ជីវិតប្រពន្ធនិងកូនរបស់មេក្រុមសហករណ៍ទួលព្រុំ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

តាមរយៈប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងដែលធ្វើឡើងនៅឆ្នាំ១៩៧៨ ញៀប ង៉ាំ[1] ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិខ្មែរ មានកម្ពស់១.៥៧ម៉ែត្រ។ ង៉ាំ មានតួនាទីមុនរបបខ្មែរក្រហម ជាប្រជាជនចាស់នៅភូមិវាលស្រីស្រណោះ និងជាមេក្រុមសហករណ៍ទួលព្រុំ តំបន់៤ ក្នុងរបបខ្មែរក្រហម។​ ង៉ាំ កើតនៅភូមិទួលព្រុំ ឃុំទួលព្រុំ ស្រុកមោងឫស្សី តំបន់បាត់ដំបង។ គាត់មានឪពុកឈ្មោះ ថ្លាង ញៀប និងម្ដាយឈ្មោះ អោ ភ្លឺម ជាកសិករនៅទួលព្រុំ។ គាត់មានប្រពន្ធឈ្មោះ ម៉ិល ហ៊ាង មានស្រុកកំណើតនៅភូមិតាពៅ ស្រុកគីរីវង្ស តំបន់តាកែវ។ នៅរបបខ្មែរក្រហម ប្រពន្ធង៉ាំ រស់នៅសហករណ៍កាច់រទេះ តំបន់៤ និងមានកូនបីនាក់ ក្នុងនោះស្រីពីរនាក់។ ង៉ាំ ត្រូវបានខ្មែរក្រហមឃាត់ខ្លួននៅភូមិពាយ័ព្យ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៨។

បន្ទាប់ពីអានប្រវត្តិរូបនេះដែលបន្សល់ទុកនៅមន្ទីរសន្តិសុខស-២១ នៅឆ្នាំ២០០៦ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការសម្ភាសសាកសួរអំពីប្រវត្តិរបស់ ញៀប ង៉ាំ ពីប្រពន្ធរបស់គាត់​ឈ្មោះ ម៉ិល ហ៊ាង[2] ភេទស្រី មានអាយុ ៦៧ឆ្នាំ។ ប្រពន្ធង៉ាំ រស់នៅភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានទីកន្លែងកំណើតនៅភូមិអាងខ្ចៅ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។ ប្រពន្ធង៉ាំ មានឪពុកឈ្មោះ ម៉ិល, ម្ដាយឈ្មោះ ហឿង និងមានកូនបីនាក់ ឈ្មោះ ឆៃ (ប្រុស), សុខា និងសុខខៃ។

ង៉ាំ ជាកូនកសិករ មានបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់​ ឈ្មោះ លឿម, ងួន, ទឿន, ង៉ាំ និងងិន។ កាលពីកុមារភាព ង៉ាំ បានជួយធ្វើស្រែឪពុកម្ដាយ, នេសាទ, ឃ្វាលគោ និងបួសអស់រយៈពេលបីវស្សា នៅវត្តទួលព្រុំ។ បន្ទាប់ពីសឹក ង៉ាំ បានទៅធ្វើការស៊ីឈ្នួលបើកត្រាក់ទ័រ អស់រយៈពេលពីរឆ្នាំ។ នៅទីនេះ ង៉ាំ បានជួបហ៊ាងដែលជាអ្នកធ្វើការជាមួយ និងរៀបការក្រោមការផ្សំផ្គុំរបស់ថៅកែម្ចាស់ផ្ទះ។ ពីរឆ្នាំក្រោយមក ង៉ាំនិងប្រពន្ធ បាននាំកូនអាយុ១ឆ្នាំ ត្រលប់មករស់នៅជាមួយឪពុកម្ដាយក្នុងភូមិ ដោយប្រកបរបរធ្វើស្រែចម្ការ, លក់នំបញ្ចុក និងធ្វើកន្ទេល រហូតមានលទ្ធភាពសាងសង់ផ្ទះផ្ទាល់ខ្លួន។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក៏មានការទម្លាក់គ្រាប់បែកក្នុងភូមិ។ ក្រោយមក ង៉ាំនិងប្រពន្ធ ត្រូវរស់នៅតាមលេណដ្ឋានដោយភាពភ័យខ្លាច និងបានគេចខ្លួន ទៅរស់នៅព្រៃរនាម ជិតបឹងទន្លេសាប ដែលគ្រប់គ្រងដោយចលនាខ្មែរក្រហម។ នៅព្រៃរនាម ង៉ាំ ត្រូវទៅធ្វើស្រែប្រវាស់ដៃនៅវាលស្រីស្រណោះ ចំណែក ប្រពន្ធត្រូវបុកស្រូវ។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមជ្រើសរើសង៉ាំធ្វើជាយោធា និងបញ្ជូនទៅប្រយុទ្ធជាមួយទាហាន លន់ នល់។ ចំណែក ប្រពន្ធនិងកូនរបស់គាត់ ត្រូវបញ្ជូនទៅរស់នៅសហករណ៍កាច់រទេះ។

ក្រោយពីខ្មែរក្រហមបានឡើងកាន់អំណាចជាផ្លូវការនៅឆ្នាំ១៩៧៥ ង៉ាំ បានត្រលប់មកធ្វើជាមេក្រុមសហករណ៍ទួលព្រុំ ដោយមានភារកិច្ចដឹកនាំប្រជាជនធ្វើស្រែ, ធ្វើនង័្គល និងដឹកជញ្ជូនសម្ភារ ដូចជាធ្យូង, ឧស និងអង្កាម។ ចំណែកប្រពន្ធង៉ាំ ធ្វើជាប្រធានក្រុមតម្បាញ ដោយដឹកនាំប្រជាជនមូលដ្ឋានមានអាយុចន្លោះពី២០ដល់៣០ឆ្នាំ រវៃអំបោះ, ត្បាញក្រមា, ស្បៃ និងសំពត់ស។ ង៉ាំ និងប្រពន្ធកូន ត្រូវរស់នៅតាមកន្លែងការងាររៀងៗខ្លួន។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានរកឃើញថា បងរបស់ង៉ាំ ឈ្មោះ លឿម ដែលជាប្រជាជន១៧មេសា ធ្លាប់ធ្វើជាទាហាន លន់ នល់ នៅឃុំកកោះ។ នៅម៉ោង៨យប់ លឿម ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅ ក្រោយពីធ្វើអត្តឃាតដោយលេបគ្រាប់ស្លែងមិនបានសម្រេច។

ប្រពន្ធង៉ាំ និយាយថា នៅសហករណ៍កាច់រទេះ ប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា ដែលខ្មែរក្រហមជម្លៀសពីក្រុងភ្នំពេញ និងបាត់ដំបង ត្រូវរស់នៅដាច់ដោយឡែក។ ប្រជាជនមូលដ្ឋាន ទទួលបានបាយពីរវែក ចំណែកប្រជាជន១៧មេសា ទទួលបានបាយត្រឹមមួយវែកប៉ុណ្ណោះ។ ប្រជាជន១៧មេសាត្រូវខ្មែរក្រហមតាមដាន និងលត់ដំ។ ខ្មែរក្រហមចាប់ខ្លួន និងដឹកប្រជាជន១៧មេសាតាមរទេះគោយកទៅខ្នងភ្នំដោយមិនឃើញត្រលប់មកវិញនោះទេ។

កូនរបស់ង៉ាំ ដែលធ្វើការក្នុងកងកុមារ បាននិយាយថា នៅវេលាម៉ោង៤ល្ងាច ខ្មែរក្រហម បានចាប់ប្រជាជនបណ្តើរជាជួរ ដើម្បីទៅជីករណ្ដៅនៅសាលាស្តៅ ឃុំកំពង់ព្រាង ស្រុកសង្កែ ខេត្តបាត់ដំបង។ កូនង៉ាំ បន្តថា ក្នុងមួយរណ្ដៅ គឺមានសាកសពពី៤០ទៅ៥០នាក់។ ចំណែកកូនក្មេង ត្រូវខ្មែរក្រហមចាប់បោះឡើង និងចាក់ចំពុះទុងពីក្រោម។

នៅឆ្នាំ១៩៧៧ ការហូបចុកនៅសហករណ៍ ត្រូវប្តូរពីបាយមកជាបបររាវលាយជាមួយត្រកួន។ ដំឡូង និងមាន់ទាចិញ្ចឹមជុំវិញផ្ទះ គឺត្រូវប្រមូលទុកជាសមូហភាពទាំងអស់។ ប្រពន្ធង៉ាំ ថាស្រូវទាំងជង្រុកត្រូវដឹកចេញគ្មានសល់។ គ្មានស្បៀងគ្រប់គ្រាន់ផ្តល់ឲ្យប្រជាជន បណ្ដាលឲ្យបងប្រុសង៉ាំម្នាក់ទៀត ឈ្មោះ ងួន រួមទាំងបងប្អូនប្រពន្ធង៉ាំស្លាប់ដោយសារហូបចុកមិនគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៨ នាម៉ោង៩ព្រឹក ខ្មែរក្រហមបានមកប្រាប់ ង៉ាំ និងប្រពន្ធកូន ឲ្យរៀបចំសម្ភារដើម្បីទៅធ្វើការនៅកន្លែងផ្សេង។ ង៉ាំ ត្រូវបានខ្មែរក្រហមចាប់ចងបញ្ជូនឡើងរទេះសេះ ចំណែកប្រពន្ធកូនបញ្ជូនឡើងរទេះមួយផ្សេងទៀត។ នៅពេលនោះ ខ្មែរក្រហមសួរកូនស្រីង៉ាំថា៖ «មីអូនៗ ហ្អែងទៅជិះរទេះសេះជាមួយប៉ាហ្អី?» កូនស្រីង៉ាំ ឆ្លើយថា៖ «ខ្ញុំនៅជាមួយម៉ែខ្ញុំ!» ដោយសារកូនស្រីង៉ាំធ្លាប់ឃើញខ្មែរក្រហមសម្លាប់អ្នកធ្វើការជាមួយឪពុកកាលប៉ុន្មានថ្ងៃមុន។ ចាប់តាំងពីពេលនោះមក ប្រពន្ធង៉ាំ មិនហ៊ានសួរនាំខ្មែរក្រហមពីដំណឹងប្តីរបស់ខ្លួនទេ។

ប្រពន្ធ និងកូនង៉ាំ ត្រូវឃុំឃាំងនៅមន្ទីរឃុំឃាំងសាលាក្រៅអស់រយៈពេលមួយឆ្នាំ។ ប្រពន្ធនិងកូនង៉ាំ ត្រូវធ្វើការដូចជាធ្វើស្រែ, ស្ទូងស្រូវ, ជីកដី និងលើកភ្លឺស្រែ។ នៅសាលាក្រៅ អ្នកទោសត្រូវបានចែកជាពីរប្រភេទ គឺអ្នកទោសកម្រិតស្រាល និងកម្រិតធ្ងន់។ អ្នកទោសកម្រិតស្រាលហូបបាយ ចំណែកអ្នកទោសកម្រិតធ្ងន់ហូបបបរ។ នៅសាលាក្រៅ កូនង៉ាំ និយាយថា បានឃើញខ្មែរក្រហមប្រើប្រាស់ដំបង, កាំភ្លើង ឬចំពុះទុងចាក់សម្លាប់អ្នកទោសក្នុងសភាពអាក្រាតកាយ មុនទម្លាក់ចូលរណ្តៅ។ ប្រជាជនទាំងបុ្រសទាំងស្រី ទាំងចាស់ទាំងក្មេងជាច្រើននាក់ ត្រូវបានខ្មែរក្រហមសម្លាប់នៅទីនោះ។ មនុស្សទាំងឡាន ត្រូវតម្រង់ជាជួររង់ចាំសេចក្តីស្លាប់ ក្រោមបញ្ជាប្រធានមន្ទីរឈ្មោះ តាកង។

នៅចុងឆ្នាំ១៩៧៨ ប្រពន្ធនិងកូនង៉ាំ ត្រូវបានខ្មែរក្រហមបញ្ជូនទៅព្រែកតូច ខេត្តកំពង់ឆ្នាំង។ នៅពេលធ្វើដំណើរតាមកាណូត ប្រពន្ធនិងកូនង៉ាំ បានរួមដំណើរជាមួយគ្រួសារមួយមកពីកំពង់គរ។ ប្រពន្ធង៉ាំ បានលួចប្តូរសំបុត្រជាមួយគ្រួសារមួយនេះ ធ្វើឲ្យខ្មែរក្រហមច្រឡំសំបុត្រ និងទុកឲ្យប្រពន្ធនិងកូនង៉ាំឲ្យរស់រានមានជីវិត។ ប្រពន្ធនិងកូនង៉ាំ ធ្វើការនៅព្រែកតូច ដោយត្រូវក្រងស្បូវ, ប្រមូលលាមកគោធ្វើជី និងទូលជីទៅបាចក្នុងស្រែ។ កូនង៉ាំ ត្រូវក្រងស្បូវចំនួន១៥កណ្ដាប់ក្នុងមួយថ្ងៃ ទើបបានបបរមួយកាសម្រាប់ហូប។

នៅខែធ្នូ ឆ្នាំ១៩៧៨ ថ្ងៃមួយនាម៉ោង៣យប់ ប្រពន្ធនិងកូនង៉ាំ បានរត់ចេញពីភូមិទៅពួននៅព្រៃដែលមានចម្ងាយ៩គីឡូម៉ែត្រពីព្រែកតូច និងគេចទៅអន្លង់វិល រហូតជួបកងទ័ពវៀតណាមតាមផ្លូវនៅឆ្នាំ១៩៧៩។ នៅរបបខ្មែរក្រហម បងប្អូនង៉ាំពីរនាក់ រួមទាំងង៉ាំត្រូវបានស្លាប់។ ចំណែកប្រពន្ធង៉ាំ បាត់បង់បងប្អូនប្រំាមួយនាក់៕


អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

[1]ឯកសារលេខ K០៩០០៧. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ញៀប ង៉ាំ នៅរបបខ្មែរក្រហម. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ BBI០០៤៥. (២០០៦). សម្ភាសជាមួយ ម៉ិល ហ៊ាង ដោយ ឡុង ដានី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin