ឃ្វាលគោក្របីក្នុងកងកុមារ
សុង សុខុម រស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
(ខេត្តព្រៃវែង) សុង សុខខុម មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុខុម មានឪពុកឈ្មោះ សុង និងមានបងប្អូនចំនួនប្រាំពីរនាក់។
កាលពីរបប លន់ នល់ នៅឆ្នាំ១៩៧០ សុខុម មានអាយុប្រហែលប្រាំឆ្នាំ។ គាត់បានឃើញការរស់នៅរបស់ប្រជាជនក្នុងភូមិឆ្អឹងពស់ ជួបប្រទះការលំបាកដោយសារតែមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។ ប្រជាជនគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីចេញទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការ។ គ្រួសាររបស់សុខុម បានចាកចេញពីផ្ទះទៅរស់នៅកន្លែងផ្សេងមួយរយៈ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកបេ-៥២ ពីយន្តហោះអាមេរិកាំង ដែលកំណត់គោលដៅសម្លាប់កងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលពួនលាក់ខ្លួនក្នុងភូមិ។
ចូលដល់របបខ្មែរក្រហម នៅឆ្នាំ១៩៧៥ សុខុម មានអាយុប្រហែល១០ឆ្នាំ ត្រូវបានកងឈ្លបខ្មែរក្រហមតម្រូវឲ្យទៅរស់នៅក្នុងកងកុមារបែកពីឪពុកម្តាយ។ ការងាររបស់ សុខុម នៅពេលព្រឹក ត្រូវឃ្វាលគោ ក្របី និងនៅរដូវវស្សាត្រូវទៅជួយ ដក ស្ទូង ក្នុងកងចល័តនារី ហើយនៅពេលរសៀល សុខុម ត្រូវទៅរៀនសូត្រជាមួយកុមារដទៃទៀត ដែលសាលាស្ថិតនៅក្រោមដើមឈើ។ ការរៀនសូត្រនៅពេលនោះមិនបានដិតដល់នោះទេព្រោះទាំងគ្រូ និងសិស្ស ត្រូវចាត់ទុកការងាររបស់អង្គការសំខាន់ជាងការសិក្សា។ នៅរបបខ្មែរក្រហម សុខុម រស់នៅក្នុងភូមិកំណើតក្នុងនាមជាប្រជាជនមូលដ្ឋាន រហូតដល់ឆ្នាំ១៩៧៨ ទើបកងឈ្លបខ្មែរក្រហមជម្លៀស សុខុម និងគ្រួសារទៅផ្សារលាត់ និងបន្តជម្លៀសទៅតំបន់អ្នកលឿង។ ការងារនៅអ្នកលឿងរបស់សុខុម គឺឃ្វាលគោ, ធ្វើជីដែលផ្សំពីដើមទន្ទ្រានខេត្ត និងដើររើសគួរស្រូវ។ នៅទីនោះការហូបចុកមានការខ្វះខាតខ្លាំងជាងនៅស្រុកកំណើតគាត់ទៅទៀត ដោយប្រជាជនទទួលបានត្រឹមបបរម្នាក់មួយចានសម្រាប់ពេលរសៀល និងមួយចានសម្រាប់ពេលល្ងាច។ សុខុម បាននិយាយថា របបអាហារនេះនឹងថយចុះពីមួយចាន មកត្រឹមកន្លះចាន នៅពេលដែលគាត់រើសកួរស្រូវមិនគ្រប់តាមផែនការដែលប្រធានក្រុមបានកំណត់។
កាលនោះ សុខុម ធ្លាប់ឃើញប្រធានសហករណ៍រៀបការឲ្យយុវជន-យុវនារី។ ការរៀបការធ្វើឡើងជាក្រុម ដោយមានចាប់ពី១០គូ ទៅ១៥គូ ដែលប្តី-ប្រពន្ធ មួយចំនួនស្ម័គ្រចិត្ត និងបានស្នើទៅអង្គការដើម្បីរៀបការ ប៉ុន្តែមួយចំនួនក៏ត្រូវបានអង្គការបង្ខំ។ ក្នុងពេលរៀបការ ប្តី-ប្រពន្ធ តំណាងត្រូវបានជ្រើសរើសឲ្យឡើងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការថានឹងរួមរស់ជាមួយគ្នាជារៀងរហូត។ ចំណែកកន្លែងសម្លាប់មនុស្សវិញ សុខុម បានដឹងថាក្នុងស្រុកស្វាយអន្ទរ មានទួលពីរកន្លែងឈ្មោះក្រាំងគ និងក-គោ ត្រូវខ្មែរក្រហមប្រើប្រាស់ជាកន្លែងសម្លាប់ និងកប់សាកសពនៅពេលសម្លាប់រួច។ នៅកន្លែងទាំងពីរនេះ ខ្មែរក្រហមបានធ្វើរបងខ្ពស់ៗព័ទ្ធជុំវិញដើម្បីការពារកុំឲ្យប្រជាជនឃើញពីសកម្មភាពសម្លាប់។
ក្រោយរបបខ្មែរក្រហមបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សុខុម និងគ្រួសារបានធ្វើដំណើរដោយថ្មើរជើងត្រលប់ពីតំបន់អ្នកលឿងមករស់នៅស្រុកកំណើតវិញ។ មុនពេលធ្វើដំណើរចេញពីអ្នកលឿង ឪពុក-ម្តាយរបស់សុខុម បានទៅកើបស្រូវ និងយកម្ហូបអាហាររបស់អង្គការដែលនៅសេសសល់ក្នុងឃ្លាំងមួយចំនួនទុកបរិភោគតាមផ្លូវ។ បច្ចុប្បន្ន សុខុម មានជំងឺទឹកនោមផ្អែម និងជំងឺរបេង៕
សម្ភាសន៍ដោយ តឿ ទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង