ម៉ែន ចាន់៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន

ម៉ែន ចាន់ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី  ខេត្តកំពត។

ខ្ញុំឈ្មោះ ម៉ែន ចាន់ ភេទស្រី អាយុ៦០ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ​ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី  ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ញួន សេន (ស្លាប់) និងម្ដាយឈ្មោះ ប៉ោក ញ៉ែត (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ១៣នាក់ ស្លាប់អស់ចំនួន ៦នាក់។ កាលពីកុមារភាពខ្ញុំរៀនត្រឹមថ្នាក់ទី៤ ក៏ឈប់ ដោយសារគ្រួសារខ្ញុំមានជីវភាពក្រីក្រ បន្ទាប់ពីខ្ញុំឈប់រៀ​ន ខ្ញុំបានជួយការងាររបស់ឪពុកម្ដាយ។ ក្នុងឆ្នាំ ១៩៧០ ខ្ញុំមានអាយុប្រហែល៦ឆ្នាំ ខ្ញុំមិនសូវចងចាំរឿងរ៉ាវនៅក្នុងរបប លន់ នល់ នោះទេ គ្រាន់តែចាំថាមានការទម្លាក់គ្រាប់បែក។

រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកដល់ភូមិស្រុកដែលខ្ញុំរស់នៅ ​និងបានជម្លៀសប្រជាជនចេញពីភូមិស្រុក។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនទៅធ្វើការងារនៅតាមកងកុមារធ្វើស្រែចម្ការកាប់ឆ្ការព្រៃ ដើរកាប់ស្លឹកទន្រ្ទាងខេត្ត និងរើសជីអាចម៍គោ ដើម្បីយកមកធ្វើជាជីដាក់ស្រែ​ ខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើការតាំងពីព្រឹករហូតដល់ល្ងាច គ្មានពេលសម្រាកនោះទេ។ បើនិយាយពីរបបអាហារវិញ គឺខ្មែរក្រហមបានឱ្យក្មេងៗហូបពីរពេលក្នុងមួយថ្ងៃ ដោយជួនកាលហូបបបរស ជួនកាលដំឡូងមី។ នៅក្នុងរបបខ្មែរក្រហមខ្ញុំហូបចុកមិនគ្រប់គ្រាន់ ធ្វើការងារលើសកម្លាំងក្មេងៗខ្លះត្រូវឈឺស្លាប់ក៏មានដែរ។ ក្រឡេកមកមើល ការកាប់សម្លាប់ប្រជាជនក្នុងរបបខ្មែរក្រហមវិញ ខ្ញុំបានឃើញខ្មែរក្រហមបណ្ដើរប្រជាជនមួយក្រុមតែពេលនោះ ខ្ញុំមិនដឹងថាខ្មែរក្រហមនាំយកប្រជាជនទៅទីណាឡើយ ដឹងត្រឹមថាយកទៅកសាងឬប្រាប់ថាយកទៅរៀនសូត្រ ប៉ុន្តែខ្ញុំមិនដែលឃើញមាននរណាបានវិលត្រឡប់មកវិញឡើយ។ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការនេះរហូតដល់ឆ្នាំ ១៩៧៩  ខ្ញុំ និងគ្រួសារបានភៀសខ្លួនចូលក្នុងព្រៃអស់ជាច្រើនខែ។

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ខ្ញុំ និងក្រុមគ្រួសារនាំគ្នាធ្វើដំណើរមកដល់ភូមិស្រុកវិញ។ ខ្ញុំនៅផ្ទះ​ប្រកប​មុខរបបជាកសិកររហូតមកដល់ពេលបច្ចុប្បន្ន។ រហូតមកដល់ឆ្នាំ១៩៩៨ ទើបខ្ញុំ និងក្រុមគ្រួសារបានផ្លាស់ប្តូរទីកន្លែងមករស់នៅភូមិបាក់នឹម ឃុំច្រុស ស្រុកជុំគិរី ខេត្តកំពត។

ចំពោះស្ថានភាពសុខភាពសព្វថ្ងៃ ខ្ញុំមានជំងឺ លើសឈាម។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង កត្តារស់នៅ និងអាហារហូបចុកប្រចាំថ្ងៃ។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ខ្ញុំបានទៅមន្ទីរពេទ្យដែលនៅជិតផ្ទះ ដោយគ្រូពេទ្យបានពិនិត្យជំងឺ និងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌឯកសារ អញ្ជើញខ្ញុំចូលរួមពិនិត្យសុខភាព ទើបខ្ញុំបានដឹងថាខ្ញុំមានជំងឺប្រចាំកាយលើសឈាម។ ក្រុមការងារ​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជាបានចែក «កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ហើយខ្ញុំបានអានកូនសៀវភៅនេះ និងទទួលបានចំនេះជាច្រើនពីកូនសៀវភៅនេះផងដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខ និងពិនិត្យសុខភាពជូនខ្ញុំនាពេលកន្លងមក។[1]

អត្ថបទដោយ ផាត ពន្លក


[1]ម៉ែន ចាន់,សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin