ឆាយ មឿន ហៅ ភាន់៖ អ្នកបើកឡានជូនឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)

ឆាយ មឿន ហៅ ភាន់ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៥។

“ខ្ញុំត្រូវបានអង្គភាព ប៤ ចាត់តាំងឲ្យបើកឡានជូនភ្ញៀវបរទេស ដូចជាអគ្គរដ្ឋទូតគុយបា, វៀតណាម, អេហ្ស៊ីប, កូរ៉េ, ចិនជាដើម។ ទូត គុយបា រស់នៅបានរយៈពេលបីខែ គាត់ថាភាសាខ្មែរពិបាករៀនណាស់។ បន្ទាប់មក ទូត ប្រទេសគុយបា បានបញ្ចប់មុខងារ។ ខ្ញុំបានផ្លាស់ទៅបើកឡានជូនអគ្គរដ្ឋទូតឡាវឈ្មោះ ខាំម៉ាភូគង់ ដែលមានសហការី ឈ្មោះ សូវេងវង្ស ចេះនិយាយភាសាខ្មែរ និងជំនួយការ។ ក្នុងក្រសួងការបរទសមានការងារ និងផែនការច្រើន ដូចជា បើកវគ្គសិក្សា, បំពាក់បំប៉នវិស័យយោធា, វិស័យនយោបាយ និងវិស័យអប់រំជាដើម។”

ឈ្មោះ ឆាយ មឿន ហៅ ភាន់[1] ភេទប្រុស អាយុ ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅភូ​មិ ឃុំដដែល។ មឿន ប្រកបមុខរបរចិញ្ចឹមទា។ ប៉ុន្តែដោយសារការរកស៊ីចេះតែខាតពីមួយឆ្នាំទៅមួយឆ្នាំ គាត់បានងាកត្រលប់មកធ្វើស្រែវិញ។ មឿន ធ្វើស្រែពីរដងក្នុងមួយឆ្នាំ គឺស្រែប្រាំង និងស្រែវស្សា។ មឿន មាន ប្រពន្ធ ឈ្មោះ សែម កែម អាយុ ៤៩ឆ្នាំ និងមានកូនបីនាក់ (ស្រីពីរ)។ ឪពុករបស់គាត់ឈ្មោះ ស៊ុំ ស្លាប់តាំងពីគាត់នៅតូច ឯម្តាយឈ្មោះ ប៊ិន ស្លាប់សម័យ ប៉ុល ពត។ មឿន មានបងប្អូន៧នាក់ ដែលក្នុងនោះ ស្លាប់អស់បីនាក់ នៅសល់៤នាក់ រួមមានឈ្មោះ សុំ, សំ, មាន, និងមឿនផ្ទាល់។ បងប្អូនរបស់គាត់ដែលស្លាប់ មានឈ្មោះ មន, សឿន និងស៊ាង។ ខាងក្រោមនេះ គឺជាការរៀបរាប់​របស់​ ឆាយ មឿន៖

កាលពីកុមារភាព ខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី១០ចាស់ គឺរាប់ចាប់ពីថ្នាក់ទី១២ចុះ រហូតដល់ថ្នាក់ទី១។ កាលពីដើម ខ្ញុំរៀននៅសាលាខាងកើតវិហារ ដោយសាលានោះសង់ឡើងពីឈើ និងប្រក់ស្លឹកត្នោត។ ខ្ញុំឈប់រៀនមកជួយការងារឪពុកម្តាយ។ គ្រួសារខ្ញុំធ្វើស្រែ និងដាំឈូកបន្តិចបន្តួចលក់ នៅគោកបន្ទាយ។ ខ្ញុំដាំឈូក បានប្រហែក២ឆ្នាំក៏ឈប់ រួចចូលរៀនសូត្រម្តងទៀតនៅវត្តកងមាស ឃុំគោកបន្ទាយ។ ខ្ញុំបួសបានរយៈពេលពីរវស្សា ដោយសារជំនាន់នោះកូនប្រុសត្រូវតែបួស ដើម្បីលើកមុខមាត់គ្រួសារ។ ម្តាយ ឪពុកខ្ញុំ គាត់សប្បាយចិត្តណាស់ពេលឃើញកូនបួស។ កូនប្រុសជំនាន់មុន បានបួស រៀនសូត្រ ជាមនុស្សមានចំណេះដឹង ចេះគោរពមនុស្សចាស់ ចេះនិយាយស្តី និងយល់ដឹងពីការងារ។ បន្ទាប់ពីសឹក ខ្ញុំត្រលប់មកធ្វើស្រែ និងចម្ការជាមួយឪពុម្តាយវិញ។

ខ្ញុំមានអាយុ ២៤ឆ្នាំ នៅពេលរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។ ខាងរដ្ឋបាលស្រុករលាប្អៀរ បានប្រកាសជ្រើសរើរទ័ពរំដោះប្រទេស ហើយរើសតែយុទ្ធជនសម្រាប់ត្រៀមខ្លួនការពារទឹកដី។ អំឡុងពេលរដ្ឋបាលភូមិជ្រើសរើសកម្លាំង ខ្ញុំនៅបម្រើការជាអ្នកជាន់ទឹកដាក់ស្រែប្រាំង។ បន្ទាប់ពីមួយខែ អត់មានភ្លៀងធ្លាក់ ទឹកតាមប្រឡាយរីងស្ងួតអស់ ចំណែកស្រូវក៏ក្រៀមស្វិតងាប់។ ខ្ញុំសម្រេចចិត្តសុំម្តាយ និងឪពុកចូលបម្រើទ័ព ដោយសារនៅក្នុងភូមិលែងមានការងារធ្វើ។ ម្តាយ និងឪពុក អនុញ្ញាតឲ្យខ្ញុំទៅធ្វើទ័ព ហើយម្តាយខ្ញុំនិយាយថា៖ “ម៉ែគាំទ្រក្នុងការសម្រេចចិត្ត ដើម្បីការពារជាតិ។”

កងទ័ពយៀកកុង បានចូលមដល់ភូមិ ហើយទ័ពរំដោះ ក៏មានវត្តមានដែរ ដែលបង្កជាការច្របូកច្របល់។ ខាងទាហាន លន់ នល់ មិនហ៊ានចូលក្នុងភូមិទេ ព្រោះមានខាងរំដោះនៅពេញ។ ក្រោយពីប្រឈមមុខដាក់គ្នាក៏មានការផ្ទុះអាវុធ បង្កឲ្យមនុស្សស្លាប់និងរបួស។ ប្រជាជន ត្រូររត់គេចពីគ្រាប់ លាក់ខ្លួនក្នុងរណ្តៅ ក្នុងព្រៃ គ្មានថ្ងៃណាបានគេងលក់ស្រួល និងហូបស្រួលឡើយ។

តាអ៊ុល ជាប្រធានរដ្ឋបាលភូមិកងមាស បានដើរឃោសនាប្រមូលប្រជាជន យុទ្ធជន យុវនារី ឲ្យចូលមប្រើជាទ័ពស្ម័គ្រចិត្ត។ ខ្ញុំអត់ពេញចិត្តធ្វើជាទ័ពឃុំទេ ហេតុនេះ ខ្ញុំក៏ភៀសខ្លួនចេញពីភូមិកងមាសទៅចូលក្នុងទ័ពមជ្ឈិម។  មនុស្សចំនួន៧នាក់ ភៀសខ្លួនចេញពីភូមិ សុំចូលធ្វើជាទ័ពមជ្ឈិម។ ខាងទ័ពមជ្ឈិមសួរថា៖ “មិត្តទាំងអស់គ្នាមកពីភូមិណា?” ខ្ញុំឆ្លើយថា៖ “បាទមិត្ត! យើងទាំងអស់គ្នា៧នាក់មកពីភូមិកងមាន។” ទ័ពមជ្ឈិម និយាយថា៖ “ល្អណាស់ យើងត្រូវការមនុស្សដឹកសម្ភាររាប់សិនតោ​ន ដាក់តាមកងកម្លាំង។ មិត្តមិនបាច់ប្រាប់រដ្ឋបាលភូមិ ឃុំឲ្យដឹងទេ។” ខ្ញុំចូលទ័ពមជ្ឈិមនៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលប្អៀ ខេត្តកំពង់ឆ្នាំង។

ប្រធានភូមិ ឃុំ បានដើរប្រាប់យុវជន-យុវនារីគ្រប់គ្រួសារឲ្យចូលរួមធ្វើបាតុកម្ម។ នៅពេលធ្វើបាតុកម្ម ជារដូវធ្វើស្រែប្រាំង អត់មានទឹកបញ្ចូលស្រែ ស្រូវត្រូវស្វិតអស់។ ខ្ញុំក៏ភៀសខ្លួនចេញពីភូមិ ទៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ឈ្មោះ ឆាន ជាអ្នកនាំខ្ញុំចូលជាមួយទ័ពមជ្ឈិម ប៉ុន្តែខ្ញុំ​មិនដឹងថាឆាន មានស្រុកកំណើតនៅកន្លែងណាទេ។ បន្ទាប់មក អង្គភាពរបស់ខ្ញុំ​ត្រូវបានរំសាយចោលទាំងអស់។ ខ្ញុំត្រូវបានទ័ពមជ្ឈិមឲ្យឡើងឡាននិងដឹកទៅកាន់ភូមិចង្វាររៀល ឃុំពាម និងចាប់ផ្តើម រៀនបើកបរ ក្នុងអង្គភាពនៅទីនោះ។

ក្រោយពីវាយបែកទីក្រុងភ្នំពេញ ខ្ញុំឡើងមកដល់ទីក្រុមភ្នំពេញ។ អង្គភាពចាត់តាំងឲ្យបើកបរឡាន ជាអ្នកដឹកសម្រាម ដឹករបស់ដែលបាក់បែក ដើម្បីសម្អាតទីក្រុង។ មិនយូរប៉ុន្មាន អង្គភាពឲ្យខ្ញុំធ្វជាអ្នកបើកឡានដឹកអគ្គរដ្ឋទូតវៀតណាម។ បន្ទាប់មកទៀត ខ្ញុំប្តូរមកធ្វើជាតៃកុងឡានប្រទេសគុយបា។ តៃកុងឡានរបស់ទូត ត្រូវបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។ បន្ទាប់ពីទូតប្រទេសគុយបាចប់ការងារ ខ្ញុំបើកឡានជូនទូតឡាវ ប្រចាំនៅប្រទេសកម្ពុជាវិញ។ ជាអ្នកបើកឡានឲ្យទូតប្រចាំនៅប្រទេសកម្ពុជា ខ្ញុំ​មិនទទួលបានប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារទេ គឺខ្ញុំ​ធ្វើដើម្បីស្មារតីទទួលខុសត្រូវចំពោះការងារប៉ុណ្ណោះ។

សមមិត្តចំនួន៧នាក់ មានឈ្មោះ កេន, អៀច, អុន, ចូយ និងខ្ញុំ ប៉ុន្តែពីរនាក់ទៀតភ្លេចឈ្មោះ បានចូល​ជាទ័ពនៅពេលក្រោយមក។ ខ្ញុំចូលជាទ័ពភ្លាម ត្រូវចេញទៅវាយនៅភូមិថ្មី ប៉ុន្តែវាយដកៗ ព្រោះខ្ញុំមិនទាន់ជាទ័ពសុទ្ធ ចំណែកទ័ពសុទ្ធធ្លាប់វាយរាល់ខែនៅជួរមុខ។ ខ្ញុំចេញទៅវាយនៅឃុំក្រាំងលាវ ស្រុករលាប្អៀ។ បន្ទាប់មក អង្គភាពដកខ្ញុំទៅដឹកជញ្ជូនសម្ភារប្រើប្រាស់ទៅកាន់ទ័ពមជ្ឈិម ដោយប្រធានកងឈ្មោះ សី ឯឈ្មោះ រុយ ជាអនុប្រធាន។ អំឡុងពេលវាយគ្នា ខ្ញុំជាអ្នកដឹកថ្នាំពេទ្យពីភូមិភាគទៅភ្នំពេញ និងខេត្តបាត់ដំបង។ អ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូនឈ្មោះ រុយ។ ខ្ញុំគ្រាន់តែបើកឡានដឹកទំនិញចែកចាយគ្រប់ភូមិភាគតាមបញ្ជារបស់ រុយ។  ក្រៅពីមានតួនាទីជាអ្នកបើកឡាន ខ្ញុំក៏ចូលហ្វឹកហាត់ បាញ់កាំភ្លើង, យុទ្ធសាស្ត្រសង្គ្រាម និងរៀនពីនយោបាយ។

ក្រោយមក ខ្ញុំឈប់ដឹកជញ្ជូននៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ហើយខាងទ័ពមជ្ឈិមបញ្ជូនខ្ញុំឲ្យទៅដឹកជញ្ជូននៅចង្វាររៀល ខេត្តកណ្តាល និងព្រំប្រទល់ខេត្តកំពង់ស្ពឺ រយៈពេល៧ខែ។ ក្នុងក្រសួងដឹកជញ្ជូននៅចង្វារៀល នៅជិតសាលាលេខ៥ ក្បែរមាត់ទន្លេ មានកៃកុងឡានចំនួន៣០នាក់។ បន្ទាប់ពីបែកទីក្រុងភ្នំពេញបានមួយអាទិត្យ ទើបក្រុមដឹកជញ្ជូនមកពីខាងមជ្ឈិមចូលមកដល់ទីក្រុងភ្នំពេញ។ ខ្ញុំចូលដល់ភ្នំពេញដំបូង គឺសម្អាតទីក្រុង សម្អាតតាមផ្ទះដែលគ្មានមនុស្ស រយៈពេលបាន៣ខែ បានចូលក្នុងក្រសួងការបរទេស សម្រាប់ដឹកទូតនៅក្នុងទីក្រុងភ្នំពេញ។ កន្លែងខ្ញុំដឹកជញ្ជូនហៅថា អង្គភាព ប៤។ ក្រោយមកទៀតអង្គភាព ប៤ ត្រូវបានប្តូរទៅជាក្រសួងការបរទេស នៅជិតផ្សារថ្មី រាជធានីភ្នំពេញ។

អង្គភាព ប៤ ចាត់តាំងខ្ញុំឲ្យបើកឡានជូនភ្ញៀវបរទេស ដូចជាទូតគុយបា, វៀតណាម, អេហ្ស៊ីប, កូរ៉េ ចិនជាដើម។ ទូតចិន ភាគច្រើនមានតៃកុងឡានផ្ទាល់ខ្លួន ឯកូរ៉េខាងជើង ក៏មានតែកុងឡានផ្ទាល់ខ្លួនដែរ។ ឯកអគ្គរដ្ឋទូត ទាំងនោះមកធ្វើការងារជាមួយប្រទេសខ្មែរ តាមការកំណត់ឆ្នាំ ដល់ឆ្នាំឯកអគ្គរដ្ឋទូតក៏ត្រលប់ទៅកាន់ប្រទេសខ្លួនវិញ។ បន្ទាប់ពីដឹកឯកអគ្គរដ្ឋទូតចប់ ខ្ញុំមកសម្រាកនៅអង្គភាព ប៤ មានផ្ទះមួយសម្រាប់តែកុងឡាន ប៉ុន្តែថ្ងៃខ្លះ ខ្ញុំត្រូវគេង ជាមួយទូត ដើម្បីដឹកទូតទៅកន្លែងដែលចង់ទៅ។ ឯកអគ្គរដ្ឋទូតភាគច្រើន ខ្ញុំ​ដឹកជុំវិញទីក្រុងភ្នំពេញ ​និងព្រលានយន្តហោះពោធិ៍ចិនតុង។

ដំបូងឡើយ ខ្ញុំទៅបើកឡានដឹកឯកអគ្គរដ្ឋទូត គុយបា មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទូតគុយបា រស់នៅបានរយៈពេលបីខែ គាត់ថាភាសាខ្មែរពិបាករៀនណាស់។ ស្ថានទូតប្រទេសគុយបា ស្ថិតនៅចម្ងាយពីវិមានឯករាជ្យប្រហែលមួយគីឡូម៉ែត្រ ជាប់និងស្ថានទូតឡាវប្រចាំនៅកម្ពុជា។

បន្ទាប់មក ទូតគុយបាបានបញ្ចប់ការងារ។ ខ្ញុំបើកឡានដឹកឯកអគ្គរដ្ឋទូតឡាវឈ្មោះ ខាំម៉ាភូគង់ មានសហការី ឈ្មោះ សូវេងវង្ស ចេះនិយាយភាសខ្មែរ និងជំនួយការ។ ខ្ញុំជូនគាត់ទៅក្រសួងកាបរទេសជួបជាមួយ អៀង សារី នៅអង្គភាព ប៤។  មុនពេលពេលដឹកឯកអគ្គរដ្ឋទូត ខ្ញុំត្រូវរៀនភាសា មុនពេលទូតឡាវជិកមកដល់ខ្មែរ។ ខ្ញុំត្រូវរៀននិយាយភាសាឡាវឲ្យចេះបន្តិចបន្តួច។ ខ្ញុំបានជូន ឯកអគ្គរដ្ឋទូតឡាវ ខាំម៉ាភូគង់។ គាត់និយាយភាសាមួយម៉ាត់ៗ និយាយប៉ៃឡាំៗ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយជាមួយឯកអគ្គរដ្ឋទូតជាភាសាឡាវទេ។ ជាពិសេស ពេលដឹកភ្ញៀវទៅពោធិ៍ចិនតុង ភាគច្រើននិយាយភាសាបារាំង ខ្ញុំស្តាប់បាន តែមិនចេះសរសេរ។

ក្រសួងកាបរទស មានទំនាក់ទំនងជាមួយប្រទេសផ្សេង។ ក្នុងក្រសួងការបរទសមានការងារ និងផែនការច្រើន ដូចជា បើកវគ្គសិក្សា វគ្គបំពាក់បំប៉ន វិស័យយោធា វិស័យនយោបាយ វិស័យអប់រំជាដើម។ ឯកអគ្គរដ្ឋទូតខ្លះមានវគ្គខ្លីមួយខែ និងវគ្គវែងរយៈពេលបីខែ។ អ្នកដែលទទួលខុសត្រូវបង្រៀន គឺ អៀង សារី។

ខ្ញុំជាតៃកុងឡានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានត្រឹមបើកឡានជូនភ្ញៀវបរទេសនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែតៃកុងឡានខ្លះ បានជិះយន្តហោះទៅសៀមរាប ខ្លះបានទៅក្រៅប្រទេសទៀតផង។ ចាប់តាំងពីខ្ញុំឡើងមកដល់ភ្នំពេញ អត់ដែលបានទៅលេងស្រុកកំណើតទេ ដោយសារក្នុងក្រុមតៃកុងឡាន មានគ្នា៥នាក់ទៅ១០នាក់ សម្រាប់ដឹកភ្ញៀវ។ ម្យ៉ាងទៀត អង្គភាព ប៤ មិនអនុញាតឲ្យធ្វើដំណើរដោយប្រើឡានទៅណាផ្តេសផ្តាសទេ គឺត្រូវចេះសន្សំសំចៃប្រេង ការពារពេលភ្ញៀវមកអត់មានអ្នកបើកឡានជូនភ្ញៀវ។ ហេតុនេះ ខ្ញុំមិនអាចទៅលេងផ្ទះ នៅឯស្រុកកំណើតបានទេ។

ចំពោះការរៀបការក្នុងសម័យខ្មែរក្រហម ខ្លះត្រូវបង្ខំចិត្តស្រឡាញ់ អ្នកខ្លះស្រឡាញ់ពេញចិត្តគ្នាស្នើទៅអង្គការ ដើម្បីរៀបការ។ អ្នកខ្លះក្រោយពីអង្គការរៀបការរួច ក៏សម្លាប់ខ្លួនឯង លេបថ្នាំ ឬចងកជាដើម។ ខ្ញុំជាមួយគូដណ្តឹងឈ្មោះ ណយ បានពេញចិត្តគ្នា ព្រោះជាគូដណ្តឹងមុនរដ្ឋប្រហារ។ អំឡុងពេលខ្ញុំឡើងទៅភ្នំពេញ ប្រពន្ធខ្ញុំនៅតំបន់៣១ ជាមួយ សារុន។ ប្រពន្ធខ្ញុំ ក៏ធ្វើការងារខាងក្រសួងកាបរទេសដែរ ផ្នែកធ្វើម្ហូបជូនភ្ញៀវចិន។ ក្នុងឆ្នាំនោះ ចិនមកធ្វើការខាងបច្ចេកទេស វិស្វករ  និងធ្វើការងារនៅព្រលានយន្តហោះពោធិ៍ចិនតុង។

មុនរបបខ្មែរក្រហមដួលរលំថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខាងក្រសួងកាបរទេសទាំងស្រី ទាំងប្រុស បានចាកចេញពីទីក្រុង ធ្វើដំណើរតាមរថភ្លើង។ ខ្ញុំឃើញសភាពការណ៍មិនស្រួល ក៏ឈប់ដឹកភ្ញៀវបរទេស យកឡានប្រគល់ជូនអង្គភាពវិញ។ ខ្ញុំនិយាយថា៖ “មិត្តខ្ញុំប្រគល់ឡានជូន ខ្ញុំលាទៅហើយ!” មិត្តក្នុងអង្គភាពសួរថា៖ “មិត្តភាន់ ទៅណា?” ខ្ញុំឆ្លើយថា៖ “ខ្ញុំចាកចេញពីទីក្រុងភ្នំពេញ សភាពការណ៍កាន់តែយ៉ាប់ បើនៅប្រហែលមិនរួចខ្លួនទេ។” ប្រពន្ធខ្ញុំបានឡើងរថភ្លើងជាមួយក្រសួងកាបរទេស។ ខ្ញុំខំរត់តាមពីក្រោយ ដើម្បីឲ្យទាន់រថភ្លើង ប៉ុន្តែខ្ញុំរត់ថ្មើរជើងមិនទាន់រថភ្លើង។ ចាប់ពីថ្ងៃនោះ ខ្ញុំ​បាត់ដំណឹងប្រពន្ធរហូត។

នៅខែមករា ឆ្នាំ១៩៧៩ ភ្នំពេញមានការច្រួលច្រលប់ខ្លាំង។ កងកម្លាំងវៀតណាមបានចូលមកវាយជិតដល់ទីក្រុងភ្នំពេញ ខ្ញុំនិងទ័ពមួយចំនួនចាប់ផ្តើមភៀសខ្លួនចេញពីទីក្រុងមុនកងកម្លាំងវៀតណាមចូលវាយ។ ខ្ញុំភៀសខ្លួនដល់ខេត្តបាត់ដំបង។ វាយនៅបាត់ដំបងរយៈពេលពីរខែ ទ័ពខ្មែរក្រហមបាក់ទ័ពភៀសខ្លួន ខ្លះត្រឡប់ទៅភ្នំពេញ ទ័ពខ្លះនៅតែវាយតស៊ូ។ ខ្ញុំអត់មានលុយកាក់ជាប់តាមខ្លួនសូម្បីមួយរៀល ក៏ខំរកប្រពន្ធទៅដល់ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដើរតាមផ្លូវ ខ្ញុំ​បានជួបជាមួយបងម្នាក់ឈ្មោះ ដេ។ ខ្ញុំសួរថា៖ “អូរជ្រៅ នៅកន្លែងណា?” ដេ ឆ្លើយថា៖ “មិត្តដើរទៅមុនទៀត ឃើញអូរជ្រៅ។” ខ្ញុំដើររហូតធ្លាក់ទៅដល់ស្រុកអូរជ្រៅ ឃើញប្រជាជនខ្មែររាប់ពាន់អ្នក ជាជនភៀសខ្លួនបម្រុងទៅប្រទេសថៃ។ ខ្ញុំបន្តដំណើរចូលដល់ទឹកដីខេត្តច័ន្ទបុរី ប្រទេសថៃ នៅតែរកប្រពន្ធមិនឃើញ។ ក្រោយមកទៀតខ្ញុំរៀបការជាមួយ ឈ្មោះ សែម កែម និងមានកូនចៅដល់រាល់ថ្ងៃនេះ៕

អត្ថបទដោយ ឈុំ រ៉ា


[1] ឯកសារ I06702 តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស លោក ឡុង ដានី ជាមួយម្ចាស់ប្រវត្តិរូបឈ្មោះ ឆាយ មឿន ហៅ ភាន់ នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin