ការងារគឺបែងចែកតាមអង្គភាពចាត់តាំង

យ៉ែម សុខ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ស្ពឺ (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។

សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ បានបំបែក សុខ ឲ្យរស់នៅដាច់ចេញពីឪពុកម្ដាយរបស់គាត់។ ប្រជាជនគ្រប់ស្រទាប់អាយុត្រូវខ្មែរក្រហម បែងចែកឲ្យទៅធ្វើការងារតាមអង្គភាពដែលត្រូវបានចាត់តាំង។

នៅក្នុងរបបខ្មែរក្រហម សុខ ធ្វើការងារនៅក្នុងកងកុមារ ហើយការងារដែលអង្គការចាត់តាំងឲ្យគាត់ធ្វើគឺ រែកដីដំបូក, កាប់ទន្រ្ទានខេត្ត និងក្រោយមកប្ដូរទៅធ្វើការក្នុង កងជីកប្រឡាយ និងជីកព្រែក។ ពេលនោះគាត់នៅក្មេង ធ្វើការងារមិនពេញកម្លាំងដូចជាមនុស្សពេញវ័យទេ។ គាត់ពិតជាប្រឈមនឹងផលពិបាកខ្លាំងសម្រាប់គាត់ ប៉ុន្តែគាត់មិនហ៊ានប្រឆាំងមិនធ្វើការងារឡើយ ព្រោះតែខ្លាចអង្គការដាក់ទណ្ឌកម្ម និងម្យ៉ាងទៀតខ្លាចមិនបានជួបគ្រួសាររបស់គាត់។ ចំពោះម៉ោងធ្វើការ អង្គការតម្រូវឲ្យប្រជាជនក្រោកពីម៉ោង៥ព្រឹក និងធ្វើការរហូតដល់ម៉ោង១១ព្រឹក ទើបបានសម្រាកហូបបបរ។

នៅក្នុងរបបខ្មែរក្រហម របបអាហារដែលប្រជាជនទទួលបានគឺមិនគ្រប់គ្រាន់ទេ។ ដោយសាររបបអាហារមិនគ្រប់គ្រាន់ មានប្រជាជនមួយចំនួនសម្រេចចិត្តលួចដកដំឡូង ពោត ឬផ្លែឈើមួយចំនួនទៀតហូប ដើម្បីចម្អែតក្រពះ។ ការធ្វើបែបនេះ គឺប្រឈមមុខខ្លាំងចំពោះការដែលអង្គការចាប់បាន។ ការចាប់បាននៅលើកទីមួយ អង្គការអាចចាប់យកទៅព្រមាន បើចាប់បានម្តងហើយម្តងទៀត អង្គការនឹងធ្វើទារុណកម្ម ឬសម្លាប់។ នៅក្នុងរបបខ្មែរក្រហម កុមារតូចៗដែលមិនទាន់អាចធ្វើការងារបាន ត្រូវយកទៅផ្ញើនៅនឹងមណ្ឌល ដែលមានស្រ្តីមានវ័យចំណាស់ៗមើលថែជំនួស។ ការធ្វើបែបនេះ ផ្តល់ភាពងាយស្រួលដល់ឪពុកម្ដាយរបស់កុមារទាំងអស់ ក្នុងការធ្វើការងារឲ្យអង្គការបានពេញលេញ ដោយមិនមានការរំខានពីកូនតូច។

យុវជន-យុវនារី នៅក្នុងរបបខ្មែរក្រហមភាគច្រើនគឺត្រូវអង្គការរៀបចំឲ្យមានគ្រួសារ ដោយគ្មានការប្រឆាំងតវ៉ា។ ការរៀបការនោះ មិនមានសមាជិកគ្រួសារចូលរួមអបអរឡើយ គឺមានតែសមាជិកខ្មែរក្រហមដែលមានតួនាទីជាអ្នករៀបចំប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពាក់ព័ន្ធទៅនឹងការព្យាបាលជំងឺនៅក្នុងរបបនោះ គឺមិនសូវសម្បូរគ្រូពេទ្យមានជំនាញប៉ុន្មានឡើយ ហើយចំពោះថ្នាំក៏មិនមានមានប្រសិទ្ធភាពព្យាបាលប្រជាជនដែលមានជំងឺខ្លាំងដែរ។ ប្រជាជនដែលមានជំងឺ ឈប់សម្រាកច្រើនថ្ងៃមិនទៅធ្វើការ នឹងត្រូវអង្គការតាមដាន ព្រោះខ្លាចអ្នកជំងឺធ្វើពុតជាឈឺ ដោយសារមិនចង់ទៅធ្វើការងារ។

នៅពេលដែលរបបខ្មែរក្រហមបានដួលរលំ សុខ បានត្រលប់មករស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់។ សុខ បានរៀបការជាមួយនឹងភរិយារបស់គាត់នៅក្នុងឆ្នាំ១៩៨២ និងរស់នៅជាមួយគ្នារហូតមកដល់ពេលបច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ ស្រេង ដាណេ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin