អ្នកទោសគុកក្រាំងយ៉ង

ឯ កេន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង

ឯ កេន អាយុ៨២ឆ្នាំ មានស្រុកកំណើត​ និងរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កេន មានឪពុកឈ្មោះ ឯ និងម្ដាយ ឈ្មោះ ហែម។ កេន មានបងប្អូនចំនួនបីនាក់។ គាត់បានរៀបការជាមួយ​ប្រពន្ធតាំងពីសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនបួននាក់ ហើយក្នុងនោះមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់។

កេន បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមដែលគាត់បានជួបប្រទះប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបនោះសាច់ញាតិរបស់គាត់ចំនួនប្រាំនាក់បានស្លាប់ ក្នុងនោះរួមមាន៖ ឪពុក-ម្តាយក្មេក និងបង-ប្អូនថ្លៃ។ ខ្មែរក្រហមបានចោទប្រកាន់គ្រួសារខាងប្រពន្ធរបស់កេន ថាជាពួកសក្តិភូមិដែលមានទ្រព្យសម្បត្តិ, ស្រូវ និងសត្វពាហនៈច្រើន ព្រោះឪពុកក្មេករបស់កេន ជាអតីតមេឃុំ កាលពីសម័យសង្គមរាស្រ្តនិយម។ ចំណែក កេន ត្រូវបានកងឈ្លបខ្មែរក្រហមចាប់ដាក់គុក នៅក្រាំងយ៉ង ដែលជាគុកធំមានអ្នកទោសប្រហែលចន្លោះពី ៤០០ទៅ ៥០០នាក់។ ការងាររបស់កេននៅក្នុងគុកគឺ កាប់ដីដំបូក, ជីកប្រឡាយ និងធ្វើការផ្សេងៗទៀត ស្ទើរគ្មានពេលសម្រាក។ នៅពេលយប់កេន ត្រូវជាប់ខ្នោះ​ដៃ, ខ្នោះ​ជើងដូចទៅនឹងអ្នកទោសដទៃ​ទៀតដែរ។ កាលនោះគាត់គិតថាប្រហែលជាត្រូវស្លាប់ក្នុងគុក ព្រោះគាត់សង្កេតឃើញថាអ្នកទោសបានបាត់ខ្លួនម្តងមួយៗនៅពេលមានអ្នកទោសថ្មីចូលបន្ថែម។ ក្រៅពីការធ្វើការធ្ងន់ធ្ងរ កេន ក៏ត្រូវបានកងឆ្មាំគុកធ្វើទារុណកម្មស្ទើរស្លាប់។ ក្រោយមកជាសំណាងល្អ កេន ត្រូវបានដោះលែងចេញពីគុក ប៉ុន្តែគាត់ត្រូវបានកងឈ្លបតាមដានបន្តដោយចោទថាគាត់ជា «ពួកខ្មែរលើ ឬពួកខ្មែរស»។ កេន ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅស្រុកពាមជរ។ គាត់ត្រូវទៅជីកប្រឡាយ, ជីកព្រែក និងលើកទំនប់ គ្មានពេលសម្រាក​។ ចំណែករបបអាហារវិញ គាត់ទទួលបានតែបន្តិចបន្តួច គឺបបររាវៗពីរកូនចានក្នុងមួយថ្ងៃ។ កេន និយាយថាបើតាមតែរបបអាហារនេះ គាត់មិនអាចធ្វើការងារបានទេ ប៉ុន្តែដោយសារតែខ្លាចអង្គការនាំយកទៅសម្លាប់ចោលគាត់ត្រូវធ្វើការងារទាំងហេវហត់អស់កម្លាំងក្នុងខ្លួន​។

ក្នុងរបបខ្មែរក្រហម កេន ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមវាយសម្លាប់មនុស្សច្រើនៗនាក់ ដោយបណ្តែតតាមទឹកទន្លេយ៉ាងអាណោច​អាធ័ម។​ កេន ក៏បានដឹងថា ក្នុងស្រុកពាមជរ នៅទួលមួយ មានដើមអំពិលទឹកបារាំងធំមួយដើម ដុះលើទំហំដីប្រហែល២ហិចតា ត្រូវបានខ្មែរក្រហមប្រើជាកន្លែងសម្លាប់មនុស្ស និងកប់សាកសព។ ក្រោយរបបខ្មែរក្រហមដួលរលំ នៅទួលនោះ បានបន្សល់ទុកនូវឆ្អឹងលលាដ៍​ក្បាលរាប់ពាន់។​​

នៅដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានផ្តួលរំលំ។ កេន ក៏បានត្រលប់មករស់នៅជួបជុំគ្រួសារវិញនៅភូមិពាយនាយ និងបានចូលបម្រើក្នុងជួរកងទ័ពអស់រយៈពេលប្រមាណជាងប្រាំឆ្នាំ រួចក៏បានលាឈប់មកប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន កេន មានជំងឺបេះដូង និងជំងឺសួត។ គាត់តែងទទួលការពិនិត្យ និងប្រើប្រាស់ថ្នាំរបស់មណ្ឌលសុខភាពជារៀងរាល់ខែ៕

សម្ភាសន៍ដោយជួន រក្សា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin