សាំង ថាញ់៖ កងកុមារដាច់ខាតរបស់ខ្មែរក្រហម

សាំង ថាញ់[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរវៀ ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សាំង ថាញ់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០កាលពីជំនាន់សង្គមរាស្ដ្រនិយម។ បន្ទាប់មក ខ្ញុំក៏បានឈប់រៀនដោយសារព្រឹត្ដិការណ៍រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយមក ខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសកុមារដាច់ខាតនៅក្នុងភូមិ។ កុមារចំនួន២០នាក់បានទៅរស់នៅក្នុងកងកុមារដាច់ខាត ដែលជាប្រចាំថ្ងៃយើងត្រូវធ្វើការងារកាប់គាស់ដី។ ព្រឹកឡើង យើងត្រូវក្រោកទៅធ្វើការងារនៅកន្លែងកាប់ដីដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីទីកន្លែងស្នាក់នៅរបស់យើង។ នៅពេលមួយ យើងឃើញគីង្គក់នៅក្នុងដី។ យើងក៏បានជីកយកទៅខ្ចប់នឹងស្លឹកខ្លុង ដើម្បីអាំងហូប។ យើងក៏ពុលគ្រប់ៗគ្នា។
រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសនីរសារតាមឃុំនីមួយៗ ហើយខ្ញុំក៏សម្រេចចិត្ដចូលធ្វើការងារនេះតាំងពីពេលនោះមក។ ខ្ញុំបានរស់នៅជាមួយនារី សយ ដែលជាប្រធាន។ ការងាររបស់យើងនៅពេលនោះ គឺរត់សំបុត្រពីកន្លែងមួយទៅកន្លែងមួយ ដោយយើងមិនទាន់មានប្រព័ន្ធទំនាក់ទំនងគ្នាបាន។ យើងមិនមានទូរស័ព្ទ ឬតេអូទេ។ ខ្មែរក្រហមបានឲ្យកាំភ្លើងមួយដើមប្រភេទកាហ្គេប៊ីនដល់ខ្ញុំដើម្បីដាក់តាមខ្លួន។ ខ្ញុំរត់សំបុត្រពីឃុំមួយទៅឃុំមួយ ហើយជួនកាលរត់សំបុត្រ (របាយការណ៍)ពីឃុំទៅស្រុកដែរ។ នៅជំនាន់ខ្មែរក្រហម ខ្ញុំបានឃើញការកាប់សម្លាប់ នៅក្នុងភូមិខ្លួនឯងតែម្ដង។ ប្រធានភូមិរបស់ខ្មែរក្រហម ក៏អាចមានអំណាចសម្លាប់មនុស្សបានដែរ។ បន្ទាប់មក មេភូមិរាយការណ៍ទៅថ្នាក់ឃុំអំពីការកម្ចាត់ពួកមូលធននិយម ខ្សែសេអ៊ីអា ឬអ្នកដែលប្រឆាំងនឹងបដិវត្ដន៍ខ្មែរក្រហម។
នៅឆ្នាំ១៩៧៧ ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវការកាប់សម្លាប់មនុស្សចំនួន៤ទៅ៥នាក់។ ភាគច្រើនជនរងគ្រោះ គឺជាប្រជាជន១៧មេសា។ ខ្ញុំធ្លាប់ជិះកង់ឌុបមេឃុំទៅប្រជុំ។ នៅពេលនោះផ្លូវដីខ្សាច់ធ្វើឲ្យមានសភាពលំបាកខ្លាំងណាស់ ដែលលើកលែងតែផ្លូវជាតិលេខ៥តែប៉ុណ្ណោះ។ មេឃុំស្រឡាញ់ខ្ញុំណាស់ នៅពេលទៅណាម្ដងៗ គាត់មិនចង់បែកពីខ្ញុំទេ។ នៅពេលសម្រាកនៅភូមិណាមួយ ខ្ញុំត្រូវសម្រាកជាមួយគាត់។ លើកលែងតែម្តងនោះ ស្មៀនម្នាក់ធ្លាប់ទាត់ខ្ញុំមួយជើង នៅពេលប្រើខ្ញុំរត់សំបុត្រទៅភូមិពេជ្រចង្វារប្រហែលម៉ោង១០ទាំងយប់។ នៅពេលនោះ ខ្ញុំសុំទៅគ្នាពីរនាក់ ដោយសារខ្លាចសត្វចចក ប៉ុន្ដែគាត់មិនព្រម។ គាត់បានទាត់ខ្ញុំមួយជើង ហើយខ្ញុំចាប់ផ្ដើមស្រក់ទឹកភ្នែក។
ខ្ញុំបានឃើញរូបភាពនៃការយករបាយការណ៍ទៅកាន់ឃុំ និងការចាប់មនុស្សបញ្ជូនទៅឃុំ។ មន្ទីរឃុំឃាំងរបស់ឃុំគឺស្ថិតនៅក្នុងវត្ដខាងកើតផ្សារលើ។ ខ្ញុំធ្លាប់ឃើញ សយ ដែលជាប្រធានឃុំមុន ត្រូវបានខ្មែរក្រហមចាប់យកទៅដាក់ក្នុងមន្ទីរឃុំឃាំងនោះ នៅពេលយើងអមគាត់យកទៅ។ នៅទីនោះ ខ្មែរក្រហមបានវាយខ្នោះគាត់តែម្ដង។ បន្ទាប់ពីអមដំណើរទៅដល់ទីនោះ យើងក៏ត្រឡប់មកវិញ ដោយធាក់កង់យ៉ាងលឿន។ ក្រោយមក នៅក្នុងឃុំក៏ចាប់ផ្ដើមបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅ និងហូបរួម។ ចំណែកនៅក្នុងមន្ទីររបស់ខ្ញុំមានមនុស្ស២០ទៅ៣០នាក់រស់នៅរួម។ កងកម្លាំងរបស់យើងមិនជួបការលំបាកក្នុងការហូបចុកទេ។ អាហារប្រចាំថ្ងៃរបស់យើង មានបាយ សាច់ និងត្រី។ តែទោះយ៉ាងណាក៏ដោយ ក៏យើងមានភាពប្រសើរឡើងជាងអ្នកភូមិទូទៅដែរ។
ក្រោយមក ខ្ញុំបានផ្លាស់ពីនីរសារឃុំ នៅពេលប៉ះទង្គិចជាមួយកងទ័ពវៀតណាមចំនួន២លើក។ ខ្ញុំចាំបានថា នៅពេលនោះស្ថិតក្នុងរដូវភ្លៀងធ្លាក់ ដោយសារកងទ័ពខ្មែរក្រហមបានចែកតង់កៅស៊ូដល់យើង។ ចំណែកឯឡានកងទ័ពក៏ប្រឡាក់សុទ្ធតែភក់ទៀត។ កងទ័ពខ្មែរក្រហមបានបញ្ជូនខ្ញុំទៅស្វាយរៀង បន្ទាប់ពីបញ្ជូនទៅរៀនសូត្រដែលមានគ្នាប្រហែល៥០០នាក់។ យើងបានទៅរៀនពីរបៀបវាយប្រយុទ្ធ និងទស្សនាកុនដែលចាក់បញ្ចាំងពីសង្គ្រាមរវាងប្រទេសចិន និងអ៊ុងម៉ុង នៅស្ដាតអូរឡាំពិក។ យើងបានទស្សនារឿងកុនដែលបង្ហាញអំពីការតស៊ូរបស់ជនជាតិចិន និងជប៉ុន នៅក្នុងសង្គ្រាមលោកលើកទី២។ យើងបានមើលឃើញពីការតស៊ូឆ្លងទន្លេខ្សាច់ និងមិនមានអាហារហូបចុកទេ។ កងទ័ពចិនបានយកខ្សែក្រវ៉ាត់របស់ខ្លួនទៅស្ងោរហូបធ្វើជាអាហារទៀតផង។ ខ្លឹមសារសំខាន់របស់កុននោះ គឺការតស៊ូតែម្ដង។
ខ្ញុំបានទៅរៀននៅភ្នំពេញរយៈពេល១អាទិត្យ ហើយអំឡុងពេលនោះ ខ្ញុំបានទស្សនាកុនចំនួន២ដង។ យើងបានទៅរៀននៅស្វាយរៀង ហើយនៅទីនោះមិនសូវមានអុសសម្រាប់ដុតភ្លើងទេ។ យើងបាននាំគ្នាដកបង្គោលរបងដើម្បីបង្កាត់ភ្លើងដាំបាយហូប។ នៅពេលនោះ ខ្ញុំស្ថិតនៅក្នុងកងពលធំ២៨០ ដឹកនាំដោយឈ្មោះ តាក។ ខ្ញុំបានធ្វើជានីរសាររបស់គាត់។ ក្រោយមក ខ្ញុំបានទៅនៅក្នុងកងវរសេនាតូចលេខ៣ ដឹកនាំដោយតាស៊ុន។ ក្រោយមក ខ្មែរក្រហមបានរំលាយកងពល២៨០ចោល ដោយសារជាប់ពាក់ព័ន្ធនឹងខ្សែរយៈក្បត់របស់ សោ ភឹម។ កងពល ២៨០ គឺសម្រាប់ភូមិភាគបូព៌ាតែម្ដង។ នៅពេលនោះឋានៈត្រឹមកងពលត្រូវបានចាប់ខ្លួនទៅរៀន ហើយក៏បាត់ខ្លួនពីពេលនោះមក។ មានពាក្យចចាមអារាមខ្លួននិយាយថា ការចាប់ខ្លួននៅពេលនោះ គឺដើម្បីយកទៅធ្វើព្រលានយន្ដហោះកំពង់ឆ្នាំង។ ក្រោយមក យើងឃើញថា កងកម្លាំងដែលនៅសេសសល់ភាគច្រើន គឺភូមិភាគនិរតី បស្ចឹម និងភូមិភាគកណ្ដាល។
ក្រោយមក ខ្ញុំបានផ្លាស់ទៅរស់នៅជាមួយ ជុំ ជាតិ។ ខ្ញុំ គឺជានីរសាររបស់គាត់។ ក្រោយមក គាត់បានឲ្យខ្ញុំទៅរៀនពេទ្យ ប៉ុន្ដែខ្ញុំបានបដិសេធ។ ខ្ញុំមានការសោកស្ដាយដែរ។ ប្រសិនបើខ្ញុំទៅរៀនពេទ្យ ម្ល៉ោះរាងកាយរបស់ខ្ញុំក៏នៅស្អាតដែរ។ ខ្ញុំមិនរៀនពេទ្យ ដោយសារខ្ញុំខ្ពើមខ្ទុះណាស់។ បន្ទាប់មក ខ្ញុំក៏ត្រូវបានបញ្ជូនទៅកាន់តេអូធំវិញម្ដង។ ខ្ញុំឈរជើងនៅទន្លេបាទី ក្នុងខេត្ដតាកែវ។ យើងបានធ្វើដំណើរឆ្លងកាត់ទន្លេបាទីចុះឡើងៗរយៈពេលប្រមាណ៣-៤ខែ។ បន្ទាប់មក ខ្ញុំត្រូវបានផ្លាស់មុខសញ្ញាមកឈរជើងនៅផ្លូវជាតិលេខ៧វិញ ដើម្បីប្រយុទ្ធតទល់នៅស្រុកមេមត់។ ខ្ញុំបានក្លាយជាអ្នកបកប្រែសារ ដោយយើងបានរៀនពីលេខប្រែទៅជាអក្សរ។ ខ្ញុំធ្លាប់រៀនអក្សរនៅលើដី ហើយពេលខ្លះ ខ្ញុំបកប្រែសារដាក់នៅលើស្លឹកខាន់ម៉ា (ស្លឹកដែលប្រើប្រាស់សម្រាប់ប្រក់ផ្ទះ)។ នៅពេលដែលយើងចេះបកប្រែហើយ យើងបានបកប្រែដាក់លើក្រដាសរ៉ាម។
នៅចុងឆ្នាំ១៩៧៨ ជុំ ជាតិ បានឲ្យខ្ញុំឡើងកាន់កងទ័ព ដោយធ្វើជាប្រធានកងធំ ដោយនៅពេលនោះ យើងបានរៀមយុទ្ធសាស្រ្ដវាយឈ្លប។ កងធំរបស់ខ្ញុំនៅពេលនោះមានកម្លាំងប្រមាណជិត៥០នាក់ប៉ុណ្ណោះ។ យើងចាប់ផ្ដើមបញ្ជូនទៅចម្រាញ់ពួកក្បត់នៅស្រុកមេមត់ បន្ទាប់មកទៅស្រុកក្រែក។ ប្រធានកងធំមួយចំនួនថែមទាំងលេបថ្នាំសម្លាប់ខ្លួនទៀតផង ដោយសារភិតភ័យពេក។ ការចម្រាញ់នៅពេលនោះ គឺយកទៅវាយចោលតែម្ដង។ នៅពេលនោះ យើងចាប់បានកម្លាំងក្បត់ដែលនិយមហៅថា ចោរព្រៃ ភាគច្រើនជានារីៗចេញពីភូមិភាគបូព៌ា។ កងនារីទាំងនោះបានសារភាពមកកាន់យើងនៅពេលសួរចម្លើយ ថាមេរបស់ខ្លួនគឺគាំទ្រដោយវៀតណាម។ បញ្ហានៅតាមព្រំដែនវៀតណាមមានស្ថានការណ៍តឹងតែង និងធ្វើឲ្យកងទ័ពស្លាប់ជាច្រើននាក់នៅពេលប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរ។ កងទ័ពរបស់យើងបានស្លាប់ច្រើនណាស់ ហើយយើងចេញបញ្ជាឲ្យវាយដណ្ដើមខ្មោចកងទ័ពចេញពីសមរភូមិ ដើម្បីយកមកដុត។ កងបើកឡានរបស់យើងចាំដឹកសាកសពចេញពីសមរភូមិ។ ក្រោយមក កងកម្លាំងរបស់យើងក៏ចាប់ផ្ដើមបាក់ស្មារតី ដោយសារកម្លាំងបានថមថយចុះ និងគ្រាប់ផ្លោងទាំងពីរមុខ និងពីក្រោយផង។ កម្លាំងទ័ពរបស់យើងចាប់ធ្វើសង្គ្រាមឈ្លបដោយក្នុងមួយក្រុមមានគ្នាចន្លោះ៤ទៅ៥នាក់។
ក្រោយមក កងទ័ពវៀតណាមបានចូលមកដល់ស្រុកតំបែរ។ កងឈ្លបរបស់យើងបានធ្វើដំណើរទៅទិសខាងលិច។ បន្ទាប់មកទៀត យើងរកតែផ្លូវរត់គេចខ្លួនមិនចង់រួច ដោយសារកងទ័ពវៀតណាមបានដាក់កម្លាំងនៅខាងក្រោយយើង។ យើងបានបន្ដដំណើរឆ្លងកាត់ទៅកំពង់រាំង យើងបានកាប់ដើមចេក ឫស្សីដើម្បីហែលឆ្លងទឹកកំពង់រាំង។ ក្រោយមក យើងបានឆ្លងទន្លេឆ្លូវរយៈពេលមួយយប់ ដោយមានកប៉ាល់ជួយចម្លង។
ព្រឹកឡើងកម្លាំងវៀតណាមបានដល់ម្ខាងទន្លេម្នាក់។ កម្លាំងរបស់ខ្ញុំបានដើរតាមច្រាំងទន្លេមុខផ្សារស្ទឹងត្រង់មកទល់នឹងស្រុកព្រែកប្រសប់។ កម្លាំងរបស់យើងបាននៅជាខ្សែៗរហូតដល់ភ្នំហាន់ជ័យ និងពង្រាយនៅតាមមាត់ទន្លេ។ នៅពេលនោះយើងបានវាយគ្នាកណ្ដាលទឹក ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ៨២និង៧៥ បាញ់ផ្លោងដាក់គ្នារយៈពេលជាង១ខែ។ នៅពេលនោះ ភូមិភាគកណ្ដាលបានបាក់មុនគេនៅអំឡុងពេលទប់ទល់នៅផ្សារកំពង់ចាម។ ពេលនោះ កងរថក្រោះរបស់កងទ័ពវៀតណាមបានបើកយុទ្ធនាទ្រង់ទ្រាយធំមកកាន់យើង ដែលធ្វើឲ្យយើងផ្លាស់ប្ដូរផែនការទ័ពរត់ចូលព្រៃបន្ដទៀត។
បន្ទាប់មក ខ្ញុំបានទៅដល់ស្ពឺ ហើយនៅទីនោះ យើងទទួលបានព័ត៌មានថា កម្លាំងរបស់យើងបានចាញ់កងទ័ពវៀតណាមហើយ។ មេទ័ពដាច់ខាតមួយចំនួនបានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។ កងកម្លាំងរបស់ខ្ញុំប្រហែល៥០នាក់នៅសេសសល់ត្រឹមតែចំនួន១៧នាក់ បន្ទាប់ពីកងទ័ពវៀតណាមបាញ់ប្រហារមួយយប់។ អ្នកខ្លះបានស្លាប់ ខណៈដែលអ្នកខ្លះទៀតបានចេញសារភាព។ ខ្ញុំបានបកទៅតស៊ូនៅស្ទឹងត្រង់វិញ កាំភ្លើងដែលកងទ័ពសារភាពបានបោះបង់ចោល។
ក្រោយមកទៀត យើងបានបន្ដរៀបចំកម្លាំងព្រំដែនភាគខាងជើង។ នៅតាមផ្លូវ ខ្ញុំបានឃើញមនុស្សស្លាប់ច្រើនណាស់ ជាពិសេសនារីដេកនៅលើអង្រឹង។ ខ្លះស្លាប់ហើមនៅលើអង្រឹង។ នៅពេលនោះយើងត្រូវឯករាជ្យម្ចាស់ការលើខ្លួនឯង។ មិត្ដនារីខ្លះបានសុំអង្វរឲ្យយើងជួយយកខ្លួនទៅជាមួយផង។ ខ្ញុំគិតថា៖ «ឲ្យយកទៅយ៉ាងដូចម្ដេច បើយើងជួយខ្លួនឯងមិនបានផង»។ កងទ័ពវៀតណាមបានតាមប្រកិតពីក្រោយខ្នង ហើយអ្នកណាដែលមិនអាចទៅមុខទៀតបាន កងទ័ពវៀតណាមនឹងបាញ់បន្ថែម។
កងកម្លាំងរបស់ខ្ញុំត្រូវបានបញ្ចូលទៅក្នុងអង្គភាព៩១២ ក្រោមការគ្រប់គ្រងរបស់ ហឿន។
នៅឆ្នាំ១៩៨៥ ខ្ញុំបានពិការជើងម្ខាង។ ចាប់ពីពេលនោះមក ខ្មែរក្រហមបានឲ្យខ្ញុំរស់នៅក្នុងមន្ទីរ ដឹកនាំដោយ សេង។ លុះដល់ឆ្នាំ១៩៨៦ ខ្ញុំបានរៀបការ។ នៅពេលបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែងនៅឆ្នាំ១៩៩៨ ខ្ញុំឃើញថាតំបន់អន្លង់វែងមានការលូតលាស់ខុសពីមុនឆ្ងាយណាស់។ បច្ចុប្បន្ន យើងអាចទៅណាមកណាបានដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាពដូចមុនឡើយ»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ សាំង ថាញ់ ភេទប្រុស អាយុ៧២ឆ្នាំ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។