក់មីនតាមផ្លូវដឹកជញ្ជូនធ្វើឲ្យផ្ទុះស្លាប់ ស្ថិតក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឆ្នាំ១៩៨៨ ផល និងប្ដី បានភៀសខ្លួនទៅរស់នៅក្នុងជំរំខាវភ្លូប្រទេសថៃ។ ផល បានស្នាក់នៅក្នុងជំរំអស់រយៈពេលប្រហែល២ឆ្នាំ ទើបភៀសខ្លួនទៅរស់នៅភូមិអូររនោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ឆ្នាំ១៩៩០ ផល និងប្ដីបានផ្លាស់ចេញពីភូមិអូររនោង មករស់នៅភូមិក្រពើពីរវិញ ព្រោះនៅភូមិអូររនោងសម្បូរទៅដោយគ្រាប់មីន។ នៅពេល ផល និងប្ដីចូលមករស់នៅភូមិក្រពើពីរដំបូងមានប្រជាជន៥ខ្នងផ្ទះប៉ុណ្ណោះ មានគ្រួសារ ប្រធានភូមិឈ្មោះ សៀង គ្រួសារអ៊ុំ ឈួន ក្រុមប្រឹក្សាឃុំក្រពើពីរ គ្រួសារពូ ខន, គ្រួសារតា កាន់ (ស្លាប់) និងគ្រួសាររបស់ ផល ផ្ទាល់។ ក្រោយមក គ្រួសាររបស់ ផល និងក្រុមគ្រួសារទាំង៤បានរត់ភៀសខ្លួនចេញពីក្រពើពីរចូលទៅរស់នៅក្នុងជំរំខាវភ្លូម្ដងទៀត ហើយ អង្គការបានបើកអង្ករ, ត្រីខ, ត្រីស្រស់, មុង, ភួយ និងកន្ទេលឲ្យដល់ក្រុមគ្រួសាររបស់ ផល និងប្រជាជនទាំងអស់ឲ្យស្នាក់នៅក្នុងជំរំ។ ឆ្នាំ១៩៩៨ ផល និងប្ដី បានចេញពីជំរំត្រឡប់មករស់នៅក្នុងភូមិក្រពើពីរវិញ។ បន្ទាប់មក រាជរដ្ឋាភិបាលបានរៀបចំបង្កើតរដ្ឋបាលភូមិឃុំ ហើយ ផល បានចូលធ្វើការងារសិទ្ធិស្រ្តី ខាងយេនឌ័ររបស់ឃុំក្រពើពី និងបានដើរមកប្រជុំនៅឃុំប្រម៉ោយ ជារៀងរាល់ខែ។ ផល ធ្វើដំណើរចេញពីឃុំក្រពើពីររយៈពេល១ថ្ងៃ ទើបមកដល់ឃុំប្រម៉ោយ។ រយៈពេល១ឆ្នាំក្រោយមក ផល បានឈប់ធ្វើការងារនៅឃុំ ហើយប្រកបមុខរបរធ្វើស្រែចម្ការរហូតដល់បច្ចុប្បន្ន៕
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ ស ផល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ (PTI0172)