គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

គង់​ វ៉ាន់[1] ភេទ​ប្រុស​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បល័្លង្គ​ ឃុំ​ល្វែង​ឬស្សី​ ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប​។​ បច្ចុប្បន្ន​ វ៉ាន់ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

វ៉ាន់​ បាន​និយាយថា៖ «​កាល​ពី​កុមារ​ភាព ​ខ្ញុំ​សិក្សា​​រៀន​សូត្រ​នៅត្រឹម​ថ្នាក់​ទី​១០ នៅ​​សាលា​វត្ត ​ពី​សម័យ​សង្គម​ចាស់​។​ ជំនាន់​​នោះ​ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៣​នៅ​ក្នុង​​គ្រួសារ​។​ ​សម័យ​សង្គម​រាស្រ្ត​និយម​ ប្រជាជននៅ​តាម​ស្រុក​ភូមិ​ជន​បទ​​មិន​សូវ​ជា​មាន​ជីវភាព​ធូរ​ធារ​ប៉ុន្មាន​​ទេ​។​ ការ​ប្រកប​ការ​ងារ​ ក៏​គ្មាន​អ្នក​ធ្វើ​អ្វីធំ​ដុំ​ដែរ។​ ប្រជាជន​ភាគ​ច្រើន​ធ្វើ​ស្រែ​ចម្ការ​ និង​ឡើង​ត្នោត​។​

នៅ​ក្នុង​ឆ្នាំ​១៩៦៧​ ខ្ញុំ​បាន​ឈប់​រៀន​នៅ​សាលា​វត្ត​​ ហើយ​ងាក​មក​ជួយ​ធ្វើ​ការ​ងារ​ឪពុក​ម្ដាយ​វិញ។​ ខ្ញុំ​ចាប់​ផ្តើម​ប្រកបរបរ​​​ឡើងត្នោត​។​ ការ​ងារ​​នេះ​ពិតជា​ពិបាកខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​អាចជួប​​គ្រោះ​ថ្នាក់​គ្រប់​ពេល​។​ ជួន​​កាល ខ្ញុំ​​ឡើង​ទៅ​ដល់​លើ​ចុងត្នោត​ហើយ​ ក៏ស្រាប់តែ​​​​​វិល​មុខ។ អ្នក​ឡើង​ត្នោតត្រូវ​តែ​មាន​កម្លាំង​មាំ​​មួន​ និងស្មារតី​ល្អ ​ទើប​មិន​សូវ​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

លុះ​ដល់​ឆ្នាំ​១៩៦៨​​ ខ្ញុំ​បាន​ទៅ​ចូល​រួម​ទទួល​អំណោយ​ពី​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ដោយសារ​ទ្រង់​បាន​យាង​ចែក​អំណោយ​នៅ​វត្ត​ក្រោយ​ភូមិ​របស់​ខ្ញុំ​។​ ជំនាន់​នោះ​ ប្រជាជន​ខ្មែរ​ស្រឡាញ់​គោរព​លើ​សម្ដេចឳ​​ជាខ្លាំង។​ ទាំង​​ចាស់​ឬទាំង​​ក្មេង​​ឲ្យ​តែ​ឮ​ថា​សម្ដេច​យាង​ទៅ​ទី​ណា​ហើយ យើង​​ដឹង​តែ​នាំ​គ្នា​ទៅ​ចាំ​ទទួល​ព្រះអង្គ​​។​ ប្រជាជន​រស់​នៅ​ជំនាន់​នោះ​មាន​ទឹក​ចិត្ត​ល្អ​ណាស់​ មិន​ចេះ​ស្អប់ ​ឬ​ឈ្លោះ​គ្នា​នោះ​ទេ​ គ្រួសារ​នីមួយៗ​គិត​តែ​ពី​ធ្វើ​ការ​ងារ​រៀងៗ​ខ្លួន​។​

នៅ​ក្នុង​ឆ្នាំ​១៩៧០​ សេនា​ប្រមុខ​ លន់​ នល់​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម​ សីហនុ​ ពី​តំណែង​។​ ក្រោយ​មក ​នៅ​ក្នុង​ភូមិ​ស្ថាន​ ក៏​ចាប់​ផ្ដើម​កើត​មាន​ភាព​វឹក​វរ​ និង​អសន្តិ​សុខ​។​ នៅក្នុង​​ភូមិ​​​ មាន​ក្រុម​ខ្មែរ​ក្រហម​ចូល​មក​បណ្ដើរៗ​​។ មិនតែប៉ុណ្ណោះ ​មានវៀត​ណាម​​នៅ​ក្នុង​ភូមិ​មួយ​ចំនួនទៀតផង​។​ ទន្ទឹម​នឹង​នេះ​ ខ្មែរ​ក្រហម​បាន​​ប្រកាស​ឲ្យ​ប្រជាជន​ចូលនៅ​ក្នុង​​ក្រុម​បដិវត្តន៍​ ចំណែក​ឯ​ លន់​ នល់​ ក៏​មាន​ការ​កេណ្ឌ​កម្លាំង​ប្រជាជន​ឲ្យ​ចូល​ធ្វើ​ជា​កង​ទ័ព​ដែរ​។​ អំឡុង​ពេល​នោះ​ ខ្ញុំ​មិន​ទាន់​មាន​ចិត្ត​ចង់​ចូល​ខាង​ណា​នៅ​ឡើយ​ទេ​ លុះ​ដល់​សម្ដេចព្រះ​ នរោត្តម​ សីហនុ​ ប្រកាស​តាម​វិទ្យុសំឡេង​ប្រាប់ឲ្យ​កូន​ចៅ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ម៉ាគី ​ដើម្បី​តស៊ូ​ទាម​ទារ​អំណាច​ពី​ លន់​ នល់​ មក​វិញ។​ ពេល​នោះ​ហើយ​ ជា​ពេល​ដែល​ខ្ញុំ​រួម​ទាំង​ប្រជាជន​មួយ​ភាគ​ធំ ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ជា​មួយ​ក្រុម​ខ្មែរ​ក្រហម​ដើម្បី​ដណ្ដើម​អំណាច​ជូន​សម្ដេចឳ។​

នៅ​ក្នុង​ឆ្នាំ​១៩៧២​ ខ្ញុំ​បាន​ចូល​ជា​កង​ទ័ព​ខ្មែរ​ក្រហម​ពេញ​លេញ​។​ ខ្ញុំ​ត្រូវទៅ​រៀន​ពី​យុទ្ធ​សាស្រ្ត​ធ្វើ​សង្គ្រាម​រយៈ​ពេល​ពីរ​ទៅ​បី​ខែ​ ទើប​ខ្ញុំ​បាន​ចេញ​ទៅ​វាយ​នៅ​សមរភូមិ​មុខ​។​ ការ​បើក​ផ្លូវ​ប្រយុទ្ធ​គ្នា​នៅ​ពេល​នោះ​មាន​ភាព​តាន​តឹង​ជា​ខ្លាំង​ ព្រោះភាគី​ខ្មែរ​ក្រហម​គ្មាន​សព្វាវុធ​ទំនើប​ដូច​ភាគី​កង​ទ័ព​ លន់​ នល់​ ទេ។​ ប៉ុន្តែ​ទោះ​បី​ជា​កង​ទ័ព​ លន់​ នល់​ មាន​អាវុធ​គ្រប់​គ្រាន់​ ក៏​មិន​មាន​​ប្រៀប​​ជាង​កង​ទ័ព​ខ្មែរ​ក្រហម​ប៉ុន្មាន​ដែរ។​ ​យុទ្ធ​សាស្រ្ត​ធ្វើ​សង្គ្រាមរបស់​ខ្មែរ​ក្រហម​ខ្លាំង​ជាង​ ដោយសារ​តែ​មាន​កម្លាំង​ទ័ព​ច្រើន​។​ បន្ថែម​ពី​នេះ​ ស្មារតី​តស៊ូ​របស់​ខ្មែរ​ក្រហម​មុត​មាំ និង​មិន​ថយ​ក្រោយ​។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ កងទ័ព​ខ្មែរ​ក្រហម​មានចំនួនកាន់​តែ​ច្រើន​ឡើង​។​

នៅ​ក្នុង​ឆ្នាំ​១៩៧៤​ អំឡុង​ពេល​សង្គ្រាម​កំពុង​តែ​ក្ដៅ​គគុក ​ខ្ញុំ​​​ត្រូវ​របួស​ជើង​​។​ ភ្លាមៗ​នោះ ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​អង្គភាព​​ពេទ្យ នៅ​​សមរភូមិ​ក្រោយ​។​ ខ្ញុំ​សម្រាក​ព្យាបាល​បាន​មួយ​រយៈ​ របួស​ខ្ញុំ​បាន​ជា​សះ​ស្បើយ។​ ខ្ញុំ​ក៏​បាន​ត្រលប់​ទៅ​សមរភូមិ​វិញ​។​ កង​ទ័ព​នៅ​តែ​បន្ត​វាយ​សម្រុក​ចូល​​ទី​ក្រុង​ភ្នំ​ពេញ​។​ រហូត​ដល់​ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ក៏​អាច​វាយ​ដណ្ដើម​ទី​ក្រុង​ភ្នំ​ពេញ​បាន​ជោគ​ជ័យ​។​

ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ កង​កម្លាំង​ខ្ញុំ​មិន​បាន​នៅ​ភ្នំ​ពេញ​រហូតទេ​។ ​ថ្នាក់​លើ​បាន​បញ្ជូន​អង្គ​ភាព​ខ្ញុំ​ទៅ​កាន់​ខេត្ត​មណ្ឌល​គិរី​ ហើយ​ក៏​បញ្ជូ​នបន្ត​ទៅ​​ការ​ពារ​​នៅ​ព្រំ​ដែន​វៀត​ណាម​។​ ការ​ងារ​នៅ​តាម​ព្រំ​ដែន​មិន​សូវ​ជា​ជួប​ការ​លំបាក​ដូច​កាល​នៅ​សមរភូមិ​មុខ​នោះ​ទេ។​ កង​ទ័ព​យើង​អាច​រក​ម្ហូប​ ឬ​សាច់​ហូប​ជាអាហារ​​តាម​ចិត្ត​។​ ថ្ងៃ​មួយ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដឹក​ដី​ និង​កាប់​ឆ្ការ​ព្រៃ​ដាំ​ដំណាំ​។ ខ្ញុំ​ក៏​ដើរ​ទាក់​​មីន​ ដែល​ធ្វើ​ឲ្យ​របួស​ដាច់​ដៃម្ខាង។​ ចាប់​ពីពេលនោះមក ខ្ញុំ​មិន​សូវ​ជា​ធ្វើ​ការ​បាន​ច្រើន​ដូច​ពី​មុន​ឡើយ​។ ខ្ញុំ​តែង​តែ​អន់​ចិត្ត​​​ខ្លួន​ឯង ​បន្ទាប់​ពី​​ពិការ​ដៃ។​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​ភាព​ពិបាក​។​

លុះ​ដល់​ឆ្នាំ​១៩៨១​​ ខ្ញុំ​ក៏​បាន​រៀប​ការ​ជា​មួយ​ប្រពន្ធ​ខ្ញុំ​​ ដែល​ធ្វើ​ជា​កង​នារី​ដឹក​ជញ្ជូន​។ នៅចុង​ឆ្នាំនោះ​ ខ្ញុំ​និង​គ្រួសារ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​រួម​ជា​មួយកង​ទ័ព​​ខ្មែរ​ក្រហម​ឆ្ពោះ​ទៅ​លើ​ភ្នំ​ដង​រែក​​។​ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជិត​ពីរ​ខែ​ ​យើង​ក៏​បាន​ឡើង​ទៅ​ដល់​ភ្នំ​១០០១​ ដែល​គ្រប់​គ្រង​ដោយ​សុន​ សេន។​ ខ្ញុំ​ត្រូវចាត់តាំង​ឲ្យ​​​មើលការខុសត្រូវ​​ឃ្លាំង ដើម្បី​​ចែក​អង្ករ​ និង​ស្បៀង​អាហារ​ដល់​ប្រជាជន​។​ ជាទូ​ទៅ​ រយៈ​ពេល​មួយ​សប្ដាហ៍​ ខ្ញុំ​បើក​ស្បៀង​អាហារឲ្យ​ប្រជាជន ​ដូច​ជា​ អង្ករ,​ ត្រី​ខ,​ ស្ករ,​ អំបិល,​ ប្រហុក​ និងទឹក​ត្រី​​​។ ប្រជាជន​ទទួល​បានអាហារ​ហូបចុក​​គ្រប់​គ្រាន់​។​ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ឈប់​ទៅ​សមរភូមិ​ទៀត​ហើយ។​ បច្ចុប្បន្ន​នេះ​ ខ្ញុំ​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ដូច​ជា​ រោគ​ចាស់​ជរា​,​លើស​ឈាម​, ក្រពះ​ពោះ​វៀន​ និង​ការ​រើ​ឡើង​ពី​របួស​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ គង់ វ៉ាន់ នៅភូមិឃ្លាំងកណ្តាល ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ​ នៅក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin