សង្រ្គាមមិនមានផលល្អ
ស៊ុម ស៊ុំា អាយុ៦៤ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នាសម័យសាធារណរដ្ឋខ្មែរ ស៊ុំា មានអាយុប្រហែល១២ឆ្នំា និងរស់នៅជាមួយគ្រួសារដែលជាអ្នកប្រកបរបរស្រែចម្ការ។ ស៊ុំា បានបន្តថា ជីវិតក្នុងវ័យកុមារភាពរបស់លោកមិនមានភាពល្អប្រសើរទេ ព្រោះគាត់មិនបានរៀនសូត្រដោយសារសង្រ្គាមផង និងត្រូវរត់គេចពីគ្រាប់ផ្លោង ចូលត្រង់សេជាប្រចំាថ្ងៃផង។
ស៊ុំា បានរៀបរាប់ខ្លីៗពីប្រភេទនៃការជីកត្រង់សេថា កាលសម័យលន់ នល់ គឺគេជីកដីដំបូកនៅតាមវាលស្រែ ប៉ុន្តែជំនាន់សង្រ្គាមរវាងខ្មែរក្រហម និងរដ្ឋកម្ពុជាទើបមានជីកត្រង់សេទុកស្រេចនៅតាមផ្ទះ។
នាសម័យខ្មែរក្រហម ស៊ុំា មិនបានឃើញទិដ្ឋភាពវាយសម្លាប់ទេព្រោះគាត់នៅកុមារ និងមិនសូវបានដឹងអ្វីច្រើន ដឹងត្រឹមថា បើអង្គការត្រូវការ គឺចប់។ ស៊ុំាបាននិយាយថា៖ «សម័យនោះ បើអង្គការត្រូវការយើងហើយនិយាយថាយកទៅកសាង គឺដឹងតែចប់ហើយ ឲ្យតែឮពាក្យនោះ។» ស៊ុំា ត្រូវបានខ្មែរក្រហមជម្លៀសទៅខាងមុខព្រួញ និងត្រូវដឹកសំណាបតាមរទេះគោឲ្យចាស់ៗដែលជាអ្នកដកស្ទូង។
ការហូបចុក ក្នុងរយៈពេល៣ឆ្នំា៨ខែ២០ថ្ងៃ មិនមានភាពខ្វះខាតសម្រាប់ ស៊ុំា ទេ។ ស៊ុំា ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ និងបានហូបចុកឆ្អែតធម្មតាដូចជាបាយ ម្អូប ពោលមិនមានបបររាវលាយជាមួយកាពីងចេកដូចភូមិដទៃឡើយ។
ខ្មែរក្រហមបានចែកការងារធ្វើតាមក្រុម និងត្រូវហូបបាយរួមតាមក្រុមដែលបានចែកជាស្រេច ប៉ុន្តែចាស់ៗត្រូវហូបបាយរួមក្នុងភូមិជាសហករណ៍។
ការរៀបការមិនបានកើតឡើងចេញពីសេចក្តីស្រលាញ់ដូចសព្វថ្ងៃទេក្នុងរបបខ្មែរក្រហម រាល់ការសម្រេចចិត្តគឺចេញពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមរបស់អង្គការ។ ស៊ុំា ត្រូវបានអង្គការបង្ខំឲ្យរៀបការជាមួយប្រពន្ធក្នុងវ័យ១៤ឆ្នំារហូតបានជាគូនឹងគ្នាមកដល់សព្វថ្ងៃ ដែលពេលនោះអង្គការបានរៀបការឲ្យចំនួនប្រំាមួយគូរ។
នាសម័យនោះ ភាគច្រើនប្រជាជនខ្មែរកើតជំងឺគ្រុនចាញ់។ ប៉ុន្តែ ស៊ុំា មិនដែលបានឈឺថ្កាត់ធ្ងន់ធ្ងរអ្វីទេ ក្រៅពីគ្រុនផ្តាសាយ និងក្តៅខ្លួន។
ស៊ុំា បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាតមិនចង់ឲ្យកើតមានសង្រ្គាមជាថ្មីម្តងទៀត ហើយគាត់គិតថា មិនមានទីកន្លែងណា ឬប្រទេសណា ដែលប្រាថ្នាឲ្យកើតមានសង្រ្គាមផងដែរ ព្រោះវាប៉ះពាល់គ្រប់ផ្នែកទំាងអស់។
ជាសំណាង នាសម័យសង្រ្គាម ស៊ុំា មិនមានបាត់បង់សមាជិកគ្រួសារណាម្នាក់ឡើយ។