អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

យោធាខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ បន្ទាប់ពីរំដោះបានពីរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ អ៊ា ទុយ និងម្តាយឈ្មោះ ឡេង យ៉ែម ដែលជាអ្នកស្រុកស្អាង ខេត្តកណ្ដាល។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ប៉ុន្ដែក្នុងរបបខ្មែរក្រហម ប្អូនៗខ្ញុំចំនួនពីរនាក់ ឈ្មោះ ធី និង វ៉ាន់នី បានបាត់ខ្លួន។ ធី បាត់ខ្លួនពេលអង្គការបញ្ជូនឱ្យទៅរស់នៅក្រុងកំពង់សោម។ ចំណែក វ៉ាន់នី មានតួនាទីជាកងទ័ពខ្មែរក្រហម បាត់ខ្លួនពេលចេញទៅសមរភូមិ បន្សល់ទុកតែប្រពន្ធកូនឱ្យនៅរស់រានមានជីវិតមកដល់សព្វថ្ងៃ។ ខ្ញុំធ្លាប់រៀបការប្ដីចំនួនពីរដង។ ប្ដីទីមួយមានឈ្មោះ ថន រៀបការក្នុងឆ្នាំ១៩៦៩ និងមានកូនម្នាក់ ។ ចំណែកប្ដីទីពីរឈ្មោះ ហួន រៀបការក្នុងឆ្នាំ១៩៨១ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ក្រោយរៀបការជាលើកទីពីរ ខ្ញុំមិនមានកូនឡើយ ប៉ុន្ដែប្ដីខ្ញុំមានកូនតូចៗពីរនាក់រួចមកហើយ ជាមួយប្រពន្ធមុនរបស់គាត់។ បន្ទាប់ពីរៀបការរួច ខ្ញុំត្រូវទទួលខុសត្រូវមើលថែទាំកូនៗទាំងពីររហូតមក។

រំឭកកាលពីរបបសង្គមរាស្រ្តនិយម ខ្ញុំត្រូវចាកចេញពីឪពុកម្តាយ ហើយបន្តមកស្នាក់នៅជាមួយឪពុកមា ដែលមានផ្ទះនៅម្ដុំស្តុបពេទ្យចិន ក្នុងទីក្រុងភ្នំពេញ។ នៅពេលដែលបានមកដល់ទីក្រុងភ្នំពេញ ខ្ញុំត្រូវចូលរៀនដូចក្មេងដទៃឯទៀត។  ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ចាស់ នៃរបបសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៦៩ ឪពុកមាខ្ញុំបានរៀបចំឱ្យខ្ញុំរៀបការជាមួយប្ដីដើមរបស់ខ្ញុំឈ្មោះ ថន ដែលជាអ្នកភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ បន្ទាប់ពីរៀបការហើយមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានព្រឹត្តការណ៍ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ចាប់ពីថ្ងៃធ្វើរដ្ឋប្រហារមក ប្រទេសក៏ផ្លាស់ប្ដូររបបដឹកនាំថ្មី ពីរបបសង្គមរាស្រ្តនិយម ទៅជារបបសាធារណរដ្ឋខ្មែរ។ ស្ថិតក្នុងរបបសាធារណរដ្ឋខ្មែរ ប្ដីប្រពន្ធខ្ញុំ ក៏បាននាំគ្នាទៅទិញផ្ទះនៅតំបន់ឃ្លាំងរំសេវសម្រាប់ស្នាក់នៅ និងទុកលក់ដូរទំនិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ នៅពេលនោះ ទីក្រុងភ្នំពេញចាប់ផ្ដើមមានប្រជាជនច្រើនឡើង ដែលបានរត់ភៀសខ្លួនពីតំបន់រំដោះ ព្រោះស្ថានភាពប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល និងគេចពីការទម្លាក់គ្រាប់បែកជាដើម។

នៅឆ្នាំ១៩៧២ អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ប្ដីប្រពន្ធខ្ញុំដែលទើបមានកូនថ្មីថ្មោង បាននាំគ្នាធ្វើដំណើរទៅលេងឪពុកម្តាយឯស្រុកកំណើតនៅខេត្តកណ្ដាល។ ដល់ថ្ងៃដែលត្រូវត្រលប់មកទីក្រុងភ្នំពេញវិញ គ្រួសារខ្ញុំក៏ទទួលដំណឹងថាផ្លូវ និងស្ពានដែលត្រូវធ្វើដំណើរចូលមកទីក្រុងភ្នំពេញត្រូវបានដុតឱ្យឆេះ និងបំផ្លាញអស់ហើយ ដើម្បីរារាំងអ្នកចង់ធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយទៀត។ គ្រួសារខ្ញុំក៏ត្រូវជាប់ស្នាក់នៅជាមួយឪពុកម្តាយក្នុងភូមិមួយរយៈពេលសិន ដើម្បីការពារសុវត្តិភាពខ្លួនឯងនិងកូន។ រស់នៅក្នុងភូមិយូរៗទៅ ប្ដីរបស់ខ្ញុំក៏លួចមានទំនាក់ទំនងជាមួយស្រីផ្សេង ហើយបង្ខំឱ្យខ្ញុំព្រមទទួលយកស្រីរបស់គាត់ ឱ្យធ្វើជាប្រពន្ធទីពីរ។ ខ្ញុំមិនអាចទទួលយកបានចំពោះទង្វើបែបនេះ និងមិនស៊ូទ្រាំរួមរស់ជាលក្ខណៈបីនាក់បានឡើយ ។ ខ្ញុំបានដាក់កំហិតឱ្យប្ដីខ្ញុំថា «បើមានខ្ញុំគឺត្រូវអត់គេ» ហេតុនេះ ប្ដីរបស់ខ្ញុំក៏ពង្រាត់ប្រពន្ធក្រោយ យកទៅរស់នៅទីក្រុងភ្នំពេញចោលខ្ញុំ និងកូនដែលទើបតែមានអាយុ៣ឆ្នាំ។  ដោយសារការឈឺចាប់ និងខ្មាសអស់អ្នកភូមិ ខ្ញុំក៏សម្រេចចិត្តសុំឪពុកម្តាយឱ្យជួយមើលថែទាំកូនខ្ញុំ និងសុំការអនុញ្ញាតពីគាត់ ដើម្បីបានទៅចូលរួមធ្វើកងទ័ពស្ម័គ្រចិត្តខ្មែរក្រហម។

នៅឆ្នាំ១៩៧៤  ប្រធានភូមិឈ្មោះ ជោ បានប្រកាសជ្រើសរើសយុទ្ធជន​ យុទ្ធនារីដែលនៅលីវ ​ឱ្យចូលទៅបម្រើចលនាបដិវត្តន៍។ នៅពេលនោះ ខ្ញុំក៏បានសុំប្រធានភូមិចុះឈ្មោះស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍ដោយ។ ប្រធានភូមិរើសយុទ្ធជន-យុទ្ធនារី បានប្រមាណជា២០នាក់ បូករួមទាំងខ្ញុំ។ យុទ្ធជន-យុទ្ធនារីទាំងនោះមានអាយុចាប់ពី១៨ទៅ២០ឆ្នាំ។ ក្នុងចំណោមយុវជនទាំងអស់ ខ្ញុំមានអាយុច្រើនជាងគេ និងធ្លាប់មានគ្រួសារ ព្រមទាំងកូនទៀត។  ខ្ញុំសង្កេតឃើញថា យុវជនខ្លះធ្វើការចូលរួមដោយស្ម័គ្រចិត្ត ព្រោះមានបញ្ហាក្នុងគ្រួសារ និងខ្លះទៀតក៏ត្រូវថ្នាក់ដឹកនាំភូមិឃុំបង្ខិតបង្ខំ។  បន្ទាប់ពីបានចូលស្ម័គ្រចិត្តក្នុងដំណាក់កាលដំបូង ក្រុមរបស់ខ្ញុំត្រូវប្រធានភូមិបញ្ជូនឱ្យទៅហ្វឹកហ្វឺនក្បួនកងទ័ព និងរៀនវគ្គនយោបាយ រយៈពេលបីខែ នៅលើកោះខ្សាច់ទន្លា[4]។ ក្រោយពីរយៈពេលបីខែ អង្គការបានបញ្ជូនខ្ញុំឱ្យទៅនៅស្រុកលើកដែក និងប្រគល់តួនាទីឱ្យខ្ញុំធ្វើការក្នុងផ្នែកដឹកជញ្ជូនបាយទៅសមរភូមិ និងសែងអ្នកស្លាប់ និងអ្នករបួសយកមកព្យាបាល។ អង្គការឱ្យខ្ញុំនៅរែកបាយ ក៏ព្រោះគិតថាខ្ញុំនៅក្មេង។ ខ្ញុំនឹកឃើញថា ការងាររែកបាយ ស្ថិតនៅក្នុងសមរភូមិក្រោយក៏ពិតមែន ប៉ុន្ដែក៏ងាយស្រួលស្លាប់ជាងអ្នកនៅសមរភូមិមុខដែរ។ ហេតុនេះ ខ្ញុំបានទៅសុំគណៈវរឈ្មោះ ឡាយ ឱ្យបញ្ជូនខ្ញុំទៅសមរភូមិមុខ។ ប៉ុន្ដែ ឡាយ បានឆ្លើយតបមកខ្ញុំវិញថា ខ្ញុំនៅស្ទើរណាស់ចំពោះការចូលទៅសមរភូមិមុខ ហើយថែមទាំងនៅក្មេងទៀត។ ឡាយ ដឹងថាខ្ញុំចេះតែទទូចចង់ទៅពេក ក៏បញ្ជូនខ្ញុំចូលសមរភូមិទន្លេមេគង្គអ្នកលឿង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពល៧០៣។

ស្ថិតក្នុងសមរភូមិ វាយតាមទន្លេមេគង្គអ្នកលឿង កងទ័ពបដិវត្តន៍ត្រូវហែលទឹកយកគ្រាប់បែកទៅដាក់នៅកណ្ដាលទន្លេ។ ខ្ញុំគ្រាន់តែឃើញទឹកទន្លេ គឺធ្វើឱ្យខ្ញុំខ្លាចបាត់ទៅហើយ ព្រោះខ្ញុំមិនចេះហែលទឹក។ ប៉ុន្ដែខ្ញុំនៅតែប្រឹងជម្នះតោងគុម្ពឫស្សីហែលទៅមុខដោយមិនស្ទាក់ស្ទើរ។ នៅពេលដែលកប៉ាល់ម៉ារីនរបស់ទាហាន លន់ នល់ បរមកបុកគ្រាប់បែកឱ្យផ្ទុះ ខ្ញុំមានតែប្រឹងវែកប្រឡោះដើមឫស្សី ដើម្បីឱ្យបាំងខ្លួន ការពារកុំឱ្យមានរបួស។ នៅពេលនោះការផ្ទុះគ្រាប់បែក មិនត្រឹមបង្កជា គ្រោះថ្នាក់ដល់ទាហាន លន់ នល់ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្ដាលឲ្យកងទ័ពខ្មែរក្រហមស្លាប់ និងរងរបួសជាច្រើនដែរ។ ខ្ញុំត្រូវសំងំខ្លួននៅក្នុងគុម្ពឫស្សីរយៈពេលមួយយប់ពេញ ទើបមានយុទ្ធជនផ្សេងមកជួយ។ បន្ទាប់មកទៀត កងពលខ្ញុំចេះតែវាយចូលមកតាមច្រកទួលក្រសាំង ឆ្ពោះមកក្រុងតាខ្មៅ រួចវាយចូលមកក្រុងភ្នំពេញរហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧ មេសាឆ្នាំ១៩៧៥។

ក្រោយពីទទួលបានជ័យជម្នះភ្លាមៗ កងពលខ្ញុំត្រូវថ្នាក់លើចាត់តាំងឱ្យជួយជម្លៀសប្រជាជនចេញពីភ្នំពេញ ព្រោះអង្គការត្រូវការរៀបចំទីក្រុងឡើងវិញ។ កាលនោះ ខ្ញុំបានមកស្នាក់នៅម្ដុំផ្សារកាប់គោជិតវិមានឯករាជ្យ។ ខ្ញុំត្រូវដើររៀបចំបោសសម្អាតនិងរុះរើតូបតាមផ្សារ ដែលឈប់ឱ្យមានការលក់ដូរជាច្រើន   កនែ្លងតាំងពីម្ដុំស្ដុបពេទ្យចិន រហូតដល់ផ្សារទួលគោក។ ក្រោយមកទៀត អង្គការបានជ្រើសរើសយុទ្ធនារីប្រហែលជា១០០នាក់ រួមទាំងខ្ញុំ ឱ្យទៅធ្វើការនៅមន្ទីរស-២១ (ទួលសែ្លង)។ អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បាននិយាយប្រាប់ថាមន្ទីរស-២១ គឺជាកនែ្លងសម្រាប់សម្លាប់មនុស្ស អ្នកទៅដល់ទីនោះពិតជាស្លាប់ជាមិន     ខាន។ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចខ្លះដែរ។ ពេលបានមករស់នៅមន្ទីរស-២១  ខ្ញុំត្រូវស្ដាប់ការចាត់តាំងពី ប្រធានអង្គភាពឈ្មោះ រដ្ឋា។ រដ្ឋា បានចាត់តាំងឱ្យខ្ញុំយាមកាមដោយប្រុងប្រយ័ត្នជាដាច់ខាត និងកុំឱ្យមានអ្នកទោសរត់រួចឱ្យសោះ។

ខ្ញុំដឹងថាអ្នកយាមនៅមន្ទីរស-២១មួយចំនួន ធ្វើការមិនបានត្រឹមត្រូវ ឬមានជាប់ខ្សែរយៈក្បត់ ក៏អង្គការចាប់ដាក់គុកដែរ។ អ្នកដែលបានជាប់ឈ្មោះហើយ គឺគ្មានថ្ងៃអាចសង្ឃឹមថាបានរស់នោះឡើយ។ បន្ទាប់មកទៀត ប្រធានវរសេនាតូចរបស់ខ្ញុំឈ្មោះ រដ្ឋា ក៏ត្រូវអង្គការចាប់ខ្លួន ដាក់ចូលគុកទួលសែ្លង និងយកទៅសម្លាប់ ដោយគ្មានអ្នកណាដឹងថា គាត់មានកំហុសអ្វីឡើយ។ សូម្បីកូនតូចៗរបស់ រដ្ឋា ក៏ត្រូវបាត់ខ្លួនទៅតាមដែរ។ មន្ទីរស-២១ ពិតជាសាហាវពៃ្រផៃ្សណាស់ សូម្បីតែកូនកេ្មងក៏មិនលើកលែងដែរ។ ខ្ញុំត្រូវរស់នៅដោយភាពភ័យខ្លាច និងគិតថារស់មួយថៃ្ងគិតមួយថៃ្ង។ បន្ទាប់មកទៀត អង្គការបានបញ្ជូនខ្ញុំ ឱ្យមកធ្វើស្រែ ជីកប្រឡាយនៅព្រែកកំពឹស ខាងព្រែកហូរ ដើម្បីជាការលុតដំខ្លួន។ ខ្ញុំធ្វើការនៅទីនេះរហូតដល់ដើមឆ្នាំ១៩៧៩ នៅពេលដែល​កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[5]។​  ខ្ញុំមិនបានរត់ទៅតាមកងទ័ពខ្មែរក្រហមនោះឡើយ ក៏សម្រេចនាំគ្នារត់មកស្រុកកំណើតវិញ ដើម្បីបានជួបជុំបងប្អូន និងកូនរហូតមកដល់សព្វថ្ងៃ។

អត្ថបទដោយ មីន សាណាស់


[1]មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ KDI0455  អ្នកផ្ដល់បទសម្ភាសន៍ អ៊ា សំអឿន, អ្នកសម្ភាសន៍ឈ្មោះ ផាន់ សុជា,  ទីតាំងនៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល, នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៣, ចំនួនទំព័រ ៣២។

[2] ឯកសារប្រវត្តិរូបជនបដិវត្តន៍ ដែលមានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] ឯកសារសៀវភៅ ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង, បោះពុម្ពឆ្នាំ២០០៣ (ទំព័រទី៨)។

[4] កោះខ្សាច់ទន្លា គឺជាទីតាំងហ្វឹកហ្វឺនក្បួនទ័ព និងបណ្ដុះបណ្តាលគោលនយោបាយបដិវត្តន៍។ បច្ចុប្បន្នស្ថិតក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។  

[5] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀតប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin